សារាចរ​​​របស់​​​រដ្ឋ​​​សភា​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​មាន​​​កំហឹង​​​

នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​តេស្ត​​​លាក​​​ល្បង​​​ជា​​​លើក​​​ដំបូង​​​នូវ​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​ថ្មី​​​​​​ ដែល​​​ផ្តល់​​​អំណាច​​​ដល់​​​លោក ហេង សំរិន ប្រធាន​​​រដ្ឋសភា​​​ឲ្យ​​​មាន​​​សិទ្ធិ​​​សម្រេច​​​ថា តើ​​​នរណា​​​គួរ​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ក្នុង​​​បរិវេណ​​​សភា​​​នោះ​​​ អ្នក​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​រូប​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ជួប​​​ជាមួយ​​​គណៈកម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​​​​រលួយ​​​នៃ​​​រដ្ឋសភា​​​កាល​​​ពី​​​ម្សិល​​​មិញ។ 

នៅ​​​ក្នុង​​​សារាចរ​​​មួយ​​​ចុះ​​​ថ្ងៃ​​​ទី​​​១២​​​ខែ​​​កញ្ញា ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ហេង​​​ សំរិន ប្រធាន​​​រដ្ឋសភា​​​រូប​​​នេះ​​​បាន​​​ផ្តល់​​​សិទ្ធិ​​​អំណាច​​​ផ្តាច់​​​មុខ​​​​​​​​​​​ដល់​​​ខ្លួន​​​ឯង​​​លើ​​​ការ​​​សម្រេច​​​ថា តើ​​​នរណា​​​អាច​​​ចូលក្នុង​​​បរិវេណ​​​រដ្ឋសភា​​​បាន​​​ អាច​​​ចូល​​​រួម​​​សវនាការ​​​របស់​​​គណៈកម្មការ​​​បាន​​​ ឬ​​​អាច​​​ជួប​​​ជា​​​មួយ​​​បុគ្គល​​​ជា​​​​​​តំណាង​​​រាស្ត្រ​​​បាន​​​។

សារាចរ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ភាព​​​មិន​​​ប្រាកដ​​​ប្រជា​​​ចំពោះ​​​លទ្ធភាព​​​នៃ​​​ជំនួប​​​តាម​​​ការ​​​គ្រោង​​​ទុក​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ រវាង​​​លោក ព្រាប​​​ កុល​​​ នាយក​​​ប្រតិបត្តិ​​​អង្គការ​​​តម្លា​​​ភាព​​​កម្ពុជា​​​ និង​​​សមាជិក​​​គណៈកម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នៃ​​​រដ្ឋ​​​សភា​​​ ដែល​​​ដឹក​​​នាំ​​​ដោយ​​​លោក ហូរ វណ្ណ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ​​​។

លោក ហូរ វណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា ប៉ុន្តែ ជំនួប​​​នេះ​​​បាន​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​រលូន​​​កាល​​​ពី​​​ម្សិលមិញ​​​​​​​​​​​​​​​ ដោយសារ​​​លោក​​​ទទួល​​​បាន​​​​​ការ​​​​​​យល់​​​ព្រម​​​​ពី​​​ប្រធាន​​​រដ្ឋសភា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១០ ខែ​​​កញ្ញា ដោយ​​​អនុវត្ត​​​តាម​​​នីតិ​​​វិធី​​​​​​មាន​​​ស្រាប់​​​ ដែល​​​តម្រូវ​​​ឲ្យ​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​លោក ហេង សំរិន សម្រាប់​​​ភ្ញៀវ​​​ដែល​​​ត្រូវ​​​ចូលរួម​​​​​​​​​សវនាការ​​​របស់​​​គណៈកម្មការ។

សារាចរ​​​ថ្មី​​​នេះ​​​លើក​​​ឡើង​​​ថា នៅ​​​ពេល​​​អនាគត​​​ គណៈកម្មការ​​​នានា​​​នៃ​​​រដ្ឋ​​​សភា​​​គួរ​​​តែ​​​ស្នើ​​​សុំ​​​មតិ​​​យោបល់​​​ពី​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ដោយ​​​​​​ប្រយោល។ សារាចរ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​​​​ថា “គណៈកម្មការ​​​អាច​​​ស្នើ​​​សុំ​​​មតិ​​​យោបល់​​​ពី​​​សាធារណជន ឬ​​​ពី​​​សង្គម​​​សីុវិល​​​ពី​​​ចម្ងាយ​​​បាន​​​ ប៉ុន្តែ ពួកគេ​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​របស់​​​គណៈកម្មការ​​​ទាំង​​​នោះ​​​ឡើយ​​​”។

ទោះជា​​​យ៉ាង​​​ណា នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ម្សិលមិញ​​​  ជា​​​មួយ​​​គណៈ​​​កម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ លោក ព្រាប កុល បាន​​​លើក​​​​​​ទឡ្ហីករណ៍​​​របស់​​​លោក​​​ជំុ​​​វិញ​​​​​​មូល​​​ហេតុ​​​​​​ដែល​​​ចាំ​​​បាច់​​​ត្រូវ​​​​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​មាន​​​តម្លាភាព​​​ជាង​​​មុន​​​។

លោក​​​បាន​​​ថ្លែង​​​ទៅ​​​​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​​​ខាង​​​​​ក្រៅ​​​រដ្ឋ​​​សភា​​​ថា “នៅ​​​ពេល​​​មាន​​​តម្លាភាព​​​សាយ​​​ភាយពេញ​​​សង្គម​​​ អំពើ​​​ពុក​​​រលួយ​​​នឹង​​​ត្រូវ​​​កាត់​​​បន្ថយ​​​​​​ដោយ​​​ស្វ័យ​​​ប្រវត្តិ។ ប៉ុន្តែ ពេល​​​នេះ​​​យើង​​​​​​កំពុង​​​ស្ថិត​​​ក្នុ​​​ង​​​ភាព​​​ងងឹត ​​​​​​​​​ព័ត៌​​​មាន​​​ជាច្រើន​​​ត្រូវ​​​បាន​​​លាក់​​​បាំង​​​ ហើយ​​​យើង​​​ពិបាក​​​នឹង​​​ទទួល​​​​​​បាន​​​ព័ត៌​​​មាន​​​ណាស់​​​”។

លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា លោក​​​ និ​​​ង​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​បាន​​​ពិភាក្សា​​​អំពី​​​ភាព​​​ចាំ​​​បាច់​​​ដែល​​​ត្រូវ​​​ឲ្យ​​​មាន​​​ច្បាប់​​​ស្តី​​​ពី​​​​​​សេរីភាព​​​នៃ​​​ការ​​​ទទួល​​​បាន​​​ទទួល​​​បាន​​​ព័ត៌មាន​​​ ដែល​​​លោក​​​ ឈាង វុុន តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ថា នឹង​​​ត្រូវ​​​ក្រសួង​​​មហាផ្ទៃ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ ហើយ​​​អនុម័ត​​​នៅ​​​ឆ្នាំ​​​​​​នេះ​​​។

បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ប្រកាស​​​ជា​​​សាធារណៈ​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ សារាចរ​​​របស់​​​លោក​​​ ហេង សំរិន បាន​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​ពី​​​សំណាក់​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង និង​​​បណ្តា​​​អ្នក​​​តស៊ូ​​​មតិ​​​ ដើម្បី​​​លទ្ធិប្រជាធិបតេយ្យ​​​។

លោក យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បទបញ្ជា​​​ផ្ទៃ​​​ក្នុង​​​ថ្មី​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ព្រាង​​​ឡើង​​​ដោយ​​​គ្មាន​​​ការ​​​ពិគ្រោះ​​​យោបល់​​​ និង​​​គ្មាន​​​ការ​​​ប្រាប់​​​ឲ្យ​​​ដឹង​​​​​​​​​ជា​​​មុន។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ប្រធាន​​​រដ្ឋសភា​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​សារាចរ​​​នេះ​​​ដោយ​​​ខ្លួន ឯង​​​​​​ គ្មាន​​​ការ​​​ឯកភាព​​​គ្នា​​​ជាមួយ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​តាម​​​រយៈ​​​រដ្ឋសភា​​​ទេ។ ប្រសិនបើ​​​យើង​​​គោរព​​​តាម​​​សារាចរ​​​​​​នេះ វា​​​មាន​​​ន័យ​​​ថា [អំណាច​​​របស់​​​រដ្ឋ​​​សភា] នឹង​​​កាន់​​​តែ​​​តូច​​​ចង្អៀត​​​ ពីព្រោះ​​​យើង​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​រដ្ឋសភា ដើម្បី​​​ឲ្យ​​​វា​​​ក្លាយ​​​ជា​​​កន្លែង​​​បិតា​​​ធិប​​​តេយ្យ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ យើង​​​ចង់​​​ឲ្យ​​​រដ្ឋ​​​សភា​​​ជា​​​កន្លែង​​​សម្រាប់​​​ជជែក​​​ដេញ​​​ដោល​​​សម្ដែង​​​ក្តី​​​បារម្ភ​​​របស់​​​ខ្លួន​​​ប្រាប់​​​តំណាង​​​​​​របស់​​​ពួក​​​​​​គាត់​​​”។

លោកស្រី ឡូរ៉ា​​​ ថន​​​តុន (Laura Thornton) នាយក​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​នៃ​​​វិទ្យាស្ថាន​​​ជាតិ​​​ប្រជា​​​ធិបតេយ្យ​​​ (NDI) ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​រដ្ឋ​​​ធានី​​​វ៉ាស៊ីុន​​​តុន បាន​​​​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ថា សារាចរ​​​​​​នេះ​​​ “គឺ​​​ជា​​​ឧបសគ្គ​​​រាំង​​​ស្ទះ​​​​​​សម្រាប់​​​កំណែទម្រង់​​​​​​រដ្ឋសភា ដែល​​​ត្រូវ​​​បាន​​​សន្យា​​​អំឡុង​​​ការ​​​ចរចា​​​ផ្នែក​​​នយោបាយ និង​​​ចំពោះ​​​សាធារណជន​​​ទូទៅ​​​”។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​គេ​​​យល់​​​ថា វា​​​ជា​​​បំណង​​​ដាក់​​​កំហិត​​​បន្ថែម​​​ទៀត​​​ចំពោះ​​​ការ​​​ចូល​​​រួម​​​របស់​​​សាធារណជន​​​នៅ​​​ក្នុង​​​ស្ថាប័ន​​​នីតិ​​​ប្បញ្ញត្តិ​​​​​​របស់​​​​ពួក​​​គេ​​​វា​​​នឹង​​​កាន់​​​តែ​​​ធ្វើ​​​ឲ្យ​​​ប្រធាន​​​រដ្ឋ​​​សភា​​​រូប​​​នេះ​​​មាន​​​អំណាច​​​គ្រប់​​​គ្រង​​​កាន់តែ​​​ខ្លាំង​​​ ហើយ​​​ដាក់​​​កំហិត​​​លើ​​​ភាព​​​បត់​​​បែន​​​របស់​​​ប្រធាន​​​គណៈកម្មការ​​​នានា ពេល​​​នោះ​​​រដ្ឋសភា​​​របស់​​​កម្ពុជា​​​នឹង​​​ខ្វះ​​​បទ​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​សម្រាប់​​​ការ​​​អនុ​​​វត្ត​​​ដោយ​​​បើក​​​ចំហ​​​របស់​​​សភា​​​ “។

ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ​​​៕សុខុម​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.