ក្រ​សួង​មហា​ផ្ទៃ​៖ ​បទ​ឧក្រិដ្ឋ​កើន​ឡើង​​ក្នុង​ឆ្នាំ​២០១៤​ ដោយ​សារ​អាជ្ញាធរ​ជាប់​រវល់​​ដោះ​ស្រាយ​ការ​តវ៉ា

ក្រសួង​​​មហាផ្ទៃ​​​បាន​​​អះ​​​អាង​​​នៅក្នុង​​​របាយការណ៍​​​ប្រចាំ​​​ឆ្នាំ​​​២០១៤ ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​បទ​​​បង្ហាញ​​​នៅ​​​កិច្ច​​​ប្រជុំ​​​បូក​សរុបការ​ងារ​ប្រចាំ​​​ឆ្នាំ​​​កាល​​​ពី​​​ម្សិល​​​មិញថា ចំនួន​​​បទ​​​ឧក្រិដ្ឋ​​​ដែលបាន​​​ប្រព្រឹត្ត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​កាល​​​ពី​​​ឆ្នាំមុន​​​ ពីព្រោះ​​​អាជ្ញាធរ​​​ជាប់​​​រវល់​​​ដោះ​​​ស្រាយ​​​ការ​​​តវ៉ា និង​​​ការ​​​ធ្វើ​​​កូដកម្ម​​​ជា​​​ច្រើន​​​​​​លើក​​ច្រើន​​​សា​​​​​។

យោង​​​តាម​​​របាយការណ៍​​​នេះ​​​បាន​​​ឲ្យដឹង​​​ថា អាជ្ញាធរ​​​ដោះ​​​ស្រាយ​​​ករណី​​​ព្រហ្មទណ្ឌ​​​បាន​​​ចំនួន​​​២.៨១៤​​​ករណី​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ បើ​​​ប្រៀបធៀប​​​នឹង​​​ឆ្នាំ​​​២០១៣ ដោះស្រាយបាន​ចំនួន​​​២.៧០៩​​​ករណី​​​។ អាជ្ញាធរ​​​បាន​​​សន្មត​​​​​​​​​ការ​​​កើន​​​ឡើង​​​នៃ​​​បទ​​​ឧក្រិដ្ឋ​​​ទៅ​​​លើ​​​ការ​​​តវ៉ា​​​តាម​​​ដង​​​ផ្លូវ​​​ បើ​​​ទោះ​​ការ​​​ពិត​​​ថា រដ្ឋាភិបាល​​​​​ហាម​​​ឃាត់​​​ការ​ធ្វើ​​​បាតុកម្ម​​​ដែល​បាន​​​ចូល​​​ជា​​​ធរមាន​​​រយៈពេល​ជាង​កន្លះ​​​ឆ្នាំ​​ហើយ​ក៏ដោយ​​​​។

របាយ​ការណ៍​​​ដដែល​​​នេះ​​​លើក​​​ឡើង​​​ថា “ក្នុង​​​ឆ្នាំ​​​២០១៤​​​បទ​​​ឧក្រិដ្ឋ​​​បាន​​​កើន​​​ឡើង​​​បន្តិច​​​បន្តួច ​​​បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​២០១៣ ពីព្រោ​ះ​​​មាន​​​ការ​​​តវ៉ា​​​ និង​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​​​​កើន​​​ឡើង​​​ ហើយ​​​ហេតុ​​​ដូច្នោះ​​​ហើយ​​​ នគរ​​​បាល​​​ជាប់​រវល់​​​ល្បាតចំពោះការ​ធ្វើ​​​កូដកម្ម​​​ និង​​​ការ​​​តវ៉ា​​​ទាំង​​​នោះ​​​។ កូដ​​​កម្ម​​​ និង​​​ការ​​​តវ៉ា​​​ទាក់​​​ទង​​​ទៅ​​​នឹង​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៣…​​​ការ​​​តវ៉ា​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ និង​​​បញ្ហា​​​​​ដី​​​ធ្លី​​​ជា​​​​​​ដើម”។

កាល​​​ពី​​​ដើម​​​ខែ​​​មករា​​​ឆ្នាំ​​​មុន​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​បាញ់​​​កម្មករ​​​ដែល​​​ធ្វើ​​​កូដកម្ម​​​ប្រាំ​​​នាក់​​​ស្លាប់​​​ និង​​​របួស​​​ជាង​​​៤០​​​នាក់​​​ក្នុង​​​ការ​​​បង្ក្រាប​​​លើ​​​ការ​​​តវ៉ា​​​តាម​​​ដង​​​ផ្លូវ​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ និង​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​។ បញ្ហានេះ​​កើតឡើង​បន្ទាប់ពី​ការ​ហាមឃាត់​​លើ​ការ​តវ៉ា​ជាសាធារណៈ​​ដែល​​ជាប់រហូត​​ដល់​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​​រវាង​គណបក្ស​ប្រជាជនកម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែកក្កដា។

របាយការណ៍​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា មាន​​​ការ​​​តវ៉ា​​​ និង​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ចំនួន​​​២.៤៣៩លើក​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ គឺជា​​​មធ្យម​​​​​​​​​ជាង​​​៦​​​លើក​​​ក្នុង​​​មួយ​​​ថ្ងៃ ប៉ុន្តែ ក្រសួង​​​មិន​​​បាន​​​ផ្តល់​​​ស្ថិតិ​​​ប្រៀបធៀប​​​សម្រាប់ឆ្នាំ​​​២០១៣ ឬ​​​កំណត់​​​ពីអ្វីដែលចាត់​​​ទុក​​​ថា​​​ ជា​​​ការ​​​តវ៉ា​​​ឡើយ​​​។ លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។

របាយការណ៍​​​ដដែល​​​នេះ​​​បាន​​​បន្ត​​​ថា “ក្រុម​​​មួយ​​​ចំនួន​​​បាន​​​ញុះ​​​ញង់​​​ និង​​​បាន​ព្យាយាម​បង្ក​​​អំពើ​​​ហិង្សា​​​ និង​​​ភាព​​​ចលាចល​​​ក្នុង​​​សង្គម ហេតុ​​​ដូច្នោះហើយ​ ​​​អាជ្ញាធរ​​​បានយកចិត្តទុកដាក់​លើ​ការ​​​​គ្រប់​​​គ្រង​​​ និង​​​ទប់​​​ស្កាត់​​​ហេតុ​​​ការ​​​ណ៍ទាំង​​​នេះ ហេតុ​​​ដូច្នេះ​​​ហើយ​​​ទើ​​​ប​​​មាន​​​ចន្លោះ​​​ប្រហោង​​​សម្រាប់​​​ឧក្រិដ្ឋ​​​ជន​​​មាន​​​ឱកាស​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ”។

ក្រសួង​​​មហាផ្ទៃ​​​ក៏​​​បាន​​​រាយការណ៍​​​អំពី​​​ការ​​​កើន​​​ឡើង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍ និង​​​ចំនួន​​​អ្នក​​​ស្លាប់​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ផង​ដែរ​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​២០១៣។

របាយការណ៍​​​ដដែល​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​ទៀត​​​ថា ក្នុង​​​ឆ្នាំ​​​២០១៣​​​ មាន​​​​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ចំនួន​​​៤.៣២២​​​លើក​​​ ដែល​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់និង​របួស​​​​១.៩០១​​​នាក់​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​​​​ឆ្នាំ​​​២០១៤​​​ ដែល​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​៤.៨៤០​​​លើក​​​ ហើយ​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់​​​២.១៤៨​​​នាក់​​​៕សារុន​​​​​​​​​​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.