មេខ្យល់​រត់​ពន្ធ​ពលករ​ទៅ​ប្រទេស​ថៃ​ត្រូវ​ចាប់​ខ្លួន

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ចោទ​ប្រកាន់​បុរស​បួន​នាក់​និង​ស្ត្រី​ម្នាក់ ពី​បទ​ជួញ​ដូរ​មនុស្ស​កាលពី​ថ្ងៃសៅរ៍ ដោយ​ប៉ុនប៉ង​បញ្ជូន​​ទាំង​ខុស​ច្បាប់​នូវ​ពលករ​ចំណាក​ស្រុក​៥១​នាក់​ទៅ​ប្រទេស​ថៃ។

ពលករ​ចំណាក​ស្រុក​ប្រហែល​២៥០.០០០​នាក់​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ខែ​មុន បន្ទាប់ពី​រដ្ឋាភិបាល​យោធា​ថៃ​បាន​ចាប់​ផ្តើម​ការ​បង្ក្រាប​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់។ បើ​ទោះជា​មាន​កិច្ច​ប្រឹងប្រែង​ដើម្បី​បញ្ជូន​ពលករ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ដោយ​ស្រប​ច្បាប់​ក៏​ដោយ ក៏​ពលករ​រាប់​រយ​នាក់​នៅ​តែ​ត្រូវ​គេ​ចាប់​បាន​ពេល​ឆ្លង​ដែន​ខុស​ច្បាប់​រាល់​ថ្ងៃ​ដដែល។

យោង​តាម​លោក ឡាំ ប៉ូលី ​ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​​ស្រ្ដី​​​និង​កុមារ​ខេត្ត​​បាន​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​រត់​​ពន្ធ​មនុស្ស​ទាំង​ប្រាំ​នាក់​ត្រូវ​បាន​ជួល​ដោយ​ក្រុមហ៊ុន 168 Manpower Supply ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​ជាង​៤០​ក្រុមហ៊ុន ដែល​ទទួល​បាន​សិទ្ធិ​ពី​រាជ​រដ្ឋាភិបាល ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​​ឲ្យ​ពលករ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ដោយ​ស្រប​ច្បាប់។​​ លោក ប៉ូលី បាន​ឲ្យ​ដឹង​ថា “ឈ្មោះ​ក្រុមហ៊ុន​នេះ​បាន​ចុះបញ្ជី​ជាមួយ​រដ្ឋាភិបាល ប៉ុន្តែ​របៀប​ដែល​ក្រុមហ៊ុន​នេះ​ធ្វើ​គឺ​ខុស​ច្បាប់”។

មេ​ខ្យល់​ទាំង​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ នៅ​វត្ត​មួយ​ជាមួយ​ពលករ​៥១​នាក់ មុន​ពេល​ឆ្លង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់។

លោក ប៉ូលី បាន​មាន​ប្រសាសន៍​​ថា “ចម្លែក​ណាស់​ដែល​មនុស្ស​ប្រហែល​៥០​នាក់​មក​ស្នាក់​នៅ​ក្នុង​វត្ត ​នៅ​ចម្ងាយ​តែ​៤០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ច្រក​ព្រំដែន។ “ពួកគេ​បាន​និយាយ​ថា គេ​បាន​សន្យា​ប្រគល់​ឯកសារ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់។ ពេល​យើង​សួរ​ពួកគេ​រក​ឯកសារ​ស្រប​​ច្បាប់ គ្មាន​នរណា​ម្នាក់​មាន​ឯកសារ​ឡើយ”។

កាលពី​ថ្ងៃ​សៅរ៍ យ៉ុង សុផល អាយុ​២៦​ឆ្នាំ កែវ ស៊ីណា ២៧​ឆ្នាំ និង លី ម៉ាស៊ី អាយុ​៣១​ឆ្នាំ ត្រូវ​បាន​ចោទ​និង​ឃុំ​ខ្លួន​រង់​ចាំ​ការ​​ជំនុំ​ជម្រះ នៅ​ពន្ធនាគារ​ខេត្ត​ឧត្តរ​មាន​ជ័យ។

លោក ប៉ូលី មាន​ប្រសាសន៍​ថា “ជន​ទាំង​បី​នាក់​នេះ​ដើរ​តួ​នាទី​ជា​អ្នកដើរ​ប្រមូល​​មនុស្ស​។ ពួកគេ​មាន​បណ្តាញ​នៅ​តាម​ខេត្ត​នានា ហើយ​នឹង​ទៅ​តាម​ខេត្ត​ណា​ដែល​មាន​មនុស្ស​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ”។

ឡេង ប៊ុនធី អាយុ​៣៥​ឆ្នាំ និង​ភរិយា​របស់​គាត់​ឈ្មោះ ប្រាក់ សេងលី អាយុ​៣៧​ឆ្នាំ ដែល​ទទួល​​ពលករ​យក​ទៅ​ឲ្យ​​ថៅកែ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ចោទ​ប្រកាន់​និង​ត្រូវ​ឃុំ​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍។

សោម សុភក្ត្រ ព្រះ​រាជអាជ្ញា​រង​តុលាការ​​ខេត្ត​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចោទ​​ពួកគេ​ពី​បទ​​បញ្ជូន​មនុស្ស​ដោយ​ខុស​ច្បាប់​ឆ្លង​ព្រំដែន តាម​មាត្រា​១១​នៃ​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស”។

លោក ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា ជន​ជាប់​ចោទ​ទាំង​ប្រាំ​នាក់ បានទារ​ប្រាក់​២៥០​ដុល្លារ​ទៅ​៣០០​ដុល្លារ​ពី​ពលករ​ម្នាក់​ៗ ដើម្បី​​នាំ​ឆ្លង​ចូល​ប្រទេស​ថៃ​។

យោង​តាម​ច្បាប់​​ស្តី​អំពី​​ការ​បង្ក្រាប​ការ​ជួញ​មនុស្ស អ្នក​ទាំង​ប្រាំ​នឹង​​ត្រូវ​​ជាប់​ពន្ធនាគារ​ពី​​៧​ឆ្នាំ​ដល់​១៥​ឆ្នាំ ប្រសិនបើ​ត្រូវ​គេ​រក​​ឃើញ​មាន​ទោស។

លោក ឌុច សុធារិទ្ធ ប្រធាន​ក្រុមហ៊ុន 168 Manpower Company បាន​មាន​ប្រសាសន៍​ថា លោក​មិន​ច្បាស់​ ថា​តើ​ជន​ជាប់​ចោទ​រត់ពន្ធ​មនុស្ស​ទាំង​ប្រាំ​នាក់​នោះ ប្រាកដ​ជា​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ឬ​យ៉ាង​ណា​ទេ។​ លោ​ក​បាន​ឲ្យ​ដឹង​ថា “ការិយាល័យ​កណ្តាល​មិន​បាន​ដឹង​អ្វី​សោះ​អំពី​រឿង​នេះ។ ប្រសិន​បើ​ការ​បញ្ជូន​ពលករ​​តាមរយៈ​​ក្រុមហ៊ុន យើង​មាន​ឯកសារ​ស្រប​ច្បាប់​បង្ហាញ”។

កាលពី​ខែ​មុន នគរបាល​នៅ​ក្រុង​ប៉ោយ​ប៉ែត​បាន​ចាប់​ខ្លួន​លោក ថេន ធឿន អាយុ​៣៦​ឆ្នាំ ពី​បទ​បោក​យក​លុយ​ពី​ពលករ​ចំណាក​ស្រុក​២២​នាក់ មក​ពី​ខេត្ត​កំពង់​ចាម ដែល​ជន​នេះ​បាន​សន្យា​ថា​នឹង​នាំ​ទៅ​ប្រទេស​ថៃ៕ មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.