ចំណុច​មិន​ដាច់​ស្រេច​នៃ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ជូន​ទៅ​ថ្នាក់​ដឹក​នាំ

ក្រុម​ការងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ច័ន្ទ​បាន​បញ្ជូន​ការ​មិន​ព្រមព្រៀង​គ្នា​១០​ចំណុច​ក្នុង​ការ​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​ទៅ​ថ្នាក់​ដឹកនាំ​បក្ស​របស់​ខ្លួន​ដើម្បី​ពិភាក្សា។

កាលពី​ឆ្នាំ​មុន​ ក្រុម​នេះ​បាន​ព្រាង​ច្បាប់​ថ្មី​មួយ​ដែល​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទ្វេបក្ស​ថ្មី ហើយ​តាំងពី​ពេល​នោះ​មក​បាន​និង​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ជាតិ ក្នុង​បំណង​បញ្ជូន​ច្បាប់​ទាំងពីរ​សុំ​ការ​យល់ព្រម​ពី​សភា​រួម​គ្នា។

លោក​​​ គួយ ប៊ុនរឿន មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​ការ​ចរចា បាន​មាន​ប្រសាសន៍​ថា គោល​ដៅ​ខែ​កុម្ភៈ​សម្រាប់​ដាក់​ទៅ​សភា​នឹង​មិន​អាច​សម្រេច​បាន​ទេ ហើយ​ថា​ឥឡូវ​នេះ​គណបក្ស​នឹង​យក​ខែ​មីនា​វិញ។

លោក គួយ ប៊ុនរឿន ​បាន​និយាយ​ថា “មែន​ហើយ នឹង​មិន​ទាន់​ពេល​ទេ។ យើង​មិន​ទាន់​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​លើ​១០​ចំណុច​នៅឡើយ​ទេ”។

ក្នុង​ចំណោម​១០​ចំណុច​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង រួម​មាន​មាត្រា​​ដែល​កំណត់​ចំនួន​សមាជិក​សភា រយៈ​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ និង​សន្តិសុខ​បោះ​ឆ្នោត។

គណបក្ស​ប្រឆាំង​ចង់​បង្កើន​ចំនួន​អាសនៈ​ក្នុង​សភា​លើស​ពី​អាសនៈ​១២៣​សព្វ​ថ្ងៃ រីឯ​បក្ស​កាន់​អំណាច​ចង់​បាន​ចំនួន​អាសនៈ​នៅ​ដដែល។

គណបក្ស​ទាំង​ពីរ​នៅ​មិន​ទាន់​ព្រមព្រៀង​គ្នា​លើ​រយៈ​ពេល​នៃ​ការ​ធ្វើ​យុទ្ធនាការ​ជាផ្លូវការ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​បាន​យុទ្ធនាការ​មាន​រយៈ​ពេល​២១​ថ្ងៃ ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ចង់​បាន​២៥​ថ្ងៃ។

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ចង់​បន្ថែម​ខ​មួយ​ដែល​ថា “សកម្មភាព​ទាំង​អស់​សម្រាប់​សន្តិសុខ មិន​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​និង​បេក្ខជន​ក្នុង​ការ​បោះ​ឆ្នោត​ខ្លាច​នោះ​ទេ”។

ឧបនាយក​រដ្ឋមន្ត្រី លោក ប៊ិន ឈិន ដែល​បាន​ដឹកនាំ​គណបក្ស​ប្រជាជន​ក្នុង​ការ​ចរចា​ក៏​បាន​បញ្ចេញ​ឲ្យ​ដឹង​នូ​វ​ជំហរ​របស់​បក្ស​កាន់​អំណាច​ទាក់ទិន​នឹង​ទោស​ទណ្ឌ ដែល​នឹង​អនុវត្ត​ចំពោះ​បម្រាម​ដ៏​ចម្រូងចម្រាស​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល “ប្រមាថ” គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។

លោក​បាន​និយាយ​ថា “ទោសទណ្ឌ​ដាក់​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ពីបទ​ប្រមាថ នឹង​មាន​ចំនួន​២០​លាន​រៀល”។

លោក ប៊ុនរឿន បាន​ប្រាប់​អ្នក​កាសែត​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​គាំទ្រ​ការ​ពិន័យ​​ធ្ងន់​បែប​នេះ​ទេ ហើយ​នឹង​បន្ត​ពិភាក្សា​អំពី​បញ្ហា​នេះ ពេលដែល​ក្រុម​ការងារ​ទាំង​ពីរ​ជួប​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះ៕ និត

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.