របាយការណ៍ៈ អំពើ​ពុក​រលួយ និង​ទម្លាប់និទណ្ឌភាព​រីករាលដាល​នៅ​កម្ពុជា

យោងតាម​របាយការណ៍​ទូទៅ​ចេញ​កាលពីថ្ងៃអង្គារ ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (TI) បាន​ឲ្យ​ដឹង​ថា អំពើ​ពុក​រលួយ​ដ៏​រាលដាល​បាន​បំផ្លាញ​សុចរិត​ភាព​នៃ​ប្រព័ន្ធ​តុលាការ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​នានា ដោយ​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ស្ថាប័ន​ទន់​ខ្សោយ​បំផុត​របស់​ប្រទេស​នេះ។​​​​​​

ប្រើ​រយៈ​ពេល​២​ឆ្នាំ​ក្នុង​ការ​រៀបចំ របាយការណ៍​មាន​២៣៣​ទំព័រ​នេះពិនិត្យ​មើល​ហួស​ពី​ការ​ចាត់​ថ្នាក់អន់​បំផុត​របស់​ប្រទេស​កម្ពុជា ក្នុង​សន្ទស្សន៍​​យល់ដឹង​ពី​អំពើ​ពុករលួយ​ប្រចាំ​ឆ្នាំ​ចុង​ក្រោយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ពោល​គឺ​បាន​លំដាប់​ថ្នាក់​១៦០​ក្នុង​ចំណោម​១៧៧​ប្រទេស ហើយ​រកឃើញ​ថា ប្រទេស​មួយ​នេះ​មិន​បាន​ធ្វើ​តាម​នីតិរដ្ឋ ឬ​ធានា​ឲ្យ​មាន​ការ​រស់នៅ​សមរម្យ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឡើយ។

របាយការណ៍​ឈ្មោះ​ថា “អំពើ​ពុករលួយ និង​ប្រព័ន្ធ​អភិបាលកិច្ច​របស់​​ប្រទេស​កម្ពុជាៈ ត្រូវ​ការ​កំណែ​ទម្រង់” រៀបរាប់​ពិស្តារ​ពី​ឫសគល់ នៃ​អំពើ​ពុករលួយ​រ៉ាំរ៉ៃ​ដែល​កើត​ឡើង​ក្នុង​ស្ថាប័ន​តុលាការ កម្លាំង​នគរបាល និងស្ថាប័ន​រដ្ឋ​ផ្សេងៗ​ទៀត ដោយ​ផ្អែក​លើអ្វី​ដែល​របាយ​ការណ៍​នេះ​ហៅ​ថា “ការ​វាយ​តម្លៃ​ប្រព័ន្ធ​សុចរិតភាព​ជាតិ”។

របាយការណ៍​បាន​លើក​ឡើង​ថា តុលាការ​ខ្វះខាត​មូលនិធិ​និង​ធនធាន ប្រាក់​ខែ​មិន​គ្រប់​គ្រាន់​សម្រាប់​មន្ត្រី​តុលាការ។ ការ​ញែក​គ្នា​មិន​ដាច់​ស្រឡះ​រវាង​ប្រព័ន្ធ​តុលាការ និង​អង្គ​នីតិប្រតិបត្តិ បណ្តាល​ឲ្យ​កើត​មាន​ការ​ធ្វើ​ឲ្យ​ទៅ​ជា​រឿង​នយោបាយជ្រាល​ជ្រៅ​ក្នុង​ប្រព័ន្ធ​តុលាការ។ របាយ​ការណ៍​បន្ថែម​ទៀត​ថា ច្បាប់​ចំនួន​៣​អនុម័ត​នៅ​ពេល​ថ្មីៗ​នេះ​ក្នុង​គោល​បំណង​ពង្រឹង​ប្រព័ន្ធ​តុលាការ​នោះ ក៏​មិន​បាន​ដោះស្រាយ​បញ្ហា​នេះ​ទេ។

យោងតាម​របាយ​ការណ៍​ដដែល​ឲ្យ​ដឹង​ថា និទណ្ឌភាពក៏​កើត​មាន​ជាទូទៅ​ដែរ ដូច​​ការ​អះអាង​មួយ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ជាក់ស្តែង​នៅ​សប្តាហ៍​នេះ​ ពីសំណាក់់​​តុលាការ​ខេត្ត​តាកែវ ដែល​បាន​បញ្ឈប់​ការ​ស៊ើប​អង្កេត​រឿង​មនុស្ស​ឃាត​មួយ​លើ​អតីត​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ម្នាក់ បន្ទាប់ពី​ជន​នេះ​បាន​​​បង់​​​សំណង​ឲ្យ​ក្រុម​​​គ្រួសារ​​​ជន​​​រងគ្រោះ ជា​ស្ត្រី​ខារ៉ាអូខេ​អាយុ​២៩​ឆ្នាំ​រួច​មក។

របាយការណ៍​ឲ្យ​ដឹងទៀតថា “ការ​ទារ​និង​ការ​ឲ្យ​​សំណូក​បំផ្លាញ​វិជ្ជាជីវៈ​និង​គណនេយ្យ​ភាព​នៃ​ស្ថាប័ន​ទាំងអស់​របស់​រដ្ឋាភិបាល។ វា​ឈាន​ទៅ​រក​ស្ថានភាព​ដែល​អ្នក​ទាំង​នោះ​អាច​បង់​ប្រាក់​កាន់តែ​ច្រើន ក៏​កាន់តែ​ទទួល​បាន​ការ​អនុគ្រោះ ពេលនោះ​វិសមភាព​រឹតតែ​ធ្ងន់ធ្ងរ​ឡើង ហើយ​និទណ្ឌភាព​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ដែរ”។

កាលពី​សប្តាហ៍​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ទោស​អំពើ​ពុករលួយ​លើ​វិស័យ​ឯកជន ដោយ​លើក​ហេតុផល​ថា ក្រុម​មន្ត្រី​មិន​អាច​ទទួល​យក​សំណូក​បាន​ទេ ប្រសិនបើ​ក្រុមហ៊ុន​ឯកជន​មិន​បង់​ឲ្យ​ពួកគេ​នោះ។ ទោះជា​យ៉ាងនេះក្តី របាយការណ៍​ឲ្យ​ដឹង​ថា ការ​ប្រមូល​ផ្តុំ​អំណាច​ក្នុង​បណ្តាញ​ការងារ​ពុករលួយ នៃ​​អ្នក​ប្រើ​ឥទ្ធិពល​នយោបាយ​សាធារណ​និង​ឯកជន ត្រូវ​គេ​បន្ទោស​ភាគច្រើន ចំពោះ​ភាព​គ្មាន​ប្រសិទ្ធភាព​នៃ​ស្ថាប័ន​រដ្ឋ។

របាយការណ៍​លើក​ឡើង​ថា “ពាណិជ្ជកម្ម​ថ្នាក់​ខ្ពស់​និង​រដ្ឋាភិបាល​ប្រព្រឹត្ត​ទៅ​ក្នុង​ទំនាក់​ទំនង​ដែល​ផ្តល់​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​ចាក់ស្រេះ​យ៉ាង​ណែន។ ច្បាប់​ដែល​មាន​ស្រាប់​មិន​ត្រូវ​បាន​អនុវត្ត​ដោយ​ស្មើភាព ឬ ដោយ​ប្រសិទ្ធភាព​ឡើយ។ ប្រការ​នេះ​ប៉ះពាល់​ដល់​ស្ថាប័ន​ទាំង​អស់ ដោយបណ្តាល​ឲ្យ​កើត​មាន​​ភាព​ខ្សោយ​នៃ​ប្រព័ន្ធ​សុចរិត​ភាព​ទាំង​មូល”។

លោកស្រី មូរ​ សុខហួរ សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ជាប់​ពន្ធនាគារ​មួយ​សប្តាហ៍​កាលពីដើម​ឆ្នាំនេះ បន្ទាប់ពី​ជាប់ចោទ​ពី​បទ​កុបកម្ម ដោយសារ​មាន​តួនាទី​របស់​លោកស្រី​ក្នុង​ការ​តវ៉ា​កើតមាន​ហិង្សា​នៅជិត​ទីលាន​ប្រជាធិបតេយ្យកាលពី​ថ្ងៃទី​១៥​ខែ​កក្កដា បាន​មាន​ប្រសាសន៍​អំឡុង​ការ​ពិភាក្សា​​នៅ​ពេល​ចេញ​របាយការណ៍​នេះ​ថា លោកស្រី​បាន​មើល​ឃើញផ្នែក​ខាង​ក្នុង​នៃ​ប្រព័ន្ធ​តុលាការ​គឺ​ស្ថាបនា​ឡើង​លើ​ការ​សូក​ប៉ាន់។

លោកស្រី​បាន​ប្រាប់​ក្រុម​វាគ្មិន និង​អ្នក​ព័ត៌មាន​ដែល​បាន​ជួបជុំ​គ្នានៅ​សណ្ឋាគារ រ៉ាហ្វលស៍ ភ្នំេពញ​ថា “ប្រសិនបើ​ខ្ញុំ​ជាមនុស្ស​មាន​លុយ ខ្ញុំ​អាច​ប្រើ​វាដើម្បី​ទាក់ទង​ជាមួយ​គេ។ នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា ប្រសិនបើ​ខ្ញុំ​មាន​លុយ ខ្ញុំ​អាច​ត្រូវគេ​ដោះលែង។ បទ​ចោទ​ប្រកាន់​លើ​រូប​អ្នក​អាចត្រូវ​គេ​ទម្លាក់​ចោល ប្រសិនបើ​អ្នក​មាន​លុយ”។

របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចាត់​ថ្នាក់ស្ថាប័ន​រដ្ឋ​សំខាន់​ចំនួន​១៣ ដោយ​ប្រើ​ប្រព័ន្ធ​ដាក់​ពិន្ទុពី​សូន្យ “ខ្សោយណាស់” ដល់​១០០ “ខ្លាំងណាស់”។ ប្រព័ន្ធ​តុលាការ​ប្រទេស​នេះ​បាន​ពិន្ទុ​ទាប​បំផុត ដោយ​ទទួល​បាន​ពិន្ទុ​១៦ បន្ទាប់​មកទៀត​គឺ​ភ្នាក់ងារអនុវត្ត​ច្បាប់ បាន​ពិន្ទុ​២២។ សង្គម​ស៊ីវិល​ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​បំផុត ដោយ​បាន​ពិន្ទុ​៤៨ និង​គណបក្ស​នយោបាយ​ទទួល​បាន​៤២​ពិន្ទុ។

ក្នុង​ពេល​ដែល​មាន​ការ​អំពាវនាវ​ខ្លាំង​បំផុត​ឲ្យ​មាន​កំណែ​ទម្រង់​ក្នុង​របាយការណ៍​សំដៅ​លើ​ប្រព័ន្ធ​តុលាការ​នោះ អង្គការ​តម្លាភាព​អន្តរជាតិ​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើវិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ និង​អនុម័ត​ច្បាប់​ដែល​នឹងធានា​ដល់​ការ​ទទួល​បាន​ព័ត៌មាន​ផងដែរ។

យោងតាម​អង្គការ​តម្លាភាព​អន្តរជាតិ​ឲ្យ​ដឹង​ថា ចំណុច​មួយក្នុង​ចំណោម​ចំណុច​គួរ​ឲ្យ​បារម្ភ​បំផុត​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ គឺ​មាត្រា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ផ្តល់​ព័ត៌មាន​ពុករលួយ​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ដល់ទៅ​៦​ខែ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​រក​ឃើញភ័ស្តុតាង​គ្រប់គ្រាន់ ដើម្បី​គាំទ្រ​ការអះអាង​អំពី​អំពើ​ពុករលួយ​របស់​ខ្លួន​ទេ​នោះ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​​បាន​មាន​ប្រសាសន៍​នៅ​ពិធី​កាលពី​ម្សិលមិញ​ថា “ដក​ខ​ចែង​ពី​ការ​ដាក់​ពន្ធនាគារ​​​​​​​ចំពោះ​អ្នក​ផ្តល់​ព័ត៌មាន​ពុករលួយ​ចេញ។ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​គួរ​ត្រូវ​ធ្វើ​ជា​សាធារណៈ ហើយ​មាន​សិទ្ធិ​ពិនិត្យ​ដោយ​សមាជិក​សភា”។

របាយការណ៍​លើក​ឡើង​ទៀត​ថា ការ​ឲ្យ​មន្ត្រី​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ក្នុង​ឯកសារ​បិទ​ជិត​ដាក់​ក្នុង​ស្រោម​សំបុត្រ គឺ​គ្រាន់តែ​ជា​ពិធីការ​សុទ្ធសាធ ហើយ​ខ្វះ​តម្លាភាព។ ហើយ​ក្នុង​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទទួល​បាន​ពិន្ទុ​មធ្យម​៣៤​នោះ អង្គភាព​នេះ​ទទួល​បាន​ពិន្ទុ​សូន្យ​អំពី​ឯករាជ្យភាព​របស់​ខ្លួន។

របាយការណ៍​នេះ​ឲ្យ​ដឹង​ទៀត​ថា “ប្រធានសព្វ​ថ្ងៃ​របស់​អង្គភាព​នេះត្រូវគេ​ស្គាល់​ច្បាស់​ថា ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី។ លើសពី​នេះទៅទៀត មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​រូប រាប់​ទាំង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផងដែរ គឺ​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា”។

លោក ព្រាប កុល បាន​មាន​ប្រសាសន៍​ថា ការតែងតាំង​ប្រធាន​និង​អនុប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ “គួរ​ត្រូវ​ជ្រើសរើស​ដោយ​ប្រព្រឹត្ត​ទៅ​ជា​ចំហ…ពីព្រោះ​បើ​គ្មាន​ដំណើរ​ការ​នេះ​ទេ ក៏​ពិបាក​នឹង​ការពារ​ភាព​ត្រឹមត្រូវ​នៃ​សកម្មភាពរបស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែរ”។

ពេល​ត្រូវ​គេ​សួរ​អំពី​កង្វល់​ទាំងនេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឆ្លើយ​បក​វិញ ដោយ​ចោទ​លោក ព្រាប កុល ថា​ប្រើ “ល្បិច​ព្យាយាម​និង​ផ្តួល​រំលំ” រូបលោក ហើយ​ថា អង្គការ​តម្លាភាព​អន្តរជាតិ​នេះ ជាទូទៅ ព្យាយាម “ត្រួតត្រា” រូប​លោក។

ពេល​ត្រូវ​គេ​សួរ​អំពី​របាយការណ៍​នេះ​នៅ​ពិធី​មួយ​ដោយ​ឡែក​ថា តើអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើការ​ជាមួយ​វិស័យ​ឯកជន​របៀបណា​នោះ លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​មិន​អាច​លេង​បាល់​ជាមួយ​យើង​បាន​ផង ហើយ​ដើរ​តួ​ជា​អាជ្ញា​កណ្តាល​ផ្លុំ​កញ្ចែ​និង​ពិន័យ​​យើង​ទៀត”។

ដោយ​និយាយ​សំដៅ​ដល់​អ្វី​ដែល​លោក​បាន​មើល​ឃើញ​ថា​ជាការ​ធ្វើឫកធ្វើពារធំ​ក្នុង​របាយ​ការណ៍​រិះគន់​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​ភារកិច្ច​ប្រឆាំង​អំពើ​ពុករលួយ​នោះ លោក​មាន​ប្រសាសន៍​ថា “មិន​មែន​ពួកគេ​ស៊ីបាយ​នឹង​ចាន ហើយ​យើង​ស៊ីបាយ​នឹងត្រឡោក​នោះ​ទេ”។

លោក យ៉ិនទៀង មាន​ប្រសាសន៍​ថា វ័យ បទពិសោធន៍​និង​ការរៀនសូត្រ​របស់​លោក ធ្វើ​ឲ្យ​លោក​មាន​លក្ខណ​សម្បត្តិ​ឥត​ខ្ចោះ​ក្នុង​ការ​ដឹកនាំ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហើយ​ថា មិន​មាន​មាត្រា​ណា​ចែង​ក្នុង​ច្បាប់ ដែល​រារាំង​មិន​ឲ្យ​លោក​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ឡើយ៕មានិត

(រាយការណ៍បន្ថែមដោយ​​​ ម៉ិច ដារ៉ា)

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.