ចាំបាច់​ត្រូវ​​​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​មាន​តុល្យភាព​ជាមួយ​នឹង​ការ​អភិរក្ស​វប្បធម៌

មានព័ត៌​​មាន​ចុះ​ផ្សាយ​ជាហូរហែ​អំពី​ចលាចល​ក្នុង​សង្គម​​ពាក់ព័ន្ធ​នឹង​ការ​ចាប់​យក​ដីធ្លី​នៅ​ក្នុង​ខេត្តព្រះវិហារភាគ​ខាង​ជើង ដោយ​ប្រជាជន​នៅ​ទីនោះ​រួម​មានទាំង​ជនជាតិ​ដើម​ភាគ​តិច​គួយ ​ផង​ដែរ​។

ជនជាតិ​ដើមភាគ​តិច​គួយ ​បាន​និង​កំពុង​ធ្វើ​ការ​តវ៉ា​ស្រប​ច្បាប់​ប្រឆាំង​​ក្រុម​ហ៊ុនឯកជន ដែល​​ទទួល​បាន​ដីសម្បទាន​​ពី​រដ្ឋាភិបាល​ក្នុង​ពេល​ថ្មីៗនេះ និង​ដែល​កំពុង​រឹប​អូស​ និង​ឈូស​ឆាយ​ដីស្រែ​ចម្ការ​ដូន​តា​របស់ពួកគាត់ ដើម្បី​ធ្វើ​ចម្ការ​​បែប​ឧស្សាហកម្ម​។

កាលពី​ថ្ងៃទី​១២ ខែធ្នូ ខ្ញុំ​បាន​ជួប​ជាមួយ​អ្នកភូមិ​ជន​ជាតិគួយ​ មួយ​ក្រុមដែល​តំណាង​ឲ្យ​សហគមន៍​របស់ពួកគាត់​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ស្ថិតក្នុង​ស្រុក​​ (ត្បែង​មាន​ជ័យ) ដែល​ពួកគាត់កំពុង​​​តស៊ូការ​ពារ​ដី​ធ្លី​ដែល​ពួកគាត់​បាន​ធ្វើ​​​ស្រែចម្ការ​ជាច្រើន​ជំនាន់​មក​ហើយ។ ដី​របស់​ពួកគាត់​ភាគច្រើន​ជា​ដីស្រែ ដែល​មាន​ទម្រង់មូលដ្ឋាន​ជា​​កសិកម្ម​បែប​ប្រពៃណី​ដែល​គ្រប់​គ្រាន់​សម្រាប់​តែ​ចិញ្ចឹម​ជីវិត។

ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​​​ឲ្យ​បាន​ត្រឹម​ត្រូវ​ យុត្តិធម៌ និង​ប្រកប​ដោយ​មនុស្សធម៌​ពាក់​ព័ន្ធ​នឹង​ជនជាតិ​ដើម​ភាគ​តិចដូច​ជា​ជនជាតិ​គួយ នៅ​ភាគ​ខាង​ជើង​ជា​ដើម​ ក៏ដូច​ជា​ជនជាតិ​ភាគតិច​កុលសម្ព័ន្ធ​ភ្នំ ឬជនជាតិ​​ម៉ុងតាញ៉ា​នៅ​ភាគ​ឦសាន រដ្ឋាភិបាល​ត្រូវ​តែ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អំពី​កត្តាមួយ​ចំនួនដូច​ខាង​ក្រោ​ម​​ ៖

១. ជនជាតិដើម​ភាគ​តិច​ទាំង​នោះគ្មានគំនិត​ចង់​បាន​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដូច​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ទេ។ ពួកគាត់​​ត្រូវបាន​ផ្សា​ភ្ជាប់​ជាមួយ​សហគមន៍ និង​ស្រឡាញ់​សហ​គមន៍​ណាស់​ហើយ​ដីធ្លី​ត្រូវ​​​គ្រប់​គ្រង​ជា​សមូហភាព និង​ធ្វើ​​ស្រែ​ចម្ការ​ទៅ​តាម​ប្រពៃណី​ដូនតា​របស់​ពួកគាត់។ ដូច្នេះ​ហើយ វា​មិន​យុត្តិធម៌​ទេ​​ដែល​រំពឹង​ចង់​ឲ្យ​ពួក​គាត់​ធ្វើ​​​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជា​លក្ខណៈ​បុគ្គល​ក្នុង​ករណី​មាន​​វិវាទ​ដី​ធ្លី​​ជា​មួយ​អ្នក​​ខាង​ក្រៅ ឬ​អ្នក​ចំណូល​ថ្មី។

២. ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​ចង់​រក្សា​ទម្រង់​ប្រពៃណី​នៃ​ការ​រស់​នៅ​ ការ​កាន់​កាប់ និង​ការ​​ធ្វើ​ស្រែចម្ការ​របស់​ពួកគាត់​។ គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​ពួកគាត់​ឲ្យ​បោះ​បង់​ចោល​ប្រពៃណី និង​គុណ​តម្លៃ​របស់ពួកគាត់​ក្រោម​លេស​ “អារ្យធម៌” ឬ​ “​ ការ​អភិវឌ្ឍ” ​បាន​ឡើយ​។ តំណាង​ជនជាតិ​ដើម​ភាគ​តិច​​គួយ ​បាន​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់​ថា ពួកគាត់​​ចាត់​ទុក​កម្មសិទ្ធិ​ដីឯកជន​​ថា​ពាក់​ព័ន្ធ​នឹង​​សួនតួ​និយម និង​ភាព​​លោភលន់​ដែល​ប្រាសចាក​ពី​ប្រពៃណី និង​​គុណ​តម្លៃ​របស់​ពួកគាត់​ ហើយ​គំរាម​កំហែង​ដល់​សហគមន៍ និង​អត្តសញ្ញាណ​របស់​ពួកគាត់​។

៣. ពួកគាត់​ជា​កសិករ​ប្រកប​ដោយ​មោទនភាព ឯករាជ្យនៅ​ក្នុង​សហគមន៍​​របស់​ពួកគាត់​ ដែល​ច្រាន​ចោលសំណើ​ពីក្រុម​ហ៊ុន​ឯកជនដែល​សុំ​ប្រែក្លាយ​ពួកគាត់​ទៅ​ជា​កម្មករ​ស៊ីឈ្នួល បន្ទាប់ពី​ចាប់​យក​ដីធ្លី​របស់​ពួកគាត់​​។

ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​​មិន​អើពើ​​ចំពោះ​បញ្ហា​​​​ប្រជា​ពល​រដ្ឋ​​ និង​សង្គម​​បែប​នេះ​ទៀត​ គោល​នយោបាយ​ ” អភិវឌ្ឍន៍” ​ដ៏​តឹង​រឹុងរបស់​ខ្លួន​​​ដែល​អនុ​វត្ត​​ទៅ​លើជនជាតិ​ដើមភាគ​តិច​ដ៏ចំណាស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ស្មើ​នឹង​ប្រល័យពូជ​សាសន៍​វប្បធម៌។ ដោយ​បន្ត​បំផ្លិច​បំផ្លាញប្រពៃណី ​គុណ​តម្លៃ និង​ជីវភាព​រស់​នៅ​របស់​ពួកគាត់​ឥត​ឈប់​ឈរ​ អត្ត​សញ្ញាណ​ និង​វត្តមាន​ជនជាតិ​គួយ និង​ជនជាតិ​ម៉ុងតាញ៉ា ​កំពុង​ស្ថិត​ក្នុង​​​ភាព​​គ្រោះ​ថ្នាក់​។

លោក សម រង្ស៊ី គឺ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕ សុខុម​​​​​​​​​​​ (ដោយ សម រង្ស៊ី)

 

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.