រដ្ឋាភិបាល​បើក​ការិយាល័យ​បួនកន្លែង​សម្រាប់​ធ្វើ​លិខិត​ឆ្លង​ដែន​ឲ្យ​កម្មករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ

យោង​តាម​ប្រធាន​នាយកដ្ឋាន​លិខិត​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ការិយា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ចំនួន​បួន​កន្លែង​ដើម្បី​រៀប​ចំ​ឯកសារ​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដែល​ចង់​ទៅ​រក​ការ​ងារ​ស្រប​ច្បាប់​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​នឹង​បើក​នៅ​ថ្ងៃ​អង្គារ បន្ទាប់ពី​ក្រសួង​ចេញ​សារាចរណែនាំ​មួយ​កាលពី​សប្ដាហ៍​មុន​ស្តីពី​ការ​ពង្រឹង​ការ​អនុវត្ត​វិធាន​ការ​បន្ថែម​ដើម្បី​ដោះ​ស្រាយ​ករណី​ពល​ករ​ទេសន្តរប្រវេសន៍​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់ពី​ប្រទេស​ថៃ។

លោក ម៉ៅ ច័ន្ទតារា ប្រធាននាយក​ដ្ឋាន​លិខិត​ឆ្លង​ដែន បានមាន​ប្រសាសន៍​ថា ការិយា​ល័យ​ទាំង​បួន​ដែល​ស្ថិត​នៅ​តាម​បណ្ដា​​ខេត្ត​​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គឺ​ខេត្ត​ឧត្តរ​មាន​ជ័យ ខេត្ត​បន្ទាយ​មានជ័យ ខេត្ត​ប៉ៃលិន និង​ខេត្ត​កោះ​កុង នឹង​ត្រូវ​បើក​នៅ​ថ្ងៃ​អង្គារ ហើយ​កំពុង​រង់​ចាំ​ឯកសារ​ពី​ក្រសួង​ការ​ងារដើម្បី​បញ្ជាក់​ថា តើ​បុគ្គល​ណា​គួរ​ទទួលបាន​លិខិត​ឆ្លង​ដែន។

លោក​បានមាន​ប្រសាសន៍​ថា ” យើង​កំពុង​រង់ចំា​ឯកសារ​ពី​ក្រសួង​ការ​ងារ​”។ លោក​បាន​បន្ថែម​ថា ពលករ​ត្រូវ​តែ​មាន​ឯកសារ​ត្រឹម​ត្រូវ​មុន​ពេល​ចេញ​លិខិត​ឆ្លង​ដែន​ឲ្យនៅ​ការិយា​ល័យ​តាម​ខេត្ត​ទាំង​បួននេះ​។

​ ពលករ​ខ្មែរ​ប្រហែល​២៥០.០០០នាក់​បាន​វិលត្រឡប់​មក​ប្រទេស​វិញ​កាលពីខែ​មុន ដោយ​សារ​ភ័យ​ខ្លាច​ចំពោះ​ការ​បង្ក្រាប​ពី​សំណាក់​របប​យោធា​ថៃ​មក​លើ​ពលករ​ខុស​ច្បាប់​។ ជា​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្រួល​ឲ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក​ឡើង​វិញ​នោះ កាលពី​ខែ​មុន​រដ្ឋាភិបាល​បាន​បញ្ចុះ​តម្លៃ​ធ្វើលិខិត​ឆ្លង​ដែន​ពី​១២៤​ដុល្លារ​មក​ត្រឹម​៤ដុល្លារ​សម្រាប់​ពលករ​ដែល​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​​។

ប៉ុន្តែ​ពលករ​រាប់​រយ​នាក់​កំពុង​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ឡើយ បន្ទាប់ពី​ព្យាយាម​ឆ្លង​ដែន​ត្រឡប់​មក​វិញ​ដោយ​ខុស​ច្បាប់​។ មន្ត្រី​មូលដ្ឋាន​ និង​ពលករ​និយាយ​ថា ការ​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​ផ្ដល់​បណ្ដាញ​ស្រប​ច្បាប់​សម្រាប់​ពលករ​មាន​ការ​យឺត​យ៉ាវ​ពេក​។

លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ បាន​ចេញ​សារាចរណែនាំ​មួយ​កាលពី​ថ្ងៃ​អង្គារ ស្តីពី​ផែនការ​របស់​ក្រសួង​សម្រាប់​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់។

សារាចរ​ណែនាំ​នោះ​លើក​ឡើង​ថា ពលករ​ដែល​ចង់​បាន​​លិខិត​ឆ្លង​ដែន​ពី​ការិយាល័យ​ថ្មី​ទាំង​បួន​នេះ ត្រូវ​តែ​មាន​កិច្ច​សន្យា​ការងារ​ជា​មួយ​ទី​ភ្នាក់​ងារ​​ជ្រើស​រើស​ពលករ​នៅ​កម្ពុជា ឬ​ជាមួយ​ក្រុម​ហ៊ុន​ដែល​ទទួល​ឲ្យ​ធ្វើ​ការ។

មុន​ពេល​ឆ្លង​ចូល​ទៅ​ប្រទេស​ថៃ​ ពលករ​ក៏​ត្រូវ​មាន​ប័ណ្ណ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស​ ដែល​ចុះ​ហត្ថលេខា​ដោយ​អគ្គនាយកនៃអគ្គនាយកដ្ឋាន​ការ​ងារ​ក្រសួង​ការ​ងារ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ​។

នៅ​ពេល​ដែល​ពួកគេ​ទទួល​បាន​លិខិត​ឆ្លង​ដែន​ និង​ឯកសារ​សម្រាប់​ចូល​ទៅ​ប្រទេស​ថៃ​ហើយ ពលករ​ក៏​ត្រូវ​មាន​រូប​ថត​៤គុណ៦​សម្រាប់​បិទ​នៅលើ​បែប​បទ​នៅ​ខាង​ភាគី​ថៃ​ផង​ដែរ​៕ គឹមហឿន​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.