ប្រទេស​រុស្ស៊ី​រំពឹង​នាំ​យក​ ប៉ូឡុនស្គី មក​វិញតាម​សន្ធិសញ្ញា​បត្យាប័ន

បណ្តាញ​ព័ត៌មាន​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​រុស្ស៊ី​និង​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ព្រាង​សន្ធិសញ្ញា​បត្យាប័ន ដែល​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នាំ​យក លោក ប៉ូឡុនស្គី ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែល​រត់​គេច​ខ្លួន​មក​ស្រុក​វិញ ដើម្បី​ប្រឈម​មុខ​នឹង​បទ​ចោទ​លួច​បន្លំ​​ប្រាក់​រាប់​លាន​ដុល្លារ។

កាលនោះ លោក ប៉ូឡុនស្គី អាយុ​៤២​ឆ្នាំ ជា​អ្នក​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​បំផុត​ក្នុង​ប្រទេស​រុស្ស៊ី ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​រុស្ស៊ី​ចោទ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៣ ពី​បទ​កេងបន្លំ​ប្រាក់​រាប់​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​ច្រើន​នាក់ ក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ពីរ​កន្លែង​នៅ​ក្រុង​មូស្គូ ហើយ​បន្ទាប់មក​ទៀត​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នៃ​មនុស្ស​ត្រូវ​តាម​ចាប់​ខ្លួន​បំផុត​របស់​អាំងទែប៉ូល។

ឥឡូវ​នេះ​កំពុង​រស់​នៅ​លើ​កោះ​តូច​មួយ​ឯនាយ​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ ​ក្នុង​ពេល​ដែល​គាត់​ដាក់​បញ្ចូល​ប្រាក់​ជាច្រើន​លាន​ដុល្លារ​ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍៍​ប្រកប​ដោយ​មហិច្ឆតា នៅ​ប្រជុំ​កោះ​ឯនាយ​ឆ្នេរ អតីត​មហាសេដ្ឋី​ខុស​គេ​រូប​នេះ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងក្តី​ជាច្រើន​ផ្សេងទៀត ទាំង​នៅ​ប្រទេស​កម្ពុជា ទាំង​នៅ​ប្រទេស​រុស្ស៊ី ថែម​ទាំង​បាន​ជាប់​គុក​នៅ​កម្ពុជា​ពីរ​លើក ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​អាច​គេច​រួច​ពី​ការ​ធ្វើ​បត្យាប័ន​នៅ​ឡើយ។

ទាំង​សាលា​ឧទ្ធរណ៍ ទាំង​តុលាការ​កំពូល​បាន​បដិសេធ​សំណើ​ពី​ក្រុង​មូស្គូ ដែល​ស្នើ​ឲ្យ​ចាប់​បញ្ជូន​គាត់​ទៅ​ស្រុក​វិញ​ដើម្បី​កាត់​ក្តី។

ទោះជា​យ៉ាង​នេះ​ក្តី កាលពី​ថ្ងៃ​ពុធ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី ស្ពូតនិក(Sputnik) បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង បាន​ជួប​ជាមួយ​សមភាគី​រុស្ស៊ី​របស់​លោក គឺ​លោក សេរហ្គេ ឡាវរ៉ូវ នៅ​ទីក្រុង​មូស្គូ​កាលពី​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​អំពី​សន្ធិសញ្ញា​បត្យាប័ន​រវាង​ប្រទេស​ទាំង​ពីរ ដែល”ភាគ​ច្រើន​ត្រៀម​រួចរាល់​ហើយ”។

ដោយ​ស្រង់​សម្តី​របស់​លោក ឡាវរូ៉វ បន្ទាប់ពី​ជំនួប​នោះ អត្ថបទ​បាន​សរសេរ​ថា “សន្ធិសញ្ញា​បត្យាប័ន ដែល​អាច​ឲ្យ​ប្រទេស​កម្ពុជា​ប្រគល់​មហា​សេដ្ឋី​រត់​គេច​ខ្លួន សេរហ្គេ ប៉ូឡុនស្គី មក​រុស្ស៊ី​វិញ បច្ចុប្បន្ន​កំពុង​រៀបចំ”។

អត្ថបទនោះ​ដកស្រង់​សម្តី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​រុស្ស៊ី​ដែល​និយាយ​ថា “ជំនួប​ចុង​ក្រោយ​នៃ​អ្នក​ជំនាញ​គ្រោង​ធ្វើ​នៅ​ខែ​នេះ បន្ទាប់មក​ទៀត​យើង​នឹង​អាច​ចាប់​ផ្តើម​នីតិ​វិធី​ក្នុង​ប្រទេស​សម្រាប់​ការ​ចុះ​ហត្ថលេខា”។

អត្ថបទ​ក៏​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​កម្ពុជា​កំពុង​ពិចារណា​សំណើ​មួយ​ផ្សេងទៀត​ពី​ប្រទេស​រុស្ស៊ី​សម្រាប់​ធ្វើ​បត្យាប័ន​លោក ប៉ូឡុនស្គី។

ទីភ្នាក់ងារ​ព័ត៌មាន​ច្បាប់​រុស្ស៊ី រ៉ែបស៊ី (Rapsi) បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ដែរ​ថា សន្ធិសញ្ញា​បត្យាប័ន​កំពុង​ដំណើរការ ហើយ​ថា លោក ណាំហុង នឹង​ពិចារណា​សំណើ​បត្យាប័ន​ថ្មីៗ​បំផុត​នេះ ដោយ​ឡែក។

ទីភ្នាក់ងារ​ព័ត៌មាន​ច្បាប់​រុស្ស៊ី​បាន​ដក​ស្រង់​សម្តី​លោក ណាំហុង ថា “[បច្ចុប្បន្ន]​យើង​សន្មត​ថា ឯកសារ​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា”។

លោក ណាំហុង​ បន្ត​ថា “[យើង]​នឹង​ពិចារណា​សំណើ​របស់​រុស្ស៊ី​ដើម្បី​ធ្វើ​បត្យាប័ន​បុគ្គល​នេះ។ ខ្ញុំ​នឹង​ពិចារណា​បញ្ហា​នេះ​ជាមួយ​រដ្ឋាភិបាល​ បន្ទាប់ពី​ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ”។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជាក់​ថា លោក ណាំហុង និង​លោក ឡាវរូ៉វ បាន​ពិភាក្សា​គ្នា​អំពី​សន្ធិសញ្ញា​បត្យាប័ន ប៉ុន្តែ​បាន​និយាយ​ថា មិន​ទាន់​មាន​អ្វី​នៅ​លើ​ឯកសារ​ទេ។ លោក​បាន​និយាយ​ថា “រហូតមក​ដល់​ពេល​នេះ យើង​មាន​ការ​ពិភាក្សា​​ខ្លី​មួយ​អំពី​រឿង​នោះ។ [យើង]​កំពុង​ជជែក​អំពី​ការ​ព្រាង​សន្ធិសញ្ញា​បត្យាប័ន​នេះ”។

លោក ប៉ូឡុនស្គី មិន​អាច​ទាក់ទង​សំុ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ល្ងាច​ថ្ងៃ​ពុធ ប៉ុន្តែ មេធាវី​របស់​គាត់ លោក កាស្ប៉ា សេកូទីន (Kaspars Cekotins) បាន​និយាយ​ថា លោក​ជឿ​ថា សន្ធិសញ្ញា​បត្យាប័ន​​មួយ​នឹង​មិន​ប្រតិសកម្ម​ទេ ដូច្នេះ​នឹង​មិន​ប៉ះពាល់​ដល់​កូន​ក្តី​របស់​លោក​ទេ លុះត្រាតែ​មាន​បទ​ចោទ​ថ្មី​មក​លើ​គាត់។

លោក​បាន​និយាយ​ថា “តុលាការ​កំពូល[កម្ពុជា]​បាន​វិនិច្ឆ័យ​រួច​ហើយ​លើ​ការ​ធ្វើ​បត្យាប័ន​នេះ ប្រសិនបើ​…​កិច្ច​ព្រមព្រៀង​មួយ​រវាង​ប្រទេស​ពីរ​ត្រូវ​ចុះ​ហត្ថលេខា​នោះ វា​នឹង​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃ​នោះ​ទៅ​មុខ”។ “នោះ​ប្រហែល​មាន​ន័យ​ថា មាន​ករណី​ថ្មី​ ត្បិត​រឿង​នេះ​ត្រូវ​បាន​សម្រេច​រួចរាល់​​ហើយ”៕ និត

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.