ប្រឈម​នឹង​ការ​កាត់​ជំនួយ រដ្ឋាភិបាល​បង្ខំ​ចិត្ត​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​អេដស៍

ក្រុម​មន្ត្រី​និង​អ្នក​ជំនាញ​បាន​និយាយថា ម្ចាស់​ជំនួយ​សំខាន់​ពីរ​ដែល​បាន​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​ហ៊ីវ/អេដស៍​ដោយ​ជោគជ័យ​ជា​ខ្លាំង​នៅ​ប្រទេស​កម្ពុជា គ្រោង​នឹង​កាត់​ជំនួយ​របស់​ខ្លួន​ជាច្រើន ជា​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឲ្យ​បង្កើន​ការ​ចំណាយ​ផ្ទាល់​របស់​ខ្លួន។

យោងតាម​លោក លី ពេញសុន អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ (NCHADS) បាន​ឲ្យ​ដឹង​ថា ទាំង​មូលនិធិ​គ្លូបល ហ្វាន់ (Global Fund) ដែល​បាន​រួម​ចំណែក​ផ្តល់​ប្រាក់​ជាង​២៥២​លាន​ដុល្លារ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​ហ៊ីវ/អេដស៍​តាំងពី​ឆ្នាំ​២០០៣​ ទាំង​យូអេស​អេអាយឌី (USAID) ដែល​បាន​ផ្តល់​ប្រាក់​ជាង​១៤០​លាន​ដុល្លារ​តាំងពី​ឆ្នាំ​២០០៦​មក មាន​ផែនការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន។

បន្ទាប់ពី​ការ​ពិនិត្យ​អំពី​ការ​ផ្តល់​មូលនិធិ​ដល់​យុទ្ធនាការ​របស់​ខ្លួន​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ របេង និង​អេដស៍ នៅ​ប្រទេស​កម្ពុជា​នោះ គ្លូបល ហ្វាន់ ចាត់​ទុក​ថា កម្មវិធី​អេដស៍ “បាន​លៃ​បម្រុង​ទុក​ប្រាក់​ច្រើន​ជ្រុល”​កាលពី​ដើម​ឆ្នាំ​នេះ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​កាត់​ចំណាយ។

វេជ្ជ​បណ្ឌិត ពេញស៊ុន បាន​មាន​ប្រសាសន៍​ថា NCHADS បាន​ចំណាយ​រវាង​៤០​លាន​ដុល្លារ​និង​៥០​លាន​ដុល្លារ​លើ​ថ្នាំ សេវា និង​ចំណាយ​ផ្សេងៗ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​រាល់​ឆ្នាំ។ លោក​មាន​ប្រសាសន៍​ថា “ឥឡូវ យើង​មាន​ប្រាក់​ប្រហែល​៤០​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ​[ពី​គ្លូបល ហ្វាន់]” ធ្វើ​ឲ្យ NCHADS “ខ្វះ​ថវិកា​យ៉ាង​ច្រើន”។

ក្នុង​លិខិត​ថ្ងៃ​ទី​១៤​ខែ​វិចិ្ឆកា​ចុះ​ហត្ថលេខា​ដោយ​លោក អៀង ម៉ូលី ប្រធាន​គណៈ​កម្មការ​សម្រប​សម្រួល​របស់​មូលនិធិ​គ្លូបល ហ្វាន់ ឲ្យ​ដឹង​ថា អង្គការ​នេះ​បាន​ជូន​ដំណឹង​ដល់​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ​ថា ខ្លួន​នឹង​ចំណាយ​ត្រឹមតែ​៣,៦​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ការ​ចំណាយ​ដែល​គ្រោង​ទុក​ពី​មុន​ គឺ​តាំង​ពី​ឥឡូវ​នេះ​រហូត​ដល់​ចុង​ឆ្នាំ​២០១៧។

លោក ម៉ូលី បាន​មាន​ប្រសាសន៍​កាលពី​សប្តាហ៍​មុន​ថា “ការ​យក​ចិត្ត​ទុកដាក់​នឹង​ផ្តោត​លើ​អ្នក​ជំងឺ គឺ​យើង​ត្រូវ​ធានា​ថា យើង​មាន​ថ្នាំ​ពេទ្យ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​បាន។ យើង​ផ្តល់​អាទិភាព​លើ​ការ​ព្យាបាល និង​ការ​មើល​ថែទាំ [និង] បន្ថយ​សកម្ម​ភាព​ផ្សេងៗ ដូចជា​ការ​បណ្តុះ​បណ្តាល សន្និសីទ ការ​សម្រប​សម្រួល និង​ការ​ប្រជុំ​ជាដើម”។

បន្ថែម​ទៅ​នឹង​ការ​កាត់​បន្ថយ​ជំនួយ​ពី​គ្លូបល​ ហ្វាន់ វេជ្ជ​បណ្ឌិត ពេញស៊ុន មាន​ប្រសាសន៍​ថា ម្ចាស់​ជំនួយ​ផ្សេងទៀត​ក៏គ្រោង​នឹង​កាត់​បន្ថយ​ចំណាយ​លើ​កម្មវិធី​ហ៊ីវ/អេដស៍​ដែរ។

“ខ្ញុំ​មិន​គិត​ថា យើង​នឹង​ទទួល​បាន​មូលនិធិ​ផ្សេងទៀត​ដោយ​ងាយនោះ​ទេ ពីព្រោះ​ម្ចាស់​ជំនួយ​ទាំង​អស់​កំពុង​កាត់​បន្ថយ។ យូអេសអេអាយឌី ក៏​ជា​ប្រភព​ដ៏​ធំ​មួយ​ផ្សេងទៀត ហើយ​ក៏​នឹង​កាត់​បន្ថយ​៥០​ភាគរយ​ដែរ ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ។

ទោះជា​យ៉ាង​នេះ​ក្តី លោក ចន ស៊ីមម៉ុនស៍ អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក ដែល​មើល​ខុស​ត្រូវ​ចំពោះ​កិច្ចការ​របស់​យូអេស​អេអាយឌី ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ចាយ​តាម​រយៈ​ផែនការ​បន្ទាន់​សម្រាប់​ជួយ​សង្គ្រោះ​ផ្នែក​ជំងឺ​អេដស៍​របស់​ប្រធានាធិបតី​អាមេរិក (PEPFAR) ជា​ច្រក​តែ​មួយ​នៃ​ការ​ផ្តល់​មូលនិធិ​ហ៊ីវ/អេដស៍​ដល់​​ USAID និង​មជ្ឈ​មណ្ឌល​គ្រប់គ្រង​ជំងឺ នឹង​មិន​បន្ថយ​ទេ​នៅ​ឆ្នាំ​២០១៥។

លោក​បាន​ឲ្យ​ដឹង​តាម​រយៈ​អីុម៉េល​ថា “ចំនួន​មូលនិធិ​រដ្ឋាភិបាល​អាមេរិក​សរុប​ដែល​មាន​តាម​រយៈ PEPFAR នៅ​ឆ្នាំ​២០១៥​សម្រាប់​កម្មវិធី​ជំងឺ​អេដស៍ ដែល​អនុវត្ត​ដោយ USAID និង CDC នៅ​ប្រទេស​កម្ពុជា នឹង​នៅ​មាន​កម្រិត​ដូច​ក្នុង​ឆ្នាំ​២០១៤​ដដែល”។

ដោយ​ការ​កាត់​បន្ថយ​ជំនួយ​ជិត​មក​ដល់ រដ្ឋាភិបាល​និង​ម្ចាស់​ជំនួយ​ឥឡូវ​នេះ​កំពុង​ប្រឈម​នឹង​ភារកិច្ច​អនុវត្ត​យុទ្ធសាស្ត្រ​ថ្មី​ប្រយុទ្ធ​នឹង​វីរុស ដែល​បាន​ឈាន​ដល់​កម្រិត​រាលដាល​កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ នៅ​ពេល​ដែល​ហ៊ីវ​និង​អេដស៍​បាន​ឆ្លង​១,៧​ភាគរយ​នៃ​ពលរដ្ឋ​កម្ពុជា អាយុ​ចន្លោះ​១៥​ឆ្នាំ​និង​៤៩​ឆ្នាំ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​មក​ក្រោម​០,៧​ភាគរយ​នាពេល​សព្វ​ថ្ងៃ​នេះ។

លោក​ស្រី ម៉ារី អូឌីល អេម៉ុន តំណាង​ UNAIDS ប្រចាំ​ប្រទេស បាន​មាន​ប្រសាសន៍​ថា បើទោះជា​មាន​ការ​ថយ​ចុះ​វីរុស​ជា​ទូទៅ​ក៏​ដោយ “មនុស្ស​ទាំង​អស់​​ដែល​​ឆ្លង​វីរុស​ភ្លាមៗ ពួកគេ​ត្រូវ​ការ​ព្យាបាល​ដើម្បី​រស់”។

លោក​ស្រី អេម៉ុន មាន​ប្រសាសន៍​ថា “ឥឡូវ​នេះ យើង​ត្រូវ​ការ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​រួម​ចំណែក​ផ្តល់​មូលនិធិ​ដល់​សេវា​នេះ ជាពិសេស​ការ​ព្យាបាល”។ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បោះ​ជំហាន​ជិត​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម “ជំនួយ​ក្រៅ​ប្រទេស​នឹង​ថយ​ចុះ ហើយ​រដ្ឋាភិបាល​គួរទទួល​រ៉ាប់​រង​បន្ត ត្បិតអី​ចំណូល​ប្រាក់​ពន្ធ​កើន​ឡើង … នេះ​ជា​ការ​វិវត្តន៍​ធម្មតា​និង​ប្រកប​ដោយ​ជោគ​ជ័យ”។

ហើយ​បើ​ទោះ​ជា​ការ​សន្យា​ពី​ដំបូង​របស់​ខ្លួន​មិន​សូវ​ច្រើន​បើ​ប្រៀបធៀប​នឹង​ការ​ចំណាយ​របស់​ម្ចាស់​ជំនួយ​ក៏​ដោយ ក៏​លោក​ស្រី អេម៉ុន មាន​ប្រសាសន៍​ថា រដ្ឋាភិបាលនឹង​ផ្តល់​មូលនិធិ​ជា​លើក​ដំបូង​​ប្រហែល​១០​ភាគរយ​នៃ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ (ARV) ដែល​ចែកចាយ​ក្នុង​ប្រទេស​នេះ​នៅ​ឆ្នាំ​ក្រោយ ក្នុង​តម្លៃ​ប្រហែល​១​លាន​ដុល្លារ ដែល​មាន​ការ​ចំណាយ​សរុប​របស់​ខ្លួន​លើ​ថ្នាំ ដែល​គ្រោង​ចំណាយ​១,៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “នោះ​ជា​សញ្ញា​ខ្លាំង​មួយ​ដែល​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​លើ​វីរុស​ហ៊ីវ​យ៉ាង​ម៉ឺងម៉ាត់”។

លោក ម៉ាសាមី ហ្វូជីតា មេដឹកនាំ​ក្រុម​កម្មវិធី​ហ៊ីវ/អេដស៍​របស់​អង្គការ​សុខភាព​ពិភព​លោក​នៅ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ដោយសារ​តម្លៃ​ថ្នាំ​ពន្យារ​ជីវិត ​បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រួមផ្សំ​នឹង​អត្រា​ឆ្លង​ថ្មី​ផង​នោះ យុទ្ធសាស្ត្រ​ពីមុន​ក្នុង​ការ​ប្រឆាំង​ហ៊ីវ/អេដស៍​ក្នុង​ប្រទេស​នេះ ឥឡូវ​”ហួស​សម័យ​ហើយ”។

វេជ្ជ​បណ្ឌិត ហ្វូជីតា បាន​មាន​ប្រសាសន៍​ថា កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ របៀប​”ថែទាំ​អ្នក​ជំងឺ​តាម​សហគមន៍”​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​នៅ​នឹង​កន្លែង បន្ថែម​ទៅ​នឹង​ការ​ព្យាបាល ពីព្រោះ​បុគ្គលិក​សហគមន៍​ចាំបាច់​ត្រូវ​ផ្តល់​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ចំពោះ​អ្នក​ឆ្លង​ជំងឺ​ឲ្យ​ស្វែង​រក​ការ​ព្យាបាល និង​ទប់​ស្កាត់​ពួកគេ​កុំ​ឲ្យ​ចម្លង​វីរុស​នេះ​ថែម​ទៀត។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា វិធី​នេះ​គឺ​”ចំណាយ​ច្រើន​ណាស់​…​[និង]​បង្កើត​ឡើង​ក្នុង​ពេល​ដែល​មនុស្ស​ច្រើន​បំផុត​ផ្ទុក​ហ៊ីវ​ធ្លាក់​ខ្លួន​ឈឺ។ ការ​ប្រើ​ថ្នាំ​ពន្យារ​ជីវិត​បាន​កើន​ឡើង​ពី​សូន្យ​ភាគរយ​ដល់​៨០​ភាគរយ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ”។ “ដូច្នេះ វិធី​នេះ​ប្រើ​១០​ឆ្នាំ​មកហើយ ត្រូវ​ពិនិត្យ​ឡើង​វិញ ហើយ​យើង​ត្រូវតែ​ថ្លឹងថ្លែង និង​ផ្តោតតែ​លើ​អ្នក​ក្រីក្រ​ខ្លាំង​…​គឺ​អ្នក​ផ្ទុក​វីរុស​ហ៊ីវ​ដែល​មាន​បញ្ហាផ្សេងៗ”៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.