​បុរស​ម្នាក់​​​បាញ់​​មន្ត្រី​កង​រាជអាវុធ​ហត្ថ​​ធ្លាយ​កំប៉េះ​គូទ​ដោយ​​ប្រើ​កាំភ្លើង M16 ​របស់​ជន​រងគ្រោះ​

កង​រាជអាវុធ​ហត្ថ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា បុរស​ម្នាក់​ដែល​ជា​អ្នក​រក​ស៊ី ​​ត្រូវ​បាន​​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​​​បាញ់​​​ធ្លាយ​កំប៉េះគូទ​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​​ដោយ​ចៃ​ដន្យ​ដោយ​​ប្រើកាំភ្លើង​វែង​ធុន M16 ខណៈ​​​​ពួកគេ​ទាំង​ពីរ​​ប្រលែង​​គ្នា​​​ជាមួយ​នឹង​កាំភ្លើង​​មាន​គ្រាប់​នៅ​ក្នុង​រថយន្ត​​​មួយ​បាំង​កន្លះ​​មួយ​គ្រឿង​ដែល​ចត​ឈប់​ស្ងៀម។

យោង​តាម​លោក ឃ្លោក តារា មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​​ខណ្ឌ​ដូនពេញ​​​បាន​ឲ្យ​ដឹង​​​​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​​​ប្រហែល៨យប់ ខណៈ​​ឈ្មោះ ជី ម៉ូដែល ដែល​មាន​មុខ​របរ​ជា​អ្នក​ជួល​ម៉ូតូ​ និង​មិត្តភក្ដិ​របស់​ខ្លួន​ឈ្មោះ ពេជ្រ ធារិទ្ធ អាយុ​៣៦​ឆ្នាំ ​ដែល​ជា​មន្ត្រី​កង​រាជអាវុធហត្ថ​ កំពុង​អង្គុយ​ក្នុង​​រថយន្ត​តូយ៉ូតា​តាកូម៉ា​​របស់​ឈ្មោះ ពេជ្រ ធារិទ្ធ នៅ​ចំណុច​ផ្លូវ​ប្រសព្វ​នៃ​មហាវិថី​ព្រះ​នរោត្តម និង​មហាវិថី​ព្រះសីហនុ។

មេបញ្ជាការ​រូប​នេះ​​បាន​មាន​ប្រសាសន៍​ថា ឈ្មោះ ជី ម៉ូដែល បាន​យក​កាំភ្លើង​​ M16 របស់​ឈ្មោះ ពេជ្រ ធារិទ្ធ មក​ភ្ជង់​ជន​រង​គ្រោះ​​​​លេង​ ហើយ​ពេល​នោះ​កាំភ្លើង​ក៏​រាល​កៃ​​ធ្វើ​ឲ្យ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​​ទម្លុះ​កំប៉េះគូទ​ខាង​ស្ដាំរបស់​មន្ត្រី​កង​រាជអាវុធ​ហត្ថ​។

លោក​បាន​លើក​ទៀត​ថា ”​យើង​​ចាប់​ខ្លួន​គាត់​​បាន​នៅ​កន្លែង​កើត​ហេតុ​ បន្ទាប់ពី​​ផ្ទុះ​អាវុធ​ដោយ​សារ​តែ​កង​កម្លាំង​របស់​យើង​ប្រចាំការ​​នៅ​ក្បែរ​នោះ”។ លោក​បាន​​បញ្ជាក់​​​ថា ជី ម៉ូដែល ត្រូវ​បាន​ឃុំខ្លួន​នៅ​ទីបញ្ជាការ​ដ្ឋាន​កង​រាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ។ លោក​បាន​ថ្លែង​ថា ”​ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​កាលពី​យប់​មិញ ដោយ​កំប៉េះគូទ​មាន​ស្នាម​ដាច់​រយះ​សាច់​យ៉ាង​ធំ​”។

លោក​​ ខេន សុវណ្ណ នាយការិយាល័យ​​ព្រហ្ម​ទណ្ឌ​ នៃ​កង​រាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ឈ្មោះ ជី​ ម៉ូដែល នឹង​ត្រូវ​បញ្ជូន​ខ្លួន​ឡើង​តុលាការ​នៅ​ថ្ងៃ​នេះ​៕ សុខុម

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.