ភាព​ពិត​លេច​ចេញ​ជា​រូបរាង​ពេលពិធី​​ប្រគំ​តន្ត្រី​កាហ្សានធីប​ត្រូវលុប​ចោល

ក្រុង​ព្រះ​សីហនុ, ខេត្ត​ព្រះសីហនុ-ផែនការ​នាំ​យក​ការ​ប្រគំ​តន្ត្រី​កាហ្សានធីប​ដ៏​សប្បាយ​រយៈ​ពេល​១០​ថ្ងៃ​មក​ឆ្នេរ​កម្ពុជា ត្រូវ​ខកខាន​ទាំង​ស្រុង​កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​ជនជាតិ​រុស្ស៊ី​មក​លេង​សប្បាយ​រាប់​រយ​នាក់​បាន​មក​ដល់​ស្ពាន​ទៅ​កោះ​ពស់ ឃើញ​ផ្លូវ​ដែល​រាំង​ដោយ​របាំង​ដែក​កម្ពស់​ពីរ​ម៉ែត្រ។

Joe Hoffman
ថតដោយ៖ Joe Hoffman

ពេល​រសៀល​នោះ​ចាប់​ផ្តើម​ដោយ​សុទិដ្ឋិ​និយម​ ខណៈ​ដែល​ក្រុម​អ្នក​ដើរ​លេង​សប្បាយ ដែល​ភាគច្រើន​បាន​ទិញសំបុត្រ “viZas” រួច​ហើយ​ ដើម្បី​ចូល​កម្សាន្ត​កាហ្សានធីប “រីផាប់ប្លិក” នោះ បាន​មក​ដល់​គល់​ស្ពាន​នេះ​តាម​រ៉ឺម៉ក​ទេសចរណ៍​និង​តាម​ម៉ូតូ។ ប័ណ្ណ​ប្រកាស​ដែល​បិទ​នឹង​របាំង​ផ្លូវ​បាន​សរសេរ​ថា ការ​ប្រគំ​តន្ត្រី​ល្បី​ល្បាញ​ខាង​អាសអាភាស​ដែល​គ្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​លើក​ពេល​ជិត​២៤​ម៉ោង បើទោះជា​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា កម្មវិធី​ត្រូវ​បាន​ “លុប​ចោល​ទាំង​ស្រុង​ក៏ដោយ”។

លោក អូឡេក ជា​ជនជាតិ​រុស្ស៊ី ដែល​កំពុង​រៀបចំ​ដំឡើង​តូប​មួយ​ក្បែរ​របាំង​ផ្លូវ​នៅ​ម៉ោង​ប្រហែល​ពីរ​ល្ងាច ជឿជាក់​ថា ព្រឹត្តិការណ៍​នេះ​នឹង​នៅ​តែ​ធ្វើ​ទៅ​បាន បើទោះជា​ប៉ូលិស​បាន​ប្រាប់​គាត់​ម្តង​ហើយ​ម្តង​ទៀត​ថា ពិធី​នេះ​ត្រូវ​បាន​លុប​ចោល​ក៏​ដោយ។

លោក អូឡេក ដែល​មិន​ព្រម​ប្រាប់​ឈ្មោះ​ពេញ ហើយ​ចង្អុល​ទៅ​ប័ណ្ណ​ប្រកាស បាន​និយាយ​ថា “មែនហើយ ស្អែក​គេ​បើក​…​ជា​ការ​ប្រគំ​តន្ត្រី​កាហ្សានធីប”។ លោក​បាន​និយាយ​ថា “នេះ​មិន​មែន​ជា វ៉ូដស្តុក (Woodstock) ទេ នេះ​ជា​កាហ្សាន​ធីប។ វា​គឺ​មិន​ដូច​គ្នា​ទេ។ វ៉ូដស្តុក​មាន​ស៊ិច ថ្នាំ​ញៀន និង​តន្ត្រី​រាំញាក់ ឯ​កាហ្សានធីប​វិញ​មាន​ស៊ិច ថ្នាំ​ញៀន និង​តន្ត្រី​ឌីជេ”។

ប្រហែល​មួយ​ម៉ោង​ក្រោយ​មក ប័ណ្ណ​ប្រកាស​ត្រូវ​បាន​គេ​បក​ចេញ ហើយ​មេឃ​ក៏​ចាប់​ងងឹត។

ខណៈ​ដែល​អ្នក​មាន​សំបុត្រ viZa មួយ​ចំនួន​បាន​ទទួល​ស្គាល់​ការ​បរាជ័យ​និង​បាន​ធ្វើ​ដំណើ​រទៅ​កណ្តាល​ក្រុង​វិញ​ដើម្បី​ពិនិត្យ​មើល​ជម្រើស​ផ្សេង​នោះ អ្នក​ផ្សេងទៀត​គិត​ទៅរក​កន្លែង​រាំរែក​សប្បាយ​ផ្សេង​ជំនួស​វិញ។

នីកូឡា កាវ៉ាលី ជា​ទេសចរ​អីុតាលី ដែល​បាន​ធ្វើ​ដំណើរ​មកដល់​ក្រុង​ព្រះសីហនុ​កាលពី​ខែ​មុន​បាន​និយាយ​ថា “ខ្ញុំ​ឮ​ថា​មាន​ពិធី​សប្បាយ​ពីរ​កន្លែង​ធ្វើ​នៅ​ទី​ជិត​នេះ​…​គេ​ត្រូវតែ​រក​កន្លែង​មួយ​ផ្សេងទៀត​មក​ជំនួស”។

ពេល​រសៀល​មកដល់ ព្រះអាទិត្យ​ក៏​ចាប់​ផ្តើម​អស្តង្គ​ចាកចោល​សេចក្តី​សង្ឃឹម​ចុង​ក្រោយ ដែល​ថា​អាជ្ញាធរ​នឹង​ប្តូរ​ចិត្ត ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រគំ​តន្ត្រី​នេះ ឬ​ឲ្យ​មាន​ការ​ប្រគំ​ខ្លះ​នោះ។

ដេនីស កូស្លូវ ជា​មិត្ត​ភក្តិ​ជិតស្និទ្ធ​របស់​អ្នក​រៀបចំ​ពិធី​ គឺ​លោក នីគីតា ម៉ាស៊ូណុក ​និង​ជា​សហការី​របស់​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​រុស្ស៊ី គឺ​លោក សេរហ្គេ ​ប៉ូឡុនស្គី ដែល​រស់​នៅ​លើ​កោះ​ឯកជន​មួយ​ឆ្ងាយ​ពី​ឆ្នេរ ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ទៅ​លេង​កោះ​ពស់​តាម​រថយន្ត SUV របស់​លោក​នៅ​រសៀល​នោះ។

ត្រឡប់​មកវិញ​ពី​កោះ​នោះ​នៅ​ម៉ោង​ប្រហែល​៤​ល្ងាច លោក កូស្លូវ បាន​និយាយ​ថា លោក ម៉ាស៊ូណុក បន្ទាប់ពី​មាន​ជំនឿ​ជាច្រើន​សប្តាហ៍​ថា​ នៅទី​បញ្ចប់​រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​មាន​ធ្វើ​ពិធី​នេះ នៅ​ពេល​នេះ​បាន​បោះបង់​សេចក្តី​សង្ឃឹម​នេះ​ហើយ។ លោក​បាន​និយាយ​ថា “ពិធីនឹង​មិន​ធ្វើ​នៅ​ទីកន្លែងណា​ទេ ខ្ញុំ​គ្រាន់តែ​បាន​ទៅ​ទីនោះ ប៉ូលិស​គ្រាន់តែ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ទីនោះ អ្វីៗ​ត្រូវ​បិទ​ទាំងអស់”។ “ខ្ញុំ​បាន​និយាយ​ទៅ​កាន់ នីគីតា គាត់​ជា​មិត្ត​របស់​ខ្ញុំ ហើយ​គាត់​បាន​និយាយ​ថា បញ្ហា​នេះ​គឺ​ថា គាត់​មិន​បាន​ធ្វើ​តាម​ច្បាប់​ទម្លាប់​របស់​ប្រជាជន​កម្ពុជា”។

ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ លោក សៀង កុសល បាន​និយាយ​ថា កម្លាំង​របស់​លោក​នៅ​ប្រកាន់​ខ្ជាប់​ក្នុង​ការ​រារាំង​ពិធី​នេះ ហើយ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​អ្នក​រៀបចំ​ពីធី​ជ្រើសរើស​កោះ​ពស់​ជា​កន្លែង​ទី​មួយ។

លោក កុសល បាន​និយាយ​អំពី​សេចក្តី​សម្រេច​របស់​សាលា​ខេត្ត​ក្នុង​ការ​លុប​ចោល​ពិធី​នេះ​ បន្ទាប់ពី​ការ​រារែក​ចិត្ត​ជាច្រើន​សប្តាហ៍ ថាតើ​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​នេះ​ឬយ៉ាងណា​នោះ​ថា “ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា មិន​មាន​ការ​កែប្រែ​ទេ”។

លោក​បាន​និយាយ​ថា “ខ្ញុំ​ចង់​សួរ​ ហេតុអ្វី​ពួកគេ​ចង់​ប្រគំ​តន្ត្រី​តាម​របៀប​នេះ? អ្នក​ផ្សេងទៀត​អាច​ប្រគំ​លើ​ឆ្នេរ​អូរឈើ​ទាល និង​នៅ​រោង​មហោស្រព ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ពួកគេ​ត្រូវ​ធ្វើ​វា​នៅ​កន្លែង​ឆ្ងាយ​ដាច់ពី​គេ​បែប​នេះ?”៕ មានិត

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.