ការ​​​ជិះ​​​ទូក​​​ធ្វើ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​សាង​​​សង់​​​ទំបន់​​​វារី​​​អគ្គិសនី​​​ដន​​​សាហុង​​​ ត្រូវ​​​សាលា​​​រាជធានី​​​រារាំង

ផែន​​​ការ​​​សម្រាប់​​​ការ​​​ជិះ​​​ទូក​​​តវ៉ា​​​តាម​​​ដង​​​ទន្លេ​​​សាប​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ដើម្បី​​​បង្ហាញ​​​ពី​​​ក្តី​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ ដន​​​សាហុង​​​ នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ ត្រូវ​​​បាន​​​រារាំង​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​សាលា​​​រាជ​​​ធានី​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​អ្នក​​​រៀប​​​ចំ​​​ការ​​​តវ៉ា​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​តែ​​​នៅ​​​ក្នុង​​​ការិយាល័យ​​​របស់​​​ខ្លួន​​​។ 

ការ​​​តវ៉ា​​​ដែល​​​គ្រោង​​​នឹង​​​ធ្វើ​​​នេះ​​​ និង​​​​​​ដែល​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បាន​​​ចុះ​​​ផ្សាយ​​​ថា ជា​​​ការ​​​តវ៉ា​​​ ដែល​​​ត្រូវ​​​ធ្វើ​​​ឡើង​​​ដោយ​​​ការ​​​ជិះ​​​ទូក​​​ក្បែរ​​​ចំណត​​​នាវា​​​ទីតានិក​​​​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​  ដើម្បី​​​ទាក់​ទាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​ពី​​​សាធារណជន​​​នោះ​​​​​​​​​ត្រូវ​​​បាន​​​​​​រៀប​​​ចំ​​​ឡើង​​​រួម​​​គ្នា​​​ដោយ​​​អង្គការ​​​មូល​​​និធិសត្វ​​​ព្រៃ​​​ពិភព​​​លោក​​​កម្ពុជា​​​ (WWF Cambodia)  និង​​​សម្ព័ន្ធ​​​ទន្លេ​​​កម្ពុជា (RCC) ។ អង្គការ​​​ទាំង​​​ពីរ​​​នេះ​​​បាន​​​ប្រមូល​​​ហត្ថលេខា​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​ចំនួន​​​២៥៥.៥៩៦​​​នាក់​​​ដែល​​​ប្រឆាំង​​​នឹង​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ ដន សាហុង​​​ ដោយ​​​ក្រុមហ៊ុន​​​ Mega First របស់​​​ប្រទេស​​​ម៉ាឡេ​​​ស៊ី ព្រោះ​​​ថា ការ​​​សាង​​​សង់​​​នេះ​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​ដល់​​​សហគមន៍​​​ និង​​​ត្រី​​​​​​នៅ​​​ខ្សែ​​​ទឹក​​​ខាង​​​ក្រោម​​​។

ប៉ុន្តែ ទូក​​​ដែល​​​នឹង​​​​​​ត្រូវ​​​ធ្វើ​​​ការ​​​តវ៉ា​​​នោះ​​​មិន​​​ទាន់​​​បាន​​​ចាក​​​ចេញ​​​កន្លែង​​​ចត​​​នៅ​​​ឡើយ​​​ទេ​​​។

​​​ទោះ​​​ជា​​​យ៉ាង​​​ណា អ្នក​​​តវ៉ា​​​​​​ និង​​​សកម្ម​​​ជន​​​ដែល​​​ជា​​​យុវជន​ ព្រម​​​ទាំង​​​ព្រះ​​​សង្ឃ​​​ប្រហែល​​​៣០អង្គ​​​​​​-នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​​​គង់ និង​​​ឈរ​​​នៅ​​​លើ​​​ទូក​​​​​​ដែល​​​កំពុង​​​ចត ដោយ​​​មាន​​​លើក​​​បដា​​​ ក៏​​​ដូច​​​ជា​​​រូ​​​ប​​​ត្រី និង​​​ផ្សោត​​​ទឹក​​​សាប ដែល​​​ធ្វើ​​​ពី​​​ក្រដាស​​​ផង​​​ដែរ​​​​​​​​​​​​​​​​​​។ បដា​​​ដែល​​​គេ​​​ចង​​​នៅ​​​លើ​​​ដំបូល​​​ទូក​​​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ក្រុមហ៊ុន Mega First ទទួល​​​ស្គាល់​​​​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​របស់​​​ខ្លួន​​​ ហើយ​​​បញ្ឈប់​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​។

លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ បាន​​​លើក​​​ឡើង​​​ថា ​​​មន្ត្រី​​​សាលា​​​រាជ​​​ធានី​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​​​អង្គការ​​​​មូល​​​និធិសត្វ​​​ព្រៃ​​​ពិភព​​​លោក​​​កម្ពុជា​​​ និង​​​សម្ព័ន្ធ​​​ទន្លេ​​​កម្ពុជា​​​បញ្ឈប់​​​ផែន​​​ការ​​​បើក​​​ទូក​​​តវ៉ា​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​។

លោក ឡុង​​​ ឌីម៉ង់  មិន​​​បាន​​​ប្រាប់​​​ឲ្យ​​​ដឹង​​​ថា​​​តើ​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​រាជ​​​ធានី​​​​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​អ្នក​​​រៀប​​​ចំ​​​ការ​​​តវ៉ា​​​ទាំង​​​នោះ​​​ដោយ​​​របៀប​​​​​​ណា​​​នោះ​​​ទេ​​​ ហើយ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ឡើយ​​​។

លោក គួច ចំរើន អភិបាល​​​អភិបាល​​​ខណ្ឌ​​​ដូន​​​ពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សាលា​​​រាជ​​​ធានី​​​បាន​​​បើក​​​កិច្ច​​​ប្រជុំ​​​មួយ​​​ ហើយ​​​បាន​​​សម្រេច​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ [ ធ្វើ​​​ការ​​​តវ៉ា​​​] ។ ហេតុ​​​ដូច្នេះ​​​​​​នៅ​​​ពេល​​​ដែល​​​ពួក​​​គេ​​​ចង់​​​ធ្វើ​​​ការ​​​តវ៉ា​​​ ពួកគេ​​​អាច​​​ធ្វើ​​​បាន​​​នៅ​​​ក្នុង​​​ការិយាល័យ​​​របស់​​​ខ្លួន​​​”។

​​​ទោះ​​​បី​​​ជា​​​មាន​​​ការ​​​រារាំង​​​ពី​​​សាលា​​​រាជ​​​ធានី​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​ ទេព អាស្នារិទ្ធ អ្នក​​​គ្រប់​​​គ្រង​​​ផ្នែក​​​ទំនាក់​​​ទំនង​​​នៅ​​​អង្គការ​​​មូល​​​និធិ​​​​​​សត្វ​​​ព្រៃ​​​ពិភព​​​លោក​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​តវ៉ា​​​នេះ​​​ទទួល​​​​​​បាន​​​ “ជោគ​​​ជ័យ”​​​ដែរ ប៉ុន្តែ លោក​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​ថា តើ​​​សេចក្តី​​​សម្រេច​​​​​​របស់​​សាលា​​​រាជ​​​ធានី​​​​​​ដែល​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​តវ៉ា​​​ជិះ​​​ទូក​​​ចាក​​​ចេញ​​​ពី​​​ចំណត​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​អង្គការ​​​តាម​​​របៀប​​​ណា​​​ដែរ​​​។

លោក ឈិត សំអាត នាយក​​​ប្រតិបត្តិ​​​អង្គការ​​​មូល​​​និធិ​​​សត្វ​​​ព្រៃ​​​ពិភព​​​លោក​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ទំប់​​​វារី​​​អគ្គិសនី​​​ ដន សាហុង នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​យ៉ាង​​​ខ្លាំង​​​ដល់​​​តំបន់​​​ទន្លេ​​​មេគង្គ​​​ក្រោម​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” នៅ​​​ពេល​​​គ្មាន​​ត្រី គ្មាន​​​ផ្សោត​​​ទឹក​​​សាប​​​ ពេល​​​នោះ​​​ក៏​​​គ្មាន​​​ភ្ញៀវ​​​ទេស​​​ចរ​​​ដែរ​​​។ នៅ​​​ពេល​​​គ្មាន​​​ភ្ញៀវ​​​ទេស​​​ចរ​​​គឺ​​​គ្មាន​​​ប្រាក់​​​ចំណូល​​​ឡើយ​​​។ អ្វី​​​ទាំង​​​អស់​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ជីវភាព​​​រស់​​​នៅ​​​ប្រចាំ​​​ថ្ងៃ​​​របស់​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៦០​​​លាន​​​នាក់​​​”៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.