ការរឹបអូស​​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​​​បាន​​ច្រើន​បំផុត​​​នៅ​កម្ពុជា ​​បង្ហាញ​ថាការ​បោះ​ពុម្ព​ដុល្លារ​ក្លែង​ក្លាយ​នៅ​ថៃ​កំពុងរីករាលដាល

ឧត្តម​សេនីយ៍ត្រី ស ថេត​ គឺ​ជា​ស្នង​ការ​ខេត្ត​បាត់​ដំបង។ យើង​​ក៏​អាច​ហៅ​គាត់​ថា​បុរស​៧លាន​ដុល្លារ​បាន​​ដែរ​។

កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា កង​កម្លាំង​របស់​លោក​បាន​តាម​ដាន​បុរស​ជន​ជាតិ​ថៃ ​បី​នាក់​ជិះ​ក្នុង​រថយន្ត​មួយ​បាំង​​កន្លះ​មួយ​គ្រឿង​ ខណៈ​​ពេល​រថយន្ត​នោះ​បើកបរ​​ពី​ប្រទេស​ថៃ​​ ឆ្លង​កាត់​ចំណុច​ឆែកឆេរព្រំដែន​ដាច់​ស្រយាល​មួយ​។ នៅ​ពេល​រថយន្ត​នោះ​ឈប់​នៅ​ក្នុង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់​ដំបង នគរ​បាល​​ក៏​បាន​ស្ទុះ​ទៅ​​​ឃាត់​ខ្លួន​​អ្នក​នៅក្នុង​រថយន្ត​​បាន​ភ្លាមៗ។

លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​រថយន្ត​​នោះ ពួកគេ​បាន​រក​ឃើញ​កេស​ក្រដាស​ចំនួន​បី​ ដែល​ផ្ទុក​ក្រដាស​ប្រាក់​១០០ដុល្លារ​ក្លែង​ក្លាយ​ចំនួន​៧,១៦លាន​ដុល្លារ ហើយ​វា​ជា​ការ​រឹប​អូស​​​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​​បាន​ច្រើន​បំផុត​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​រយៈ​ពេល​ប្រហែល​មួយ​ទសវត្សរ៍​​មក​នេះ និង​​ច្រើន​បំផុត​មិន​ធ្លាប់​មាន​​ពីមុន​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ខណៈ​ពេល​យក​ដៃ​ស្ទាប​ក្រដាស​ប្រាក់​ដែល​រឹប​អូស​បាន និង​រក្សាទុក​​នៅ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាត់​ដំបង លោក​ ស ថេត បាន​មាន​ប្រសាសន៍​ថា ​” បើ​ខ្ញុំ​បិទ​ភ្នែក​ហើយ​ស្ទាបវា ​ខ្ញុំ​មិន​ដឹង​ថា​វា​ក្លែងក្លាយ​ទេ”។

យោង​តាម​ទី​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋអាមេរិក​ ដែល​ភ្នាក់​ងារ​របស់​ខ្លួន​​​មាន​ភារ​កិច្ច​ស៊ើប​អង្កេត​បទ​ល្មើស​ហិរញ្ញវត្ថុ​​​ទូទាំង​ពិភព​លោក អម​ដោយ​តួនាទី​​ដ៏​សំខាន់​​របស់​ពួក​គេ​ជា​អង្គរក្ស​ការពារ​​ប្រធានាធិបតី​នោះ​​ បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ដ៏ធំ​នេះ​​ឆ្លុះ​បញ្ចាំង​ពី​ប្រតិបត្តិការ​បោះពុម្ព​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​មួយដែល​ដំណើរ​ការ​យ៉ាង​រលូន និង​កំពុង​តែ​កើន​ឡើង​នៅ​​ក្នុង​ប្រទេស​ថៃ​ ជាកន្លែងដែល​ក្រដាសប្រាក់​ក្លែង​ក្លាយ​ដូច​គ្នា​នេះ​ ត្រូវ​បាន​​រឹប​អូស​កាលពី​មុន​។

ការ​ពាក់ព័ន្ធ​នឹង​បុរស​បី​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ដែល​ជា​យោធា​ ឬ​អតីត​យោធា​នៃ​កង​ទ័ព​ជើង​ទឹក​ថៃ​ ក៏​អាច​ធ្វើ​ឲ្យ​​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក ប្រាយុទ្ធ ចាន់អូចា ​អាមា៉ស់មុខ​ដែរ​។កាល​ពី​​​នៅ​ជា​នាយ​ឧត្តមសេនីយ៍​ លោក ប្រាយុទ្ធ ចាន់អូចា បាន​ដណ្ដើម​អំណាច​នៅ​​ក្នុង​រដ្ឋប្រហារ​យោធា​មួយ​កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ហើយ​បាន​ប្ដេជ្ញា​បង្ក្រាប​បទ​ល្មើស​ដែល​មាន​ការ​រៀបចំ​ទុក​ជាមុន​។

បុរស​ទាំង​បី​នាក់​នេះ​​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​កង​ទ័ព​ជើង​ទឹក​ថៃ​និយាយ​ថា ខ្លួន​កំពុង​រង់ចាំ​សេចក្ដី​​សន្និដ្ឋាន​នៃ​ការ​ស៊ើបអង្កេត​ មុន​ពេល​សម្រេច​ថា តើ​ត្រូវ​ចាត់វិធានការ​យ៉ាង​ណា។

យោង​តាម​ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​សហរដ្ឋអាមេរិក ​បាន​ឲ្យ​ដឹង​ថា មាន​សាច់​ប្រាក់​ជាង​​១លានលាន​ដុល្លារ​​ដែល​កំពុង​ធ្វើ​ចរាចរ​ទូទាំង​ពិភព​លោក​ ហើយ​ក្នុង​នោះ​បី​ភាគ​បួន​កំពុង​ធ្វើ​ចរាចរ​នៅ​​ក្រៅ​សហរដ្ឋអាមេរិក​។ ការ​ព្យាយាម​ដោះ​ស្រាយ​ការ​បោះ​ពុម្ព​ក្រដាសប្រាក់​ក្លែង​ក្លាយ ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រក្សា​កិត្តិសព្ទ​ប្រាក់​ដុល្លារ​ជា​រូបិយប័ណ្ណ​ពិភព​លោក។

លោក ខេវិន ត្រាយល័រ (KevinTraylor) ជា​ភ្នាក់​ងារ​ស៊ើប​ការ​ណ៍​សម្ងាត់​​ម្នាក់​ដែល​មាន​មូលដ្ឋាន​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ ប្រចាំ​ក្រុង​បាង​កក បាន​មាន​ប្រសាសន៍​ថា ​ក្នុង​ចំណោម​​ប្រាក់​១លាន​លាន​ដុល្លារ​នោះ មាន​ប្រហែល​២,៥ពាន់លាន​ដុល្លារ​ ជា​ប្រាក់​​ក្លែង​ក្លាយ​។

លោក​បានលើក​ឡើង​ថា “បើ​គិត​ពី​ចំនួន​រូបិយប័ណ្ណ​​ច្រើន​បែប​នោះ​ គឺ​យើង​មាន​ក្រដាសប្រាក់​​ក្លែង​ក្លាយ​តិច​តួច​ណាស់​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ក្រដាស​ប្រាក់​ដុល្លារ​​ទទួល​បាន​ការ​ជឿ​ជុក​ចិត្ត​”។

យោង​តាម​​​ព្រឹត្តិ​បត្រព័ត៌​មាន​ Nilson Report បាន​ឲ្យ​ដឹង​ថា ​បើ​ធ្វើ​ការ​ប្រៀបធៀប​ ពិភព​លោក​ទាំង​មូល​ខាត​បង់​ដោយ​សារ​ឥណទាន​ ឥណពន្ធ និង​ការ​ក្លែង​បន្លំ​​កាត​កោស​​នៅ​ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន​សុរប​១១,៣ ​ពាន់​លាន​ដុល្លារ​។

នៅ​អាមេរិក​ខាង​ត្បូង​ កន្លែង​ដែល​ការ​ជួញដូរ​គ្រឿង​ញៀន​ និង​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​មាន​ជាប់​ពាក់ព័ន្ធ​គ្នា​ជាញឹក​ញាប់​ ការ​​រឹប​អូស​​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​ក្នុង​ចំនួន​ច្រើន​បែប​​នេះ ​គឺ​ជារឿង​ធម្មតា​ទេ​។ កាលពី​ខែ​មិថុនា ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​បានជួយ​នគរ​បាល​​នៃ​ប្រទេស​ប៉េរូ ចាប់​បាន​ជនក្លែង​បន្លំ​ម្នាក់​រួម​ជាមួយ​នឹង​ប្រាក់​ក្លែង​ក្លាយ​៤,៥​លាន​ដុល្លារ​។

ប៉ុន្តែ​ការ​រឹបអូស​​ប្រាក់​ក្លែង​ក្លាយ​ក្នុង​ចំនួន​ច្រើន​បែប​នេះ​ គឺ​កម្រ​កើត​មាន​ណាស់​នៅ​អាស៊ីអាគ្នេយ៍​។ ការ​បង្ក្រាប​របស់​កម្ពុជា​ អាច​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​កើន​ឡើង​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​ និង​​កិច្ចសហ​ប្រតិបត្តិការ​ល្អ​ជាមុន​រវាង​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋអាមេរិក និង​នគ​រ​បាល​​​នៅ​ក្នុង​ប្រទេស​។

សម្រាប់​ទីភ្នាក់​ងារ​ស៊ើប​ការណ៍​​សម្ងាត់​ ការ​រឹប​អូស​​ក្រដាស​ប្រាក់មិន​សំខាន់​ដូច​ការ​ស្វែង​រក​កន្លែង​បោះពុម្ព​ក្រដាស​ប្រាក់​ក្លែង​ក្លាយ និង​បិទ​វា​ចោល​ឡើយ​។

ទីភ្នាក់​ងារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៨៦៥​ ជា​ផ្នែក​មួយ​នៃ​រតនាគារ​របស់​សហរដ្ឋអាមេរិក​ ដើម្បី​​ដោះ​ស្រាយ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​យ៉ាង​រាល​ដាល​​​ក្រោយ​ពី​សង្គ្រាម​ស៊ីវិល​។ រយៈ​ពេល​៣៦​ឆ្នាំ​ក្រោយ​មក​ ទី​ភ្នាក់​ងារស៊ើប​ការណ៍​សម្ងាត់​នេះ​បាន​ចាប់​ផ្ដើម​​តួនាទី​​ការ​ពារ​សុវត្ថិភាព​ប្រធានាធិបតី​ អនុប្រធានាធិបតី និង​ភ្ញៀវ​សំខាន់ៗ​ផ្សេង​ទៀត​។ សូម្បី​សព្វ​ថ្ងៃ​ ភាគច្រើន​នៃ​ភ្នាក់​ងារ​​ស៊ើបការណ៍សម្ងាត់​ចំនួន​៣.២០០​នាក់​​របស់​ខ្លួន ​កំពុង​មមាញឹក​​ក្នុង​ការ​ស៊ើបអង្កេត​បទ​ល្មើស​ហិរញ្ញវត្ថុ​។

លោក​ ខេវិន ត្រាយល័រ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​បាត់​ដំបង ដើម្បី​ពិនិត្យ​មើល​​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ដែល​រឹប​អូស​បាន​ចំនួន​៧,១៦​លាន​ដុល្លារ​កាលពី​ដើម​ខែ​តុលា បាន​មាន​ប្រសាសន៍​ថា ក្រដាស​ប្រាក់​ក្លែង​ក្លាយ​ ” ដែល​មាន​គុណភាព​ល្អ​លើ​សមធ្យម​” ដូច​គ្នា​នេះ​ចំនួន​១លាន​ដុល្លារ​ ត្រូវ​បាន​រឹប​អូស​​រួច​មក​ហើយ​​នៅ​ក្នុង​ប្រទេស​ថៃ​។ មនុស្ស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​​ក្រោម​ការ​ស៊ើបអង្កេត​របស់​ថៃ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ក្រដាស​​ប្រាក់​​នេះ​គឺ​​ជា​ការ​ចាប់​ផ្ដើម​ផលិត​ក្នុង​​ចំនួន​ច្រើន​ ហើយ​ការ​ស៊ើបអង្កេត​របស់​យើង​បង្ហាញ​ថា ​វា​មាន​ប្រភព​ដើម​ចេញ​ពីថៃ​។ យើង​នឹង​បន្ត​ការ​ប្រឹង​ប្រែង​របស់​យើង​ដើម្បី​ស្វែង​រក​​រោង​ពុម្ព​​បោះ​ក្រដាស​ប្រាក់​ទាំង​នេះ​”។

កាលពី​ឆ្នាំ​២០១៣​ ដោយ​មាន​ជំនួយ​ពី​ទីភ្នាក់​ងារ​ស៊ើបការណ៍​​សម្ងាត់​ នគរ​បាល​ថៃ បាន​​ចាប់​ខ្លួន​​​មនុស្ស​៦៧​នាក់​ និង​រឹប​អូស​​​ក្រដាស​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​បាន​​ចំនួន​៣,៧​លាន​ដុល្លារ​។ នៅ​ឆ្នាំនេះ​ ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​សរុប​​មាន​ចំនួន​៧៦​នាក់ ហើយ​ប្រាក់​ក្លែង​ក្លាយ​ដែល​ដកហូត​បាន​មាន​ចំនួន​៥,៦​លាន​ដុល្លារ នេះ​មិន​ទាន់​ទាំង​រាប់​បញ្ចូល​​ការរឹប​អូស​បាន​នៅ​កម្ពុជា​ផង​ទេ។

ទឹក​ថ្នាំ​ និង​ក្រដាសពិសេស​ដែល​រតនាគារ​សហរដ្ឋអាមេរិក ​ប្រើប្រាស់​សម្រាប់​បោះ​ពុម្ព​ក្រដាស​ប្រាក់​ដុល្លារ​​ ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹង​រ៉ឹង​។ កត្តា​នេះ​បាន​ជួយ​លុប​បំបាត់​ការ​បោះ​ពុម្ព​​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​ជា​លក្ខណៈ​រោងពុម្ព​​ក្នុង​សហរដ្ឋអាមេរិក ហើយនៅទី​នោះ​ជន​​ក្លែង​បន្លំ​ក្រដាស​ប្រាក់​ពឹង​ផ្អែក​លើ​មធ្យោបាយ​ដូច​ជា​ ការ​​បោះ​ពុម្ព​ដោយ​ម៉ាស៊ីន​តូចៗ ឬការ​​ថត​ចម្លង​​គូល័រ​​ជា​ដើម។

ប៉ុន្តែ​​ការ​បោះ​ពុម្ព​ជា​លក្ខណៈ​រោងពុម្ព​​ គឺ​នៅ​តែ​មាន​ធម្មតា​នៅ​ក្រៅ​សហរដ្ឋអាមេរិក​ ក្នុង​ប្រតិប្តិ​​ការ​ផលិត​ក្រដាសប្រាក់​ក្លែង​ក្លាយ​​ដែល​ដូច​​ក្រដាស​ប្រាក់​ពិត​​ក្នុង​ចំនួន​ច្រើន​។ ដំណើរ​ការ​នេះ​ត្រូវ​ការ​ទឹក​ថ្នាំ​ដែល​មាន​តម្លៃ​ថ្លៃ​ និង​រោងពុម្ព​ ព្រមទាំង​អ្នក​ឯកទេស​ខាង​បោះ​ពុម្ព​ផង​ដែរ​។

លោក ខេវិន ត្រាយ​ល័រ បាន​មាន​ប្រសាសន៍​ថា ” គេ​ត្រូវ​ការ​មនុស្ស​មាន​ទេព​កោសល្យ​ធ្វើ​កិច្ច​ការ​នេះ​”។ លោក​គិត​ថា ​ការ​បោះពុម្ព​​​ក្រដាសប្រាក់​ចំនួន ​៧,១៦​លាន​ដុល្លារ​នេះ​អាច​នឹង​ត្រូវ​ការ​ពេល​វេលា​ប្រហែល​២ខែ​។

ឧត្តម​នាវី​ទោ កាន ឌីបុល (Kan Deeubol) អ្នក​នាំពាក្យ​កង​ទ័ព​ជើង​ទឹក​ថៃ​​ បាន​បញ្ជាក់​ថា បុរស​ថៃ ​ទាំង​បី​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា គឺ​​កំពុង​បម្រើការងារ​ជា​​ ឬ​ជា​អតីត​កង​ទ័ព​ជើង​ទឹក​។

ឧត្តមសេនីយ៍ត្រី ស ថេត ស្នង​ការ​ខេត្ត​បាត់​ដំបង ​​បាន​មាន​ប្រសាសន៍​ថា ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន ​បន្ទាប់ពី​ព្យាយាម​ដូរ​ក្រដាសប្រាក់​ក្លែង​ក្លាយ​ជាមួយ​​ខ្មែរ​ម្នាក់​ ដែល​តាម​ពិត​ជា​​អ្នក

​ឲ្យ​ការណ៍​របស់​នគរ​បាល​។

វរនាវី​ឯក ចំរ៉ាស ពុងសាត (Chamras Pongsart) អាយុ​៥២​ឆ្នាំ ដែល​ស្ថិត​ក្នុង​ចំណោម​​បុរស​ទាំង​បី​នាក់​នោះ ត្រូវ​បាន​ដោះ​លែង​ពីរ​ថ្ងៃ​ក្រោយ​មក​។ លោក ស ថេត បាន​មាន​ប្រសាសន៍​ថា ” គាត់​មិន​ពាក់​ព័ន្ធ​ទេ​”។

ជនសង្ស័យ​ពីរ​នាក់​ទៀត​ ដែល​កំពុងជាប់​ឃុំ​នៅ​ឡើយ​មាន​ឈ្មោះ ប្រាម៉ូត រ៉ៃស៊ីរី (Pramote Raisiri) អាយុ​៤៨​ឆ្នាំ ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយថៃ​ចុះ​ផ្សាយ​ថា មាន​តំណែង​ជា​អនុនាវីទោ​ និង​ឈ្មោះ គីតទីថាម៉េត មីថេកគុលសាវ៉ាត (Kittithamet Meethekulsawat) អាយុ​៤៧​ឆ្នាំ ​ដែល​លោក​ កាន ឌីបុល លើក​ឡើង​ថា បាន​លាឈប់​ពី​ទ័ព​ជើង​ទឹក​ មុន​​ការ​ចាប់​ខ្លួន​នេះ​។

លោក កាន ឌីបុល បាន​លើក​ឡើង​ថា “ពួកគេ​មិន​ទាន់ព្យួរ​ឈ្មោះ​នៅ​ឡើយ​ទេ ហើយ​ការ​ស៊ើបអង្កេត​កំពុង​តែ​​ដំណើរ​ការ ហើយ​យើង​មិន​ដឹង​ថា ពួកគេ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​មែន​ឬយ៉ាង​ណា​ឡើយ​”។

ជនសង្ស័យ​ជនជាតិ​ថៃ​ទាំង​ពីរ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រក្សា​ទុក​ និង​ដឹក​ជញ្ជូន​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​ ហើយ​អាច​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៥ឆ្នាំ​ទៅ​២០​ឆ្នាំ​ ប្រសិន​​បើ​មាន​ទោស​​បែប​នោះ​មែន។ លោក ជឹម តារា មេធាវីកម្ពុជា ដែល​​តំណាង​ឲ្យ​ពួកគេទាំង​បី​ ​បាន​មាន​ប្រសាសន៍​ថា ពួកគេ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ខុស​ឡើយ​។

លោក​ ខេវិន ត្រាយ​ល័រ ​បាន​មាន​ប្រសាសន៍​ថា ក្រុម​ឧក្រិដ្ឋជន​ដែល​ផលិត​​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​​នៅ​ក្នុង​ប្រទេស​ថៃ​ គឺ​មាន​ការ​រៀបចំ​​យ៉ាង​ល្អ​ ហើយក្រុម​នេះ​ក៏​​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​​ឆបោក​ផ្សេងទៀត​ដែរ​​។ ការ​បន្ត​ស៊ើបអង្កេត​បាន​​រារាំង​ប្រតិបត្តិការ​​របស់ពួកគេ​ ហើយ​បាន​បង្ខំ​ឲ្យ​ពួកគេ​ ” ព្យាយាម​​ប្រើប្រាស់​កម្ពុជា​ជាទីផ្សារ​ថ្មី​”។

ប្រាក់​ដុល្លារ​​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​គេ​ចូល​ចិត្ត​ប្រើប្រាស់​ដុល្លារ​ជាង​​ប្រាក់​រៀល​របស់​កម្ពុជា​​សម្រាប់ការ​ទូទាត់ធំៗ​ ដូច​ជា​ការ​បង់ថ្លៃ​ឈ្នួល​ ឬប្រាក់​ខែ​ជា​ដើម​។

នៅ​កន្លែង​ផ្សេងទៀត​លើ​ពិភព​លោក​​​ ឧក្រិដ្ឋជន​ជាញឹក​ញាប់​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​​ក្លែង​ក្លាយ​ដើម្បី​ទូទាត់​ឲ្យ​ឧក្រិដ្ឋជន​ផ្សេងៗ​ទៀត​ នៅ​ពេល​ជួញដូរ​គ្រឿង​ញៀន ទិញ​ឈើ​​ខុស​ច្បាប់ ឬ​របស់​គេច​ពន្ធ​ផ្សេងៗ​ទៀត​។

ប៉ុន្តែ​ឧត្តមសេនីយ៍ត្រី​ ស ថេត បាន​មាន​ប្រសាសន៍​ថា វា​ ” មិន​អាច​ទៅ​រួច​ទេ” ក្នុង​ការ​នាំ​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​យ៉ាង​ច្រើន​បែប​​នេះ​មក​ទីផ្សារ​ងងឹត​របស់​កម្ពុជា​។ លោក​បាន​លើក​ឡើង​ទៀត​ថា សូម្បីកសិករ​ក៏អាច​សង្ស័យ​ក្រដាស​ប្រាក់​ទាំង​​នោះ​ដែរ​ កុំថា​ឡើយ​ធនាគារ​ឬ​អ្នក​​ប្ដូរ​ប្រាក់​​នោះ។

អ្នកស្រី ជី គឹមជាវ អាយុ​៤៧​ឆ្នាំ ជា​អ្នក​ប្ដូរ​ប្រាក់​ម្នាក់​នៅ​ផ្សារ​មួយ​ក្នុងក្រុង​បាត់ដំបង ​បាន​និយាយ​ថា អ្នកស្រី​ពឹង​ផ្អែក​លើ​ការ​ស្ទាប​ក្រដាស​ប្រាក់​​​ទើប​ដឹង​ថា វា​ពិត​ឬក្លែង​ក្លាយ​។ អ្នកស្រី​និយាយ​ទៀត​ថា ” ខ្ញុំ​​រក​ស៊ី​របរ​នេះ​​ច្រើន​ឆ្នាំ​ហើយ។ ​បើ​មាន​អ្នក​ឲ្យ​ក្រដាស​ប្រាក់ក្លែង​ក្លាយ​ ខ្ញុំ​នឹង​ដឹង​”៕ សុខុម​​​​​​​​​​​​​​​​​​​​​​

Reuters

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.