“នៅរស់” អ្នកថតរូប​បង្ហាញ​ស្នាដៃ​នៅ​ក្នុង​មហោស្រព​រូបថត​អង្គរ​ប្រចាំ​ឆ្នាំ​លើកទី​១០

កាលពី​នៅ​ក្មេង គីម ហាក់ នឹកឃើញ​ការ​ជីក​បាន​ដប​ទឹក​អប់​ចាស់​មួយ​ដែល​កប់​ក្នុង​ដី។ គាត់​នឹក​ឃើញ​កំសៀវ​ចាស់​មួយ​ដែល​គ្រួសារ​របស់​គាត់​ធ្លាប់​ប្រើ​ដាំ​ទឹក។

ចង្កៀងប្រេងកាត​ដែលលោក​ ង៉ែត​ យ៉ុន ប្រើប្រាស់​ដើម្បី​បំភ្លឺផ្ទះរបស់គាត់​នៅតាម​ជន​បទ​ ដែលគ្មាន​អគ្គិសនីប្រើប្រាស់ក្នុង​របបខ្មែរក្រហម​។​ គឹម ហាក់
ចង្កៀងខ្លាញ់ត្រីរបស់លោក​ ង៉ែត​ យ៉ន ប្រើប្រាស់​ដើម្បី​បំភ្លឺផ្ទះគាត់​នៅតាម​ជន​បទ​ក្នុង​របបខ្មែរក្រហម​។​ គឹម ហាក់

របស់​ទាំង​នេះ ដែល​នៅ​រ៉ាត់រាយ​ក្នុង​ផ្ទះ​របស់​អ្នក​ថត​រូប​នេះ ពេល​ដែល​គាត់​ធំ​ដឹង​ក្តី គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​របស់​មួយ​ចំនួន ដែល​គ្រួសារ​របស់​លោក​បាន​យក​មក​ជាមួយ​ នៅ​ពេល​ពួកគេ​បាន​រត់​ភៀសខ្លួន​ពី​ស្រុក​កំណើត​ក្រុង​បាត់ដំបង​ទៅ​ជនបទ​ក្នុង​របប​ខ្មែរ​ក្រហម។

វត្ថុ​បែបនេះ​បង្កើត​ជា​ប្រធានបទ​នៃ​លទ្ធផល​រួម​ចុងក្រោយ​របស់​លោក​ ហាក់ ឈ្មោះ​ថា “នៅរស់” ដែល​បាន​តាំង​ក្នុង​វិចិត្រសាល​ឆ្នាំ​១៩៦១ ជា​ផ្នែក​មួយ​នៃ​មហោស្រព​រូបថត​អង្គរ Angkor Photo Festival ប្រចាំ​ឆ្នាំ​លើក​ទី​១០​នៅ​ខេត្ត​សៀមរាប ដែល​បាន​បើក​កាលពី​ថ្ងៃ​សៅរ៍ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៦​ខែ​ធ្នូ។

ជា​បន្ត​បន្ទាប់ លោក ហាក់ បាន​ថត​គ្រប់​វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ​ដូចជា ក្រមា សៀវភៅ​សរសេរ និង​គ្រឿង​តុបតែង​លម្អ។ ប៉ុន្តែ គាត់​មិន​បាន​ជ្រើសរើស​យក​របស់​ចាស់​ណាមួយ​ដោយ​ខ្លួន​ឯងទេ។ ទាំងនេះ​ជា​របស់​ដែល​គេ​យក​មក​តាម​ខ្លួន​ទាំង​ប្រញាប់​ប្រញាល់ ពេល​ពួកគេ​ត្រូវ​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​ទីជនបទ​ជា​ជីវិត​កសិករ​ក្នុង​របប​ខ្មែរ​ក្រហម ពោល​គឺ​គ្រឿង​កំប៉ិក​កំប៉ុក​ដែល​បាន​ក្លាយ​ជា​រតន​សម្បត្តិ​ដោយសារ​កម្លាំង​ប្រវត្តិ​សាស្ត្រ។

លោក ហាក់ បាន​ឲ្យ​ដឹង​តាម​រយៈ​អីុម៉េល​ថា “នៅ​រស់ ជា​គំនិត​ផ្ទាល់​របស់​ខ្ញុំ​ដើម្បី​បញ្ចេញ​ឲ្យ​ដឹង​អំពី​អនុស្សាវរីយ៍​ផ្ទាល់​ខ្លួន​នៃ​រូបថត​ចាស់ៗ និង​របស់​របរ​ធម្មតា​ដែល​គ្រួសារ​ខ្មែរ​ក្នុង​មូលដ្ឋាន​បាន​ប្រគល់​ឲ្យ​ខ្ញុំ សែសិប​ឆ្នាំ​​បន្ទាប់ពី​របប​ខ្មែរ​ក្រហម”។

អ្នកថតរូប​នេះ​បាន​និយាយ​ថា “ក្នុង​ឆ្នាំ​១៩៧៥ ពេល​របប​ លន់ ណល់ ដួល​រលំ គេ​មិន​អាច​យក​អីវ៉ែ​អីវ៉ាន់​​តាម​ខ្លួន​បាន​ច្រើន​នោះ​ទេ។ គេ​យក​បាន​តែ​ខោអាវ ឆ្នាំង​ដាំ​ស្ល គ្រឿង​អលង្ការ​តិចតួច​ប៉ុណ្ណោះ និង​ជា​ពិសេស រូបថត​មួយ​ចំនួន ដើម្បី​រំឭក​ដល់​បងប្អូន​ជា​ទី​ស្រឡាញ់។ រូបថត​និង​វត្ថុ​ទាំងនេះ​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ។ វា​ជា​ភ័ស្តុតាង​នៃ​អតីតកាល​ក្នុង​ប្រវត្តិសាស្ត្រ”។

ឆ្នាំមុន អ្នកថតរូប​នេះ​បាន​បោះ​ផ្សាយ​សៀវភៅ​រូប​ថតទី​១​របស់​ខ្លួន ឈ្មោះ​ថា “រួបរួម” ដែល​បាន​រៀបរាប់​អំពី​ពិធី​បុណ្យ​បរម​សព​ព្រះមហាក្សត្រ នរោត្តម សីហនុ ។ គម្រោង​ថ្មី​របស់​លោក គឺ​ផ្តោត​លើ​រឿង​ផ្ទាល់​ខ្លួន​ច្រើន​ជាង។ លោក ហាក់ បាន​ចាប់​ផ្តើម​ការងារ​ជា​បន្ត​បន្ទាប់​កាលពី​ខែ​មករា ដែល​ជំរុញ​ដោយ​វត្ថុ​អនុស្សាវរីយ៍​របស់​គ្រួសារ​របស់​លោក​ផ្ទាល់។

លោក​បាន​និយាយ​ថា “តាំង​ពី​ខ្ញុំ​នៅ​ក្មេង នៅ​ប្រទេស​កម្ពុជា ខ្ញុំ​តែងតែ​ឮ​ឪពុក​ម្តាយ​ បងប្អូន​ និង​សាច់​ញាតិ​របស់​ខ្ញុំ និយាយ​អំពី​បទ​ពិសោធន៍​អតីតកាល​ឈឺ​ចុកចាប់​របស់​ពួកគាត់”។

លោក ហាក់ អាយុ​៣៣​ឆ្នាំ បាន​កើត​ពីរ​ឆ្នាំ​ក្រោយពី​កងទ័ព​វៀតណាម​បាន​ដណ្តើម​កាន់កាប់​ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៧៩ ដែល​បញ្ចប់​របប​ ប៉ុល ពត។ ប៉ុន្តែ​រឿងរ៉ាវ​ជាច្រើន​ពី​ទសវត្សរ៍​ខ្មៅ​ងងឹត​នោះ​ នៅតែ​បន្ត​អន្ទង​តាម​គាត់ ដូច​ការ​ដាក់​ចំណង​ជើង​នេះ​អ៊ីចឹង។ លោក​បាន​និយាយ​ថា “សង្គ្រាម​អាច​សម្លាប់​ជនរងគ្រោះ តែ​វា​មិន​អាច​សម្លាប់​ការ​ចង​ចាំ​របស់​អ្នក​នៅ​រស់​បាន​ឡើយ។ ការ​ចងចាំ​នៅ​រស់​ គេ​ស្គាល់ និង​គេ​ចែក​រំលែក​គ្នា”។

គម្រោង​របស់​លោក​ ហាក់ កំពុង​បន្ត ហើយ​គាត់​នៅ​កំពុង​រក​របស់​នានា និង​រឿងរ៉ាវ​ពី​គ្រួសារ​ជាច្រើន​តាម​ដែល​គាត់​អាច​ធ្វើ​បាន។ លោក​បាន​និយាយ​ថា “ឥឡូវ​នេះ ខំប្រឹងប្រែង​ឲ្យ​ទាន់​ពេល ពីព្រោះ​សាក្សី​រស់​បាត់បង់​ជីវិត​ជាបណ្តើរៗ​ហើយ”។

ប្រវត្តិ​នៃ​វត្ថុ​ទាំង​នេះ​នៅ​ក្នុង​ចំណោម​រឿង​ផ្សេងៗ​គ្នា ដែល​ប្រាប់​ដោយ​អ្នក​ថតរូប​មកពី​ប្រទេស​ជាច្រើន ក្នុង​នោះ​មាន​ប្រទេស​ឥណ្ឌា កូឡំប៊ី និង​ប្រទេស​អ៊ុយក្រែន ដែល​ចូលរួម​ក្នុង​មហោស្រព​រូបថត​អង្គរ​ឆ្នាំ​២០១៤ ដែល​មាន​វិចិត្រសាល​ជាច្រើន​និង​ទីកន្លែង​សាធារណៈ ព្រមទាំង​កម្មវិធី​សិក្ខាសាលា​មួយ​ផង។

ព្រះសង្ឃនិមន្តកាត់ភ្លើងដែលកំពុងឆេះព្រៃ។ Luke Duggleby
រូបថតពីពិព័ណ៌ដែលមានចំណងជើងថា ​ “ព្រះសង្ឃនិមន្តមក”។  Luke Duggleby

យោងតាម លោកស្រី ហ្វ្រានស័រ កាលីយ៉េ អ្នក​សម្រប​សម្រួល​កម្មវិធី​មហោស្រព​បាន​ឲ្យ​ដឹង​ថា មហោស្រព​នៅ​ឆ្នាំ​នេះ​ទទួល​បាន​សំណើ​សំុចូលរួម​ជាង​១.៧៥០​ពី​ប្រហែល​៨៥​ប្រទេស ជម្រុះ​មក​ត្រឹម​១៤​ពិព័រណ៍ និង​បន្ត​បន្ទាប់​ផ្សេងទៀត​ដាក់​បញ្ចាំង​លើ​ជញ្ជាំង និង​ផ្ទាំង​សំពត់ ដែល​រៀបចំ​នៅ​ទូទាំង​ក្រុង។

លោក​ស្រី កាលីយ៉េ បាន​និយាយ​ថា “លក្ខណៈ​វិនិច្ឆ័យ​សំខាន់​របស់​ខ្ញុំ​គឺ​ការ​​និទាន​រឿង​ល្អ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ យើង​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​តួនាទី​របស់​យើង​ក្នុង​ការ​រក​ឃើញ​ការងារ​ថ្មី​ពី​អ្នក​ថតរូប​ក្មេងៗ រឿង​ដែល​គេ​មិន​ស្គាល់ និង​ទេពកោសល្យ​ថ្មីៗ ដែល​គេ​មិន​ទាន់​ដឹង​លើ​ឆាក​អន្តរជាតិ​នៅឡើយ”។

ថ្វីបើ​មហោស្រព​នេះ​មាន​ប្រវត្តិ​យូរ​ហើយ​ខាង​សិល្បៈ​កើត​ថ្មី និង​បញ្ហា​សង្គម​ក៏ដោយ ក៏​ការ​រៀបចំ​ធ្វើ​ជាថ្មី​នៅ​ឆ្នាំ​នេះ​ទាក់ទង​នឹង​សង្គម​យ៉ាង​ខ្លាំង ពោលគឺ​វិចិត្រករ​ពិនិត្យ​លើ​ប្រធាន​បទ​ទាំង​ក្នុង​ស្រុក​ទាំង​នៅ​លើ​​សាកល​លោក។

ប្រធានបទ “ព្រះសង្ឃ​និមន្ត​មក”​របស់​អ្នក​ថតរូប​​អង់គ្លេស លូក ដាគ្លេប៊ី ចាប់​អារម្មណ៍​នឹង​ការ​ប្រឹងប្រែង​របស់​ព្រះសង្ឃ​ខ្មែរ ក្នុង​ការ​ការពារ​តំបន់​អារ៉ែង​នៅ​ខេត្ត​កោះកុង ពី​គម្រោង​ទំនប់​វារីអគ្គិសនី​ដែល​ស្នើ​ឡើង។

ក្នុង​ប្រធានបទ “The Pink Choice” អ្នក​ថតរូប​វៀតណាម ម៉ាយកា អេឡាន ​ជា​អតីត​និស្សិត​សិក្ខាសាលា​មហោស្រព​រូបថត​អង្គរ បាន​ថតរូប​ឱកាស​សប្បាយ​រីករាយ​គួបផ្សំ​នឹង​ភាព​ស្និទ្ធស្នាល ជា​ប្រធានបទ​មួយ​ដែល​គេ​មិន​និយាយ​ដល់​ក្នុង​ប្រទេស​វៀតណាម​អភិរក្ស​នេះ។ ប្រធានបទ ​”ក្មេង​សម្រាប់​ជួល” របស់​អ្នក​ថតរូប​អាល្លឺម៉ង់ សានដ្រា ហូអិន លាត​ត្រដាង​អំពី​ជំនួញ​ក្មេង​កំព្រា​របស់​ប្រទេស​ឥណ្ឌា។

ហើយ​អ្នក​ថតរូប​ចិន​ដ៏​ល្បី ហ្វាន ហូ ប្រើ​ស្រមោល​និង​ពន្លឺ​ដើម្បី​ពិពណ៌នា​ក្រុង​ហុងកុង​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៥០​និង​១៩៦០ ក្នុង​ពេល​ដែល​ក្រុង​នេះ ដែល​កើត​មាន​ការ​តវ៉ា​ទាមទារ​ប្រជាធិបតេយ្យ​នា​ពេល​ថ្មីៗ​នេះ បាន​ជិត​ក្លាយ​ទៅ​ជាទីក្រុង​ធំ​មួយ។

មហោស្រព​នៅ​ឆ្នាំ​នេះ​លើក​សរសើរ​លក្ខណៈ​ពិសេស​ពីរ គឺ “GreenLight Series”  ដែល​លើក​តម្លៃ​រឿងរ៉ាវ​រូបថត ដែល​ផ្តោត​លើ​កង្វល់​បរិស្ថាន និង “Impact Project” ដែល​បង្ហាញ​ការ​រៀបរាប់​រឿង​ដែល​អាច​មើល​ឃើញ​ជា​រូបភាព​នៃ​បុគ្គល​នីមួយៗ ឬ​ក្រុម​ ដែល​រួម​ចំណែក​ដល់​សង្គម។

រូបថត​តែ​មួយ​មុខ​មាន​ការ​ឆ្លុះ​បញ្ជាំង​ស៊ីជម្រៅ​និង​ពោរពេញ​ដោយ​គំនិត ចំណែកឯ​មហោស្រព​នេះ​ក៏​សម្រប​សម្រួល​ឲ្យ​មាន​ការ​ប្តូរ​គំនិត​គ្នា​តាម​រយៈ​សិក្ខាសាលា​របស់​ខ្លួន ដែល​មាន​លោក ហាក់ ជាអតីត​និស្សិត​ម្នាក់ដែរ។

ការ​លើក​ឡើង​ក្នុង​មហោស្រព​នោះ​ គឺ​ការ​ពិភាក្សា​ ដែល​មាន​ប្រធាន​បទ “ទស្សនៈ​អាស៊ី ការ​ចាប់ផ្តើម​ដំណើរការ បណ្តាញ​ព័ត៌មាន​សង្គម​និង​រូបថត” អំពី​បច្ចេក​វិជ្ជា​ថ្មី​ប៉ះពាល់​ដល់​ការងារ​អ្នក​ថតរូប​យ៉ាង​ដូចម៉្តេច និង​សុន្ទរកថា ដែល​មាន​បទ​បង្ហាញ​របស់​អ្នកថតរូប​សង្គ្រាម​ជើងចាស់ ប៉ាទ្រិក ឆាវែល អំពី “Ceux du Nord” គឺជា​កម្រង​រូបថត​ដែល​កម្រ​បាន​ឃើញ​ក្នុង​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី២ របស់​អ្នកថតរូប​វៀតណាម​ខាង​ជើង៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.