អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃសគ្មានទឹក​ប្រើប្រាស់​ដោយ​សារ​ការ​ជួស​ជុល​ផ្លូវ​ធ្វើ​ឲ្យ​បែក​ទុយោទឹក

ក្រុម​មន្ត្រី​បាននិយាយ​កាលពី​ម្សិលមិញថា ពន្ធនាគារ​ព្រៃ​ស​នៅ​រាជ​ធានី​ភ្នំពេញ​បាន​ទិញ​រថយន្ត​ដឹកទឹក​សម្រាប់​អ្នក​ទោស ដោយ​សារ​កម្មករ​ស្ថាបនា​ផ្លូវ​​បាន​ធ្វើ​ឲ្យបែក​ទុយោទឹក​ដែល​​តភ្ជាប់​ទៅ​ពន្ធនាគារ​នេះ​​កាលពី​សប្ដាហ៍​មុន។

លោក ខាត់ សុខៃ ចៅសង្កាត់​ព្រៃស​បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​ដែល​សាលា​រាជធានី​ភ្នំពេញ​បានជួល​ឲ្យជួស​ជុល​ផ្លូវ​នៅ​ម្ដុំ​​ពន្ធនាគារ​ បានធ្វើ​​ឲ្យ​បែក​ទុុយោទឹក​ដោយ​ចៃដន្យ​។

លោក សុខៃ បានមាន​ប្រសាសន៍​ថា ទុយោទឹក​បាន​បែក​ប្រហែល​បួន​ថ្ងៃ​មក​ហើយ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​​ជួស​ជុល​ផ្លូវ​នេះ​ធ្វើ​ប៉ះ​ទុយោ។ ពួកគេ​កំពុង​ជួស​ជុល​ទុយោ​ទឹក​នោះ។ យើង​មិន​ដឹង​ថា នឹងជួសជុលរួច​នៅ​ពេល​ណា​នោះ​ទេ​”។

លោក ពិន ចន្ធី មន្ត្រី​ម្នាក់​នៅ​ពន្ធនាគារ​ព្រៃ​ស​ទទួល​បន្ទុក​សំណុំរឿង​អ្នក​ទោស បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​​អ្នក​ទោស​យ៉ាង​ហោច​ណាស់៣.០០០​នាក់​ពឹង​ផ្អែក​លើ​រថយន្ត​ដឹក​ទឹក។

លោក​ ចន្ធី ​បាន​មាន​ប្រសាសន៍​ថា “ទុយោទឹក​បាន​បែក​ ហើយមិនមាន​ទឹក​ប្រើ​ប្រាស់​​ពីរ​បី​ថ្ងៃ​មក​ហើយ។ អ្នក​ទោស​ទាំង​នៅ​មណ្ឌល​អប់រំ​កែប្រែទី១ និងមណ្ឌលអប់រំកែប្រែ​ទី២ បាន​ប្រើ​ប្រាស់​ទឹក​ពី​ទុយោនេះ​។ យើង​ត្រូវ​​ទិញ​រថយន្ត​ដឹក​ទឹក និង​ប្រើ​ប្រាស់​ទឹក​ស្រះ​”។

ទាំង​លោក ចន្ធី និង​លោក សុខៃ មិន​ស្គាល់ឈ្មោះ​ក្រុម​ហ៊ុន​ដែល​បាន​ជួល​ឲ្យជួស​ជុល​ផ្លូវ​នេះ​ ឬ​ការ​ចំណាយ​លើការ​ដឹក​ទឹក​ឡើយ​។

លោក ឡុង ឌីម៉ង៉ អ្នក​នាំពាក្យ​សាលា​រាជធានី​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពី​បញ្ហា​នេះ​ទេ។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​ឃ្លាំមើល​ពន្ធ​នាគារ​បាន​មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ត្រូវ​តែ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅបាន​។

លោក​បាន​មាន​ប្រសាសន៍​ថា “ទឹក​មិន​គ្រប់​គ្រាន់ក្នុងការ​​ផ្គត់​ផ្គង់​ដល់​ពន្ធនាគារ​ឡើយ​​សូម្បី​មុន​បែក​ទុយោ។ ចុះ​ ទម្រាំឥឡូវ​ដោយ​មាន​ការ​បែក​ទុយោ​ទៀតនោះ? វា​នឹង​ប៉ះ​ពាល់​ដល់​អនាម័យ និង​បណ្ដាល​ឲ្យ​មាន​ជំងឺ​ស្បែក ដូច​ជា​កន្ទួល​រមាស់ និង​បញ្ហា​ផ្លូវ​ដង្ហើម​ជាដើម​”៕ សារុន​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.