ការ​ធ្វើ​កោសល្យវិច័យ​បញ្ជាក់​ថា ករណី​លោក វ៉ាល្លីយេ​ គឺ​ជា​ករណី​ឃាត​កម្ម​

ចៅ​ក្រម​ខ្មែរ​ម្នាក់​បាន​​និយាយ​កាល​ពី​ម្សិលមិញ​ថា លទ្ធផល​កោសល្យ​វិច័យ​របស់​​អ្នក​ជំនាញ​​ជន​ជាតិ​បារាំង​មួយ​ក្រុម​ដែលស៊ើប​អង្កេត​ករណី​ឃាត​កម្ម​លើ​បុរសជន​ជាតិបារាំង​ម្នាក់ និង​កូន​​របស់​គាត់​បួន​នាក់​កាលពី​ឆ្នាំ​២០១២​ នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ គាំទ្រដល់​ការ​បញ្ចប់​ការ​ស៊ើប​អង្កេត​ជាលើកដំបូង​​របស់​ក្រុម​នេះ​ដែលថា ករណីនេះ​ជា​ករណី​ឃាត​កម្ម​។French-Family-photo-vallier

មន្ត្រី​តុលា​ការ​នៅ​ទី​នេះ​មាន​របាយការណ៍​កោសល្យ​វិច័យ​​៣០០​ទំព័រ​ពីការ​ស្លាប់​លោក ឡូរ៉ង់ វ៉ាល្លីយេ អាយុ​៤២​ឆ្នាំ និង​កូន​ៗ​របស់​គាត់​ចាប់​តាំង​ពីដើម​ខែ​កក្កដា ប៉ុន្តែ​​​ពួក​​​គេ​​​កំពុង​រង់ចាំ​​​​ការ​​​បក​ប្រែ​​​​របាយ​​​ការ​​​ណ៍​​​នេះ​​​ពីភាសា​បារាំង​ទៅ​ភាសា​​ខ្មែរ។

ពីដំបូង​នគរ​បាល​បាន​ចាត់​ទុក​ករណី​នេះ​ថា ជា​ករណី​អត្តឃាត​របស់​បុរស​គ្មាន​ប្រាក់​​ និង​​អស់​សង្ឃឹម​ម្នាក់។ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ ​នៅ​ប្រទេស​បារាំង​បាន​សង្ស័យថាជា​ករណីឃាត​កម្ម​ ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​នៅ​ទីនោះ ដោយ​កត់​សម្គាល់​ថា លោក​ វ៉ាល្លីយេ មាន​ជម្លោះ​ជាមួយ​សាច់ញាតិ​របស់​សព​ប្រពន្ធ​ជនជាតិ​ខ្មែរ​របស់​គាត់​​អំពី​បញ្ហា​ដីធ្លី​។

ពាក្យ​បណ្ដឹង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​កោសល្យវិច័យ​មួយ​ក្រុម​ចុះ​មក​ពិនិត្យ​មើល​​ កាលពី​ខែ​មីនា ឆ្នាំ​២០១៣ ហើយ​​​ពួក​​​គេ​​​​បាន​ច្រាន​ចោល​ករណី​អត្តឃាត​នេះ​ មុន​ពេល​បញ្ជូន​ឆ្អឹង​ និង​វត្ថុតាង​ផ្សេង​ទៀតដែលបាន​រកឃើញ​នៅ​កន្លែង​​​កើត​​​ហេតុ​​​ និង​​​នៅ​​​ផ្ទះ​​​របស់​​​ជន​​​រង​​​គ្រោះ​​​ទៅ​​ធ្វើ​កោសល្យ​វិច័យ​។

លោក​ ឈឹម រិទ្ធី ចៅក្រម​ស៊ើប​សួរ​នៅ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ ដែល​បាន​បន្ថែម​ថា ​​​ក្នុង​​​ចំណោម​​​របាយ​ការណ៍​​​​៣០០​ទំព័រ​នេះ​​​​មាន​​​តែ​​​បី​​​ទំព័រ​​​​​​ប៉ុណ្ណោះត្រូវ​បាន​បក​ប្រែ​ទៅ​ជា​ភាសា​ខ្មែរ​នោះ បាន​មាន​ប្រសាសន៍​ថា “ការ​ធ្វើ​កោសល្យវិច័យ​ឆ្អឹង និង​វត្ថុតាង​ផ្សេងៗ​ទៀត​គាំទ្រ​​ថា វា​ជា​​​ករណី​ឃាតកម្ម មិនមែន​ជា​ករណី​អត្តឃាត​ទេ”​។

សាកសព​លោក ឡូរ៉ង់ វា៉ល្លីយេ និង​កូន​របស់​គាត់​បួន​នាក់​អាយុ​ពី​២ឆ្នាំដល់​៩​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែលលិច​ក្នុង​ស្រះ​ទឹក​ក្បែរ​ផ្ទះ​របស់​លោក​ស្ថិត​ក្នុង​ក្រុង​​ច្បារមន ក្នុង​ឆ្នាំ​២០១២ រយៈ​ពេល​បី​ខែ​បន្ទាប់ពី​ពួកគេ​បាន​បាត់​ខ្លួន​។

អំឡុង​ការ​ស៊ើបអង្កេត​​រយៈ​ពេល​ពីរ​សប្ដាហ៍​ ក្រុម​កោសល្យវិច័យ​ជនជាតិ​បារាំង​បាន​ចុះទៅ​សិក្សា​កន្លែង​កើតហេត​ុ ហើយ​បាន​សាកសួរ​អ្នក​ដែល​​ពាក់ព័ន្ធ​រាប់សិបនាក់​ជុំវិញ​ករណី​នេះ​មុន​ពេល​ច្រាន​ចោល​ករណីធ្វើអត្តឃាត​​។

ពួកគេ​បាន​រក​ឃើញ​ស្នាម​ឈាម​ ដែល​ពីមុន​មិន​បាន​ធ្វើ​ការ​សិក្សានោះ​នៅ​ក្នុង​វ៉ាលិស​មួយ​នៅ​ក្នុង​រថយន្ត​ ព្រមទាំង​ស្បែក​ជើង​ផ្ទាត់​មួយ​គូ ដែល​ចៅក្រម​ រិទ្ធី មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា មិនមែន​ជារបស់​លោក ឡូរ៉ង់ វា៉ល្លីយេ ទេ​ និង​​ដែល​អាច​ផ្ដល់​ជា​តម្រុយ​នៅ​ក្នុង​ករណី​នេះ។

ទោះ​ជាយ៉ាង​ណា ការ​ស៊ើប​អង្កេត​របស់​ក្រុម​ជន​ជាតិ​បារាំង​ ឬយ៉ាង​ហោច​ណាស់​ របាយការណ៍ដែលបាន​បកប្រែ​បីទំព័រនោះ ​មិន​បាន​ផ្ដល់​តម្រុយ​បែបនោះ​ឡើយ។

លោកចៅក្រម រិទ្ធី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ការ​ធ្វើ​តេស្ត​ DNA លើ​ស្បែក​ជើង​​បង្ហាញថា មានមនុស្ស​ច្រើនណាស់បាន​​ពាក់ស្បែក​ជើង​​នេះ​”។ នៅ​ពេល​​ត្រូវ​បាន​សួរ​បន្ថែម​ ចៅក្រម​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ចាំ​ថា តើ​របាយការណ៍នៅ​សេសសល់​បាន​រក​ឃើញ​អ្វី​ខ្លះទៀតទេ គ្រាន់​តែ​លើក​ឡើង​ថា វា​គាំទ្រ​គំនិត​ដែល​ថា លោក ឡូរ៉ង់ វ៉ាល្លីយេ និង​កូនៗ​របស់​លោក​​ត្រូវ​បាន​ធ្វើ​ឃាត​។ លោក​បាន​មាន​ប្រសាសន៍​ថា “របាយការណ៍​នេះ​មិនប្រាកដថា ​មាន​សារៈសំខាន់នោះ​ទេ។ យើង​ត្រូវ​រង់ចាំ​វិធានការ​ពី​ក្រសួង​មហាផ្ទៃ”។

លោក​ចៅក្រម​ រិទ្ធី បានមាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​របាយការណ៍​នេះ​បន្ត​ទៅ​លោក​ ម៉ក់ ជីតូ​ ប្រធាន​នាយក​ដ្ឋាន​កណ្ដាល​យុត្តិធម៌​របស់នគរ​បាល​ជាតិ​។

លោក​ ម៉ក់ ជីតូ បាន​មាន​ប្រសាសន៍​ថា ក្រុមការ​ងារ​ដែល​មាន​នគរ​បាល​ខេត្ត​ និង​នគរ​បាល​ជាតិ​កំពុង​ធ្វើការ​លើ​ករណី​នេះ​នៅ​ឡើយ​ ហើយ​ថា ក្រសួង​មហាផ្ទៃ​រង់ចាំ​ដីកា​បង្គាប់​ពី​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺថា តើ​ត្រូវ​មាន​វិធានការ​បន្ត​ដោយ​វិធី​ណា។

លោក​បាន​បញ្ជាក់​ថា លោក​ទទួល​បាន​របាយការណ៍​ដែលបាន​បកប្រែហើយ ប៉ុន្តែ​បាន​បដិសេធ​មិន​ផ្ដល់ព័ត៌មាន​លម្អិត​ទេ។

លោក ម៉ក់ ជីតូ បាន​មាន​ប្រសាសន៍​ថា “ករណី​នេះ​ស្ថិត​ក្នុង​ដៃតុលាការ​នៅ​ឡើយ។ ប្រសិន​បើយើង​ចែក​រំលែក​ព័ត៌មាន​នេះ​ វា​អាច​ប៉ះពាល់​​ដល់​ការ​ស៊ើប​អង្កេត​”៕ សារុន​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.