អ្នកកាន់អំណាចធំៗរងការចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

មេធាវី​មួយ​រូប​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កាលពី​ថ្ងៃ​អង្គារ ដោយ​ចោទ​ក្រុម​មេដឹកនាំ​នៃ​រដ្ឋា​ភិបាល​កម្ពុជា​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ទាក់ទិន​នឹង​ការ​បណ្តេញ​លក្ខណៈ​ជា​ប្រព័ន្ធ​នូវ​ប្រជាពលរដ្ឋ​ជាង​៧០០.០០០​នាក់​ឲ្យ​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគេ ក្នុង​រយៈ​ពេល​ជាង​១៤​ឆ្នាំ​កន្លង​មក​នេះ។

ទោះបីជា មន្ត្រី​តំណាង​រដ្ឋាភិបាល​ម្នាក់​បាន​និយាយ​ថា បណ្តឹង​នោះ​គ្មាន​មូលដ្ឋាន និង​មាន​ហេតុផល​នយោបាយ​ក្តី ក៏​អ្នក​ជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​មួយ​រូប​បាន​និយាយ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទំនង​ជា​នឹង​បើក​ការ​ស៊ើប​អង្កេត​ជំហាន​បឋម​លើ​បណ្តឹង​នេះ។

សំណុំ​រឿង​ដែល​លើក​យក​មក​ដោយ​លោក រីកឆឺដ រ៉ូជឺ បង្ហាញ​ទឡ្ហីករណ៍​ថា ‘ក្រុម​មេដឹកនាំ​កាន់​អំណាច’ ដែល​គេ​មិន​ដាក់​ឈ្មោះ​ជាបុគ្គល​ម្នាក់ៗ​ក្នុង​បណ្តឹង​នោះ បាន​រៀបចំ​ការ​រំលោភ​យក​ដី​ធ្លី​យ៉ាង​រាលដាល ក្នុង​រយៈ​ពេល​១៤​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​ផល​ប្រយោជន៍​នយោបាយ​និង​​ទ្រព្យ​សម្បត្តិ​លុយ​កាក់​ផ្ទាល់ខ្លួន។

សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​កាលពី​ថ្ងៃ​អង្គារ​ដោយ Global Diligence LLP ជា​ក្រុមហ៊ុន​ច្បាប់​របស់​លោក រ៉ូជឺ បាន​ឲ្យ​ដឹង​ថា “ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ រួមមាន​មនុស្សឃាត ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ ការ​ចាប់​ដាក់​ពន្ធនាគារ​ដោយ​ខុស​ច្បាប់ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​អំពើ​អមនុស្ស​ធម៌​ជាច្រើន​ផ្សេង​ទៀត”។

បណ្តឹង​លើក​ឡើង​ថា អ្នកទាំងឡាយណា​ដែល​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ក្នុង​ពេល​ជាង​មួយ​ទសវត្សរ៍​មក​នេះ ឬ​ក៏​ក្រោក​ឈរ​តាង​នាម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​នោះ បាន​ប្រឈម​នឹង​ការ​ធ្វើ​បាប​សងសឹក​យ៉ាង​ព្រៃផ្សៃ។

បណ្តឹង​នោះ​ឲ្យ​ដឹង​ទៀត​ថា “អ្នក​ប្រឆាំង​ត្រូវ​បាន​គេ​សម្លាប់ សម្លាប់​ដោយ​ចេតនា វាយដំ ធ្វើ​បាប ទទួល​រង​ការ​ចោទ​ប្រកាន់​ដែល​គេ​ប្រឌិត​ឡើង ការ​ចាប់​ឃុំ​ខ្លួន​ខុស​ច្បាប់ និង​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ដោយសារ​ការ​ប្រឆាំង​នឹង​អ្នក​កាន់​អំណាច”។

បណ្តឹង​ដដែល​លើក​ឡើង​ថា “បទ​ឧក្រិដ្ឋ​ទាំង​នេះ​បាន “រុញ​ច្រាន​ស្ថានការណ៍​នេះ​ហួស​ពី​ដែន​កំណត់​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ក្នុង​ស្រុក​ទៅ​ទៀត។ ឧក្រិដ្ឋ​កម្ម​ទាំង​នេះ​បំពេញ​ធាតុ​ផ្នែក​ច្បាប់​នៃ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ”។

លោក រ៉ូជឺ បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​លើ​ឧក្រិដ្ឋ​កម្ម​ជាច្រើន​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​មករា បន្ទាប់ពី​កង​កម្លាំង​រាជ​អាវុធហត្ថ​បាន​បង្ក្រាប​បាតុកម្ម​កម្មករ​រោងចក្រ​ទូទាំង​ប្រទេស​យ៉ាង​ព្រៃផ្សៃ ដោយ​បាញ់​ប្រហារ​លើ​បាតុករ​មួយ​ក្រុម​ដែល​ចោល​ដុំ​ថ្ម តាម​ផ្លូវ​វេងស្រេងក្នុង​ក្រុង​ភ្នំពេញ បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់ និង​រាប់សិប​នាក់​ទៀត​រង​របួស។

ក្នុង​ការ​ស៊ើប​អង្កេត លោក រ៉ូជឺ បាន​ប្រមូល​ភ័ស្តុតាង​មាន​តម្លៃ​ជាង​មួយ​ទសវត្សរ៍​ពី​ការិយាល័យ​នានា​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ប្រទេស​កម្ពុជា អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ក្នុង​ស្រុក។

បណ្តឹង​របស់​លោក រ៉ូជឺ ដែល​ប្តឹង​តាង​នាម​ឲ្យ​ជន​រងគ្រោះ​ខ្មែរ​១០​នាក់ អះអាង​ថា ប្រជាពលរដ្ឋ​៧៧០.000​នាក់​បាន​រងគ្រោះ​ដោយ​ការ​រំលោភ​យក​ដី​ធ្លីក្នុង​ប្រទេស​នេះ​ចាប់តាំងពី​ឆ្នាំ​២០០០​មក ដោយ​មាន​១៤៥.០០០​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្លាស់​ទីលំនៅ​តែ​ក្នុង​ក្រុង​ភ្នំពេញ​មួយគត់​ក្នុង​អំឡុង​ពេល​នោះ។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា តួលេខ​ក្នុង​បណ្តឹង​នោះ​ត្រូវ​បាន​គេ​បំប៉ោង ហើយ​ថា រាជរដ្ឋាភិបាល​កំពុង​ខិតខំ​យ៉ាង​សកម្ម​ដើម្បី​ដោះស្រាយ​ទំនាស់​ដី​ធ្លី​នៅ​ទូទាំង​ប្រទេស។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ពិត​គឺ​ថា វា​ជា​ការចោទ​ប្រកាន់​ឥត​មាន​មូលដ្ឋាន​ទាល់តែ​សោះ និង​ធ្វើ​ឲ្យ​បែកបាក់​ផ្នែក​នយោបាយ​ដែរ។ យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​នោះ [ជន​ត្រូវ​គេ​បណ្តេញ​ចេញ] ហើយ​យើង​ស្តាប់​កង្វល់​របស់​ពួក​គាត់”។

ប៉ុន្តែ អ្នក​ស្រី ក្លែរ ដាហ្វី មេធាវី​នៅ​សមាគម​គណៈ​មេធាវី​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ បាន​មាន​ប្រសាសន៍​ថា ភ័ស្តុតាង​ដែល​លើក​ឡើង​ក្នុង​បណ្តឹង​នោះ ទំនង​នឹង​ធ្វើ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការ​ស៊ើប​អង្កេត​ជាផ្លូវ​ការ​លើ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។

លោក​ស្រី ដាហ្វី បាន​ឲ្យ​ដឹង​ក្នុង​អីុម៉េល​មួយ​ថា “ខ្ញុំ​គិត​ថា មាន​ឱកាស​រឹងមាំ​ដែល​ថា បណ្តឹង​នេះ​នឹង​ចូល​ដំណាក់​កាល​ទី២​នៃ​ការ​វាយ​តម្លៃ គឺថា ការ​ពិនិត្យ​ជំហាន​បឋម​នឹង​ត្រូវ​ចាប់​ផ្តើម​ជា​ផ្លូវការ”។

លោកស្រី​បាន​បន្ថែម​ថា “តាម​ការ​ពិនិត្យ​ត្រួសៗ​លើ​បណ្តឹង​នេះ ទំនង​ជា​មាន​ភ័ស្តុតាង​ត្រឹមត្រូវ អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ និង​ឧក្រិដ្ឋកម្ម ប្រព្រឹត្ត​ឡើង​ដោយ​ភ្នាក់ងារ​រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈ​ពេល​ពីរបី​ឆ្នាំ​មក​នេះ”។

ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចានុម័ត​លក្ខន្តិកៈ​ក្រុងរ៉ូម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាលពី​ថ្ងៃទី​១១​ខែ​មីនា​ឆ្នាំ​២០០២ ដោយ​ផ្តល់​ឲ្យ​តុលាការ​នេះ​នូវ​យុត្តាធិការ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ក្នុង​ប្រទេស​កម្ពុជា ឬ​ដោយ​ពលរដ្ឋ​របស់​ខ្លួន ដែល​ចាប់​ផ្តើម​ពី​ខែ​កក្កដា​ឆ្នាំ​២០០២​តទៅ។

លោក អានដ្រេ ជីអ័រ​ហ្គេតា ប្រធាន​ការិយាល័យ​អាស៊ី​នៅ​សហព័ន្ធ​អន្តរជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដែល​បាន​ជួយ​ចងក្រង​ពាក្យ​បណ្តឹង​នេះ បាន​មាន​ប្រសាសន៍​ថា បើទោះជា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​សម្រេច​ថា​មិន​បើក​ការ​ស៊ើប​អង្កេត​លើ​ពាក្យ​បណ្តឹងនេះ​ក្តី ក៏​សំណុំ​រឿង​ដែល​លើក​យក​មក​ដោយ​លោក រ៉ូជឺ នឹង​ផ្ញើ​សារ​មួយ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែរ។

លោក ជីអ័ហ្គេតា មាន​ប្រសាសន៍​ថា “គំនិត​នេះ​នឹង​រារាំង​រដ្ឋាភិបាល​មិន​ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ថែម​ទៀត វា​ជា​ការ​ព្រមាន​មួយ។ វា​បញ្ជូន​សារ​ដ៏​ច្បាស់​មួយ ហើយ​ជា​សារ​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជាគួរ​ត្រងត្រាប់​ស្តាប់​ដែរ”។

លោក មៃឃើល កាណាវា៉ស មេធាវី​ផ្នែក​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​បាន​ការពារ​លោក អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​របប​ខ្មែរ​ក្រហម​មុន​មរណភាព​នៅ​ឆ្នាំ​២០១៣ បាន​មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​លើក​ឡើង​ក្នុង​បណ្តឹង​នោះ​គួរ​ត្រូវ​ចាត់​ការ​យ៉ាង​ហ្មត់ចត់ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​រឿង​នយោបាយ ព្រោះតែ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ពី​ដំបូង​ពី​ការ​ស៊ើប​អង្កេត​របស់​លោក រ៉ូជឺ។

លោក កាណាវ៉ាស បាន​សរសេរ​ក្នុង​អីុម៉េល​ថា “ផ្អែក​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​ដំបូង វា​ទំនង​ជា​ថា លោក រីកឆឺដ រ៉ូជឺ កំពុង​ធ្វើ​ការ​ឲ្យ ឬ​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា គាត់​មាន​លទ្ធផល​មួយ​ក្នុង​ចិត្ត មុន​បញ្ចប់​ការ​ស៊ើប​អង្កេត”។

កញ្ញា កឹម មនោវិទ្យា អគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា គណបក្ស​នេះ​ដើរ​តួនាទី​ដែល​មាន​កម្រិត​ប៉ុណ្ណោះ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ។

កញ្ញា មនោវិទ្យា បាន​ឲ្យ​ដឹង​ថា “យើង​បាន​ភ្ជាប់​ទំនាក់​ទំនង​ជនរងគ្រោះ​ទៅ​នឹង​មេធាវី ប៉ុន្តែ​យើង​មិន​បាន​ជាប់​ពាក់ព័ន្ធ​ហួសពី​នោះ​ទេ”។ កញ្ញា​បាន​បន្ថែម​ថា “តុលាការ​កម្ពុជា​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បណ្តឹង​នេះ ហើយ​ពលរដ្ឋ​កម្ពុជា​ក៏​មិន​ជឿជាក់​លើ​ប្រព័ន្ធ​តុលាការ​នៅទីនេះ​ដែរ”។

លោក រ៉ូជឺ មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​នេះត្រូវ​​ធ្វើ​ឡើង​ដោយ​ឯករាជ្យ។ លោក​បាន​ឲ្យ​ដឹង​ក្នុង​អីុម៉េល​មួយ​ថា “ខ្ញុំ​ដឹង​ថា មជ្ឈដ្ឋាន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ព្យាយាម​ភ្ជាប់​រឿង​នេះ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ”។

“ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ដើរ​តួនាទី​ណាមួយ​ក្នុង​ការ​ស៊ើប​អង្កេត​នេះទេ មិន​ថាឡើយ រដ្ឋាភិបាល​ឡាំប៉ា ស្រែក និង​តវ៉ា ថា​វា​មាន​លក្ខណៈ​នយោបាយ​យ៉ាងណា​នោះ​ទេ”៕(រាយការណ៍​បន្ថែម​ដោយ អូន ភាព)

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.