លោក ឈូក បណ្ឌិត​ ​អតីត​អភិបាល​ក្រុង​​​​​​បាវិត ព្រមប្រគល់​ខ្លួន​​​​​ក្រោយ​រត់​​​គេច​​​​អស់​រយៈ​ពេល​​ជាង​ពីរ​​​ឆ្នាំ​

​មន្ត្រី​បាន​ឲ្យ​ដឹង​​ថា លោក ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត ​ដែល​បាន​បាញ់​ប្រហារ​​កម្មការិនី​​រោងចក្រ​បី​នាក់​កាលពី​ឆ្នាំ​២០១២ បាន​​​ចូល​ខ្លួន​សារ​ភាព​​នៅ​​អគ្គ​ស្នង​ការដ្ឋាន​​នគរ​បាល​​​​ជាតិក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ បន្ទាប់ពី​រត់គេច​ខ្លួន​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​ ហើយ​​បាន​ចាប់​ផ្ដើម​អនុវត្តទោស​ជាប់ពន្ធនាគារ​រយៈ​ពេល​១៨​ខែ​​របស់​ខ្លួន​។

Former Bavet governor Chhouk Bandith leaves after appearing at the Court of Appeal in central Phnom Penh in this February 27, 2013 file photo. A fugitive Cambodian governor wanted for the shooting of three garment workers was arrested on August 8, 2015 after more than two years on the run, after the country's strongman leader Hun Sen broke his silence and called for his arrest. Chhouk Bandith shot and wounded the women in front of thousands of workers during a rowdy 2012 protest at a supplier factory for German sporting goods group Puma in Svay Rieng province. Chhouk Bandith surrendered to police in Phnom Penh, city police chief General Chuon Sovann told Reuters. REUTERS/Samrang Pring/Files
លោក ឈូក បណ្ឌិត អតីត​​​អភិបាល​​​ក្រុង​​​បាវិត​​​ ដែល​​​បាន​​​បាញ់​​​ប្រហារ​​​កម្មការិនី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​បី​​​នាក់​​​ឲ្យ​​​រង​​​របួស​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ ចាក​​​ចេញ​​​ពី​​​សាលា​​​ឧទ្ធរណ៍​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ កាល​​​ពីថ្ងៃ​​​ទី​​​២៧ ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១៣ ។ រូបថតៈ ព្រីង សំរាំង/ រ៉យទ័រ

ឧត្ដម​សេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ មាន​ប្រសាសន៍​កាល​​ពី​រសៀល​ថ្ងៃ​សៅរ៍​ថា ”​គាត់​បាន​​​ចូល​ខ្លួន​សារ​ភាព​​​​​នៅ​អគ្គស្នងការ​​ដ្ឋាន​នគរ​បាល​ជាតិក្នុង​រាជ​​ធានី​ភ្នំពេញ ហើយ​ពេល​នេះ​​​យើង​បាន​បញ្ជូន​​​​​ខ្លួន​​គាត់​​​ទៅ​ឲ្យ​ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង ហើយ​​ដើម្បី​អនុវត្ត​​តាម​​​​នីតិវិធី​​តុលា​ការ​”។

​​ឧត្តមសេនីយ៍ឯក​​រូប​នេះ​បាន​ឲ្យ​ដឹង​​ទៀត​​ថា លោក ឈូក បណ្ឌិត បាន​បង្ហាញ​​​ខ្លួន​​​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​​កាលពី​ព្រឹក​ថ្ងៃសៅរ៍ ហើយ​ត្រូវ​បាន​បញ្ជូន​​ខ្លួន​ភ្លាមៗ​ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដើម្បី​ឃុំខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​របស់​នគរ​បាល។

លោក​បាន​​​​​បញ្ជាក់​ថា លោក ឈូក បណ្ឌិត បាន​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៣​មក​ម្លេ៉ះ នៅ​ពេល​សាលា​ដំបូង​ខេត្ត​នេះ​​ចោទ​​ប្រ​កាន់​គាត់​​​ពីបទ​បង្ក​អំពើ​ហិង្សា​ដោយ​អចេតនា​ជុំវិញ​ការ​បាញ់​ប្រហារ​កម្មការិនី​ទាំង​បី​នាក់ ប៉ុន្តែ​ថា ចាប់​តាំងពី​ពេល​​នោះ​​​ លោក ឈូក បណ្ឌិត​ បាន​ត្រឡប់​មក​កម្ពុជាវិញ​​​​ប៉ុន្មាន​លើក​ក្នុង​រយៈ​ពេល​ខ្លីៗ។ “យើង​​​ទទួល​​​បាន​​​​ព័ត៌មាន​ថា គាត់​បាន​ឆ្លង​​​ដែនទៅ​វៀតណាម ហើយ​ពេល​​​ខ្លះ​យើង​ឮ​ថា​ គាត់​បាន​​ត្រឡប់​មក​វិញ​​​ពីរបី​ម៉ោង​ ពីរ​បី​ថ្ងៃ​”។

​លោក​បាន​​​មាន​​ប្រសាសន៍​​បន្ថែម​ថា ​​នគរ​បាល​ពិសេស​មួយ​ក្រុម​​ដែល​ត្រូវ​បាន​​​ចាត់​តាំង​​​ឲ្យ​​ដោះ​ស្រាយ​​ករណី​លោក​ ឈូក បណ្ឌិត បាន​ព្យាយាម​ចាប់​ខ្លួន​​គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​លើក​មក​ហើយ ​ប៉ុន្តែ​ចាប់​មិន​​ដែល​បាន​សោះ​។ ”​យើង​បាន​តាម​គាត់​ជា​ច្រើន​​​​លើក​មក​ហើយ”។

​ការ​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត កាលពី​ថ្ងៃ​សៅរ៍ កើត​មាន​ឡើង​​ចំពេល​​​មាន​ការ​ចាប់​អារម្មណ៍​ជាថ្មី​លើករណី​របស់​គាត់​​ ដែល​​ត្រូវ​បាន​​ចាត់​ទុក​ជាការ​ចំអក​ដល់ប្រព័ន្ធ​តុលា​ការ​​​​ក្នុង​ប្រទេស​កម្ពុជា​។

កាលពី​ថ្ងៃទី​២៧ ​ខែ​កក្កដា ជន​រងគ្រោះ​ទាំង​បី​ដែលមាន​ឈ្មោះ នុត សុខន ប៊ុន ចិន្តា និង​ កែវ នា ​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​​​ដើម្បី​អំពាវ​នាវ​​ឲ្យ​​សមត្ថកិច្ច​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត និងចង់​បាន​​យុត្តិធម៌​ដូច​​​កញ្ញា ឯក សុជាតា ហៅ ​​សាសា ជា​ពិធីការិនី​ទូរទស្សន៍ ដែល​លោក សុខ​ ​​ប៊ុន ឧកញ៉ា​ក្នុង​វិស័យ​អចលន​ទ្រព្យ​​​​ដែល​ជា​​ជន​ល្មើស​វាយ​ប្រហារនាង​កាលពី​​​ខែ​មុន ​ត្រូវ​​​​បាន​ចាប់​ខ្លួនភ្លាមៗ​ក្រោយ​ពី​មាន​អន្តរាគមន៍​ពី​មន្ត្រី​ថ្នាក់​កំពូល។

នៅ​ថ្ងៃ​បន្ទាប់ ​អគ្គស្នងការដ្ឋាន​​​នគរ​បាល​ជាតិ ​បាន​បញ្ចេញ​​វីដេអូ​​ឃ្លីប​មួយ​​ ដែល​ក្នុង​នោះ ឧត្ដម​សេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បាន​បដិសេធ​ថា សមត្ថកិច្ច​​មិន​បាន​​ធ្វេសប្រហែស​​​ឡើយ នៅ​ក្នុង​ការ​តាម​ស្វែង​រក​ចាប់​ខ្លួន​​លោក ​ឈូក បណ្ឌិត ហើយ​បាន​ប្រកាស​ថា អតីត​អភិបាល​ក្រុង​រូប​នេះ​​​បាន​​ជាប់ក្នុង​បញ្ជី​ឈ្មោះ​​​​ជន​​ដែល​សមត្ថកិច្ច​ចង់​ចាប់​ខ្លួន​បំផុត​របស់​នគរ​បាល​អាំងទែប៉ូល​កាលពី​ខែ​មីនា។

នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃទី​៣ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​ចាប់​ខ្លួន​​អតីត​អភិបាល​ក្រុង​រូប​នេះ​។ លោក​មាន​ប្រសាសន៍​​​ដូច្នេះ​ថា  ”​ទោះ​​​​ក្នុង​ករណី​ ឈូក ​បណ្ឌិត ​​ក៏ដោយ ​បើ​នគរ​​​បាល​មិន​ចាប់​ខ្លួន​ទេ​ គឺ​នគរ​បាល​ខុស​ហើយ​”។

​លោក គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​​​កាលពី​ថ្ងៃសៅរ៍​ថា លោក​ជឿ​ថា លោក ឈូក ​​បណ្ឌិត បាន​​ប្រគល់​ខ្លួន​​​នៅ​ពេល​គាត់​ដឹង​ថា សមត្ថកិច្ច​កំពុង​តែ​តាម​ចាប់​ខ្លួន​គាត់​។ ”​គាត់​ដឹង​ថា យើង​ចាត់​រាល់​វិធានការ ហើយ​យើង​មាន​ការ​ប្ដេជ្ញាចិត្ត​​ចំពោះ​ការ​ចាប់​ខ្លួន​គាត់​។ ដូច្នេះ​​ប្រហែល​ជា​គាត់​គិត​ថា ​បើ​គាត់​លាក់​ខ្លួន​ វា​ដូច​ជា​គាត់​​ជាប់គុក​មួយ​ជីវិត​អ៊ីចឹង”។

លោក ផាន់ រតនា ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ បាន​បញ្ជាក់​​កាល​​​ពី​ម្សិលមិញ​ថា ​​តុលាការ​បាន​ទទួលយក​​ខ្លួន​លោក ​ឈូក បណ្ឌិត ​នៅ​រសៀល​ថ្ងៃសៅរ៍ បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​​។

​លោក​​បាន​មាន​ប្រសាសន៍ថា ”​គាត់​បាន​មក​ដល់​​​តុលាការ​​នៅ​ម៉ោង​ប្រហែល​៤រសៀល​។ ​​យើង​បាន​សួរសំណួរ​​គាត់​ខ្លះ​ ហើយ​បាន​បញ្ជូន​​​​​​គាត់​​​​ទៅ​ពន្ធនាគារ​ភ្លាមៗ​​​ដើម្បី​អនុវត្តទោស​​ជាប់​ពន្ធនាគារ​១៨​ខែ។ វា​ជា​រឿង​ល្អ​ដែល​គាត់​បង្ហាញ​ខ្លួន ពីព្រោះ​គាត់​មិន​អាច​រត់​គេច​ខ្លួន​អស់​មួយ​ជីវិត​នោះ​ទេ”។

ព្រះរាជអាជ្ញារង​រូប​េនះ​បាន​លើកឡើង​បន្ត​​​​​ថា លោក ឈូក បណ្ឌិត នឹង​​មិន​ប្រឈម​ទោស​​​​​ជាប់ពន្ធនាគារ​​បន្ថែម​​ឡើយ​ចំពោះ​ការ​​​រត់​គេច​​​​ពី​ការ​ចាប់​ខ្លួន​។ ”​គ្មាន​ច្បាប់​ណា​​​ផ្ដន្ទា​ទោស​អ្នក​ដែល​រត់គេច​ពី​សេចក្ដី​សម្រេច​ស្ថាពរ​​​​នោះ​ទេ។ ​​មាន​មនុស្ស​ជាច្រើន​​ដែល​បាន​រត់​គេច​ខ្លួន​ដូច​គាត់​។ ហេតុ​អី​​យើង​ផ្ដន្ទា​ទោស​​​តែ​គាត់​ម្នាក់? ​នេះ​​មិន​យុត្តិធម៌​ទេ​សម្រាប់​គាត់”។cam-bundith-headshot-jump-police

លោក ឈូក បណ្ឌិត ដែល​​បាន​បង្ក​របួស​ស្នាម​ដល់​​​កម្មការិនី​ទាំង​​បី​នាក់​​ដែល​បម្រើ​ការ​នៅ​រោងចក្រ​មួយ​ដែល​ផ្គត់​ផ្គង់​ដល់​ក្រុម​ហ៊ុន​ពូម៉ា (Puma) ជា​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​កីឡា​​ដ៏ធំ​របស់​អាល្លឺម៉ង់ នៅ​ពេល​​គាត់​បាញ់​​ប្រហារ​​​​ទៅ​លើ​​​​មនុស្ស​មួយ​ក្រុម​​​អំឡុង​ពេល​តវ៉ា​នៅ​តំបន់​សេដ្ឋកិច្ចពិសេស​មួយ​ក្នុង​ក្រុង​បាវិត កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១២​នោះ ត្រូវ​បាន​ចោទ​​​ប្រកាន់​ពីបទ​​បង្ក​អំពើ​ហិង្សា​ដោយ​អចេតនា​នៅ​រយៈ​ពេល២ខែ​ក្រោយ​មក ប៉ុន្តែ​មិន​ដែល​ត្រូវ​បាន​ចាប​់​ខ្លួន​​ឡើយ​​​។ នៅ​ខែ​ធ្នូ​ក្នុង​​ឆ្នាំ​នោះ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ទម្លាក់​ចោលវិញ​​ដោយ​គ្មាន​ការ​ពន្យល់​​បក​ស្រាយ។

ក្រោយ​មក​ សាលា​ឧទ្ធរណ៍​​បាន​បង្គាប់​ឲ្យ​ស៊ើបអង្កេត​សំណុំរឿង​នេះ​ឡើង​វិញ ហើយ​ទីបំផុត​សាលា​ដំបូង​ខេត្ត​​ស្វាយរៀង​ បាន​​សម្រេច​​ឲ្យ​លោក ឈូក បណ្ឌិត ជាប់​ពិរុទ្ធ​ភាព​​ និង​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៣ ប៉ុន្តែ​គាត់​បាន​បាត់​ខ្លួន​ទៅ​ហើយ។ សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល​បាន​តម្កល់​សាលក្រម​នេះ​ទុក​ជា​បាន​ការ​​ដោយ​កំបាំង​មុខ​។

កាលពី​ម្សិលមិញ ក្រុម​អ្នក​ជំនាញ​ខាង​ច្បាប់​​​​បាន​លើក​ឡើង​ថា ​​ការ​​ប្រគល់​ខ្លួន​របស់​លោក​ ​​ឈូក បណ្ឌិត កាលពី​ថ្ងៃ​សៅរ៍ ​ដែល​កើត​មាន​ឡើង​​មិន​ដល់​មួយសប្ដាហ៍​ផង​បន្ទាប់ពី​​​លោក ហ៊ុន សែន អំពាវ​នាវ​ឲ្យ​ចាប់​ខ្លួន​គាត់​នោះ ជា​ភ័ស្តុតាង​បន្ថែម​ទៀត​បង្ហាញ​​កាន់​តែ​ច្បាស់​ថា ​មាន​តែ​​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ​ដែល​មាន​ឥទ្ធិ​ពល​លើ​សំណុំ​រឿង​​​ពាក់​ព័ន្ធ​បុគ្គល​មាន​​ទ្រព្យ​ស្តុក​ស្តម្ភ ឬ​​​មាន​ខ្នង​បង្អែក​ក្រាស់។

លោក មឿន តុលា ប្រធាន​កម្មវិធី​ការ​ងារ​​នៃ​​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ចាត់​ទុក​​​ថា ការ​ផ្ដន្ទាទោស​លោក ឈូក បណ្ឌិត​ កាលពី​ឆ្នាំ​២០១៣​ គឺ​ជា​​ ​​”​ទោស​ស្រាល” ​​​​​ហើយថ្លែង​​ថា ”​យើង​អាច​មើល​ឃើញ​ថា គាត់​​​​មក​សារភាព​​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​​ប្រកាស​​​​ថា ​​គាត់​គួរ​តែ​ត្រូវ​ចាប់​ខ្លួន​។ ​គាត់​​មក​សារ​ភាព​​​​ ​​ដូច្នេះ​យើង​មិន​ដែល​ដឹង​ថា សមត្ថកិច្ច​ពិបាក​ប៉ុណ្ណាទេ​ក្នុង​ការ​ព្យា​យាម​​​ចាប់​ខ្លួន​គាត់​”។

កែវ នា ស្ថិត​​ក្នុង​ចំណោម​​កម្មការិនីទាំង​បី​​​​នាក់​ដែល​​​ត្រូវ​លោក ឈូក​ បណ្ឌិត បាញ់​ប្រហារ​​​ ​​​និយាយ​ថា នាង​សប្បាយ​ចិត្ត​ដែល​ឮ​ថា​អតីត​អភិបាល​ក្រុង​រូប​នេះ​ជាប់​ពន្ធនាគារ​ ប៉ុន្តែ​​នាង​បាន​បញ្ជាក់​ជា​ថ្មី​ថា “​ការ​ផ្ដន្ទាទោស​ស្រាល​” ចំពោះ​គាត់ ​​មិនស័ក្តិ​​សម​នឹង​បទ​ល្មើស​ដែល​បាន​​គាត់​ប្រព្រឹត្ត​នោះ​ទេ​។

នាង​និយាយ​ទៀត​​ថា “​គាត់​​ប៉ុន​ប៉ង​សម្លាប់​យើង ហើយ​ចំណាយ​ពេល​ប្រហែល​​៣​ឆ្នាំ​ទម្រាំ​ចាប់​ខ្លួន​គាត់​​បាន​​។ បើ​គ្មាន​នាយករដ្ឋ​មន្ត្រី​​​អំពាវ​នាវ​ឲ្យ​ចាប់​ខ្លួន​គាត់​ទេ ម្លេ៉ះ​អាជ្ញា​ធរ​​មិន​​​អាច​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​គាត់​បាន​ទេ​ ព្រោះ​​​​​​​​អ្នក​មាន​អំណាច​ជួយ​គាត់​”៕ សុខុម​​​​​​​​​​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.