ក្រុម​​​អ្នក​​​ភូមិមាន​​​កំហឹង​​​នឹង​​​ការ​​​ជីក​​​ដី​​​ស្រែ​​​របស់​​​ពួក​​​គាត់​​​​​​ពី​​​សំណាក់​​​ក្រុមហ៊ុន​​​

កាលពី​​​ថ្ងៃសៅរ៍ ក្រុម​​​អ្នកភូមិ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​បាន​​​ធ្វើការ​​​តវ៉ា​​​ជំទាស់​​​នឹង​​​ផែនការ​​​របស់​​​មន្ត្រី​​​យោធា​​​ក្នុង​​​មូល​​​ដ្ឋាន​​​ម្នាក់​​​ក្នុង​​​ការ​​​សាងសង់​​​​​​អាង​​​ស្តុក​​​ទឹក​​​លើ​​​ដី​​​របស់​​​ពួកគាត់​​​ បន្ទាប់មក​​​លក់​​​អាចម៍​​​​​​ដី​​​នោះ​​​យក​​​ចំណេញ។beanteay-meanchey

អាងស្តុកទឹក​​​នេះ​​​នឹង​​​​​​ជីក​​​លើ​​​ផ្ទៃដី​​​ទំហំ​​​ជាង​​​​​​៥២ហិកតា​​​ក្នុង​​​សង្កាត់​​​កំពង់​​​ស្វាយ​​​ ក្រុង​​​​​​សេរី​​​សោភ័ណ​​​ដោយ​​​ឧត្តម​​​សេនីយ៍​​​ត្រី ​​​ផ្លុន តារា មេបញ្ជាការ​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ។

យោង​​​តាម​​​អ្នក​​​ភូមិ​​​ឈ្មោះ ណែម ឈុន អាយុ​​​៣៩ឆ្នាំបាន​​​ឲ្យ​​​ដឹង​​​ថា ​​​អ្នកភូមិ​​​១២០នាក់​​​មកពី​​​​​​៨៥គ្រួសារ​​​​​​ដែល​​​ប្រឈម​​​នឹង​​​ការ​​​បាត់​​​បង់​​​ដីស្រែ​​​របស់​​​ខ្លួន​​​​​​ទៅលើ​​​អាង​​​ស្តុក​​​ទឹក​​​នេះ​​​បាន​​​ធ្វើការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​​​​សាលាខេត្ត​​​​​​កាលពី​​​ថ្ងៃសៅរ៍​​​​​​បន្ទាប់ពី​​​គេ​​​បាន​​​យក​​​ត្រាក់ទ័រ​​​​​​មក​​​ដល់​​ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​ជីក​​​ដី។

អ្នកស្រី ឈុន បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “យើង​​​តវ៉ា ទាម​​​ទារ​​​ឲ្យ​​​លោក​​​អភិបាល​​​ខេត្ត​​​ជួយ​​​ដល់​​​ពួក​​​យើង​​​ ពីព្រោះ​​​លោក ផ្លុន តារា បាន​​​ជីក​​​ដីស្រែ​​​របស់​​​យើង​​​ហើយ​​​យក​​​អាចម៍​​​ដី​​​លក់”។ អ្នកស្រី​​​បាន​​​បន្ថែម​​​ថា អ្នកស្រី​​​​​​នឹង​​​បាត់​​​បង់​​​ដី​​​ទំហំ​​​២.៥០០ម៉ែត្រ​​​ក្រឡា​​​ ប្រសិន​​​បើ​​​ការ​​​ជីក​​​នេះ​​​នៅ​​​តែ​​​បន្ត​​​នោះ។ អ្នកស្រី​​​បាន​​​និយាយ​​​ថា “​​​យើង​​​នឹង​​​ដុត​​​ត្រាក់ទ័រ​​​កាយ​​​ដី​​​ទាំងនេះ ប្រសិន​​​បើ​​​​​​វា​​​មក​​​ជីក​​​ដីស្រែ​​​របស់​​​យើង​​​ទៀត”។

ឧត្តម​​​សេនីយ៍​​​ត្រី តារា បាន​​​លើក​​​ឡើង​​​ថា ការ​​​ជីក​​​នេះ​​​គឺ​​​ស្រប​​​ច្បាប់​​​ ពីព្រោះ​​​កូនប្រុស​​​របស់​​​លោក ឈ្មោះ ផ្លុន ហុង​​​ ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ពី​​​​​​ក្រសួង​​​ធន​​​ធាន​​​ទឹក និង​​​អាជ្ញាធរ​​​ខេត្ត​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​ដើម្បី​​​សាងសង់​​​​​​អាង​​​ស្តុក​​​ទឹក​​​នៅ​​​ទីនោះ​​​សម្រាប់​​​គោល​​​បំណង​​​ស្រោច​​​ស្រព។

លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “អាជ្ញាធរ​​​ខេត្ត​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​របស់​​​គ្រួសារ​​​ខ្ញុំ​​​​​​សាង់​​​សង់​​​អាងទឹក​​​ស្រោចស្រព​​​នេះ។ កិច្ច​​​ព្រមព្រៀង​​​ចែង​​​ថា ក្រុមហ៊ុន​​​នឹង​​​យក​​​អាចម៍ដី​​​ពី​​​ដីស្រែ​ ហើយ​​​រដ្ឋ​​​នឹង​​​ទទួល​​​បាន​​​អាង​​​ស្តុក​​​ទឹក​​​សម្រាប់​​​ប្រព័ន្ធ​​​ស្រោច​​​ស្រព”។

ទោះ​​​យ៉ាងណា អ្នកស្រី ឈុន បាន​​​និយាយ​​​ថា គម្រោង​​​សាងសង់​​​អាង​​​ស្តុក​​​ទឹក​​​នឹង​​​មាន​​​​​​ការ​​​ប្រើ​​​ប្រាស់​​​តិច​​​តួច​​​ណាស់​​ចំពោះ​​​​​​អ្នកភូមិ​​​ដែល​​​ធ្វើការ​​​តវ៉ា ពីព្រោះ​​​ពួកគាត់​​​មិន​​​មាន​​​ដំណាំ​​ទេ។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “​​​យើង​​​មិន​​​ត្រូវការ​​​ប្រព័ន្ធ​​​ស្រោច​​​ស្រព​​​ទេ ពីព្រោះ​​​យើង​​​នឹង​​​បាត់​​​បង់​​​ដីស្រែ​​​របស់​​​យើង​​​ទាំង​​​អស់​​​នៅ​​​ទីនេះ។ ដូច្នេះ​​​តើ​​​យើង​​​អាច​​​ធ្វើ​​​ស្រែ​​​ជាមួយ​​​ប្រព័ន្ធ​​​ស្រោច​​​ស្រព​​​នោះ​​​ដូច​​​ម្តេច​​​ទៅ? “។

អ្នកស្រី​​​ក៏បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ក្រុមហ៊ុន​​​នេះ​​​មិន​​​បាន​​​បង្ហាញ​​​ពី​​​គម្រោង​​​សាងសង់​​​អាង​​​ស្តុក​​​ទឹក​​​នេះ​​​ដល់​​​អ្នក​​​ភូមិ​​​ឡើយ ហើយ​​​ថា ក្រុម​​​អ្នកភូមិ​​​​​​ជឿ​​​ថា ក្រុមហ៊ុន​​​នេះ​​​បាន​​​ស្វះស្វែង​​​ជីក​​​ដី​​​ ហើយ​​​លក់​​​អាចម៍​​​ដី​​​លក់​​​តែប៉ុណ្ណោះ។

លោក ឈឿន ក្រយ៉ុង ប្រធាន​​​រដ្ឋបាល​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ការ​​​ជីក​​​ដី​​​បាន​​​ផ្អាក​​​ជា​​​បណ្តោះ​​​អាសន្ន​​​ខណៈ​​​ដែល​​​​​​មន្ត្រី​​​មូលដ្ឋាន​​​ពិភាក្សា​​​ពី​​​ការ​​​ទាម​​​ទារ​​​របស់​​​ក្រុម​​​អ្នកភូមិ។

លោក ក្រយ៉ុង​​​​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ពួកគេ​​​កំពុង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​ក្រុមហ៊ុន​​​របស់​​​ឧត្តម​​​សេនីយ៍​​​រូប​​​នេះ​​​ឈប់​​​ជីក​​​ដី​​​ធ្វើ​​​អាង​​​ស្តុក​​​ទឹក ហើយ​​​ឲ្យ​​​យក​​​អាចម៍ដី​​​មក​​​ចាក់​​​បំពេញ​​វិញ​​​ដែលគេ​​​បាន​​​ជីក​​​រហូត​​​មក​​​ទល់​​​ពេលនេះ ហើយ​​​ក៏​​​ស្វះ​​​ស្វែង​​​សុំ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​​​​ដីស្រែ​​​របស់​​​ពួកគាត់​​​ផង​​​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​​ខ្ញុំ​​​បាន​​​ប្រាប់​​​តំណាង​​​អ្នកភូមិ​​​​​​ថា យើង​​​នឹង​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​​​​សម្រាប់​​​គ្រួសារ​​​ទាំង​​​នោះ​​​សម្រាប់​​​សំណើ​​​ពីរ​​​​​​ដំបូង​​​តែប៉ុណ្ណោះ​​​​​​ ប៉ុន្តែ​​​យើង​​​មិន​​​អាច​​​​​​ចេញ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​សម្រាប់​​​អ្នកភូមិ​​​ទាំង​​​នោះ​​​បាន​​​ទេ​​​​​​​​​ ពីព្រោះ​​​​​​នេះ​​​គឺ​​​ជា​​​ដី​​​របស់​​​រដ្ឋ”៕សារុន

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.