កោសល្យ​វិច័យ​លើ​ឆ្អឹង​សព​លោក វ៉ាល្លីយេ រង់ចាំ​ការ​បក​ប្រែ​ បន្ទាប់ពី​​ឯកសារ​បញ្ជូន​ពី​បារាំង​

ចៅក្រម​មួយ​រូប​បាន​បញ្ជាក់​កាល​ពីម្សិល​មិញ​ថា លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យ​វិច័យ​ និង​របាយការណ៍​ស្ដីពី​កន្លែង​កើត​ហេតុ​សរសេរ​ដោយ​អ្នក​ស៊ើប​អង្កេត​បារាំង​មួយ​ក្រុម​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ជន​ជាតិ​បារាំង​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ កាលពី​ឆ្នាំ​២០១២​ បា​ន​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​កម្ពុជា​រយៈ​ពេល​ពីរ​សប្ដាហ៍​មក​ហើយ​ ហើយ​​ពេល​នេះ​កំពុង​រង់ចាំ​ការ​បក​ប្រែ។

ឆ្អឹង​សព​លោក ឡូរ៉ង់ វា៉ល្លីយេ អាយុ​៤២​ឆ្នាំ​ និង​កូន​បួន​នាក់​របស់​គាត់​ ដែល​មាន​អាយុ​ចាប់​ពី​២​ឆ្នាំ​​​ដល់​៩​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​លិច​នៅ​​ក្នុង​ស្រះ​មួយ​ក្បែរ​ផ្ទះ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង​ច្បារមន​កាលពី​ខែ​មករា ឆ្នាំ​២០១២​។ ដំបូង​ នគរ​បាល​បាន​ចាត់​ទុក​ថា នេះ​ជា​ករណី​​សម្លាប់​​ជន​រងគ្រោះ​ ហើយ​ធ្វើ​អត្តឃាត​តាម​ក្រោយ។​

ទោះ​ជាយ៉ាង​ណា កាលពី​ខែ​មីនា ឆ្នាំ​២០១៣​ អ្នក​ស៊ើប​អង្កេត​ និង​អ្នក​ឯកទេស​ខាង​កោសល្យ​វិច័យ​បារំាង​មួយ​ក្រុម​មាន​គ្នា​១០​នាក់ បាន​មក​កាន់​ប្រទេស​កម្ពុជា​ ហើយ​បាន​ចំណាយ​ពេល​ពីរ​សប្ដាហ៍​សម្ភាស​អ្នក​ដែល​ស្និទ្ធ​ស្នាល​នឹង​លោក ឡូរ៉ង់ វា៉ល្លីយេ និង​សិក្សា​ស្រាវ​ជ្រាវ​ពី​កន្លែង​កើតហេតុ​។ ក្រុម​ជន​ជាតិ​បារាំង​នេះ​បាន​ច្រាន​ចោល​ភ្លាមៗ​ថា នេះ​មិន​មែនជា​ករណី​ធ្វើ​អត្តឃាត​ទេ។

បន្ទាប់​មក​​ឆ្អឹង​សព​លោក ឡូរ៉ង់ វ៉ាល្លីយេ និង​កូនៗ​របស់​គាត់​ ព្រម​ទាំង​ភ័ស្តុ​តាង​មួយ​ចំនួន​ផ្សេង​ទៀត ត្រូវ​បានបញ្ជូន​​ទៅ​ប្រទេស​បារាំង​ដើម្បី​ធ្វើ​ការ​វិភាគ​។

របាយការណ៍ជាង​៣០​ទំព័រ​ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ និង​ការ​ធ្វើ​កោសល្យ​វិច័យ​របស់​​ជន​ជាតិ​បារាំង​នេះ បាន​ស្ថិត​នៅ​ក្នុង​ដៃ​លោក ឈឹម រិទ្ធី ចៅក្រម​ស៊ើប​សួរ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ ដែល​ដោះ​ស្រាយ​សំណុំរឿង​នេះ​​ រយៈ​ពេល​ពីរ​សប្ដាហ៍​មក​ហើយរហូត​មក​ទល់ពេល​នេះ​។

ពេល​សាក​សួរ​ថា តើ​មាន​តម្រុយ​ថ្មី​អ្វី​ខ្លះ​​នៅ​ក្នុង​សំណុំ​រឿង​ឃាត​កម្ម​លើ​គ្រួសារ​លោក វ៉ាល្លីយេ ដែរ​ទេ ចៅក្រម​ ឈឹម​ រិទ្ធី បានមាន​ប្រសាសន៍​ថា ” យើង​ត្រូវ​រង់​ចាំ​មើល​សិន​ថា តើ​កោសល្យ​វិច័យ​នេះ​ផ្ដល់​តម្រុយ​អ្វី​ខ្លះ​ដល់ពួក​យើង​ [ហើយ​] ឯកសារ​នេះ​និយាយ​ពី​អ្វី​ខ្លះ​។ ខ្ញុំ​ទទួល​បាន​ឯកសារ​នេះ​ប្រហែល​ពីរ​សប្ដាហ៍​មុន​។ ខ្ញុំ​មិន​ដឹង​ថា ពេល​ណា​បក​ប្រែ​រួច​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ច្បាប់​ចម្លង​នៃ​របាយការណ៍​នេះ​ក៏​ត្រូវ​បាន​ផ្ញើ​ទៅ​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​​ផង​ដែរ​។

កាលពី​ម្សិល​មិញ លោក នីកូឡាស បូឌង់ (NicolasBaudouin) លេខា​ទី១​នៅ​ស្ថានទូត​បារំាង​មិន​អាច​បញ្ជាក់​បាន​ថា​ តើ​ស្ថាន​ទូត​នេះ​ទទួ​ល​បាន​របាយការណ៍​កោសល្យ​វិច័យ​នេះឬយ៉ាងណា​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មិន​ដឹង​ពី​រឿង​នោះ​ទេ។ ប្រហែល​ជា​ផ្នែក​កុង​ស៊ុល​មាន​ព័ត៌មាន​នោះ”។ ទោះ​ជា​យ៉ាង​ណា ផ្នែក​កុង​ស៊ុល​មិន​បាន​ឆ្លើយ​តប​អុីម៉េល​ឲ្យទាន់​ពេល​វេលា​សម្រាប់​ការ​ចុះ​ផ្សាយ​ទេ​”៕ សុខុម​

​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.