រដ្ឋាភិបាល​​នៅ​តែ​រក្សា​ការ​សម្រេច​​​​មិន​បន្ត​ទិដ្ឋាការ​​​ឲ្យ​សកម្មជន​ការពារ​បរិស្ថាន​

កាលពី​ម្សិលមិញ ក្រសួង​មហាផ្ទៃ​​បាន​លើក​ឡើង​ថា ខ្លួន​នៅ​តែ​​រក្សា​ការ​សម្រេច​​​មិន​បន្ត​ទិដ្ឋាការ​​ឲ្យ​លោក អាឡិចហ្សង់​ដ្រូ ហ្គន់ហ្សេលេស ដេវីតសុន​ (Alejandro Gonzales-Davidson)​ សកម្មជន​ការ​ពារ​បរិស្ថាន​ឥត​សំចៃ​មាត់​ ខណៈ​កំពុង​មាន​ការ​ដាក់​សម្ពាធ​ពី​​​សំណាក់​​​​សកម្មជន​ផ្សេងៗ​ទៀត អង្គការ​មិន​មែន​រដ្ឋាភិបាល សហជីព​ និស្សិត និង​ព្រះសង្ឃ ព្រមទាំង​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​ប្រឆាំង​​ឲ្យ​មាន​ការ​កែប្រែ​សេចក្ដី​សម្រេច​នេះ​ក៏ដោយ។

ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ទៀត​ថា ខ្លួន​នឹង​មិន​បន្ត​ទិដ្ឋាកា​រដែល​នឹង​ផុុត​សុពលភាព​នៅ​ថ្ងៃ​សុក្រ​ឡើយ​ ព្រោះ​លោក ហ្គន់ហ្សេលេស ដេវីតសុន​ ​និង​សកម្មជន​ផ្សេង​ទៀត​​មក​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ឈ្មោះ​ថា មាតាធម្មជាតិ (Mother Nature) របស់​លោក​បាន​​ប្រើ​របាំង​បិទ​ផ្លូវ​ទៅ​រារាំង​ក្បួន​រថយន្ត​របស់​មន្ត្រី​រដ្ឋាភិបាល​ ដែល​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​គេ​គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ខេត្ត​កោះ​កាលពី​ខែ​កញ្ញា។ អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​​ចង់​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី ដែល​នឹង​បង្ខំ​ឲ្យ​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​រាប់​រយ​គ្រួសារ​ចាក​ចេញ​ពី​ដី​ដូនតា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ជ្រលង​អារ៉ែង និង​ធ្វើ​ឲ្យ​លិច​លង់​​ជម្រក​របស់​​សត្វ​​ជិត​ផុត​ពូជ​ប្រមាណ​៣០​ប្រភេទ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើ​លិខិត​​មួយ​ច្បាប់​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​​​ច័ន្ទ ដោយ​ស្នើ​ឲ្យ​លោក​​ជួយ​អន្តរាគមន៍​ដើម្បី​ឲ្យ​មាន​ការ​បន្ត​ទិដ្ឋាកា​ររបស់​លោក ហ្គន់ហ្សេលេស ដេវីតសុន​។ លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ​កាលពី​ម្សិលមិញ​ ដោយ​ផ្ញើ​លិខិត​ជូន​​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ថ្វាយ​​​ព្រះមហាក្សត្រ​​ នរោត្តម សីហមុនី។

ប៉ុន្តែ​ឧត្ដម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​​​ពាក្យ​ក្រសួង​មហាផ្ទៃ​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​នឹង​មិន​ផ្លាស់​ប្ដូរ​គោល​ជំហរ​របស់​ខ្លួន​ឡើយ។

ឧត្ដម​សេនីយ៍ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា “ក្រសួង​​តម្រូវ​ឲ្យ​លោក ហ្គន់ហ្សេលេស ដេវីតសុន​ ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​រយៈ​ខ្លី​​មុន​ពេល​លោក​អាច​ត្រឡប់​មក​វិញ​បាន​។ យើង​គិត​ថា វិធានការ​នេះ​គឺ​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​”។

រដ្ឋាភិបាល​​បាន​លើក​ឡើង​ថា លោក​ ហ្គន់ហ្សេលេស ដេវីតសុន​ អាច​ដាក់​ពាក្យ​សុំទិដ្ឋាការ​​​​ថ្មី​នៅ​ពេល​ណា​លោក​ចាក​ចេញពី​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​មែន​មុន​ពេល​​ដែល​លោក​​មិន​ទាន់​ចាក​ចេញនោះ​​​ឡើយ។ ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​ពន្យល់​កាលពី​ម្សិលមិញ​ថា សកម្មជន​រូប​នេះ​ត្រូវ​តែ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ជាមុន​សិន ដោយ​សារ​មាន​ពាក្យ​បណ្ដឹង​​ប្ដឹង​លោក​​ដោយ​មន្ត្រី​ខេត្ត​កោះកុង​ជុំវិញ​ការ​បិទ​ផ្លូវ។

លោក​បាន​លើក​ឡើង​ទៀត​ថា រដ្ឋាភិបាល​​​អាច​និរទេស​ ឬ​ផ្ដន្ទាទោស​លោក ប៉ុន្តែ​បាន​ជ្រើស​វិធានការ​ដ៏ល្អ​ប្រសើរ​ដែល​អាច​ទទួល​យក​បាន​មួយ​។

លោក​បានមាន​ប្រសាសន៍​ថា “ការ​ឆ្លើយ​តប​ត្រូវ​​តែ​ដើរ​ផ្លូវ​កណ្ដាល។ គាត់​បាន​ទទួល​ស្គាល់​ថា គាត់​បាន​ប្រព្រឹត្ត​​​ [បទ​ល្មើស​] ព្រោះ​បាន​បិទ​ផ្លូវ។ ប៉ុន្តែ​យើង​មិន​ចង់​បង្កើត​ឲ្យ​មាន​បញ្ហា​ទេ…នៅ​ពេល​បញ្ហា​វា​តូច​តាច យើង​អាច​មិន​ផ្ដន្ទាទោស​”។

លិខិត​កាលពី​ម្សិលមិញ​ពី​លោក ឯម សំអាន ​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ​ស្ដីទី​ផ្ញើជូន​លោក សម រង្ស៊ី បាន​​បញ្ជាក់​ម្ដង​ទៀត​​ពី​ការ​សម្រេច​របស់​រដ្ឋាភិបាល​ ហើយ​​បាន​បន្ថែម​ថា លោក ហ្គន់ហ្សេលេស ដេវីតសុន​ ក៏​បាន​​ប្រព្រឹត្ត​ខុស​ទៅ​នឹង​លក្ខន្តិកៈ​​របស់​អង្គការ​មាតា​ធម្មជាតិ​ដែល​តម្កល់ទុក​នៅ​ក្រសួង​មហាផ្ទៃ ដោយ​ធ្វើ​សកម្មភាព​​រារាំង​ការ​គ្រប់គ្រង​​​រដ្ឋបាល​សាធារណៈ​របស់​អាជ្ញាធរ​ខេត្ត​កោះកុង​​​ផង​​​ដែរ។

លិខិត​នេះ​​មាន​ខ្លឹមសារ​ថា រដ្ឋាភិបាល​ពុំ​​​មាន​គោល​​​ការ​​ហាម​ឃាត់​លោក​ ហ្គន់ហ្សេលេស ដេវីតសុន​ ក្នុង​ការ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​នោះ​ទេ ប្រសិន​បើគាត់​បាន​បំពេញ​បែប​បទ​ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដូច​ជន​អន្តោប្រវេសន៍​ដទៃ​ទៀត​ស្រប​តាម​គោល​ការ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ហ្គន់ហ្សេលេស ដេវីតសុន​ និង​អ្នក​គាំទ្រ​របស់​លោក​បាន​លើក​ឡើង​ថា ​ការ​សម្រេច​របស់​រដ្ឋាភិបាល​​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​លោក​​ គឺ​មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ ព្រោះ​លោក​​កំពុង​ជួយ​ឲ្យ​មាន​ការ​បញ្ឈប់​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ ដែល​គាំទ្រ​ដោយ​លោក ឡាវ ម៉េងឃិន ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ភរិយា​របស់​លោក​ដែល​គេ​ស្គាល់​ថា ជា​អ្នក​មាន​អំណាច​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ខ្លួន​លោក​ផ្ទាល់​​ក៏​បាន​ចេញ​មក​គាំទ្រ​គម្រោង​នេះ​ដែរ​កាលពី​ដើម​ខែ​នេះ។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ម្សិលមិញ និស្សិត​មួយ​ក្រុម​​ និង​សកម្មជន​ជា​ព្រះសង្ឃ​​បាន​ប្រកាស​ពីផែន​ការ​​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​រដ្ឋសភា​នៅ​ថ្ងៃ​សុក្រ​ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បន្តទិដ្ឋាកា​រឲ្យ​សកម្មជន​រូប​នេះ​ជា​បន្ទាន់​។

លោក សន ច័ន្ទតារា ជា​សមាជិក​នៃ​យុវជន​ខ្មែរ​មហានគរ​ បាន​និយាយ​ថា “យើង​​​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​​​ដែល​រដ្ឋាភិបាល​បដិសេធ​មិន​ព្រម​បន្ត​ទិដ្ឋាការ​ ព្រោះ​លោក អាឡិច គឺ​ជា​សកម្មជន​ដ៏អស្ចារ្យ​មួយ​រូប​ដែល​ការ​ពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ជ្រលង​អារ៉ែង”។

ពេល​ទាក់​ទង​​តាម​ក្រោយ​ លោក ហ្គន់ហ្សេលេស ដេវីតសុន​ បាន​បញ្ជាក់​​ម្ដង​ទៀត​​ពី​គោល​ជំហរ​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ទោះបី​ជា​ទិដ្ឋាការ​របស់​លោក​ត្រូវបាន​​បន្ត​ឬមិន​បន្ត​ក៏ដោយ។ លោក​បានមាន​ប្រសាសន៍​​ដោយ​សំដៅ​ទៅ​លើ​ផែន​ការ​ធ្វើ​​​ការ​​​តវ៉ា​នៅមុខ​រដ្ឋសភា​ថា “ប្រសិន​បើ​គេ​ចង់​កម្ចាត់​​​ខ្ញុំ ពួកគេ​ត្រូវ​តែ​ធ្វើ​ក្នុង​លក្ខណៈ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ឬ​អ្វី​ដែល​ជា​ចំណុច​សំខាន់​”។

តែ​ទោះ​ជា​​​យ៉ាង​ណា​ នៅ​ពេល​ត្រូវ​បាន​សួរ​ម្ដង​ទៀត​អំពី​ការ​តវ៉ា​ លោក​មិន​បាន​បញ្ជាក់​ឬបដិសេធ​ឡើយ​​​ថា ​តើ​​​លោក​​នឹង​ចូល​​​រួម​​​ ឬក៏អត់​​​នោះ​​​​ ព្រោះ​ខ្លាច​ក្រែង​​​កើត​មាន​ការ​បង្ក្រាប​ដ៏ហិង្សា​ពី​សំណាក់​នគរ​បាល​។

លោក ហ្គន់ហ្សេលេស ដេវីតសុន​ បាន​លើក​ឡើង​ទៀត​ថា លោក​កំពុង​តែ​ពិភាក្សា​ជាមួយ​មេធាវី​ម្នាក់​​ ដើម្បី​​សិក្សា​ថាតើ​លោកអាច​ឬ​គួរ​តែ​តទល់​នឹង​សេចក្ដី​សម្រេច​​​របស់​រដ្ឋាភិបាល​តាម​មូលដ្ឋាន​ច្បាប់​ឬក៏អត់។ លោក​បាន​​​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា​​​ វា​​​មាន​​ច្រើន​ជាង​អ្វី​ដែល​អាជ្ញាធរ​បាន​និយាយ​ឆ្ងាយ​ណាស់…​ខ្ញុំ​កំពុង​តែ​ស្រាវ​ជ្រាវ និង​អាន​ ដើម្បី​​​សិក្សា​មើល​​​ថា​តើ​អ្វី​ដែល​អាជ្ញាធរ​បាន​និយាយ​​ពិត​ប៉ុណ្ណា”៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.