លោក នីកូឡៃ ដូរ៉ូសិនកូ ជាប់ពន្ធនាគារ​​ពីបទ​ក្លែង​បន្លំបោក​ប្រាស់​នៅ​ក្រុង​ព្រះសីហនុ​

ពាណិជ្ជករ​ជនជាតិ​រុស្ស៊ី​​ម្នាក់​ឈ្មោះ នីកូឡៃ ដូរ៉ូសិនកូ ត្រូវ​បាន​ឃុំខ្លួន​កាលពី​ល្ងាច​ម្សិលមិញ បន្ទាប់ពី​ត្រូវ​ចាប់​ខ្លួន​​នៅ​រមណីយដ្ឋាន​​ផ្ទះពស់​របស់​គ្រួសារ​លោក​នៅ​ក្នុង​ក្រុងព្រះសីហនុ ដោយ​សារ​​ការ​មិន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ក្នុង​តុលាការ​​​ជុំវិញ​ការ​ចោទ​ប្រកាន់​ពីបទ​ក្លែង​បន្លំ​ឆបោក​ពាក់ព័ន្ធ​នឹង​ជម្លោះ​មួយ​ជាមួយ​លោក សេរហ្គេ ប៉ូលុនស្គី ជា​អ្នក​អភិវឌ្ឍន៍​​គម្រោង​ដែល​ជា​គូ​ប្រជែង​របស់​លោក​។cam photo front FINAL

មន្ត្រី​និយាយ​ថា លោក នីកូឡៃ ដូរ៉ូសិនកូ អាយុ​៥៤​ឆ្នាំ ដែល​រស់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ជាយូរ​មក​ហើយ និង​ដែល​លោក​ សេរហ្គេ ប៉ូលុនស្គី ​ចោទ​ប្រកាន់​ពីបទ​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ និង​ក្លែង​បន្លំ​ហត្ថលេខា​​ដើម្បី​​បោក​យក​លុយ​របស់​លោក​ចំនួន​១០លាន​ដុល្លារ​នោះ ត្រូវ​បាន​​កង​កម្លាំង​នៃ​កង​រាជអាវុធ​ហត្ថ​ចាប់​ខ្លួន​​កាលពី​រសៀល​ម្សិលមិញ មុនពេល​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ហើយ​បន្ទាប់​មក​ទៅ​ពន្ធនាគារ​ខេត្ត​។

លោក រស់ សារាំ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​​ ដែល​បានចុះទៅ​ជាមួយ​កង​រាជអាវុធ​ហត្ថ​ដល់​រមណីយដ្ឋាន​​​ផ្ទះ​ពស់​ ដែល​ជា​ភោជនីយដ្ឋាន សណ្ឋាគារ និង​សួនក្រពើ​នោះ​​ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ខ្លួន​គាត់​នៅ​ម៉ោង​ប្រហែល​៤​រសៀល​ ហើយ​យើង​បាន​បញ្ជូន​គាត់​ទៅ​ទីបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្ត​។ យើង​ចាប់​ខ្លួន​គាត់​ផ្អែក​តាម​ដីការបស់​តុលាការ​”។

រូប​ថត​ដែល​ថត​បាន​ក្រោយ​ការ​ចាប់​ខ្លួន​ បង្ហាញពី​លោក នីកូឡៃ ដូរ៉ូសិនកូ ត្រូវ​​សមត្ថកិច្ច​នាំខ្លួន​​ឡើង​រថយន្ត​មួយ​បាំង​កន្លះ​ចេញ​ពី​រមណីយដ្ឋាន​ផ្ទះពស់​ ដោយ​​មាន​ក្បួន​រថយន្ត​កង​រាជអាវុធ​ហត្ថ​តាមការ​ពារ​។

លោក វា៉ ចាន់ថន​ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កង​រាជអាវុធ​ហត្ថ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក នីកូឡៃ ដូរ៉ូសិនកូ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ អុី ឃាង សាក​សួរ​នៅ​តុលាការ​កាលពី​ល្ងាច​ម្សិលមិញ ហើយ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ខេត្ត​នៅ​ម៉ោង​ជាង​៧​យប់។

លោក​បានមាន​ប្រសាសន៍​ដោយ​មិនធ្វើ​អត្ថាធិប្បាយ​បន្ថែម​ថា “តុលាការ​បាន​សម្រេច​ឃុំ​ខ្លួនគាត់​ជា​បណ្ដោះ​អាសន្ន”។

ចៅក្រម អុី ឃាង មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ។ លោកស្រី ចាត សុរស្មី ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត និង​លោក ម៉ុង មុនីចរិយា ​ប្រធាន​តុលាការ​នេះ​​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​សំណុំរឿង​នេះទេ។ លោក ម៉ុង មុនីចរិយា បាន​មាន​ប្រសាសន៍​ថា “សូម​កុំ​ចុះ​ផ្សាយ​អំពី​សំណុំរឿង​នេះ​អី”។

យោង​តាម​ច្បាប់​ចម្លង​មួយ​នៃ​ដីកាចាប់​ខ្លួន​​ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម អុី ឃាង ​បាន​ឲ្យ​ដឹង​ថា លោក នីកូឡៃ ដូរ៉ូសិនកូ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ក្លែង​បន្លំ​ហត្ថលេខា ប្រើ​ប្រាស់​ឯកសារ​ក្លែង និង​រំលោភសេចក្ដី​ទុកចិត្ត​។ ដីកានេះ​លើក​ឡើង​ថា លោក​ នីកូឡៃ ដូរ៉ូសិនកូ មិន​បាន​ចូល​ខ្លួន​តាម​ដីកា​កោះហៅ​របស់​តុលាការ​​ចំនួនពីរ​លើក​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពី​ខែ​មុន​ ដោយ​លើកទី១​នៅ​ថ្ងៃទី១០ ខែ​កុម្ភៈ ហើយ​លើកទី​២​​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ។

ដីកា​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “ដីកា​នេះ​មាន​អានុភាព​បង្គាប់​ឲ្យ​ប្រធាន​​ពន្ធនាគារ​ទទួល​ និង​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដែល​ជា​កម្មវត្ថុ​នៃ​ដីកាបង្គាប់​​ឲ្យ​ចាប់​ខ្លួន​នេះ​”។

លោក នីកូឡៃ ដូរ៉ូសិនកូ ​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ ចំណែក​ឯ​កូនប្រុស​របស់​លោក ឈ្មោះ អូស្តាប ដូរ៉ូសិនកូ អាយុ​៣៦​ឆ្នាំ ដែល​ជា​អនុសេនីយ៍​ឯក​នៅ​ក្នុង​ជួរ​នគរ​បាល​អន្តោរប្រវេសន៍​ខេត្ត​នេះ​បាន​និយាយ​ថា លោក​ជាប់​រវល់​ណាស់​គ្មាន​ពេល​​និយាយ​គ្នា​​ទេ​។ ពីរ​នាក់​ឪពុក​ និង​កូន​​នេះ​សុទ្ធតែ​មានសញ្ជាតិ​ខ្មែរ។

លោក បែន សុនសម័យ មេធាវី​តំណាង​​ឲ្យ​លោក សេរហ្គេ ប៉ូលុនស្គី ​អតីត​មហាសេដ្ឋី​ដែល​អាជ្ញាធរ​ក្រុង​មូស្គូ​កំពុង​​ស្វែង​រក​ចាប់​ខ្លួន​តាម​ការ​ចោទ​ប្រកាន់ពីបទ​កិប​កេង​​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​ បាន​មាន​ប្រសាសន៍​ថា លោក នីកូឡៃ ដូរ៉ូសិនកូ បាន​ប្រើ​ប្រាស់​ហត្ថលេខា​របស់​កូនក្ដី​លោក​នៅ​លើ​ឯកសារ​ក្លែង​ដើម្បី​លួច​ប្រាក់​១០​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​ Sea Snake Investment Group រួម​គ្នា​របស់​ពួកគេ​។

លោក​បាន​មាន​ប្រសាសន៍ទៀត​ថា “យើង​ទាមទារ​១០លាន​ដុល្លារ​​ដែល​លោក​ ដូរ៉ូសិនកូ បាន​យកទៅ​ ហើយ​យើង​ក៏ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន​២លាន​ដុល្លារដែរ​”។

យោង​តាម​លោក បែន​ សុនសម័យ បាន​ឲ្យ​ដឹង​ថា ពេល​នេះ​លោក សេរហ្គេ ប៉ូលុនស្គី បាន​ស្នើ​ឲ្យ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ឃុំខ្លួន​លោក នីកូឡៃ ដូរ៉ូសិនកូ ជុំវិញ​បទល្មើស​មិនតិច​ជាង​១៤​ឡើយ​ ចាប​់ពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​ ចោរកម្មទ្រង់ទ្រាយធំ និង​ការ​ចូល​ផ្ទះគេ​​ដោយ​គ្មាន​ការ​អនុញ្ញាត​ រហូត​ដល់​ការ​ចែក​ចាយ​រូប​ថត​ដែល​បង្ហាញពី​លោក សេរហ្គេ ប៉ូលុនស្គី ស្ថិត​ក្នុង​ភាព​អាក្រាត​កាយ និង​ប្រើ​ប្រាស​់​គ្រឿង​ញៀន​។

ជនជាតិ​រុស្ស៊ី​ទាំងពីរ​នេះ​ក៏​បានឈ្លោះគ្នា​ដែរ​នៅ​ខាង​ក្រៅ​តុលាការ​ ដោយ​​លោក​ នីកូឡៃ ដូរ៉ូសិនកូ ចោទ​ប្រកាន់​លោក សេរហ្គេ ប៉ូលុនស្គី ថា​ជា​អ្នក​​នៅពីក្រោយ​ការ​វាយ​ប្រហារ​លើ​​កូន​ប្រុស​របស់​លោក​កាលពី​ខែ​វិច្ឆិកា ហើយ​កូន​ប្រុស​របស់​លោក​អះអាង​ថា មហាសេដ្ឋី​ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​នេះ​គឺ​ជា​អ្នក​ស្ថិត​នៅពីក្រោយ​ការ​ផ្ទុះ​ហេតុការណ៍​​មួយ​ដែល​បាន​ធ្វើ​ឲ្យ​រថយន្ត​ Rang Rover មួយគ្រឿង​ដែល​ចត​ចោល​នៅ​ខាង​ក្រោយ​ផ្ទះ​របស់គ្រួសារ​លោក​កាលពី​ដើម​ខែ​នេះ​​​​របើក​គម្រប​ម៉ាស៊ីន​រថយន្ត​។

ទោះជាយ៉ាង​ណា លោក សេរហ្គេ ប៉ូលុនស្គី បាន​បដិសេធ​ថា លោក​មិន​បាន​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ហេតុការណ៍ទាំងពីរ​នេះ​ទេ​។ និយាយ​តាមទូរស័ព្ទ​ពី​កោះឯកជន​របស់​លោក​នៅ​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ​កាលពី​យប់​មិញ លោក សេរហ្គេ ប៉ូលុនស្គី បាន​លើក​ឡើង​ថា លោក​បាន​រង់ចាំ​រាប់​ឆ្នាំ​មក​ហើយ ហើយទីបំផុត​តុលាការ​បាន​ចាត់វិធានការ​លើ​លោក​ នីកូឡៃ ដូរ៉ូសិនកូ​ ហើយ​។

លោក​បាន​និយាយ​ទៀត​ថា “វា​ជា​​ជំហាន​ដ៏ធំ” ហើយ​លោក​ជឿជាក់​ “​១០០ភាគ​រយ​” ថា តុលាការ​​​នឹង​សម្រេច​គាំទ្រ​ខាង​លោក​នៅ​ក្នុង​សំណុំរឿងទាំងអស់​ដែល​លោក​បាន​ដាក់​ប្ដឹង​គូប្រជែង​របស់​លោក​។ លោក​បាន​បន្ត​ថា “ពេល​នេះ​ពួកគេ​មាន​ឱកាស​សួរ​ចម្លើយ​គាត់​ហើយ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់”៕ សុខុម​​​​​​​​​​​​​​​​​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.