អាជ្ញាធរ​ចាប់ខ្លួន​អ្នកភូមិ​បីនាក់​ពាក់ព័ន្ធ​វិវាទដីធ្លី​ក្នុងខេត្ត​ស្វាយរៀង

ក្រុម​មន្ត្រី​បាន​និយាយ​ថា អាជ្ញាធរ​ក្នុង​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង កាលពី​ម្សិលមិញ​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​បីនាក់ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​រយៈ​ពេល​​ប្រហែល​មួយ​ទសវត្សរ៍​ជាមួយ​បុរស​ម្នាក់ ដែល​តាម​ការ​​អះអាង​គឺជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថមកពី​​រាជធានី​ភ្នំពេញ​។

លោក ហាស់ ស៊ីយេ៉ត នាយ​ប៉ុស្តិ៍​ឃុំចន្ទ្រាបាន​មាន​ប្រសាសន៍​ថា លោក ដោក ណេត អាយុ​៥៥​ឆ្នាំ យឹម ម៉ិច អាយុ​៥៦​ឆ្នាំ និង​ គៀត នោ អាយុ​៦៣​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​​នៅផ្ទះ​របស់​ពួក​គាត់​ស្ថិត​ក្នុង​ឃុំ​ចន្ទ្រា។ លោក ស៊ីយ៉េត បាន​មាន​ប្រសាសន៍​ថា “ពួកគាត់​ត្រូវ​បាន​ចាប់​ខ្លួន​ពីព្រោះ​ពួកគាត់​ជាប់​ពាក់​ព័ន្ធ​ក្នុងវិវាទ​ដីធ្លី​ជាមួយ​លោក សឹម ឈាន។ គាត់​គឺ​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​មក​ពី​រាជ​ធានី​ភ្នំពេញ”។

លោក ស៊ីយេ៉ត បានមាន​ប្រសាសន៍​ថា វិវាទ​ដីធ្លី​នេះ​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​ភូមិ​ជាង​៥០​គ្រួសារ​ជុំវិញ​ផ្ទៃ​ដី​ទំហំ​៦៤​ហិកតា​នៅ​ក្នុង​ឃុំ​នេះ​ ដែល​ត្រូវ​បាន​កំណត់​ព្រំប្រទល់​សម្រាប់​​លោក​ ឈាន ក្នុង​ឆ្នាំ​២០០៤ ប៉ុន្តែ​លោក​បានមាន​ប្រសាសន៍​ថា លោក​មិន​ចាំ​រឿង​លម្អិត​បន្ថែម​ទៀត​អំពី​ករណី​នេះ​ទេ​។

លោក ហ៊ឹង ប៊ុនជា ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង ដែល​បាន​អនុវត្ត​ការ​ចាប់​ខ្លួន​នេះ​​បាន​មាន​ប្រសាសន៍​ថា​ អ្នក​ភូមិ​ទាំង​បីនាក់​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ បន្ទាប់​ពី​មាន​ដីកា​បង្គាប់​​ពី​តុលាការ​កំពូល។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​បានអនុវត្ត​​បន្ទាប់ពី​មាន​ដីកា​បង្គាប់​ពី​តុលាការ​កំពូល​ជុំវិញ​ការ​កាន់​កាប់​ដោយ​ខុស​ច្បាប់​របស់​ពួកគាត់​លើ​អចលនទ្រព្យ​របស់​អ្នក​ដទៃ​”។ លោក​បាន​បន្ថែម​ថា លោក​ក៏​មិន​ដឹង​អំពី​ព័ត៌មាន​លម្អិត​ដែរ គឺ​ដឹង​ត្រឹម​តែអនុវត្តតាមដីកា​បង្គាប់​របស់តុលាការ​តែប៉ុណ្ណោះ។

លោក​ ប៊ុនជា បាន​ពន្យល់​ថា “វា​​ជាប់​ពាក់​ព័ន្ធ​ច្បាប់​ភូមិបាល​មាត្រា ២៤៨ និង​២៥៣។ យើង​បាន​បញ្ជូនពួកគាត់​ទៅ​ពន្ធនាគារ​ខេត្ត​នៅថ្ងៃ​នេះ​ ពីព្រោះ​ច្បាប់​ភូមិ​បាល​ចែង​ថា ពួកគាត់​អា​ច​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​”។

លោក ឃឹម ប៉ុណ្ណ អនុ​ប្រធាន​តុលាការ​កំពូល​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

មាត្រា ២៤៨ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ចែងពី​ ” ការ​ប៉ះពាល់​កម្មសិទ្ធិ” ដែល​ចាត់​ទុក​ថា ជា​ទង្វើដែល​​រំលោភ​បំពាន​កម្មសិទ្ធិ​របស់​នរណា​ម្នាក់​ដោយ​ចេតនា។ មាត្រា ២៥៣​ ចែង​ថា ការ​ប៉ះពាល់​កម្មសិទ្ធិ​នេះ​មានទោស​ជាប់ពន្ធនាគារ​ពី​៦ខែ ដល់​​២ឆ្នាំ។

លោក ហ៊ុន សាមុត ជា​បុរស​ម្នាក់​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​ដែរ​បាន​និយាយ​ថា វិវាទ​ដីធ្លី​រវាង​អ្នក​ភូមិ​៥០​គ្រួសារ​និង​លោក​ ឈាន បានចា​ប់ផ្តើមនៅ​ពេល​ដែល​​បុរស​រូប​នេះ​បាន​មក​ជាមួយ​មន្ត្រី​សុរិយោដី​កាលពី​ឆ្នាំ​២០០៤ ហើយ​បានចាប់​ផ្ដើម​វាស់​វែង​ដីធ្លី​របស់​ពួកគាត​់​​។
លោក​ សាមុត បាន​និយាយ​ថា “ប្រជា​ពលរដ្ឋ​បាន​តស៊ូ​តាំង​ពី​៧៩ បន្ទាប់​មក​លោក សឹម ឈាន បាន​មក​កំណត់​ព្រំប្រទល់​ដី​នេះ​កាលពីឆ្នាំ​២០០៤។ គាត​់បាន​និយាយ​ថា ដីនេះ​គឺ​សម្រាប់​ធ្វើ​ស្រែ​ចិញ្ចឹម​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​”។

លោក​បាន​បន្ថែម​ថា “ខ្ញុំ​បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​១២​​លើក​ហើយ។ តុលាការ​មិន​ដែល​យក​ចិត្ត​ទុក​ដាក់ទេ។ ខ្ញុំ​មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ឡើយ​។ ខ្ញុំ​មិន​ដឹង​​ប្រាប់​នរណា​ ឬនិយាយ​ទៅកាន់​​នរណា​ឡើយ។ បើទោះ​ខ្ញុំ​ប្រាប់​តុលាការ​ក៏ដោយ ក៏​តុលាការ​មិន​ដែល​ស្ដាប់​ដែរ​”។

បើទោះ​ណា​ជា​មានការ​អះអាង​ថា លោក ឈាន ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ក៏ដោយ ក៏​កាល​ពី​ម្សិលមិញ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​លើក​ឡើង​ថា ពួកគេ​មិន​ប្រាកដ​ថា បុរស​រូប​នេះ​ជា​នរណា​​ឡើយ​។

លោក រ័ត្ន ស្រា៊ង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ភ្នំពេញ បាន​បដិសេធ​ថា លោក​ ឈាន មិនមែន​ជា​មន្ត្រី​កង​រាជអាវុធ​ហត្ថ​​មក​ពី​រាជ​ធានី​ភ្នំពេញ ដូច​ការ​អះអាង​របស់​លោក ស៊ីយ៉េត នាយប៉ុស្តិ៍ឃុំ​ឡើយ​។ ឧត្តម​សេនីយ៍ទោ​ រ័ត្ន ស្រា៊ង បាន​មាន​ប្រសាសន៍ថា ” គាត់​មិន​បាន​នៅ​ជាមួយ​ពួកយើង​ទេ​។ យើង​មិន​មាន​ឈ្មោះ​បុរស​រូប​នេះ​ទេ​”។

លោក សាន ប៊ុនថន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​នេះ ប៉ុន្តែ​មិន​ធ្វើ​អត្ថាធិប្បាយអំពី​ករណី​លោក ឈាន ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា អ្នក​ភូមិ​បីនាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​​នេះ​ បន្ទាប់ពី​មានដីកា​បង្គាប់​ពី​តុលាការ​កំពូល​”។ លោក​​បាន​ដាក់​ទូរស័ព្ទ​ចុះ​នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​លោក​ស្គាល់​លោក ឈាន ឬមិនស្គាល់”។​

លោក ខេង ទីតូ​ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​ប្រាប់​ថា តើ​លោក ឈាន ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ឬយ៉ាណានោះឡើយ​៕ សារុន​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.