ការ​តស៊ូការ​ពារ​ដី​របស់​ស្ត្រីចំណាស់ម្នាក់​មិន​ ទទួលបាន​ជោគជ័យ​ឡើយ

ការ​​​តាំងចិត្ត​ព្យាយាម​​​របស់​​​ស្ត្រី​​​វ័យ​​​ចំណាស់​​​ម្នាក់​​​ដើម្បី​​​កាន់​​​កាប់ដី​​​មួយ​​​ក្បាល ដែល​​​គាត់​​​បាន​​​លើក​​​ឡើង​​​ថា គាត់​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​១៩៧៩​​​មក​​​ នៅ​​​ក្នុង​​​ពោធិ៍​​​សែន​​​ជ័យ​​​ រាជ​​​ធានី​​​ភ្នំពេញ មិន​​​បាន​​​ផល​​​ឡើយ​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ នៅ​​​ពេល​​​នគរ​​​បាល​​​ និង​​​កម្លាំង​​​សន្តិសុខ​​​បាន​​​កំណត់​​​ព្រំ​​​ប្រទល់​​​ដី​​​សម្រាប់​​​ការ​​​អភិវឌ្ឍរបស់​​​អ្នកស្រី ឌី ប្រឹម បង​​​ប្អូន​​​ជីដូន​​​មួយ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។

cam-photo-frontcd

អ្នកស្រី ហួត សារុំ អាយុ​​​៦៨​​​ឆ្នាំ បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី ទំហំជាង​​​៥,៦៧ហិកតា ជាមួយ​​​អ្នក​​​ភូមិ​​​ជិត​​​ខាងចំនួន​​​​១២០​​​គ្រួសារ​​​នៅ​​​ក្នុង​​​សង្កាត់​​​កាកាប ដែល​​​បាន​​​លក់​​​​​​​​​ដីមួយ​​​ផ្នែក​​​ជាអ្វី​​ដែល​​​ពួក​​​គាត់​​​និយាយ​​​ថា ជា​​​ដី​​​រួម​​​ទៅ​​​ឲ្យ​​​អ្នក​​​ស្រី ឌី ប្រឹម ហើយឥឡូវ​​​នេះ​​​ដែល​​​កំពុងគាំទ្រ​​​ការ​​​តស៊ូ​​​របស់​​​អ្នក​​​ស្រី​​​​​​ប្រឆាំង​​​អ្នកស្រី ហួត​​​ សារុំ។

នៅ​​​ម៉ោង​​​៩​​​និង​​​៣០​​​នាទី​​​ម្សិលមិញ អេស្កាវ៉ាទ័រ ត្រូវ​​​បាន​​​ដាក់​​​ចុះ​​​ពី​​​រថយន្តធុន​​​ធំ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​បុក​បង្គោលឈើ​​​ចូល​​​ទៅ​​​ក្នុង​​​ដី​​​ ខណៈ​​​ដែល​​​ក្រុម​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​បាន​​​វាស់​​​វែង​​​ដី​​​នោះ​​​។

អ្នក​​​ស្រី ហួត សារុំ និង​​​កូន​​​ប្រុសរបស់គាត​់ ឈ្មោះ គង់ គឹម​​​លី ជា​​​សមាជិក​​​ម្នាក់​​​នៃ​​​កង​​​អង្គ​រក្ស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ប៉ះ​​​ទង្គិច​​​ជា​​​មួយ​​​កម្លាំង​​​សន្តិសុខ​​​ ព្រម​​​ទាំង​​​​​​អ្នក​​​ភូមិ​​​ដែល​​​មាន​​​កំហឹង​​​មួយ​​​ចំនួនដែលប្រឹងប្រែង​ឲ្យ​ការ​កំណត់​​​ព្រំ​​​ដី​​​នោះ​​​បន្ត​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​។

លោក គឹម​​​លី ត្រូវ​​​បាន​​​ដាល់​​​ចំ​​​ភ្នែក​​​មួយ​​​ដៃ​​​ ចំណែក​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​រុញ​​​អ្នកស្រី ហួត​​​ សារុំ ដួល​​​ទៅ​​​លើ​​​ដី​​​ពីរ​​​ដង​​​។ គេឮសន្តិសុខ​​​ម្នាក់​​​និយាយពី​​​ស្ត្រី​​​អាយុ​​​​​​៦៨​​​ឆ្នាំ​​​រូប​​​នេះ​​​ថា “បំបាក់​​​ដៃ​​​ទៅ​​​ ហី! មេ ?” ។

ការ​​​ព្យាយាម​​​មុន​​​ៗ​​​របស់​​​អ្នក​​​ភូមិ និង​​​ក្រុម​​​អាជ្ញាធរ​​​ដើម្បី​​​កំណត់​​​ព្រំ​​​ប្រទល់​​​​​ដី​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១០ ខែ​​​កញ្ញា មិន​បាន​សម្រេច​​​ បន្ទាប់​​​ពី​​​អ្នក​​​ស្រី​​​ ហួត សារុំ បាន​​បណ្តេញពួកគេចេញ​​​ដោយ​​​ប្រើ​​​កណ្តៀវ​​​។

អ្នកស្រី ហួត សារុំ មានតែ​​​ដៃ​​​ទទេ​​​កាល​​​ពី​​​ម្សិល​​​មិញ ប៉ុន្តែ ​​​បាន​​​បន្ត​​​តស៊ូដ​​​ដែល​​​។

អ្នក​​​ស្រី​​​បាន​​​ស្រែក​​​ដាក់​​​អ្នក​​​ភូមិ​​​ដដៃ​​​ទៀត​​​ថា “អ្នកឯងមាន​​​ដី​​​ពីរ​​​ទៅ​​​បី​​​ហិកតា​​​ក្នុង​​​ម្នាក់​​​ៗ ប៉ុន្តែ អ្នកឯង​បាន​​​លក់​​​ដី​​​របស់​​​ខ្លួន​​​ ហើយ​​​ឥឡូវ​​​នេះ​​​អ្នកឯង​បាន​​​មក​​​យក​​​ដី​​​របស់​​​អ្នក​​​ផ្សេង​​​ទៅ​​​វិញ។ ​​​ការ​​​ធ្វើ​​​បែប​​​នេះ សម​​​ហេតុ​​​សម​​​ផល​​​សម្រាប់​​​ឆ្កែទេ វាមិន​​​មែន​​​សម្រាប់​​មនុស្ស​​​ទេ”។

លោក គឹម​​​លី ក៏​​​បាន​​​និយាយ​​​ទៅ​​​ក្រុម​​​មនុស្ស​​​ទាំង​​​នោះ​​​ផងដែរ។ លោក​​​បាន​​​ស្រែក​​​ថា “អ្នកឯង​អាច​​​យក​​​ដី​​​នេះ​​​បាន​​​ ប្រសិន​​​បើ​​​អ្នកឯងបាន​​​កាប់​​​ឆ្ការ និង​​​ធ្វើស្រែចម្ការលើ​​​ដី​​​នេះ ប៉ុន្តែ អ្នកឯង​​​មិន​​​បាន​​​ធ្វើ​ស្រែចម្ការលើដី​​​នេះ​​​ទេ​​​។ វា​​​ជាដី​​​របស់​​​ខ្ញុំ​​​ ពីព្រោះ​​​ខ្ញុំ​​​បាន​​​ធ្វើស្រែនិង​​​កាប់​​​ឆ្ការ​​​រានដី​​​នេះ”។

លោក កៅ ទី មេធាវីរបស់​​​អ្នកស្រី​​​ ហួត​​​ សារុំ បាន​​​ព្យាយាម​​​​​រារាំង​​​មិន​​​ឲ្យ​​​មាន​​​ការ​​​បោះ​បង្គោល​​​ព្រំ​​​ដី​​​នេះ ដោយ​​​បាន​​​បង្ហាញ​​​លិខិត​​​មួយ​​​ច្បាប់​​​ចុះ​​​ថ្ងៃទី​​​១៧​​​ ខែ​​​កញ្ញា ហើយ​​​ចុះ​​​ហត្ថ​លេខា​​​ដោយ​​​ លោក ហូ សិទ្ធី ប្រធាន​​​ខុទ្ទកាល័យ​​​លោក ហ៊ុន សែន ដែល​​​បង្គាប់​​​ឲ្យ​​​អ្នក​​​តំណាង​​​បី​​​គ្រួសារ​​​ ដែល​​​បាន​​​លក់​​​ដី គឺ​​​ ឯម ឆន ជា ជ័រ ​​​ និង ធួន ធូរ កុំ​​​ធ្វើ​​​ “ប្រតិបត្តិការ​ណាមួយលើ​​​ដី នេះ​​​រួម​​​មាន​​​ការ​​​លក់​​​ ការ​​​ផ្ទេរ​​​សិទ្ធិ ការ​​​បញ្ចាំ ការ​​​ចែក​​កេរ ការ​​​ធ្វើ​​​អំណាយ​​​ និង​​​ការ​​​កំណត់​​​ព្រំ​​​ដី​​​ជាដើម”។

លិខិត​​​នេះ​​​ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​លោក អឹុម ឈុន​​​លឹម រដ្ឋមន្ត្រី​​​ក្រសួង​​​រៀបចំដែន​​​ដី ធ្វើ​​​អន្តរា​​​គមន៍​​​ក្នុង​​​ករណី​​​នេះ​​​ផង​​​ដែរ​​​។

កាល​​​ពី​​​ឆ្នាំ​​​២០១១ អ្នកស្រី ឌី ប្រឹម ត្រូវ​​​បាន​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ពី​​​បទ​​​ពុក​​​រលួយ​​​ និង​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ដាក់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ​​​កន្លះ ពី​​​បទ​​​​​​ចំណាយ​​​ប្រាក់​​​៣០.០០០​​​ដុល្លារ ដើម្បី​​​ជះ​​​ឥទ្ធិ​​​ពាល​​​ទៅ​​​លើ​​​ការ​​​សើុប​​​អង្កេត​​​​​​​វិវាទ​​​ដី​​​ធ្លី​​​នេះ​​​ ប៉ុន្តែ អ្នក​​​ស្រី​​​មិន​​​ដែល​​​បាន​​​អនុវត្ត​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​នោះ​​​ឡើយ​​​។

លោក កៅ ទី បាន​​​ស្រែក​​​ដាក់​​​នគរបាល​​​ និង​​​កម្លាំង​​​សន្តិសុខ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ករណី​​​នេះ​​​ពាក់​​​ព័ន្ធ​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​”។

ប៉ុន្តែ កាល​​​ពី​​​ម្សិលមិញ លោក ហែម ដារិទ្ធ អភិបាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លិខិត​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ហូ សិទ្ធី គឺ​​​មិន​​​ទាក់​​​ទង​​​គ្នា​​​ទេ​​​ ហើយ​​​បាន​​​បង្គាប់​​​ឲ្យ​​​បន្ត​​​ការ​​​ងារ​​​នោះ។ លោក​​​ ដារិទ្ធ បាន​​​និយាយ​​​ដល់​​​ការ​​​បោះ​​​បង្គោល​​​ព្រំ​​​ដី​​​នោះ​​​ថា “វា​​​នឹង​​​បញ្ចប់​​​នៅ​​​ថ្ងៃ​​​នេះ​​​”។

ដោយ​​​លោក​​​និយាយ​​​សំដៅ​​​ដល់​​​សារាចរ​​​ណែ​​​នាំ​​​របស់​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី កាល​​​ពី​​​​​​ខែមីនា ឆ្នាំ​​​២០១៣ ដែល​​​បាន​​​ផ្តល់​​​ដី​​​ដែល​​​មាន​​​វិវាទ​​​នេះ​​​ដល់​​​ក្រុម​​​អ្នក​​​ភូមិ​​​ ដែល​ទុកតែ១​ហិក​តាប៉ុណ្ណោះសម្រាប់​អ្នក​​​ស្រី​​​ ហួត សារុំ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “លិខិត​​​នេះ​​​មិន​​​​​​មែន​​​ជា​​​លិខិត​​​ផ្លូវ​​​ការ​​​​​​ដែល​​​អាច​​​ទុក​​​ជា​​​មោឃៈ​​​នូវ​​​សេចក្តី​​​ជូន​​​ដំណឹង​​​របស់​​​រដ្ឋាភិបាលបាន​​​ឡើយ​​​” ៕សារុន​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.