តុលាការ​ខេត្ត​ព្រះសីហនុ​បង្គាប់​ឲ្យ​លោក ប៉ូឡុនស្គី​ ចេញពី​កោះ​ឯកជន

មេធាវី​របស់​លោក សេរហ្គេ ​ប៉ូឡុនស្គី (Sergei Polonsky)និង​លោក នីកូឡាយ ដូរ៉ូសេនកូ (Nikolai Doroshenko) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា តុលាការ​ខេត្ត​ព្រះសីហនុ​បាន​បង្គាប់​ឲ្យ​មហាសេដ្ឋី​រុស្ស៊ី​ដែល​រត់​គេច​ខ្លួន លោក សេរហ្គេ ប៉ូឡុនស្គី ចេញពី​ផ្ទះ​របស់​លោក​លើ​កោះ​ដែកគោល ដែល​ជា​កោះ​ឯកជន​តូច​មួយ​នៅ​ឯនាយ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ជា​ការ​ឆ្លើយតប​​ទៅ​នឹង​សំណើ​ទៅ​តុលាការ​ដោយ​គូ​ប្រជែង​របស់​លោក គឺ​លោក នីកូឡាយ ដូរ៉ូសេនកូ។

កោះ​ដែកគោល ដែល​ជា​កោះ​ឯកជន​តូច​មួយ​របស់មហាសេដ្ឋី​រុស្ស៊ី​លោក សេរហ្គេ ប៉ូឡុនស្គី។ Ben Wood នៅ​ឯនាយ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ
កោះ​ដែកគោល ដែល​ជា​កោះ​ឯកជន​តូច​មួយ​របស់មហាសេដ្ឋី​រុស្ស៊ី​លោក សេរហ្គេ ប៉ូឡុនស្គី។ Ben Woods

សេចក្តី​ជូន​ដំណឹង​របស់​តុលាការ​ដែល​ចេញ​កាលពី​ថ្ងៃ​ទី៣​ខែ​ធ្នូ និង​ប្រគល់​កាលពី​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ទៅ​កោះ​នេះ ដែល​អ្នក​ទាំងពីរ​ទាមទារ​សិទ្ធិ​កាន់កាប់​នោះ បាន​ទុក​ពេល​ដល់​ថ្ងៃ​ច័ន្ទ​ឲ្យ​លោក ប៉ូឡុនស្គី ចាកចេញ ក៏​ប៉ុន្តែ​មេធាវី​របស់​គាត់​ម្នាក់​បាន​និយាយ​ថា កូនក្តី​របស់​គាត់​គ្មាន​បំណង​ទៅ​ណា​ទេ។

ចុះ​ហត្ថលេខា​ដោយ​លោកស្រី ចាត សូរស្មី ជា​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ព្រះសីហនុ ការ​ជូនដំណឹង​នេះ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ដីកា​សម្រេច​រក្សាការពារ​កាលពី​ខែ​មិថុនា ដែល​បញ្ជា​ឲ្យ​លោក​ប៉ូឡុនស្គី ​ចេញពី​កោះ​នេះ។

សេចក្តីជូនដំណឹង​មាន​ខ្លឹមសារ​ថា “សូមជ្រាបថា ត្បិត​សេចក្តី​សម្រេច…ចុះ​ថ្ងៃទី​៦​ខែ​មិថុនា​ដោយ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​បណ្តេញ​លោក សេរហ្គេ យូរីវិច ប៉ូឡុនស្គី និង​បក្ខពួក​របស់​ខ្លួន​ដែល​កំពុង​ស្នាក់នៅ​លើ​កោះ​ដែកគោល​​ឲ្យ​ចាកចេញ​មុន​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៤។ បើ​មិន​អនុវត្ត​តាម​ការ​ជូនដំណឹង​នេះ​ យើង​នឹង​ចាត់​វិធានការ​ច្បាប់”។

ដីកា​សម្រេច​រក្សា​ការពារ​ចុះ​ថ្ងៃទី​៦​ខែ​មិថុនា ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​សាលា​ដំបូង​ខេត្តព្រះសីហនុ ញឹម ពិសាល បង្គាប់​ឲ្យ​មាន​ការ​បណ្តេញ”ជា​បណ្តោះ​អាសន្ន” ចំពោះ​លោក ប៉ូឡុនស្គី ដោយ​សំអាង​ហេតុផល​ថា កោះ​នេះ​ជា​កម្ម​សិទ្ធិ​របស់​ក្រុមហ៊ុន ស៊ី ស្នេក អិុនវេសមេន របស់​លោក ដូរ៉ូសេនកូ​ និង​កំពុង​ត្រូវ​កាន់កាប់​ទាំង​ខុស​ច្បាប់​ដោយ​លោក ប៉ូឡុនស្គី។

លោក ដូរ៉ូសេនកូ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក​បាន​ដឹង​ច្បាស់​ថា លោក ប៉ូឡុនស្គី មិន​បាន​ចាកចេញ​ពី​កោះ​នេះ​ទេ ប៉ុន្តែ​លោក​ជឿជាក់​ថា តុលាការ​ប្រាកដ​ជា​នឹង​បណ្តេញ​លោក ប៉ូឡុនស្គី ​ចេញ​នៅ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ជា​មិនខាន។

ដោយ​បង្វែរ​សំណួរ​ច្រើនទៀត​ទៅ​មេធាវី​របស់​លោក គឺ​លោក ស៊ុន សំអុល លោក​បាន​និយាយ​ថា “ប៉ូឡុនស្គី ស្ថិត​នៅ​លើ​កោះ​នេះ​នៅ​ឡើយ និង​មិន​បាន​ចាកចេញ​ទេ។ ប្រសិនបើ​គាត់​មិន​ចាកចេញ​ពី​ចន្លោះ​ថ្ងៃ​ទី​១៦​និង​ទី​១៨​ទេ តុលាការ​នឹង…បង្ខំ​គាត់​ឲ្យ​ចាកចេញ”។

លោក សំអុល បាន​និយាយ​ថា កូនក្តី​របស់​លោក​បាន​ស្នើ​ឲ្យ​តុលាការ​អនុវត្ត​តាម​ដីកា​សម្រេច​រក្សា​ការពារ​ខែ​មិថុនា ដោយសារ​មាន​ការ​តតាំង​ខាង​ផ្លូវ​ច្បាប់​ជា​បន្ត​រវាង​គូប្រជែង​ទាំងពីរ។ កាលពី​ដើម​ខែ​នេះ លោក ដូរ៉ូសេនកូ បាន​ចោទ​លោក ប៉ូឡុនស្គី ជា​សាធារណៈ​ ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយ​តប់​កូន​ប្រុស​របស់​គាត់ នៅ​ក្រុង​ព្រះ​សីហនុ បណ្តាល​ឲ្យ​លោក ប៉ូឡុនស្គី ដាក់​ពាក្យ​បណ្តឹង​បរិហារ​កេរ្តិ៍​តបវិញ។ លោក សំអុល បាន​និយាយ​ថា “កូនក្តី​របស់​ខ្ញុំ​បារម្ភ​និង​បាន​ស្នើ​ឲ្យ​តុលាការ​ជំរុញ​ការ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ…​ពីព្រោះ​ពួកគេ​បាន​មាន​ជម្លោះ​នឹង​គ្នា​ក្នុង​ពេល​ថ្មីៗ​កន្លង​មក​នេះ”។

លោក បែន សុនសម័យ មេធាវី​ខ្មែរ​របស់​លោក ប៉ូឡុនស្គី បាន​និយាយ​ថា ការ​ជូន​ដំណឹង​របស់​តុលាការ​គ្រាន់តែ​ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​បំភិត​បំភ័យ​កូនក្តី​របស់​លោក​ប៉ុណ្ណោះ។ លោក​បាន​និយាយ​ថា “នេះ​គ្រាន់តែ​ជា​លេស​មួយ​ដើម្បី​ធ្វើ​ឲ្យ​កូនក្តី​របស់​ខ្ញុំ​ខ្លាច។ តាម​ពិត កូន​ក្តី​របស់​ខ្ញុំ​កំពុង​រស់​នៅ​និង​ធ្វើ​ជំនួញ​របស់​ខ្លួន​ជា​ធម្មតា​លើ​កោះ​ដែកគោល”។

កាស្ប៉ា សេកូទីន (Kaspars Cekotins) ជា​មេធាវី​ម្នាក់​ទៀត​របស់​លោក​ ប៉ូឡុនស្គី បាន​និយាយ​ថា សេចក្តី​ជូន​ដំណឹង​តុលាការ​គ្មាន​មូលដ្ឋាន​ច្បាប់​ទេ ព្រោះ​វា​ត្រូវ​បាន​ប្តឹង​យូរ​ណាស់​ហើយ បន្ទាប់ពី​ដីកា​សម្រេច​រក្សា​ការពារ​ខែ​មិថុនា។ លោក សេកូទីន បាន​និយាយ​ថា “ដើម្បី​ឲ្យ​ការ​បង្គាប់​បែប​នេះ​ស្រប​ច្បាប់​នោះ ចាំបាច់​ត្រូវ​ដាក់​បណ្តឹង​ក្នុង​ពេល​១៥​ថ្ងៃ​បន្ទាប់ពី​សេចក្តី​សម្រេច​របស់​តុលាការ”។ លោក​បាន​បន្ថែម​ថា ទោះជា​ពេល​កំណត់​ថ្ងៃ​ទី​១៥​ធ្នូ​កន្លង​ផុត​ក៏ដោយ ក៏មិន​មាន​ការ​ប្រឹងប្រែង​ដើម្បី​អនុវត្ត​សេចក្តី​ជូនដំណឹង​នេះ​ដែរ។ លោក​បាន​និយាយ​ថា “ខ្ញុំ​នៅ​ទី​នេះ​លើ​កោះ​នេះ ហើយ​គ្មាន​រឿង​អ្វី​កើត​ឡើង​ទេ គ្មាន​នរណា​មក​ទី​នេះ​ឡើយ”។

លោក សេកូទីន បាន​និយាយ​ថា លោក ប៉ូឡុនស្គី ដែល​មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អធិប្បាយ​បាន​កាលពី​ថ្ងៃ​អង្គារ ពីព្រោះ​គាត់​រវល់​រៀបចំ​ការ​ប្រជុំ​ជំនួញ​នៅ​លើ​កោះ​មួយ​ផ្សេងទៀត តាមពិត​ជា​ម្ចាស់​កោះដែកគោល​ និង​គ្មាន​គម្រោង​ចាកចេញ​ពី​កោះ​នេះ​ទេ។ លោក​បាន​និយាយ​ថា “វា​ជា​កោះ​របស់​គាត់។ គាត់​មិន​បាច់​ចាកចេញ​ទេ។ ទាំង​ទឹក​ប្រាក់​វិនិយោគ​ ទាំង​ការងារ​ផ្សេងៗ សុទ្ធ​តែ​លោក​ជា​អ្នក​ទទួល​រ៉ាប់រង​ទាំងអស់”។

លោក ប៉ូឡុនស្គី ដែល​ធ្លាប់​ជា​អ្នក​មាន​បំផុត​ម្នាក់​នៅ​ប្រទេស​រុស្ស៊ី ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​រុស្ស៊ី​ចោទ​កំបាំង​មុខ ពីបទ​កេង​បន្លំ​យក​ប្រាក់​រាប់​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​ជាច្រើន​ក្នុង​គម្រោង​សំណង់​អគារ​នៅ​ក្រុង​មូស្គូ។ បន្ទាប់មក​គេ​បាន​ដាក់​ឈ្មោះ​គាត់​ក្នុង​បញ្ជី​នៃ​ឧក្រិដ្ឋជន​ដែល​គេ​តាម​ចាប់​បំផុត ប៉ុន្តែ​តុលាការ​កម្ពុជា​បាន​បដិសេធ​សំណើ​បត្យាប័ន​ជា​ច្រើន​លើក​ច្រើនសា​ពី​ប្រទេស​រុស្ស៊ី។

យោងតាម​ប្រភព​កម្ពុជា​មិន​ប្រាប់​ឈ្មោះ​ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​តាស (TASS)​មាន​មូលដ្ឋាន​នៅ​ក្រុង​មូស្គូ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​អង្គារ ទីភ្នាក់ងារ​ព័ត៌មាន​ច្បាប់​រុស្ស៊ី​បាន​រាយការណ៍​ថា ក្រុង​មូស្គូ​បាន​បញ្ជូន​សំណើ​មួយ​ផ្សេងទៀត​មក​ប្រទេស​កម្ពុជា សុំ​ការ​ធ្វើ​បត្យាប័ន​លោក ប៉ូឡុនស្គី។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា “[ប្រភព​នោះ]​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​បាន​បាត់បង់​ប្រាក់​របស់​ខ្លួន​ដោយសារ​ការ​ឆបោក​ក្នុង​គម្រោង​សំណង់​របស់​លោក ប៉ូឡុនស្គី បាន​ប្តឹង​ទាមទារ​សំណង។ គាត់​បាន​និយាយ​ដែរ​ថា គាត់​មិន​បាន​ដឹង​ថា​ពេលណា​អាជ្ញាធរ​កម្ពុជា​នឹង​សម្រេច​ទៅលើ​សំណើ​បត្យាប័ន​ថ្មី​នេះ​ទេ”។

ក្នុង​សេចក្តី​ថ្លែង​មួយ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គាត់​កាលពី​យប់​មិញ លោក ប៉ូឡុនស្គី បាន​ច្រានចោល​សេចក្តី​រាយការណ៍​ព័ត៌មាន​នោះ​ ថា​គ្មាន​ភ័ស្តុតាង​បញ្ជាក់​និង​ជា​ការ​បង្កាច់​បង្ខូច​ប៉ុណ្ណោះ៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.