លោក ប៉ូលុនស្គី វាយ​​​បក​​​ជន​​​ជាតិ​​​រុស្សី​​​ជា​​​គូ​​​សត្រូវ​​​​​​ជុំវិញ​​​ការ​​​ចោទ​​​ប្រកាន់​​​រូប​​​លោក

លោក សេរហ្គេ ប៉ូលុន​​​ស្គី ​សេដ្ឋី​​​ជន​​​ជាតិ​រុស្សី​ដែល​រត់គេច​ខ្លួន​បាន​ដាក់ពាក្យ​បណ្ដឹង​​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចោទ​ប្រកាន់​លោក នីកូឡៃ ដូរ៉ូសិនកូ អតីត​ដៃគូ​ជំនួញ​របស់​ខ្លួន​ពីបទ​បរិហារ​កេរ្តិ៍​ ដោយ​ចោទ​ប្រកាន់​រូប​លោក​​ថា នៅ​ពីក្រោយ​ការ​វាយ​កូន​ប្រុស​របស់​គាត់​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​សប្ដាហ៍​មុន​។

ជនជាតិ​រុស្ស៊ី​​​រូប​នេះ​មាន​​​វិវាទ​ជា​​​យូរ​មក​ហើយ​​​ជុំវិញ​អចលនទ្រព្យ​​មួយ​ចំនួន​ ដែល​ពួកគេ​កាន់​កាប់​រួម​គ្នា​នៅ​ក្នុង​ទី​ប្រជុំ​​​ជន​ទេសចរណ៍ និង​នៅ​កោះ​​​មួយ​។ លោក​ បែន​សុន សម័យ មេធាវី​របស់​លោក ប៉ូលុនស្គី បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា “យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ទៅ​តុលាការ​នៅ​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​​​​ថ្ងៃ​អង្គារ​”។

លោកស្រី ចាត សុរស្មី ព្រះរាជ​អាជ្ញា​​​អម​សាលា​ដំបូង​ខេត្ត​​​បាន​បញ្ជាក់​ថា លោកស្រី​ទទួល​បាន​ពាក្យ​បណ្ដឹង​នេះ​ហើយ​​។

យោង​តាម​នគរ​បាល​​បាន​ឲ្យ​ដឹង​ថា លោក​​ អូសថេប ដូរ៉ូសិនកូ អាយុ​៣៦​ឆ្នាំ មាន​សញ្ជាតិ​ខ្មែរ​ និង​ជា​អនុ​​​សេ​​​នីយ៍​​​ឯក​ក្នុង​​កង​កម្លាំង​​​នគរ​បាល​អន្តោប្រវេសន៍​ខេត្ត​​ព្រះសីហនុ ត្រូវ​បាន​ជន​ជាតិ​រុស្ស៊ី​​​ពីរ​នាក់​ដាល់​​ជាច្រើន​ដៃ​ចំមុខ​ កន្លែង​​​ដែល​​ឪពុក​របស់​ខ្លួន​បាន​ឲ្យទៅ​ជួប​នៅ​តាម​ផ្លូវ​មួយ​​ទៅ​កាន់​សណ្ឋាគារ​ឯករាជ្យ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា។

របាយការណ៍​​ពេទ្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ពហុ​​​ព្យាបាល​ CT ក្នុង​ក្រុង​ព្រះ​​​សីហនុ ដែល​លោក​ អូសថេប ដូរ៉ូសិនកូ បាន​ចូល​សម្រាក​​ព្យាបាល​​បន្ទាប់​ពី​​​ការ​វាយប្រហារ​​​ បញ្ជាក់​ថា គាត់​​បាន​​​ទទួល​រង​បាក់​ឆ្អឹង​ថ្គាម ដោយ​មាន​ស្នាម​ជាំ​ និង​រយះ​លើ​ផ្ទៃ​មុខ​​។

កាល​​​ពី​ថ្ងៃ​អាទិត្យ ​លោក នីកូឡៃ ដូរ៉ូសិនកូ ​អាយុ​៥៦​ឆ្នាំ​បាន​ចោទ​ប្រកាន់​លោក ប៉ុលុនស្គី អាយុ​៤២​ឆ្នាំ​ថា បាន​បញ្ជា​ឲ្យ​​មាន​ការ​វាយ​នេះ ដែល​លោក​លើក​ឡើង​ថា ត្រូវ​បាន​សំដៅ​មក​រូប​លោក​។ លោក​បាន​និយាយ​នៅ​ពេល​នោះ​ថា “ប្រសិន​បើ​​​ខ្ញុំ​ទៅ​ជួប​ពួកគេ ម្លេ៉ះ​សម​ពួកគេ​សម្លាប់​ខ្ញុំ​ទៅ​ហើយ​។

នៅ​ថ្ងៃ​បន្ទាប់​​ លោក បែនសុន សម័យ មេធាវី​របស់​លោក ប៉ូលុនស្គី ​បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​​​ការិយាល័យ​របស់​លោក​​ក្នុង​រាជ​ធានី​​ភ្នំពេញ​ ដែល​អំឡុង​ពេល​នោះ​លោក​​បាន​លើក​ឡើង​​ថា​ ដៃ​របស់​កូនក្ដី​លោក​ស្អាត​ស្អំ។

​លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​ [ប៉ូលុនស្គី] បាន​និយាយ​ថា វា​ជា​​​រឿង​ភាព​យន្ត​តែ​ប៉ុណ្ណោះ មិន​មែន​ជា​រឿង​ពិត​ទេ​”។ លោក​បាន​បន្ថែម​ថា រូប​ថត​របស់​​​លោក អូស​​​ថេប ដូរ៉ូសិនកូ ​ប្រឡាក់​សុទ្ធ​តែ​ឈាម​បន្ទាប់ពី​ការ​វាយ​ប្រហារ​ ហើយ​បាន​ចុះ​ផ្សាយ​នៅ​តាម​កាសែត​ក្នុង​ស្រុក​កាលពី​ចុង​សប្ដាហ៍​​​នោះ គឺ​ជា​ការ​យល់​ខុស​។ លោក​ បែនសុន សម័យ បាន​មាន​ប្រសាសន៍​ថា ” លោក ប៉ូលុនស្គី បាន​និយាយ​ថា វា​ជា​ឈាម​ត្រី ​​ឈាម​មាន់ទេ”។

លោក ប៉ូលុនស្គី ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ទ្រព្យ​ច្រើន​បំផុត​ក្នុង​ប្រទេស​រុស្ស៊ី​​ ត្រូវ​បាន​ចោទ​ប្រកាន់​កំបាំង​មុខ​ដោយ​ក្រសួង​មហាផ្ទៃ​រុស្ស៊ី ពីបទ​កិប​កេង​ប្រាក់​រាប់​លាន​ដុល្លារ​ពី​វិនិយោគិន​មួយ​ចំនួន​​​​​ក្នុង​​​ការ​​​រក​​​ស៊ី​​​ខាង​អចលនទ្រព្យ។

​បន្ទាប់​មក​លោក​ត្រូវ​បាន​​ស្ថិត​ក្នុង​បញ្ជី​ឧក្រិដ្ឋជន​ ដែល​គេ​ចង់​ចាប់​ខ្លួន​បំផុត​របស់​នគរ​បាល​អាំង​​​ទែប៉ូលពី​បទ “​ឆបោក​ទ្រង់ទ្រាយ​ធំ” ប៉ុន្តែ​តុលាការ​កម្ពុជា​បាន​បដិសេធ​សំណើ​សុំ​ធ្វើ​បត្យា​​​ប័ន​ជាច្រើន​លើក​​របស់​ក្រុង​មូស្គូ។

នៅ​ក្នុង​បទ​សម្ភាស​កាលពី​ដើម​សប្ដាហ៍​នេះ​នៅ​កោះ​ដែក​គោល ជា​កោះ​ឯកជន​តូច​មួយ​​នៅ​ក្នុង​​​សមុទ្រ​ក្រុង​ព្រះសីហនុ ដែល​លោក ប៉ូលុន​ស្គី បាន​ចំណាយ​ពេល​ភាគច្រើន​​​របស់​លោក​​​​នៅ​ទីនោះ​ លោក​បាន​មាន​ប្រសាសន៍​ថា ខណៈ​ដែល​លោក អូសថេប ដូរ៉ូសិនកូ ​ត្រូវ​បាន​បង្ក​របួស​ស្នាម​នោះ កាល​​​ចោទប្រកាន់​​​តាម​​​តែ​​​ចិត្ត​​​​របស់​ឪពុក​គាត់​មិន​គិត​​​មុខ​​​គិត​​​ក្រោយ​​​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “ឪពុក​របស់​បុរស​រូប​នេះ​បាន​និយាយ​ថា អូ ប៉ូលុនស្គី! ប៉ូលុន​​​ស្គី!”។ ដោយ​សំដៅ​ដល់​​​ការ​ចោទ​ប្រកាន់​របស់​លោក នីកូឡៃ ដូរ៉ូសិនកូ លោក​បាន​មាន​ប្រសាសន៍​ថា “ហេ ឈប់​ទៅ”។ លោក​បាន​បន្ថែម​ថា “នេះ​មិន​មែន​ជា​គំនិត​របស់​ខ្ញុំ​ទេ។ រយៈ​ពេល​៤២​ឆ្នាំ​​មក​ហើយ ខ្ញុំ​មិន​ដែល​សម្លាប់​នរណា​ម្នាក់​ទេ​”។

លោក ប៉ូលុនស្គី ក៏​បាន​កត់​សម្គាល់​ដែរ​ថា វា​មិន​ពិបាក​ស្វែង​រក​ជនសង្ស័យ​ពិត​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា ” វា​មិន​ពិបាក​ក្នុង​​​ការ​​​ស្វែងរក​​ជន​ជាតិ​រុស្ស៊ី​​​ស្បែក​​​សពីរ​​​នាក់​​​​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ឡើយ​”។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក នីកូឡៃ ដូរ៉ូសិនកូ បាន​បង្វែរ​សំណួរ​ទៅ​កូន​ប្រុស​របស់​គាត់ ដែល​បាន​​គាំទ្រ​ការ​អះអាង​របស់​ឪពុក​ខ្លួន​។

នៅ​ពេល​ស្ថិត​ក្នុង​សភាព​ពាក់​កណ្ដាល​ដឹង​​​ខ្លួន​​​អំឡុង​ការ​វាយ​នោះ លោក អូសថេប ដូរ៉ូ​​​សិនកូ បាន​និយាយ​ថា លោក​បាន​ស្តាប់​​​ឮ​អ្នក​វាយ​រូប​លោក​និយាយ​គ្នា​ថា ពួកគេ​ត្រូវ​លោក ប៉ូលុនស្គី ជួល​។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​ឮ​បុរស​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​នេះ​និយាយ​ថា ប្រសិន​បើ​ខ្ញុំ​មិន​ស្លាប់​ទេ​នោះ លោក ប៉ូលុនស្គី មិន​ឲ្យ​លុយ​ពួកគេ​ឡើយ​”។ លោក​បាន​បន្ថែម​ថា លោក​កំពុង​លាក់​ខ្លួន​ជាមួយ​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ និង​កូនស្រី​អាយុ​២ឆ្នាំ​របស់​លោក​។

លោក​បាន​និយាយ​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចោទ​ប្រកាន់​លោក ប៉ូលុនស្គី ពី​​​បទ​ប៉ុនប៉ង​មនុស្សឃាត ដោយ​​ថត​​​ចម្លង​​​ពាក្យ​​​បណ្តឹង​​​នេះ​​​​បញ្ជូន​​​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែរ​។

លោកស្រី សុរស្មី ព្រះ​​​រាជ​​​អាជ្ញា​​​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា លោកស្រី​មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​លោក អូសថេប ដូរ៉ូសិនកូ ទេ។ លោក​ ធៀង រ៉ាមី ក្រឡាបញ្ជី​នៅ​សាលា​ដំបូង​រាជធានី​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា លោក​មិន​បាន​ឃើញ​ច្បាប់​ចម្លង​នៃ​ពាក្យ​បណ្ដឹង​នោះ​ឡើយ​។

លោក ម៉ែន វណ្ណី នាយ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ព្រះសីហនុ ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា មន្ត្រី​របស់​លោក​​កំពុង​ស៊ើបអង្កេត​ឧបទ្ទវហេតុ​នេះ​ ប៉ុន្តែ​នៅ​រង់ចាំ​ការ​​​រៀបរាប់​ភិនភាគ​ជនសង្ស័យ​​ពី​សំណាក់​លោក​ អូសថេប ដូរ៉ូសិនកូ នៅឡើយ៕សារុន (រាយការណ៍​បន្ថែម​ដោយ ឃួន ណារីម និង Chris Mueller)​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.