អង្គការ​លីកាដូ​រក​ឃើញ​ថា វិវាទ​ដីធ្លី​មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៤

អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​លើក​ឡើង​កាលពី​ម្សិលមិញថា ចំនួន​នៃ​គ្រួសារ​​ដែល​រង​ផលប៉ះពាល់​ដោយ​វិវាទ​ដីធ្លី​​ថ្មីកាលពី​ឆ្នាំ​មុនបាន​កើន​ឡើង​ដល់​ជាង​១០.០០០គ្រួសារ នៅ​ក្នុង​ខេត្ត​ចំនួន​១៣​​ដែល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ឃ្លាំមើល​ ពោល​គឺ​កើន​ឡើង​​៣ដង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៣​ ដែល​វិវាទ​ដីធ្លីមានភាព​ស្ងប់​ស្ងាត់​មួយ​រយៈ​ ដោយ​សារ​​េហតុ​ផល​នយោបាយ​។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​លើក​ឡើង​ថា អ្នក​ឃ្លាំមើល​របស់​ខ្លួន​នៅ​តំបន់​ភាគ​កណ្ដាល និង​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​​បាន​សិក្សា​រក​ឃើញ​ថា មាន​អ្នកភូមិ​ចំនួន​១០.៦២៥គ្រួសារ​បាន​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​វិវាទ​ដីធ្លី​ថ្មី ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់មនុស្សសរុប​ជិត​៥០.០០០​នាក់​ ពោលគឺ​បាន​កើន​ឡើង​៣ដង​​​​ពី​លើ​គ្រួសារ​ថ្មី​ចំនួន​៣.៤៧៥គ្រួសារ​ ដែល​អង្គការ​​បាន​រក​ឃើញ​​កាលពី​ឆ្នាំ​២០១៣។

ករណីទាំង​នេះ​ រួម​មាន​ដូច​ជា​ការ​បាញ់​ស្លាប់​យុវជន​អាយុ​១៨​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ កាលពី​ខែ​តុលា ដោយ​ទាហាន​ម្នាក់​ដែល​ចោទ​ប្រកាន់​យុវជន​រូប​នេះ​​ថា​ មិន​​ព្រម​ធ្វើ​តាម​ការ​ព្រមាន​ម្ដង​​ហើយ​ម្ដង​ទៀត​ឲ្យ​ឈប់​ទន្ទ្រាន​ដី​របស់​ខ្លួន​។ ឪពុក​របស់​ជនរងគ្រោះ​បាន​លើក​ឡើង​ថា ជន​នេះ​ជា​ទាហាន​ដែល​ព្យាយាម​ប្លន់​យកដីពី​អ្នកភូមិ​ចំនួន​១០គ្រួសារ រួម​ទាំង​ដី​របស់​គាត់​ផង​ដែរ ដោយ​ជួស​មុខ​ឲ្យ​​វរសេនីយ៍ត្រី​​ម្នាក់​។ ទាហាន​រូប​នេះ​បាន​សារភាព​​ថា បាន​បាញ់​​​ត្រូវ​ជនរងគ្រោះ​ស្លាប់​​ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត។

លោក អំ សំអាត អ្នក​សម្រប​សម្រួល​ផ្នែក​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​មួយ​ថា ” មូលហេតុ​ដែល​ធ្វើ​ឲ្យ​កើត​មាន​វិវាទ​ដីធ្លី​​ត្រូវ​បាន​កត់​ត្រា​ទុក​​បាន​យ៉ាងល្អ​​ ដូច​ជា​ប្រព័ន្ធតុលាការ​ពុក​រលួយ​ និង​​រង​ឥទ្ធិពល​នយោបាយ​ ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​មិន​ត្រឹម​ត្រូវ រួម​មាន​ដូច​ជាទាហាន​ជា​ដើម ក៏​ដូច​ជា​ការ​ឃុប​ឃិត​គ្នា​រវាង​ក្រុម​ហ៊ុន​ដែល​មាន​ខ្នង​ក្រាស់ និង​អាជ្ញាធរ​។ បញ្ហា​ទាំង​នេះ​គឺ​ជា​ឫស​គល់​ដែលធ្វើ​ឲ្យ​កើត​មាន​វិវាទ​ដីធ្លី​ទូទាំង​ប្រទេស​ជាយូរ​មក​ហើយ​”។

លោក ម៉ៅ ស្វីង កសិករ​​​​ម្នាក់​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​លើក​ឡើង​ថា លោក​ធ្លាប់​មាន​ដីទំហំ២ហិកតា ប៉ុន្តែ​​បាន​​បាត់​បង់​ដីធ្លី​ដោយ​សារ​ក្រុម​ហ៊ុន​មួយ​ឈ្មោះ លី សំអាង ដូច​អ្នកភូមិ​ចំនួន​៤០០​គ្រួសារ​ផ្សេង​ទៀត​នៅ​ក្នុង​ភូមិ​របស់​លោក​ដែរ។

លោក ម៉ៅ ស្វីង បាន​លើក​ឡើង​ទៀត​ថា ដំបូង​ឡើយ​​អ្នកភូមិ​ជាច្រើន​គ្រួសារ​​​​បាន​យល់​ព្រម​ឲ្យ​អាជ្ញាធរ​ប្រែក្លាយ​ដីមួយ​ផ្នែក​​នៃ​ដី​ដែល​អ្នកភូមិ​​​បាន​តាំង​ទីលំនៅ​ក្នុង​ឆ្នាំ​១៩៩៣ ​ទៅ​​ជា​ដីព្រៃសហគមន៍​ក្នុង​ឆ្នាំ​២០០៧ ប៉ុន្តែ​អ្នកភូមិ​មាន​អារម្មណ៍​ថា ចាញ់​បោក​អាជ្ញាធរ​នៅ​ពេល​​ក្រុម​ហ៊ុន​ លី សំអាង ចូល​មក​​​មួយ​ឆ្នាំ​ក្រោយ​ ហើយ​បាន​ចាប់​ផ្ដើម​រាន​យក​ដីនេះ​ធ្វើ​ជា​កម្មសិទ្ធិ​។ ក្រុម​ហ៊ុន​នេះ​បាន​ដក​ខ្លួន​ចេញទៅវិញ​ នៅពេល​អ្នកភូមិ​ជាច្រើន​គ្រួសារ​បាន​នាំ​គ្នា​តវ៉ា​ជា​លើក​ដំបូង​ ប៉ុន្តែ​ក្រោយ​មក​ក្រុម​ហ៊ុន​នេះ​បាន​ត្រឡប់​មក​វិញ ដោយ​ធ្វើ​ឲ្យ​ពួកគាត់​សម្រេច​ចិត្ត​ឲ្យ​អង្គការ​លីកាដូ​ជួយ​ជា​លើក​ដំបូង។

លោក​បាន​និយាយ​ថា “ចាប់​តាំង​ពី​ពេល​នោះ​មក យើង​តែង​តែ​ប្រឈម​ជាមួយ​កម្មករ​របស់​ក្រុម​ហ៊ុន​។ នៅ​ពេល​ណា​អ្នកភូមិ​របស់​យើង​​ប្រមូល​ផ្ដុំគ្នា​យ៉ាង​ច្រើន​​ទៅ​​បញ្ឈប់ពួកគេ​មិន​ឲ្យ​រាន​ដី កម្មករ​ក្រុម​ហ៊ុន​បាន​ដក​ខ្លួន​ចេញទៅវិញ​ ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​ត្រឡប់​មក​វិញ​ម្ដង​ហើយ​ម្ដង​ទៀត”។

អង្គការ​លីកាដូ​បាន​លើក​ឡើង​ថា គ្រួសារ​មួយ​ចំនួន​ដែល​ខ្លួន​បាន​បន្ថែម​​ទៅ​ក្នុង​តួលេខ​ឆ្នាំ​២០១៤ ​​ដូចជា​គ្រួសារ​របស់​លោក ម៉ៅ ស្វីង ជាដើម​គឺ​មាន​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​វិវាទ​ដីធ្លី​ដែល​​​កើត​ឡើង​​នៅ​ឆ្នាំ​មុនៗ ប៉ុន្តែ​​ទើប​តែ​សម្រេច​ចិត្ត​ទាក់ទង​មក​អង្គការ​នៅ​ពេល​វិវាទ​ដីធ្លី​របស់​ពួកគាត់​មាន​​ទំនាស់​កាន់​តែ​ខ្លាំង​ឡើងៗ។ អង្គការ​នេះ​បាន​លើកឡើង​ទៀត​ថា គ្រួសារ​ដែល​ត្រូវ​បាន​រាប់​​ចំនួន​ក្នុង​ឆ្នាំ​២០១៤​មិន​ត្រូវ​បាន​រាប់​ទេ​ពីមុន​មក​។

អង្គការ​សិទ្ធិមនុស្ស​នេះ​​បាន​លើកឡើង​បន្ត​ទៀត​ថា វិវាទ​ដីធ្លី​ដែល​ថយ​​ចុះ​ក្នុង​ឆ្នាំ​២០១៣ ជា​ឆ្នាំ​ដែល​​គណបក្ស​ប្រជាជន​កម្ពុជា​​​ប្រកួត​ប្រជែងយ៉ាង​​ខ្លាំង​ជាមួយ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ដែល​​ខ្លួន​​ឈ្នះ​យ៉ាង​ប្រផិត​ប្រផើយ​ ហើយ​អ្នក​ខ្លះ​ជឿជាក់​ថា គណបក្ស​នេះថែម​ទាំង​ចាញ់​ឆ្នោត​ទៀត​ផង​នោះ​ គឺ​ជា​ភ័ស្តុ​តាង​មួយ​បង្ហាញ​ថា រដ្ឋាភិបាល​អាច​ជួយ​កសិករ​​បាន​នៅ​ពេល​ណា​ពួកគាត់​ប្រឈម​នឹង​ក្រុម​ហ៊ុន​​ចង់​យក​ដីធ្លី​របស់​ខ្លួន​។

លោកស្រី​ ណាលី ពីឡូក ប្រធាន​អង្គការ​លីកាដូ​បាន​មាន​ប្រសាសន៍​ថា “វា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា វា​គ្រាន់​តែ​ជា​​វិធី​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​ប៉ុណ្ណោះ។ តែ​ទោះ​ជាយ៉ាង​ណា ការ​ថយ​ចុះ​នៃ​វិវាទ​ដីធ្លី​នេះ​បាន​បង្ហាញ​​ឲ្យឃើញ​ថា នៅ​ពេល​ណា​​វា​មាន​ប្រយោជន៍សម្រាប់​ខ្លួន រដ្ឋាភិបាល​​ពិត​ជា​មាន​អំណាច​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្វី​ៗ​ប្រសើរ​ឡើង”។

​អង្គការ​លីកាដូ​ក៏​បាន​​រក​ឃើញ​ផង​ដែរ​ថា វិវាទ​ដីធ្លី​ដែល​កើត​ឡើង​ក្នុង​​ចំណោម​គ្រួសារ​ថ្មី​​ក្នុង​ឆ្នាំ​២០១៤​បាន​កើន​ឡើង​ជិត​២ដង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១២ ដែល​មាន​អ្នកភូមិ​ចំនួន​៥.៦៧២គ្រួសារ​​នៅ​ក្នុង​ខេត្ត​ចំនួន​​១៣​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​វិវាទ​ដីធ្លី​​​។ វិវាទដីធ្លី​នៅ​ក្នុង​ឆ្នាំ​២០១៤ នៅ​តែ​មាន​ការ​កើន​ឡើង​ខ្លាំង​​ ទោះ​បី​ជា​​​តាំង​ពី​ឆ្នាំ​២០១២​មក ​រដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​មាន​ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ធ្លី​ឯកជន​នៅ​ទូទាំង​ប្រទេស​ ហើយ​កាលពី​ឆ្នាំមុន​បាន​លុប​ចោលការ​ផ្ដល់​​ដី​សម្បទាន​ទ្រង់​ទ្រាយធំ​ជាច្រើន​​ក៏​ដោយ។ អង្គការ​​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ពីរ​​​នេះ​មាន​ប្រសិទ្ធ​ភាព​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ចំពោះ​ការ​​ដោះ​ស្រាយ​វិវាទ​ដីធ្លី​​មួយ​ចំនួន​ ព្រោះ​ភាគ​ច្រើន​រដ្ឋាភិបាល​មិន​បាន​ដោះ​ស្រាយ​តំបន់​ដែល​មាន​វិវាទ​ឡើយ។

គេ​មិន​អាច​ទាក់​ទង​​អ្នក​នាំពាក្យ​ក្រសួង​​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់​បាន​ឡើយ​កាលពី​ម្សិលមិញ។

ទោះ​ជាយ៉ាង​ណា​ កាលពី​ខែ​មេសា ក្រោយ​ពេល​អង្គការ​លីកាដូ​ចេញ​តួលេខ​នៃ​វិវាទ​​ដីធ្លី​មុនៗ​ លោក​ ស សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចោទ​ប្រកាន់​អង្គការ​នេះ​ថា ​បាន​រាប់​ចំនួន​នៃវិវាទ​ដីធ្លីដដែល​ៗ​ជាន់​គ្នា​ច្រើន​លើក​ច្រើន​សារ​​ ដើម្បី​បំប៉ោង​តួលេខ​របស់​ខ្លួន។ ប៉ុន្តែ​អង្គការ​លីកាដូ​បាន​បដិសេធ​ចំពោះ​ការ​អះអាង​ដូច្នេះ៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.