រ​ថយន្ត​ដឹកកម្មករ​ក្រឡាប់​ធ្វើ​ឲ្យ​កម្មករ​ម្នាក់ស្លាប់​និង​​របួស​ជាច្រើន​នាក់ទៀ​ត​

កម្មករ​រោងចក្រ​កាត់​ដេរ​ម្នាក់​បាន​ស្លាប់​ និង​ជាង​១០​នាក់​ទៀត​រង​របួស​នៅ​ពេល​រថយន្ត​ដែល​ពួកគេ​ជិះ​នោះ​បាន​ក្រឡាប់​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំេពញ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ជា​ករណី​ថ្មី​បំផុត​ក្នុង​ចំណោម​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ពាក់​ព័ន្ធ​នឹង​កម្មករ​រោង​ចក្រ​កាត់​ដេរ ដែល​បាន​ប្រជ្រៀត​គ្នា​ជិះ​រថយន្ត​ធ្វើ​ដំណើរ​ទៅ​និង​មក​ពី​រោងចក្រ​នៅទូទាំង​ប្រទេស​។

យោងតាម​លោក ផាន់ ភឿន នាយ​ប៉ុស្តិ៍​សង្កាត់​កំបូល បាន​ឲ្យ​ដឹង​ថា កែវ ចាន់នឿន អាយុ​១៨​ឆ្នាំ​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ហើយ​កម្មករបួន​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​បន្ទាប់ពី​រថយន្ត​ក្រឡាប់​ ជា​េហតុការណ៍​ដែល​នគរ​បាល​សង្ស័យ​ថា បណ្ដាល​មកពី​​ការ​ធ្វេស​ប្រហែល ឬការ​​ស្រវឹង​របស់​អ្នក​បើក​បរ​ ដែល​បាន​ព្យាយាម​រត់​គេច​ពី​កន្លែង​កើត​ហេតុ​បន្ទាប់​ពី​បង្ក​គ្រោះ​ថ្នាក់​។

លោក ភឿន បាន​មាន​ប្រសាសន៍​ថា ” សាក្សី​បាន​ឃើញ​រថយន្ត​នេះ​ដឹក​កម្មករពេញ​រេទៅឆ្វេង​ផង​ស្ដាំ​ផង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ បន្ទាប់​មក​អ្នក​បើក​បររថយន្ត​បាន​បាត់​បង់​ម្ចាស់​ការ ហើយ​រថយន្ត​​ក្រឡាប់​គ្រវែង​កម្មករ​​ចេញ​ពី​រថយន្ត​ចម្ងាយពី​៣ទៅ៤​ម៉ែត្រ​។ លោក​បាន​បន្ថែម​ថា អ្នក​ភូមិ​បាន​វាយ​អ្នក​បើក​បរ​រថយន្ត​ខណៈ​ដែល​បានព្យាយាម​រត់​គេច​ខ្លួន​មុន​ពេល​​ត្រូវ​ចាប់​បាន​។

គ្រោះ​ថ្នាក់ចរាចរណ៍​​ដែល​ពាក់​ព័ន្ធ​នឹង​កម្មករ​ធ្វើ​ដំណើរ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ទៅ​ស្រុក​ពញាឮ ខេត្ត​​កណ្ដាល​នេះ​ គឺ​ជា​ករណី​ថ្មី​បំផុត​ក្នុង​ចំណោម​គ្រោះ​ថ្នាក់​ចរាចរណ៍ជា​ច្រើន​លើក​នា​ពេល​ថ្មីៗ​នេះ ពាក់​ព័ន្ធ​នឹង​​រថយន្ត​ដឹក​​កម្មករ​លើស​ចំណុះ​បាន​ក្រឡាប់​។

លោកស្រី ជីល ថាក់ឃើ ប្រធាន​ទីប្រឹក្សា​បច្ចេកទេស​នៅ​រោងចក្រ​​កាត់​ដេរ​​ល្អ​ប្រសើរ​នៅ​កម្ពុជា​ ជា​កម្មវិធី​ដែល​គ្រប់​គ្រង​ដោយអង្គការ​ពលកម្ម​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ថា រោងចក្រ​​បើ​រៀបចំ​រថយន្ត​ដែលមាន​សុវត្ថិភាព​សម្រាប់​ដឹក​កម្មករ​ ជា​ជាង​ផ្ដល់​ប្រាក់​ជា​ប្រាក់ឧបត្ថម្ភ​ថ្លៃ​ធ្វើ​ដំណើរ​វិញ​នោះ​វា​​អាច​កាត់​បន្ថយ​ហានិភ័យទាំង​នេះ​។

លោកស្រី ថាក់ឃើ បាន​មាន​ប្រសាសន៍​ថា “ជា​អកុសល​កម្មករ​រោងចក្រ​ដែល​ធ្វើ​ដំណើរ​តែង​ជិះ​រថយន្ត​ធុនធំបែប​នេះ ហើយជាទូទៅ​​បើទោះ​ណា​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍គឺ​ជា​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ក៏កម្មករ​រោងចក្រ​កាត់​ដេរ​​​នៅ​តែ​មិន​ខ្លាច​រអាដែរ​”។ លោកស្រី​បាន​បន្ថែម​ថា ” រោងចក្រ​មួយ​ចំនួន​បាន​រៀបចំ​រថយន្ត​ផ្ទាល់​​ខ្លួន ហើយ​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​​ថា មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​បែប​នេះ​កើត​ឡើង​ដល់​ពួកគេ​ទេ​។ វាជា​ដំណោះ​ស្រាយ​ដ៏ល្អ​មួយ ហើយ​វា​មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន​ជាង​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​ធ្វើ​ដំណើរ​ទៀត​ផង”។

លោក សំ អុន មន្ត្រី​ព័ត៌មាន​នៅ​មូលនិធិ​បេឡាជាតិ​របប​សន្តិសុខ​សង្គម បាន​មាន​ប្រសា​សន៍​ថា អង្គការ​នេះ​បាន​ចំណាយ​សម្រាប់​ថ្លៃ​ព្យាបាល​កម្មករ ហើយ​ថា​​មាន​ការ​បង្កើត​គណៈ​កម្មការ​​មួយ​ដើម្បី​ព្យាយាម​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្រដៀង​គ្នា​នេះ​”។

លោក​ អុន​ បាន​មាន​ប្រសាសន៍​ថា ” យើង​​អប់រំ​អ្នក​បើក​បរ​កុំឲ្យ​​ពិសា​ស្រាពេល​បើក​បរ។ កាល​ពី​ម្សិលមិញ អ្នក​បើក​បរ​ស្រវឹង​ស្រា​ ដូច្នេះគាត់​មាន​ការ​ធ្វេស​ប្រហែស​ និង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដោយ​ចៃដន្យ​។ នេះ​មិន​មែនជា​កំហុស​របស់​អង្គការ​​ខ្ញុំ​ទេ ប៉ុន្តែ​ជា​កំហុស​របស់​អ្នក​បើក​បរ”។

លោក​បាន​​បន្ថែម​ថា បើ​ទោះ​ណា​ជា​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​ក្រៅ​រោងចក្រ​ក៏ដោយ ក៏​វា​នៅ​តែ​ត្រូវ​បាន​រ៉ាប់​រង​ការ​ចំណាយ​ដោយ​មូលនិធិ​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ដដែល។

យ៉ាង​ហោច​ណាស់​កម្មករ​រោងចក្រ​កាត់​ដេរ​៨៦​នាក់​បាន​រង​របួស​កាលពី​ខែកុម្ភៈ នៅ​ពេល​ដែល​រថយន្ត​ចំណុះ​៣តោន​បាន​ក្រឡាប់​ក្នុង​ខេត្ត​ស្វាយ​រៀង និង​៤៥​នាក់​ទៀត​បាន​រង​របួស​កាលពី​ខែ​មុន បន្ទាប់ពី​រថយន្ត​បុក​ដើម​ឈើ​ក្នុង​ខេត្ត​កំពង់ចាម​។

យោង​តាម​លោក ភឿន បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​អាយុ​៣០​ឆ្នាំ​ ដែល​នគរ​បាល​មិន​ប្រាប់​ឈ្មោះ​ កំពុង​ត្រូវ​​បាន​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរ​បាល​ចរាចរ​រាជធានី​កាលពីម្សិលមិញ​៕ សារុន​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.