នៅ​អង្គការ​សហប្រជាជាតិ លោក ស៊ូបេឌី អំពាវនាវ​ឲ្យ​មាន​ឯករាជ្យភាព​នៃ​ស្ថាប័នរដ្ឋ

ក្នុង​ការ​បង្ហាញ​មុខ​ចុង​ក្រោយ​របស់​លោក​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវ ក្នុង​នាម​លោក​ជា​ប្រេសិត​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ លោក សុរិយា​ ស៊ូបេឌី (Surya Subedi) បាន​អំពាវនាវ​ជាចុង​ក្រោយ​ដល់​រដ្ឋាភិបាល​ឲ្យ​ទទួល​យក “ស្ថាប័ន​ឯករាជ្យ” ដើម្បី​ឲ្យ​មាន​កំណែ​ទម្រង់​ពិត​ប្រាកដ។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិនបើ ខ្ញុំ​ត្រូវ​ជ្រើសរើស​អនុសាសន៍​មួយ​ក្នុង​ចំណោម​អនុសាសន៍​ទាំងឡាយ ដែល​ខ្ញុំ​បាន​ស្នើ​ឡើង​អំឡុង​អាណត្តិ​របស់​ខ្ញុំ នោះ​គឺ​ត្រង់​ថា ​រដ្ឋាភិបាល​គួរ​ពិចារណា​ការ​ប្រឆាំង​នឹង​ស្ថា​ប័ន​ឯក​រាជ្យ​”។

“ពេលណា​មាន​ការ​ធានា​បាន​នូវ​ឯករាជ្យភាព​របស់​តុលាការ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​របស់​សភា​ខ្លួន​ឯង​នោះ ទើប​ប្រទេស​កម្ពុជា​នឹងស្ថិត​នៅ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​រក​កំណែ​តម្រង់​ពិតប្រាកដ​បាន”។

វត្តមាន​របស់​លោក ស៊ូបេឌី គឺ​មួយ​ខែ​​បន្ទាប់ពី​ការ​ចេញ​របាយការណ៍​ទី​៦​របស់​លោក​អំពី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា ពេលដែល​ប្រទេស​នេះ​កំពុង​បោះ​ជំហាន​តាម​ទិសដៅ​វិជ្្ជ​មាន​នោះ តែ​ការ​ប្រើ​អំពើ​ហិង្សា​ហួស​ហេតុ​ដោយ​កង​កម្លាំង​សន្តិសុខ​រដ្ឋ និង​ការ​ដាក់​បម្រាមស្រេច​តែ​ចិត្ត​លើ​ការ​តវ៉ា “បាន​ដើរ​ផ្ទុយ​ពី​និន្នាការ​នេះ”។

ក្នុង​សុន្ទរកថា​របស់​លោក​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​នេះ លោក ស៊ូបេឌី បាន​ប្រាប់​រដ្ឋ​សមាជិក​ថា ប្រទេស​កម្ពុជា​បាន​កែប្រែ “យ៉ាង​ច្រើន” ចាប់តាំងពីលោក​បាន​ទទួល​តំណែង​នេះ​កាលពី​ឆ្នាំ​២០០៩។

​េប្រសិតរូបនេះបានមាន​ប្រសាសន៍​ថា “រដ្ឋាភិបាល​បាន​អនុវត្ត​អនុសាសន៍​មួយ​ចំនួន​របស់​ខ្ញុំ និង​បាន​ធានា​អះអាង​នឹង​ខ្ញុំ​ថា អនុសាសន៍​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​ត្រូវ​យកមក​​អនុវត្ត”។ លោក​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា “សព្វថ្ងៃ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ផ្លាស់​ប្តូរ​ដោយ​សន្តិ​វិធី” បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស​កាលពី​ឆ្នាំ​មុន និង​ក្រោយពី​មានភាព​ទាល់ច្រក​ផ្នែក​នយោបាយ​រយៈ​ពេល​១០​ខែ។

លោក ស៊ូបេឌី មាន​ប្រសាសន៍​ថា ចាប់តាំងពីគណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច និង​គណបក្ស​សង្គ្រោះជាតិ បាន​មក​ធ្វើ​ការ​រួម​គ្នា​ក្នុង​សភា​ជាតិ​មក មាន”ពន្លឺ​នៃ​ក្តី​សង្ឃឹម​ថា ការ​បោះឆ្នោត​នៅ​ពេល​អនាគត​អាច​េសរី​និង​យុត្តិធម៌​ត្រឹមត្រូវ​ជាងពេល​កន្លង​មក”។

ប៉ុន្តែ​ប្រេសិត​រូប​នេះ​បាន​ព្រមាន​ថា ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​ផ្លាស់ប្តូរនយោបាយនោះ​ ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​អន់​ថយ​នៅ​ឡើយ។

“បរិយាកាស​នយោបាយ​អាច​ផ្លាស់​ប្តូរ​នៅ​កម្ពុជា ប៉ុន្តែមូលដ្ឋាន​​សំខាន់ៗ​នៃ​អភិបាលកិច្ច​និង​ការ​ការពារ​សិទ្ធិ​មនុស្ស នៅ​មិន​ទាន់​ផ្លាស់ប្តូរ​ទេ”។

ថ្លែង​បន្ទាប់ពី​លោក ស៊ូបេឌី កាលពី​ម្សិលមិញ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ លោក ណី សំអុល បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​ជា​ខ្លាំង​ក្នុង​ការ​កែ​ទម្រង់​ការ​បោះឆ្នោត តុលាការ និង​សភា ហើយ​ថា ការ​ចរចា​ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ឯករាជ្យ​កំពុង​បន្ត​ធ្វើ។

លោក សំអុល បាន​កត់​សម្គាល់​ថា គម្រោង​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ប្រកប​ដោយមហិច្ឆតា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ចាប់​ផ្តើម​ធ្វើ​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១២ បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ប្រហែល​៣,៥​លាន។ លោក​ឯកអគ្គរាជទូត​ក៏​បាន​ថ្លែង​អំណរគុណ​លោក ស៊ូបេឌី ផង​ដែរ។

លោក សំអុល បាន​មាន​ប្រសាសន៍​ថា “រាជរដ្ឋាភិបាល​សូម​ថ្លែងអំណរ​គុណ​អ្នក​ធ្វើ​របាយការណ៍​ពិសេស​ជាថ្មី​ម្តងទៀត ចំពោះ​កិច្ចការ​ដ៏លំបាក​និង​ប្រកប​ដោយ​សមត្ថភាព និង​ធានា​នឹង​លោក​ថា យើង​សង្ឃឹម​បន្ត​ចូលរួម​ប្រកប​ដោយ​ការ​ស្ថាបនា​ជាមួយ​លោក​ដោយ​រីករាយ”។

“យើងក៏​រីករាយ​ជាមួយ​នឹង​ការ​វាយ​តម្លៃ​ជា​រួម​របស់​អ្នក​ធ្វើ​របាយការណ៍​ពិសេស ដែល​ថាជាទូទៅ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​កំពុង​ឆ្ពោះ​ទៅរក​ផ្លូវ​ត្រឹមត្រូវ”៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.