សហជីព​ក្នុង​ស្រុក​ចូលរួម​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ធ្វើ​កូដកម្ម

សហជីព​ធំ​ជាងគេ​ចំនួន​បី​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​បាន​បន្ថែម​សំឡេង​របស់​ខ្លួន​ទៅ​នឹង​យុទ្ធនាការ​សាកល ដែល​ជំរុញ​រដ្ឋ​សមាជិក​នៃ​ស្ថាប័ន​គ្រប់គ្រង​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​ប្រទេស​កម្ពុជា​បាន​ចូលរួម​នា​ពេល​ថ្មីៗ កុំ​ឲ្យ​លុប​ចោល​ជម្រើស​ធ្វើ​កូដកម្ម​ដែល​ជា​សិទ្ធិ​មូលដ្ឋាន។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​អង្គការ​ពលកម្ម​អន្តរជាតិ​នៅ​ទី​ក្រុង​ហ្សឺណែវ​នា​ចុង​ខែ​នេះ រវាង​រដ្ឋាភិបាល​ សហជីព និង​និយោជក ស្តីពី​អនុសញ្ញា​៨៧​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​រួម​មាន​សិទ្ធិ​ធ្វើការ​រៀបចំ និង​សិទ្ធិ​បង្កើត​សមាគម។

ប្រទេស​កម្ពុជា ដែល​បាន​ផ្តល់​សច្ចានុមតិ​​អនុសញ្ញា​នេះ​ក្នុង​ឆ្នាំ​១៩៩៩ ទទួល​បាន​អាសនៈ​ប្តូរវេន​នៅ​ស្ថាប័ន​គ្រប់គ្រង​ដែល​មាន​សមាជិក​៥៦​នេះ​កាលពី​ខែ​មិថុនា ដោយ​ផ្តល់​ឲ្យ​ខ្លួន​នូវ​សំឡេង​បោះ​ឆ្នោត​មួយ​នៅ​លើ​គោល​នយោបាយ​អង្គការ​ពលកម្ម​អន្តរ​ជាតិ​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​បន្ទាប់។

ក្នុង​ពេល​ដែល​មាន​កង្វល់​កាន់តែ​ខ្លាំង​ឡើង​ដែល​ថា​និយោជក​មាន​សំឡេង​នៅ​អង្គការ​ពលកម្ម​អន្តរ​ជាតិ​ចង់​បន្ថយ​សិទ្ធិ​ធ្វើ​កូដកម្ម​នោះ សហ​ព័ន្ធ​សហ​ជីព​អន្តរ​​​ជាតិ​ ហៅ​កាត់​ថា ITUC បាន​ប្រកាស​យក​ថ្ងៃ​ពុធ ជា​ថ្ងៃ​សកម្មភាព​ដើម្បី​ការពារ​សិទ្ធិ​នេះ។

នៅ​ទីក្រុង​ភ្នំពេញ សមាជិក​ក្នុង​ស្រុក​របស់ ITUC គឺ​សហ​ភាព​ការងារ​កម្ពុជា សហ​ភាព​សហ​ជីព​កម្ពុជា និង​សហភាព​សហ​ព័ន្ធ​សហជីព​ជាតិ​​កម្ពុជា បាន​ចេញ​មុខ​រួម​គ្នា​ជា​សាធារណៈ​ប្រកាស​ការ​គាំទ្រ​របស់​ខ្លួន។

អនុសញ្ញា​៨៧​មាន​ចំណុច​មិនដាច់​ស្រេច​រវាង​សហជីព​និង​និយោជក​ជាច្រើន​ឆ្នាំ​មក​ហើយ បណ្តាល​ឲ្យ​មាន​ការ​គិត​ស្មាន​កាន់តែ​ខ្លាំង​ថា​ អង្គការ​ពលកម្ម​អន្តរជាតិ​អាច​បោះ​ឆ្នោត​ស្នើ​ឲ្យ​តុលាការ​អន្តរជាតិ​នៅ​ក្រុង​ឡាអេ​ចូលរួម​ធ្វើ​អន្តរាគមន៍។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​ព្រមាន​ថា ច្បាប់​ការងារ​កម្ពុជា​ការពារ​សិទ្ធិ​ធ្វើ​កូដកម្ម ដោយ​មាន​លក្ខខណ្ឌ។ ប៉ុន្តែ ប្រសិនបើ​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​អន្តរជាតិ ហើយ​ត្រូវ​គេ​បដិសេធ​ចោល​នោះ រោងចក្រ​នានា​នៅ​កម្ពុជា​អាច​ប្រើ​វា​ជា​លេស​មួយ​ដើម្បី​កាន់តែ​រឹត​បន្តឹង​ហជីព​ក្នុង​ស្រុក​ថែម​ទៀត។

លោក​បាន​និយាយ​ថា “ប្រសិនបើ [អនុសញ្ញា​នេះ] ត្រូវ​គេ​លុប​ចោល វា​នឹង​ជា​ឧបករណ៍​មួយ​សម្រាប់​និយោជក​រំខាន​ធ្វើ​បាប​កម្មករ​ថែម​ទៀត…។ សូម្បីតែ​ច្បាប់​កម្ពុជា​ចែង​យ៉ាង​ច្បាស់​អំពី​សិទ្ធិ​របស់​កម្មករ​ក៏ដោយ ក៏​និយោជក​នៅតែ​អាច​កេង​ចំណេញ​ពី​ពួកគេ​បាន”។

លោក ដេវីដ ​​វែល (David Welsh) ​​នាយក​ប្រចាំ​ប្រទេស​​កម្ពុជា​​នៃ​​​មជ្ឈមណ្ឌល​​សាម​គ្គី​​ភាព​មាន​មូលដ្ឋាន​នៅ​អាមេរិក បាន​និយាយ​ថា វា​ពិបាក​និយាយ​ជា​មុន​នូវ​អ្វី​ដែល​នឹង​កើត​ចេញ​ពី​កិច្ច​ប្រជុំ​របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ​ស្តីពី​អនុសញ្ញា​នេះ។ “តាម​ពិត ប្រាកដ​ណាស់​ថា តាម​គោលការណ៍​ច្បាប់​ទាំងអស់​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​គាំទ្រ​ជំហរ​ឲ្យ​មាន​សិទ្ធិ​ធ្វើ​កូដកម្ម និង​បាន​បន្ថែម​ទៀត​ថា វា​នឹង​ធ្វើ​ឲ្យ​ខក​ចិត្ត ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​យល់​ព្រម។​​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ៕ មានិត

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.