មនុស្ស​បី​នាក់​​ពុល​ស្លាប់​​ បន្ទាប់ពី​​លួច​​ផឹក​ស្រា​ត្រាំ​គ្រាប់​ស្លែង​​​សម្រាប់​រឹត​សរសៃ​​​​របស់​ព្រះសង្ឃ

បុរស​បី​នាក់​​បាន​ស្លាប់​ដោយ​សារ​ការ​ពុល​គ្រាប់​ស្លែង​នៅ​ក្នុង​ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​លួច​ផឹក​ស្រា​ថ្នាំ​សម្រាប់​រឹត​​​សរសៃ​​​​​​របស់​ព្រះសង្ឃ​​​​ដែល​ច្រក​ក្នុង​ប៊ីដុង។

លោក អ៊ុន យ៉ុង អធិការ​រង​ស្រុក​ខ្សាច់​កណ្ដាល បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា បុរស​មួយ​ក្រុម​​មាន​គ្នា​ប្រាំ​នាក់​មក​ពី​ខេត្ត​ព្រៃវែង ​បាន​ទៅដល់​វត្តស៊ីធរ ​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ​កាលពី​ព្រឹក​​​​ព្រលឹម​ថ្ងៃ​អាទិត្យ ដើម្បី​​ជួយ​រៃអង្គាស​បច្ច័យ​​ចូល​វត្ត ហើយ​​​ដោយ​ពេល​នោះ​ប្រទះ​ឃើញ​ប៊ីដុង​​ចំណុះ​១០​លីត្រ​​ទំនង​ដូច​​ស្រា ពួកគាត់​ក៏​ចាប់​ផ្ដើម​​យក​មក​​ផឹក​។

លោក​​មាន​ប្រសាសន៍​ទៀត​ថា បុរស​ទាំង​នេះ​មិន​បាន​ដឹង​ថា ស្រា​នោះ​លាយ​ជាមួយ​ “ស្លែង​” ដែល​​ប្រើ​សម្រាប់​​​​​លាប​រឹត​ដើម្បី​កាត់​បន្ថយ​ការ​រមាស់ និង​ការ​ឈឺ​ចុក​ចាប់​នោះ​ទេ ហើយ​ក៏​បាន​​​ផឹក​​ថ្នាំ​រឹត​នោះ​​អស់​កន្លះ​ប៊ីដុង​ មុន​ពេល​ពួកគាត់​​ចាប់​ផ្ដើម​​​​​ពុល​។

​លោក​បាន​ថ្លែង​ថា  ”​ពួកគាត់​​បាន​ឃើញ​​​ស្រា​​ត្រាំ​ផ្លែ​ស្លែង​របស់​ព្រះសង្ឃ​ដែល​ជា​ថ្នាំ​បុរាណ​ខ្មែរ​ សម្រាប់​រឹត​​បន្ធូរ​​ការ​ឈឺចុក​ចាប់​។ ប៉ុន្តែ​ពួក​គាត់​បែរ​ជា​​យក​វា​ទៅ​ផឹក​ ហើយ​វា​ក៏​​ធ្វើ​ឲ្យ​ពួកគាត់​​ស្លាប់ និង​​ពុល​ធ្ងន់ធ្ងរ”។

​លោក​មាន​​ប្រសាសន៍​​បន្ត​ថា ​បុរស​បី​នាក់​ក្នុង​ចំណោម​បុរស​ទាំង​នេះ​ដែល​មាន​អាយុ​ចន្លោះ​ពី​៥៧​ឆ្នាំ​ដល់​៦២​ឆ្នាំ ​បាន​ស្លាប់​​តាម​ផ្លូវ​​ពេល​បញ្ជូន​ទៅ​​​មន្ទីរ​ពេទ្យ​បង្អែក​ដែល​​នៅ​ជិត​បំផុត​​។ ចំណែក​ឯបុរស​ពីរ​នាក់​ទៀត​ដែល​​​​នៅ​រស់​ ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​​មិត្តភាព​ខ្មែរ-​សូវៀត​ ក្នុង​រាជធានី​ភ្នំពេញ ហើយ​​​​​ទំនង​ជា​ត្រូវ​​​​គ្រូពេទ្យ​​​​អនុញ្ញាត​ឲ្យ​ចេញ​ពី​​មន្ទីរ​ពេទ្យ​វិញ​នៅថ្ងៃ​នេះ​។

សូម​​បញ្ជាក់​ថា ស្ទ្រីកនីន (Stychnine) គឺ​​ជា​ម្សៅ​​​ស​ថ្លា​ឥត​មាន​​ក្លិន​​ចម្រាញ់​ចេញពី​​រុក្ខជាតិ​ម្យា៉ង​​ឲ្យ​ឈ្មោះ​ថា ស្លែង ​ដែល​មាន​ប្រភព​ដើម​​​​នៅ​អាស៊ី​ខាង​ត្បូង​។​​​ កាលពី​មុន​​ គេ​​ធ្លាប់​​​ផលិត​​​វា​ជា​ថ្នាំ​គ្រាប់​​សម្រាប់​ព្យាបាល​​​ជំងឺ​ផ្សេងៗ​​របស់​មនុស្ស ប៉ុន្តែ​បច្ចុប្បន្ន​គេ​​ប្រើ​ប្រាស់​វា​ភាគ​ច្រើន​ជា​ថ្នាំ​សម្លាប់​សត្វល្អិត​៕ សុខុម​​​​​

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.