កូនៗ​ពលករ​ខ្មែរ​ចំណាកស្រុក​ត្រូវ​បាន​ឃុំខ្លួន​នៅក្នុង​​ប្រទេសថៃ

យោង​តាម​របាយការណ៍​ថ្មីមួយរបស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា កូនៗ​របស់​​ពលករ​ខ្មែរ​​ចំណាក​ស្រុក​​​​​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ប្រទេស​ថៃ​ជាច្រើន​សប្ដាហ៍​នៅក្នុង​​មណ្ឌល​ឃុំឃាំង​ក្នុង​ទីក្រុង​បាង​កកដ៏កខ្វក់ កន្លែង​ដែល​ពួកគេ​ប្រឈម​នឹង​ការ​ស្រេក​ឃ្លាន មនុស្ស​ណែន​ណាន់​តាន់​តាប់ និង​អំពើ​ហិង្សា​។

របាយការណ៍​ដែល​បាន​​ចេញ​ផ្សាយកាល​ពី​ម្សិលមិញ​ រួម​បញ្ចូលការ​រៀបរាប់​របស់កូនៗ​ពលករ​​ខ្មែរ​ ដែលភាគច្រើន​ត្រូវ​បាន​ឃុំ​​ខ្លួន​ជាច្រើន​លើកច្រើន​សា​​នៅ​មណ្ឌល​ឃុំ​ឃាំង​ជន​អន្តោប្រវេសន៍​ក្នុង​ទីក្រុង​បាងកក​ បើទោះណា​ជា​មិនទាន់​គ្រប់​អាយុ​ក៏ដោយ​។

របាយការណ៍​ដដែល​នេះ​លើក​ឡើង​​ថា កុមារ​ប្រហែល​២.៥០០​នាក់​មក​ពី​ប្រទេស​កម្ពុជា ភូមា និង​ឡាវ ត្រូវបាន​ឃុំខ្លួន​នៅ​មណ្ឌល​ឃុំ​ឃាំង​ជន​អន្តោប្រវេសន៍​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​មិន​បាន​ផ្ដល់​តួលេខ​ជាក់​លាក់​ឡើយ​។

ពលករ​ខ្មែរ​ជាង​៦៥០.០០០​នាក់​ ដែល​ភាគ​ច្រើន​គ្មាន​ឯកសារ​ត្រឹម​ត្រូវ​បាន​ឆ្លង​ចូល​ប្រទេស​​ថៃ​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ចំណែក​ឯ​ពល​ករ​មួយ​ចំនួនបាន​​ទុក​កូនប្រុស​​កូនស្រី​របស់​ខ្លួន​ជាមួយ​សាច់​ញាតិ​ ហើយ​មួយ​ចំនួនទៀត​យក​កូន​ទៅជាមួយ​។

នៅក្នុង​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​​មើល​សិទ្ធិ​មនុស្ស​ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​​ដែល​ត្រូវ​បានបញ្ជូន​ទៅ​មណ្ឌល​ឃុំឃាំង​ជនអន្តោប្រវេសន៍​បី​ដងមក​ហើយ​នោះ​បាន​ប្រាប់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា គេ​ឲ្យ​នាង​​”ហូប​បាយ​តិច​តួច” ​តែ​ប៉ុណ្ណោះ ហើយ “ដេក​លើ​ឥដ្ឋ​ និងត្រូវ​ដេក​ជាជួរ​ជាប់​គ្នា ពីព្រោះ​មានមនុស្ស​ច្រើន​ណាស់​”។

បន្ទាប់​ពីកា​រឃុំខ្លួន​រយៈ​ពេល​ខ្លី​​នៅក្នុង​កន្លែង​ឃុំឃាំង​ នាង​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​។ យោង​តាម​របាយការណ៍​នេះ​បាន​ឲ្យដឹង​ថា កុមារ​ទាំងនោះតែង​តែ​ទទួល​រង​នូវ​អំពើ​ហិង្សា​។ ក្មេង​ស្រី​ម្នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​​អាយុ​៨​ឆ្នាំ បាន​រៀបរាប់​ថា នាង​បាន​ឃើញ​សន្តិសុខ​វាយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​គ្រាន់​តែ​ដោយ​សារ​តែ​គាត់​លេង​បៀនោះ។

បើទោះ​ណា​ជា​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ថៃ​កាលពីខែ​ឧសភា​បាន​បណ្ដាល​ឲ្យមាន​​ការ​សម្រុក​ចាកចេញរបស់ពលករ​ខ្មែរ​ជាង​២០០.០០០​នាក់​ក៏ដោយ ក៏​ពលករ​ភាគ​ច្រើន​បាន​ត្រឡប់​ទៅ​វិញ​តាម​ច្រក​ព្រំដែន​ បន្ទាប់ពី​មាន​ការ​ខិត​ខំប្រឹងប្រែងពី​ប្រទេសទាំងពីរសម្រួល និង​ធ្វើ​​ឲ្យ​រំហូរ​ពលករ​ទៅតាម​ទម្រង់ច្បាប់​។

យោង​តាម​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​បាន​​ឲ្យ​ដឹង​ថា ” គ្រាន់​តែ​រយៈ​​ពេល​១៨​ថ្ងៃ​ ប៉ុណ្ណោះចាប់​ពី​ថ្ងៃ​ទី​៨ដល់​ថ្ងៃ​ទី​២៥ខែ​មិថុនាយ៉ាង​ហោច​ណាស់​ពលករ​ខ្មែរ​២៤៦.០០០​នាក់​បានរត់ចេញ​ពី​ប្រទេស​នេះ​។ ពលករ​ខ្មែរ​ភ័យខ្លាច​ការ​រករឿង​​ដោយ​សារ​តែ​ភាព​តាន​តឹង​ផ្នែក​នយោបាយរវាង​ប្រទេស​ទាំង​ពីរ​។

កាលពី​ខែ​កក្កដា អង្គការ​ទស្សនពិភព​លោក បាន​លើក​ឡើង​នូវ​កង្វល់​អំពី​កុមារ​កម្ពុជា​​ដែល​បានធ្វើ​ដំណើរទៅវិញ​តាម​ព្រំដែន​ដោយ​គ្មាន​ឯកសា​រ​ត្រឹម​ត្រូវ​ ដោយ​ធ្វើ​​ឲ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ ដោយ​បែក​ពី​ឪពុក​ម្ដាយ​របស់​ខ្លួន​នៅពេល​ទៅ​ដល់​ប្រទេស​ថៃ៕ សារុន​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.