ការិយាល័យ​លិខិត​ឆ្លង​ដែន​សម្រាប់​ពលករ​ចំណាក​ស្រុក​ត្រូវ​បាន​បង្កើត​បន្ថែម​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ​

យោងតាម​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​លិខិត​ឆ្លង​ដែន​នឹង​ត្រូវ​បង្កើត​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ​បន្ថែម​ទៀត​ ដើម្បី​ជួយ​សម្រួល​ដំណើរ​ការ​ធ្វើ​ចំណាកស្រុក​សាជាថ្មី​សម្រាប់​ពល​ករ​កម្ពុជា​ ដែល​នឹង​ត្រឡប់​​ទៅ​ប្រទេស​ថៃ​វិញ​។

លោក ម៉ៅ ច័ន្ទតារា ប្រធាន​នាយក​ដ្ឋាន​លិខិត​ឆ្លង​ដែន​នៅ​ក្រសួង​មហាផ្ទៃ​​បាន​ឲ្យ​ដឹង​ថា​ ការិយាល័យ​ថ្មី​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ព្រៃវែង ស្វាយរៀង សៀមរាប កំពង់ធំ និង​តាកែវ។ លោក​បាន​​មាន​ប្រសាសន៍​ថា ខេត្តទាំង​នេះ​ជា​ខេត្ត​ធំៗ​ដែល​មាន​ពលរដ្ឋជា​ច្រើន​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​​ប្រទេស​។ បច្ចុប្បន្ន យើង​កំពុង​រៀបចំ​សម្ភារ​មួយ​ចំនួន​មាន​ដូច​ជា កុំព្យូទ័រ ដើម្បី​បញ្ចូល​ព័ត៌មាន កាមេរ៉ា និង​សម្ភារ​ស្រដៀង​ៗ​នេះ​ជាដើម​”។

ការ​បង្កើត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​សេចក្ដី​ប្រកាស​មួយ​កាលពី​សប្ដាហ៍​មុន ដែល​ថា ការិយាល័យ​ដូច​គ្នា​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​តាម​ខេត្ត​ជាប់ព្រំដែន​មួយ​ចំនួន​ដូច​ជា ខេត្ត​ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ ប៉ៃលិន និង​ខេត្ត​កោះកុង​ជាដើម​។

យោង​តាមសារាចររួមចុះថ្ងៃ​ទី​១៤ ខែ​កក្កដា ដែល​ចេញ និង​ចុះហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក អុិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ ការិយា​ល័យ​នៅ​ក្នុង​ខេត្ត​ទាំង​១០​នេះ​នឹង​ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​រៀបចំ​ឯកសារ​សម្រាប់​ពល​ករ​ចំណាក​ស្រុក។

ពលករ​ចំណាក​ស្រុក​ប្រហែល​២៥០.០០០​នាក់ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ខែ​មុន​ បន្ទាប់ពី​ការ​បង្ក្រាប​លើ​ពលករ​ខុស​ច្បាប់​ដោយ​រដ្ឋាភិបាល​​យោធាថៃ។

រដ្ឋាភិបាល​បាន​កាត់​បន្ថយ​តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែនពី​១២៤​ដុល្លារ​មក​ត្រឹម​៤​ដុល្លារ ដើម្បី​ជំរុញ​​ឲ្យ​ពលករ​ចំណាក​ស្រុក​ទទួល​បាន​ឯកសារ​ស្រប​ច្បាប់​ មុនពេល​ត្រឡប់​ទៅ​ប្រទេស​ថៃ​ ប៉ុន្តែ​ពលករ​រាប់​ពាន់​នាក់​ត្រូវ​បាន​​បញ្ជូន​ត្រឡប់​មក​ព្រំ​ដែន​វិញ​ដោយអាជ្ញាធរ​ថៃ បន្ទាប់ពី​ព្យាយាម​ចូល​ដោយ​ខុស​ច្បាប់​ម្ដង​ទៀត​។

លោក ធី លុនឌី ប្រធាន​មន្ទីរ​ការ​ងារ​ខេត្ត​ប៉ៃលិនបាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​ មន្ទីរ​ការ​ងារ​ខេត្ត​​មាន​លទ្ធភាព​ចេញ​លិខិត​បញ្ជាក់​ពី​ ” ឋានៈ​ពលករ​ចំណាក​ស្រុក​” ​ឲ្យពល​ករ​ចំណាក​ស្រុក​ ដែល​តម្រូវ​ឲ្យមាន​លិខិត​នេះ​ដើម្បី​ធ្វើ​​លិខិត​ឆ្លង​ដែនបាន​ហើយ​​។ កាលពី​មុន​លិខិត​បែប​នេះ​គឺ​ត្រូវ​បាន​ចេញ​ដោយ​ក្រសួង​ការ​ងារ​តែ​ប៉ុណ្ណោះ។
លោក លុនឌី បានមាន​ប្រសាសន៍​ថា ពួកគេ​គ្រាន់​តែ​ត្រូវ​ការ​កិច្ច​សន្យា​ការ​ងារ​ ឬ​ប័ណ្ណ​​​ធ្វើការ​ងារ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ដើម្បី​ទទួល​បាន​ឯកសារ​នេះ​។

លោក គោស៊ុំ សារឿត អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យបាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​អាជ្ញា​ធរ​ថៃ​នៅ​តែ​បញ្ជូន​ពលករ​កម្ពុជា​ត្រឡប់​មក​វិញ​ក្នុង​ចំនួន​យ៉ាង​ច្រើន​ ហេតុដូច្នេះ វា​មាន​សារៈ​សំខាន់ណាស់​ ដែល​ពលករ​ចំណាក​ស្រុក​ប្រើ​ប្រាស់​ការិយាល័យ​លិខិត​ឆ្លង​ដែន​ថ្មី​​ ដើម្បី​ធ្វើ​ឲ្យ​ការ​ធ្វើ​ការ​ងារ​នៅ​ក្នុង​ប្រទេស​ថៃ​របស់​ពួកគេ​ស្រប​ច្បាប់​។ លោក​បាន​មាន​ប្រសាសន៍​ថា [បច្ចុប្បន្ន​​នេះ​] ជា​រៀងរាល់​ថ្ងៃ​មាន​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​ជា​មធ្យម​​​ពី៣០០​ទៅ​៤០០​នាក់​ត្រូវ​បាន​បញ្ជូនត្រឡប់​មក​វិញ”៕ គឹមហឿន​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.