ចៅក្រម​បង្គាប់​ឲ្យ​ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត​សំណុំ​រឿង​លោក វ៉ាល្លីយ៉េ ជាថ្មី

ចៅក្រម​មួយ​រូប​បាន​និយាយ​កាលពី​ម្សិលមិញ​ថា តុលាការ​ខេត្ត​កំពង់​ស្ពឺ បាន​បង្គាប់​ឲ្យ​ក្រសួង​មហាផ្ទៃ​បើក​ការ​ស៊ើប​អង្កេត​ជាថ្មី​ចំពោះ​ការ​ស្លាប់​បុរស​ជន​ជាតិ​បារាំង​ម្នាក់ និង​កូន​៤​នាក់​របស់​លោក។

អាជ្ញាធរ​កម្ពុជា​ដំបូង​ឡើយ​បាន​សន្និដ្ឋាន​ថា លោក ឡូរ៉ង់​ វ៉ាល្លីយ៉េ អាយុ​៤២​ឆ្នាំ បាន​សម្លាប់​​កូន​ៗ​របស់​លោក ដែល​មាន​អាយុ​ពី​២​ឆ្នាំ​ដល់​៩​ឆ្នាំ ហើយ​បន្ទាប់​មក​បាន​សម្លាប់​ខ្លួន​ឯង បន្ទាប់ពី​សាក​សពរបស់​ពួកគេ​ត្រូវ​បាន​រក​ឃើញជិត​ផ្ទះ​របស់​គ្រួសារ​នេះ​ក្នុង​ក្រុង​ច្បារ​មន កាលពី​ខែ​មករា​ឆ្នាំ​២០១២។

៣​ខែ​បន្ទាប់ពី​ការ​បាត់​ខ្លួន គេបាន​រកឃើញ​គ្រួសារ​នេះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​លិច​ក្នុង​ទឹក​ស្រះ។ គ្រួសារ​របស់​លោក ឡូរ៉ង់​ វ៉ាល្លីយ៉េ នៅ​ប្រទេស​បារាំង​សង្ស័យ​ថា ជម្លោះ​ដីធ្លី​ជាមួយ​សាច់ញាតិ​របស់​សព​ភរិយា​ជនជាតិ​ខ្មែរ​របស់​លោក អាច​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​នេះ។

គ្រួសារ​លោក​​ ឡូរ៉ង់​ វ៉ាល្លីយ៉េ បាន​ប្តឹងទៅ​តុលាការ​បារាំង ហើយ​អ្នក​ធ្វើ​កោសល្យ​វិច័យ​សព​មួយ​ក្រុម​នៅ​ប្រទេស​បារាំង បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​កាលពី​ខែ​មីនា​ឆ្នាំ​២០១៣។

របាយការណ៍​៣០០​ទំព័រ​របស់​ក្រុម​នេះ ដែល​បាន​សន្និដ្ឋាន​ថា លោក ឡូរ៉ង់​ វ៉ាល្លីយ៉េ ត្រូវ​បាន​គេ​ធ្វើឃាត ត្រូវ​បាន​បញ្ជូន​ទៅ​ក្រុម​មន្ត្រី​កម្ពុជា​កាលពី​ខែ​មុន។

ដោយមាន​​ច្បាប់​ចម្លង​នៃការ​សន្និដ្ឋាន​របស់​របាយការណ៍​នេះ​ត្រូវ​បាន​បកប្រែ​​ពី​ភាសា​បារាំង​មក​ជា​ភាសា​ខ្មែរ លោក ឈឹម រិទ្ធី ចៅក្រមស៊ើបអង្កេត បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​បាន​បង្គាប់​ឲ្យ​ក្រសួង​មហាផ្ទៃ​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​សាកសួរ​ជន​សង្ស័យ។ ខ្ញុំ​បាន​បញ្ជូន​ដីកា​កោះ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យធ្វើ​តាង​នាម​តុលាការ​និង​ស៊ើប​អង្កេត និង​សាកសួរ​អ្នក​ដែល​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះ”។

ចៅក្រម រិទ្ធី មិន​បាន​ផ្តល់​ព័ត៌មាន​បន្ថែម ឬ​ចំនួន​ជន​សង្ស័យប៉ុន្មាន​នាក់ ដែល​លោក​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត ព្រោះ​វា​អាច​ធ្វើ​ឲ្យប៉ះពាល់​ដល់​រឿង​ក្តី​នេះ។​​​ លោក​បាន​បន្ថែម​ថា “ពួកគេ​កំពុង​ស៊ើប​អង្កេត​រឿង​ក្តី​ហើយ”។ លោក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្តាល​ នគរបាល​យុត្តិធម៌​ បាន​បដិសេធ​មិន​អធិប្បាយ​អំពី​រឿងក្តី​នេះ​ទេ៕មានិត​

 

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.