ការ​លិច​កប់​ក្នុង​ខ្សាច់

ផ្ទះ​គ្រួសារ​លោក ឃិន នៅក្បែរ​វិហារ​មូស្លីមថ្មី។ រូបថតៈ Ben Woods/The Cambodia Daily
ផ្ទះ​គ្រួសារ​លោក ឃិន នៅក្បែរ​វិហារ​មូស្លីមថ្មី។ រូបថតៈ Ben Woods/The Cambodia Daily

នៅ​លើ​អតីត​បឹង​កក់ គ្រួសារ​មួយ​ស៊ូ​ក្រាញ​ននៀល​ក្នុង​ពេល​ដែល​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ឲ្យ​ផ្ទះ​ពួកគេ​កប់​ក្នុង​​ខ្សាច់

នៅ​ជាយ​នៃ​ផ្ទៃ​ដី​គ្មាន​ជីជាតិ​ដ៏​ធំ​ល្វឹងល្វើយ​នេះ ផ្ទះ​មួយ​ខ្នង​កប់​ក្នុង​ដី​ស្ទើរ​ពេញ​ដោយ​ដី​ខ្សាច់​ទល់​ដល់​ដំបូល។ នេះ​ជា​ផ្ទះ​គ្រួសារ​របស់​លោក ឃិន ជា​ផ្ទះ​ចុង​ក្រោយ​ក្នុង​ភូមិ​របស់​ពួកគេ ក្រោយពី​ប្រជាពលរដ្ឋ​ជាង​៣.០០០​គ្រួសារ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំបន់​នោះ ដើម្បី​យក​ដី​អភិវឌ្ឍន៍។

ពិបាក​ស្រមៃ​ដល់​ណាស់​ឥឡូវ​នេះ ប៉ុន្តែ​តំបន់​ខ្សាច់​សឹងតែ​គ្មាន​អ្វី​សោះ​នៅ​ភាគ​ខាង​ជើង​ក្រុង​ភ្នំពេញ​នេះ កាល​មុន​នោះ​ជា​បឹង​ដ៏​ធំ​មួយ ជា​លំនៅ​របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​សង់​ផ្តុំ​គ្នា​ស្អេកស្កះ​ជុំវិញ​មាត់​បឹង និង​រស់​ក្នុង​ផ្ទះ​មាន​សសរ​លើ​ទឹក​បឹង​នេះ។ ក្នុង​ឆ្នាំ​២០០៧ រដ្ឋាភិបាល​បាន​ផ្តល់​កិច្ច​សន្យា​ជួល​ឲ្យ​ក្រុមហ៊ុន ស៊ូកាគុ អិុន ជា​ក្រុមហ៊ុន​របស់​លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អភិវឌ្ឍ​តំបន់​នេះ។ ពីរ​ឆ្នាំ​បន្ទាប់​មក មាន​ការ​ភ្ញាក់​ផ្អើល​ពី​ក្រុម​អ្នក​ភូមិ ដោយ​ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ចាក់​ខ្សាច់​បំពេញ​បឹង។

នៅ​ពេល​ខ្សាច់​គរ​ឡើង​កាន់តែ​ខ្ពស់ សម្ពាធ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​កាន់តែ​ខ្លាំង​ដែរ។ លោក ឃិន ចន្ថា បាន​និយាយ​ថា “យើង​មាន​មិត្ត​ភក្តិ អ្នក​ជិតខាង​ជាច្រើន ប៉ុន្តែ​ក្រោយពី​ក្រុមហ៊ុន ស៊ូកាគុ មក​ដល់ ពួកគេ​ទាំង​អស់​បាន​ចាកចេញ”។

ពួកគេ​ទាំងអស់​បាន​ចាកចេញ​ពី​គំនរ​ខ្សាច់​កាន់តែ​ខ្ពស់​នេះ​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​អ្នក​រើស​អេតចាយ​អាយុ​៥៤​ឆ្នាំ​រូប​នេះ​នៅ​បន្ត​រស់​ក្នុង​បំណែក​ផ្ទះ​ដ៏​តូច​របស់​គាត់ ដែល​អាច​នៅ​បាន​ដដែល រួម​ជាមួយ​ប្រពន្ធ​គាត់​ឈ្មោះ ង៉ោ វណ្ណា អាយុ​៣៨​ឆ្នាំ និង​កូន​បួន​នាក់​របស់​ពួកគេ។ កូន​ច្បង​មាន​អាយុ​១០​ឆ្នាំ កូន​ពៅ​អាយុ​៦​ខែ។ អង្គុយ​ក្នុង​ម្លប់​នៃ​ព្រះវិហារ​មូស្លីម​ថ្មី​ដ៏​ខ្ពស់​ជ្រងោ ផ្ទះ​របស់​ពួកគេ​ដូច​កន្លែង​ទុក​របស់​ដែល​គេ​បោះ​ចោល យាម​ការពារ​ដោយ​ឆ្កែ​មួយ​ក្បាល​និង​កូនៗ​របស់​វា​ដែល​កំពុង​ព្រុស។

នៅ​រសៀល​ថ្ងៃ​មួយ​នា​ពេល​ថ្មីៗ​នេះ លោក ចន្ថា បាន​អង្គុយ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​គាត់​ដែល​លិច​កប់​ក្នុង​ខ្សាច់ កញ្ចុំ​សក់​ស្តើងៗ​កណ្តាញ់​ដោយ​កម្តៅ​ថ្ងៃ។ គាត់​ពាក់​ស្បែក​ជើង​សង្រែក​ម្ខាង​នៅ​ជើង​ខាង​ឆ្វេង​របស់​គាត់ អាវ​យឺត​កខ្វក់​និង​ខ្សែ​ក​ច្រវាក់​ដែក ដែល​គាត់​រើស​បាន​នៅ​ពេល​ដើរ​រើស​អេតចាយ។ នៅ​ដៃ​របស់​គាត់ ម្រាម​មួយ​មាន​ពាក់​ចិញ្ចៀន​បួន ជា​ទ្រព្យ​ដែល​រើស​បាន ដែល​គាត់​ជឿ​ថា នឹង​ជួយ​កុំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ អ៊ីចឹង​ហើយ គាត់​មិន​ដែល​បាន​ទៅ​រក​ការ​ព្យាបាល​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត​របស់​លោក​ទេ។

ជើង​ទទេ​ម្ខាង​របស់​គាត់​កៀរ​ខ្សាច់​ដែល​កប់​ផ្ទះ​របស់​គាត់​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ។

គាត់​បាន​និយាយ​ថា “ខ្ញុំ​បាន​មក​រស់​នៅ​ទី​នេះ​កាលពី​ចុង​ឆ្នាំ​១៩៩៣”។ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​បង​ប្អូន​ប្រុស​របស់​គាត់ និង​ជួល​គេ​ខ្លះ លោក ចន្ថា បាន​សង់​ផ្ទះ​របស់​គាត់​ខ្ពស់​ផុត​ពី​ដី មាន​កម្ពស់​៥​ម៉ែត្រ​នៅ​លើ​ទឹក។ ឥឡូវ​នេះ តែ​មួយ​ផ្នែក​នៃ​ដំបូល​ប៉ុណ្ណោះ​ដែល​នៅ​ផុត​ពី​ខ្សាច់ ផ្តល់​ឲ្យ​គ្រួសារ​នេះ​មាន​កន្លែង​ល្មម​តែ​រស់​នៅ​ជ្រកកោន​បាន។

២​​ លោក ឃិន ចន្ថា ដើរចេញពី​ផ្ទះ​របស់​គាត់​នៅ​ក្នុង​បឹងកក់​។ រូបថតៈ Ben Woods/The Cambodia Daily
២​​ លោក ឃិន ចន្ថា ដើរចេញពី​ផ្ទះ​របស់​គាត់​នៅ​ក្នុង​បឹងកក់​។ រូបថតៈ Ben Woods/The Cambodia Daily

ធ្វើ​ពី​ជញ្ជាំង​ឈើ​កំពុក​ដែល​ប៉ះ​បិទបាំង​ដោយ​បន្ទះ​ក្តារ​ច្រែះ​ចាប់ មាន​បន្ទប់​មួយ​ល្មម​ក្រាល​កន្ទេល​ដេក​បាន។ ដំបូល​ស័ង្កសី​ធ្លុះ​ធ្លាយ​ឃើញ​មេឃ។ លោក ចន្ថា បាន​និយាយ​ថា “ឲ្យ​តែ​ភ្លៀង​ម្តងៗ យើង​ដេក​មិន​កើត​ទេ”។ ការ​ដាក់​តុបតែង​លម្អ​មួយ​គឺ​រូបថត​ពូ​របស់​លោក ចន្ថា ដែល​ឥឡូវ​នេះ​បាន​ស្លាប់​ទៅ​ហើយ និង​រូបថត​ព្រះពុទ្ធ​ស្រោប​ប្លាស្ទិក ព្យួរ​នឹង​បង្កង់​ដំបូល។

នៅ​ថ្ងៃ​រៀន លោក ចន្ថា នាំ​កូន​បី​នាក់​របស់​គាត់​ដើរ​ប្រើ​ពេល​មួយ​ម៉ោង​កាត់​ខ្សាច់​ចូល​ក្រុង​ទៅ​ថ្នាក់​រៀន រីឯ​អ្នក​ស្រី វណ្ណា នៅ​ផ្ទះ​ជាមួយ​កូន​ស្រី​ពៅ។ បន្ទាប់មក លី​បាវ​មួយ បុរស​កូន​បួន​រូប​នេះ ប្រមូល​ប្លាស្ទិក​និង​ដែក​ផ្សែផ្សំ​លក់​ដើម្បី​ចិញ្ចឹម​គ្រួសារ។

រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​លោក ចន្ថា នូវ​ដី​ឡូ​ទំហំ​៧២​ម៉ែត្រ​ក្រឡា ជា​ថ្នូរ​សម្រាប់​ដី​របស់​គ្រួសារ​នេះ​នៅ​ជិត​បឹង​កក់។ ប៉ុន្តែ​លោក​និយាយ​ថា សំណង​ឲ្យ​គាត់​មិន​សម​ល្មម​សម្រាប់​ដី​ដើម​ទំហំ​៤០០​ម៉ែត្រ​ក្រឡា ដែល​គាត់​មាន​ទេ។

គាត់​បាន​និយាយ​ថា “ក្រុមហ៊ុន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង ពីព្រោះ​គេ​បាន​រំលោភ​លើ​សិទ្ធិ​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ប្តឹង​ក្រុមហ៊ុន ស៊ូកាគុ ព្រោះ​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ជន​រងគ្រោះ​ដោយសារ​តែ​ការ​អភិវឌ្ឍ​របស់​គេ”។

លោក ចន្ថា មិន​ព្រម​រើ​ទៅ​ណា​ទេ ទាល់តែ​គាត់​ទាមទារ​បាន​ដី​មួយ​ក្បាល​ធំ​ជាង​នោះ។ នៅ​ពេល​នេះ នៅ​សល់​តែ​ផ្ទះ​គាត់​មួយ​ប៉ុណ្ណោះ ជា​អគារ​កំពុក​មួយ​ដែល​មិន​រឹងមាំ​ដូច​ការ​តាំង​ចិត្ត​របស់​គាត់​ទេ។

គម្រោង​បឹង​កក់​មាន​ភាព​ចម្រូង​ចម្រាស​ណាស់ ចាប់តាំង​ពី​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៧​មក នៅ​ពេល​ដែល​ក្រុមហ៊ុន ស៊ូកាគុ ទទួល​បាន​កិច្ច​សន្យា​ជួល​រយៈពេល​៩៩​ឆ្នាំ លើ​ផ្ទៃ​ដី​១៣៣​ហិកតា ហើយ​ថយ​ចុះ​មក​នៅ​ត្រឹម​១១៤​ហិកតា។

លោក ចន្ថា បាន​និយាយ​អំពី​រដ្ឋាភិបាល​ថា “គេ​មិន​សួរ​ប្រជាពលរដ្ឋ ថា​តើ​គេ​យល់​ព្រម ឬ អត់​នោះ​ទេ។ ប្រជាពលរដ្ឋ​រន្ធត់​ចិត្ត​ណាស់ និង​ព្រួយ​បារម្ភ​ណាស់។ ពួកគេ​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​ទេ”។

ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ទាំង​បង្ខំ​ដែល​កើត​មាន​បន្ត​មក​ទៀត​បាន​ធ្វើ​ឲ្យ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ជុំវិញ​ពិភពលោក ដោយ​ប្រមូល​ការ​គាំទ្រ​ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​និង​អន្តរជាតិ និង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​ម្ចាស់​ជំនួយ។ ការ​តវ៉ា​ជាច្រើន​លើក​ច្រើន​សា​ដោយ​អ្នក​បឹង​កក់​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាប់​មុខ ហើយ​បាន​ពន្យារ​ពេល​ផែនការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ស៊ូកាគុ។

មាន​ក្រុមហ៊ុន​លើស​ពីមួយ​បាន​ដក​ការ​វិនិយោគ​ចេញ​ពី​គម្រោង​ក្នុង​ពេល​មាន​ភាព​ចម្រូងចម្រាស​នេះ ហើយ​ទើបតែ​ខែ​មុន​នេះ ដែល​ក្រុមហ៊ុន​ចិន​មួយ​បាន​ចាប់​ផ្តើម​ការ​សាងសង់​បណ្តុំ​អគារ​ពាណិជ្ជកម្ម​និង​លំនៅ​ដ៏​ធំ​ទី​១​នៅ​កន្លែង​នោះ។ ប្រធាន​ទំនាក់​ទំនង​សាជីវកម្ម​របស់​ក្រុមហ៊ុន ស៊ូកាគុ មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​សុំ​ការ​ពន្យល់​នោះ​ទេ។

ប៉ុន្តែ បឹង​កក់​គឺ​គ្រាន់តែ​ជា​ការ​ថយ​ចុះ​វិវាទ​ចំពោះ​អ្វី​ដែល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​មើល​ឃើញ ថា​ជា​កំណើន​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស។ កាលពី​ខែ​កុម្ភៈ ក្រុម​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា កាលពី​ឆ្នាំ​មុន​ខ្លួន​បាន​ចុះបញ្ជី​១០.៦២៥​គ្រួសារ​ដែល​រងគ្រោះ​ថ្មីៗ​ដោយសារតែ​ជម្លោះ​ដីធ្លី​ក្នុង​១៣​ខេត្ត​ដែល​ខ្លួន​បាន​តាម​ដាន​ គឺ​ច្រើន​ជាង​បី​ដង​នៃ​ចំនួន​ដែល​ខ្លួន​បាន​ចងក្រង​ជា​ឯកសារ​ក្នុង​ឆ្នាំ​២០១៣។ រដ្ឋាភិបាល​បាន​ច្រាន​ចោល​តួលេខ​នេះ​ថា “គ្មាន​មូលដ្ឋាន”។

យោង​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ណា​ដែល​ “កាន់កាប់​ដោយ​សុខសាន្ត គ្មាន​ទំនាស់” លើ​ដីធ្លី​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ប្រាំ​ឆ្នាំ​មុន​ពេល​ច្បាប់​នេះ​ចូល​ជាធរមាន​គឺ “មាន​សិទ្ធិ​ស្នើ​សុំ​កម្មសិទ្ធិ​ច្បាស់លាស់”។

លោក សៀ ភារម្យ នាយក​អង្គការ​ក្រុម​ការងារ​​សិទ្ធិ​លំនៅដ្ឋាន ជា​ក្រុម​ចម្រុះ​នៃ​ក្រុម​សិទ្ធិ​មនុស្ស​ចំនួន​ប្រាំ​បាន​និយាយ​ថា ជាង​មួយ​ទសវត្សរ៍​ចាប់តាំង​ពី​ច្បាប់​នេះ​បាន​ប្រកាស​ឲ្យ​អនុវត្ត ប្រព័ន្ធ​រៀបចំ​ច្បាប់​កម្មសិទ្ធិ​នៅតែ​មិន​មាន​ដំណើរការ​ល្អ គ្មាន​ប្រសិទ្ធភាព និង​ពុក​រលួយ។ លោក​បាន​និយាយ​ថា “ច្បាប់​ល្អ ប៉ុន្តែ ការ​អនុវត្ត​មិន​ល្អ”។

រឹតតែ​សំខាន់​ទៀត​នោះ ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ឯកសារ​ជា​ផ្លូវការ​ដើម្បី​បញ្ជាក់​ថា ពួកគេ​បាន​រស់​នៅ​ក្នុង​តំបន់​ណា​មួយ​រយៈពេល​ចំនួន​ប៉ុន្មាន​ឆ្នាំ​ទេ ជាហេតុ​ធ្វើ​ឲ្យ​ស្មុគ្រ​ស្មាញ​ក្នុង​ការ​ទទួល​បាន​ភាព​ជា​ម្ចាស់​ស្រប​ច្បាប់។ លោក ភារម្យ បាន​និយាយ​ថា “ប្រជាពលរដ្ឋ​ដែល​គ្មាន​អ្វី​សោះ ពិបាក​ក្នុង​ការ​តស៊ូ​មតិ ពិបាក​ក្នុង​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល”។

ក្នុង​ករណី​បឹង​កក់ គ្រួសារ​ភាគ​ច្រើន​បំផុត​មិន​មាន​ឱកាស​ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី ដែល​ពួកគេ​មាន​សិទ្ធិ​ទទួល​ស្របច្បាប់​ទេ មុន​ពេល​រដ្ឋាភិបាល​បាន​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ ស៊ូកាគុ។

លោក ចន្ថា និង​កូនស្រី​អាយុ​៧ឆ្នាំ ឈ្មោះ វ៉ាណូ អង្គុយ​ខាង​ក្រៅ​ផ្ទះរបស់​គេ។ រូបថតៈ Ben Woods/The Cambodia Daily
លោក ចន្ថា និង​កូនស្រី​អាយុ​៧ឆ្នាំ ឈ្មោះ វ៉ាណូ អង្គុយ​ខាង​ក្រៅ​ផ្ទះរបស់​គេ។ រូបថតៈ Ben Woods/The Cambodia Daily

មុន​ពេល​គម្រោង​អភិវឌ្ឍន៍​បាន​ចាប់​ផ្តើម មាន​ប្រជាពលរដ្ឋ​៤.២៥២​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​១០​ជុំវិញ​បឹង​នេះ។ ច្រើនជាង​៣.០០០​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ហើយ។ បន្ទាប់ពី​មាន​ការ​តវ៉ា​ប្រឆាំង​ដ៏​ខ្លាំង​ជា​សាធារណៈ នៅ​ឆ្នាំ​២០១១ លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុ​ក្រិត្យ​មួយ​កាត់​ដី​ទំហំ​១២,៤៤ហិកតា​សម្រាប់​សហគមន៍​ដែល​នៅ​សេសសល់​ដើម្បី​រស់នៅ​ទីនោះ ដោយ​បន្ថយ​កិច្ចសន្យា​ជួល​ដី​របស់​ក្រុមហ៊ុន​ស៊ូកាគុ​មក​នៅ​ត្រឹម​១១៤,៤១ហិកតា​វិញ។

នៅ​ពេល​ដែល​ការ​ផ្តល់​ឲ្យ​នេះ​ទទួល​បាន​ស្វាគមន៍ វា​មិន​បាន​គ្រប​ដណ្តប់​លើ​គ្រួសារ​ទាំង​អស់​ទេ។ ការ​ស្ទង់​មតិ​នៅ​ឆ្នាំ​២០១២ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រុម​តស៊ូ​មតិ​សិទ្ធិ​លំនៅដ្ឋាន​ក្រុង សមាគម​ធាងត្នោត​ បាន​រក​ឃើញ​ប្រជាពលរដ្ឋ​៧០​គ្រួសារ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ការ​ផ្តល់​ដី​ថ្មី​នេះ ក៏​ប៉ុន្តែ ភាគច្រើន​បំផុត​នៃ​គ្រួសារ​ទាំង​នោះ ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​ទទួល​យក​សំណើ​រើ​ចូល​ដី​ប្រគល់​ឲ្យ​នោះ។

យោង​តាម​លោក ភារម្យ បាន​ឲ្យ​ដឹង​ថា ថែម​ពី​លើ​លោក ចន្ថា សាលាក្រុង​នៅ​តែ​ធ្វើ​ការ​ចរចា​ជាមួយ​ប្រាំមួយ​គ្រួសារ​ទៀត​ទាក់ទិន​នឹង​សំណង​សម្រាប់​ដី​ធ្លី​របស់​ពួកគេ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលាក្រុង​បាន​និយាយ​ថា ការ​ទាម​ទារ​របស់​ប្រជាពលរដ្ឋ​ប្រាំមួយ​គ្រួសារ​នោះ​មិន​សម​ហេតុផល​ទេ។

លោក​បាន​និយាយ​អំពី​គ្រួសារ​ទាំង​នោះ​ថា “យើង​មិន​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ណាមួយ​ជាមួយ​ពួកគេ​នៅ​ឡើយ​ទេ ពីព្រោះ​អ្វី​ដែល​ពួកគេ​បាន​ទាមទារ​គឺ​ច្រើន​ពេក​ ហើយ​យើង​មិន​អាច​ផ្តល់​ឲ្យ​ពួកគេ​បាន​ទេ ហើយ​ពួកគេ​មិន​ទទួល​យក​ការ​ផ្តល់​ឲ្យ​របស់​យើង។ ប្រសិន​បើ​ពួកគេ​ទាមទារ​ខ្ពស់​ពេក យើង​មិន​អាច​ធ្វើ​បាន​ទេ”។

ចំពោះ​លោក ចន្ថា វិញ អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា “យើង​បាន​ចរចា​ជាមួយ​គាត់​ជាច្រើន​លើក​ច្រើន​សា​ហើយ ប៉ុន្តែ គាត់​មិន​ទទួល​យក​ការ​ផ្តល់​ឲ្យ​នេះ​ទេ”។

លោក ចន្ថា កំពុង​សុំ​ដី​ឡូ​ទំហំ​៧២​ម៉ែត្រក្រឡា​បួន​ឡូ។ គាត់​មិន​ប្តូរ​ចិត្ត ហើយ​រដ្ឋាភិបាល​ក៏​នឹង​មិន​កែប្រែ​ដែរ។

លោក ចន្ថា បាន​មក​ពី​ខេត្ត​ពោធិ៍សាត់​មក​នៅ​ភ្នំពេញ​តាំង​ពីក្មេង។ លោក​បាន​និយាយ​ថា “នៅ​សម័យ​ស្តេច ខ្ញុំ​បាន​មក​ទីក្រុង​នេះ។ ខ្ញុំ​មាន​អាយុ​ប្រហែល​១០​ឬ​១២​ឆ្នាំ”។ ឪពុក​ម្តាយ​របស់​គាត់​បាន​បញ្ជូន​គាត់​ឲ្យ​មក​រៀន​នៅ​ទីក្រុង ហើយ​គាត់​បាន​រស់​នៅ​ជាមួយ​ពូ​របស់​គាត់​នៅ​ទួលគោក។

ប្រហែល​បី​ឆ្នាំ​ក្រោយ​មក ខ្មែរ​ក្រហម​បាន​ចូល​កាន់កាប់​ទីក្រុង។ គាត់​បាន​និយាយ​ថា “ពូ​របស់​ខ្ញុំ​ត្រូវ​គេ​សម្លាប់។ ខ្ញុំ​ត្រូវ​គេ​ជម្លៀស​ទៅ​ខេត្ត​តាកែវ”។ នៅ​ខេត្ត​តាកែវ លោក ចន្ថា ធ្វើ​ពលកម្ម​នៅ​ស្រែ ហើយ​បន្ទាប់ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ​ទៅ គាត់​នៅ​ក្នុង​ខេត្ត​នោះ​មួយ​ឆ្នាំ​ទៀត។

គាត់​បាន​និយាយ​ថា “បន្ទាប់មក​មាន​គេ​ប្រាប់​ខ្ញុំ​ឲ្យ​មក​ភ្នំពេញ។ គេ​បាន​ប្រាប់​ខ្ញុំ​ថា នៅ​ខេត្តគ្មាន​អនាគត​ទេ”។

លោក ចន្ថា បាន​មក​នៅ​ភ្នំពេញ​វិញ​ លើក​នេះ​លោក​ស្នាក់នៅ​មណ្ឌល​កំព្រា។ ប្រហែល​ជា​នៅ​ពេលនោះ​ហើយ​ដែល​គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ដំបូង។ ក្រោយ​មក គេ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា គាត់​មាន​ជំងឺ​គ្រាប់​ឈាម​ក្រហម។ លោក​បាន​និយាយ​ថា “វេជ្ជបណ្ឌិត​បាន​និយាយ​ថា ឈាម​ស​ស៊ី​ឈាម​ក្រហម​”។ លោក​បាន​ឲ្យ​ដឹងទៀត​ថា “ខ្ញុំ​បាន​ចំណាយ​លុយ​ទាំងអស់​របស់ខ្ញុំ​លើ​ការ​ព្យាបាល ប៉ុន្តែ ព្យាបាល​មិន​ជា​ទេ ដូច្នេះ ខ្ញុំ​បាន​ផឹក​ថ្នាំ​ខ្មែរ ហើយ​ខ្ញុំ​បាន​ជា​គ្រាន់បើ​ជាង​មុន”។

ក្រុង​ភ្នំពេញ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ បាន​បង្ហាញ​ឱកាស​គួរ​ឲ្យ​ចាប់​អារម្មណ៍។ លោក ចន្ថា បាន​ឮ​ថា មាន​ដី ក្នុង​ករណី​នេះ​គឺ​ដី​ក្នុង​ទឹក អាច​មាន​ឱកាស​នៅ​បឹង​កក់។លោក​បាន​និយាយ​ថា “នៅ​ពេល​នោះ​ហើយ​ដែល​វា​បាន​ចាប់​ផ្តើម គឺ​ប្រជាជន​មក​បោះ​ព្រំ​ដី​របស់​ពួកគេ។ គេ​ប្រញាប់ប្រញាល់​មក​ចាប់​ដណ្តើម​យក​ដី​ មនុស្ស​គ្រប់​ប្រភេទ​ទាំង​អស់ មាន​ប៉ូលិស ទាហាន និង​ប្រជាជន​សាមញ្ញ”។

នៅ​ពេល​គាត់​មក​ដល់​បឹង​នេះ ប្រជាជន​ប្រហែល​២០​គ្រួសារ​បាន​តាំង​លំនៅ​នៅ​ទីនោះ​រួច​ទៅ​ហើយ។ លោក ចន្ថា បាន​បោះ​បង្គោល​ក្នុង​ទឹក​ដើម្បី​កំណត់​ដី​ឡូ​របស់​គាត់។ លោក​បាន​និយាយ​ថា “បន្ទាប់ពី​ខ្ញុំ​បាន​ចាប់​យក​ដី​នោះ ពីរបី​សប្តាហ៍​ក្រោយ​មក​ខ្ញុំ​បាន​លក់ [ក្បាលដី] ទៅ​ឲ្យ​អ្នក​ផ្សេង​ ហើយ​ខ្ញុំ​បាន​លុយ​ទិញ​ឈើ​ធ្វើ​ផ្ទះ​មួយ​ខ្នង”។

គាត់​រក​បាន​ការងារ​ជាប់​លាប់​ជា​កម្មករ​សំណង់ ទន្ទឹម​នឹង​រក​ត្រី​បន្តិចបន្តួច​ក្នុង​បឹង​នោះ។ គាត់​មិន​មាន​បាន​សោះ ប៉ុន្តែ ឥឡូវនេះ គាត់​ជា​មនុស្ស​ម្នាក់​មាន​ដី​ មាន​ផ្ទះ និង​មាន​ការងារ​ធ្វើ។ គាត់​បាន​ជួប​អ្នកស្រី វណ្ណា ដែល​រស់នៅ​ក្នុង​ភូមិ​នៅ​ជិត​ស្រុក​កំណើត​របស់​គាត់​ក្នុង​ខេត្ត​ពោធិ៍សាត់ ហើយ​នាង​បាន​រៀបការ​ជាមួយ​គាត់។

នៅ​ពេល​អ្នកស្រី វណ្ណា តាម​ប្តី​របស់​គាត់​មក​ភ្នំពេញ អ្នក​ស្រី​មិន​បាន​យក​អ្វី​ច្រើន​មក​តាម​ខ្លួន​ទេ។ អ្នកស្រី​បាន​និយាយ​ថា “មាន​តែ​ខោ​អាវ​មួយ​វ៉ាលីស​ពេញ​ប៉ុណ្ណោះ”។ អ្នក​ស្រី​ក៏​គ្មាន​គំនិត​ថា រំពឹង​អ្វី​ពី​ការ​រស់នៅ​ក្នុង​ក្រុង​ដែរ។ ជា​ដំបូង អ្នកស្រី​ត្រូវតែ​ស៊ាំ​នឹង​ការ​រស់នៅ​លើ​ទឹក។

អ្នកស្រី​បាន​និយាយ​ថា “មាន​ព្រលិត រុក្ខជាតិ​គ្រប់​ប្រភេទ​ដុះ​លើ​ទឹក”។

គេ​ភ្ងាក់ពី​ដេក​នៅ​ម៉ោង​ប្រហែល​៦​រាល់​ព្រឹក។ អ្នកស្រី វណ្ណា បាន​និយាយ​ទៀត​ថា “យើង​ងើប​ពី​ដេក យើង​មើល​ថែ​កូនៗ បោក​គក់​ខោអាវ និង​ដាំ​ស្ល។ ជា​ញឹក​ញាប់ គេ​ហូប​ត្រី​ដែល​ប្តី​របស់​អ្នកស្រី​រក​បាន។ គាត់​រាយ​មង​នៅ​ពេល​យប់​ ហើយ​មក​ដោះ​មង​នៅ​ពេល​ព្រឹក​និង​ល្ងាច​ម្តង​ទៀត”។

គ្រួសារ​នេះ​មក​នៅ​ពឹងផ្អែក​លើ​ការងារ​សំណង់​របស់​លោក ចន្ថា ដែល​គាត់​អាច​រក​ប្រាក់​បាន​ប្រហែល​២៥.០០០​រៀល​ក្នុង​មួយថ្ងៃ ពួកគេ​ទិញ​អង្ករ និង​ម្ហូប​អាហារ​នៅ​ផ្សារ ដោយ​ដើរ​កាត់​ដី​ព្រះវិហារ​មូស្លីម​នៅ​ជាប់​នោះ។

អ្នកស្រី វណ្ណា បាន​ឲ្យដឹង​ថា ជួនកាល​អ្នកស្រី​នឹក​ស្រុក​កំណើត។ បង​ប្អូន​ទាំង​ប្រាំ​នាក់​របស់​អ្នកស្រី​រស់នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​នៅ​ឡើយ។

អ្នកស្រី​បាន​និយាយ​ថា “ភាព​ខុសគ្នា​គឺ ការ​រស់នៅ​លើ​ដី​គោក​គឺ​វា​ងាយ​ស្រួល។ រស់​នៅ​លើ​ទឹក​ពិបាក​ណាស់ ពីព្រោះ​ទឹក​កខ្វក់ ហើយ​មាន​សត្វ​ល្អិត​ច្រើន និង​សត្វ​ពស់​គួរ​ឲ្យ​ខ្លាច។ យើង​ត្រូវ​ទុក​កូនៗ​របស់​យើង​នៅ​ក្នុង​ផ្ទះ”។

ធ្លាប់​មាន​គ្រោះ​ថ្នាក់​ម្តង ដែល​នៅ​ពេល​នោះ កូន​ស្រី​របស់​ពួកគេ​បាន​ធ្លាក់​ចូល​ទឹក ហើយ​ចាប់​ស្រង់​មក​វិញ​ដោយ​ម្តាយ​របស់​អ្នកស្រី វណ្ណា ដែល​បាន​មក​លេង​នៅ​ពេល​នោះ។

ក្មេងស្រី​អាយុ១០ឆ្នាំ ឈ្មោះ វណ្ណនារី រត់ចុះ​តាម​ពំនូកខ្សាច់​នៅក្នុង​បឹងកក់។ រូបថតៈ Ben Woods/The Cambodia Daily
ក្មេងស្រី​អាយុ១០ឆ្នាំ ឈ្មោះ វណ្ណនារី រត់ចុះ​តាម​ពំនូកខ្សាច់​នៅក្នុង​បឹងកក់។ រូបថតៈ Ben Woods/The Cambodia Daily

អ្នកស្រី វណ្ណា បាន​ឲ្យ​ដឹង​ទៀត​ថា “ខ្ញុំ​ចង់​រស់​លើ​ដី​គោក”។ ប៉ុន្តែ វា​មិន​បាន​ដូច​បំណង​ដែល​អ្នកស្រី​រំពឹង​ទេ។ លោក ចន្ថា បាន​ឃើញ​បំពង់​ទុយោ​នៅ​មាត់​បឹង​នោះ។ លោក​បាន​និយាយ​ថា “វា​ធំ​ណាស់” ទទឹង​ប្រហែល​កន្លះ​ម៉ែត្រ។ វា​ស្ងាត់​ចម្លែក គ្មាន​ម៉ាស៊ីន​លាន់​ឮ​ខ្លាំង​នៅ​ទីនោះ​ទេ មាន​តែ​ខ្សាច់​ហូរ​ចូល​មក​តែ​ម្តង។

លោក​បាន​និយាយ​ថា “ក្រុមហ៊ុន​ ស៊ូកាគុ បាន​ចាប់​ផ្តើម​បូម​ខ្សាច់​ចាក់​បំពេញ​ដោយ​គ្មាន​ប្រាប់​អ្នក​ភូមិ​ឲ្យ​ដឹង​ទេ។ បំពង់​មួយ​បូម​បង្ហូរ​មក​ខាង​ខ្ញុំ បំពង់​ជាច្រើន​ផ្សេង​ទៀត​បង្ហូរ​ទៅ​ទិស​ផ្សេង”។ នៅ​ពេល​ដែល​អ្នក​ភូមិ​ដឹង​អ្វី​ដែល​កំពុង​កើត​ឡើង ពួកគេ​ភ័យ​ស្លន់ស្លោ​ជា​ខ្លាំង។

លោក ចន្ថា បាន​និយាយ​ថា “ប្រជាជន​ចាប់​ផ្តើម​ខ្លាច​ដោយ​សារ​ខ្សាច់ និង​សម្ពាធ”។

លោក ភារម្យ នៅ​អង្គការ​សិទ្ធិ​លំនៅ​ដ្ឋាន បាន​និយាយ​ថា ក្រុមហ៊ុន​នេះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។ គាត់​បាន​ពន្យល់​ថា “អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុមហ៊ុន​ធ្វើការ​រួមគ្នា​ដើម្បី​លើក​ទឹកចិត្ត​ប្រជាជន​ឲ្យ​រើ​ចេញ”។

ប៉ុន្តែ មិន​សូវ​មាន​ការ​មក​សួរ​សុខទុក្ខ​រាក់ទាក់​ទេ។ លោក ភារម្យ បាន​និយាយ​ថា “ពួកគេ​ប្រើ​ប៉ូលិស​ជា​សន្តិសុខ​របស់​ពួកគេ មាន​ទាំង​កាំភ្លើង​វែង​ផង ដើម្បី​ការពារ​កម្មករ​ក្រុមហ៊ុន”។ គាត់​បាន​និយាយ​ថា ពួកគេ​មិន​ត្រឹម​តែ​ការពារ​ក្រុមហ៊ុន​ទេ។ “ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ជួបជុំ​នៅ​ខាង​ក្នុង​បឹង​កក់​ឡើយ។ ពួកគេ​ប្រើ​ប៉ូលិស និង​កម្លាំង​រាជ​អាវុធ​ហត្ថ​រារាំង​នៅ​ពេល​ណា​ប្រជាពលរដ្ឋ​រៀបចំ​ការ​ប្រជុំ”។

ភាព​តានតឹង​ចេះតែ​រីក​ធំ។ ការ​ប៉ះ​ទង្គិច​គ្នា​ហិង្សា​បាន​ផ្ទុះ​ឡើង។ អ្នក​ដែល​ហ៊ាន​និយាយ​ត្រូវ​បាន​គេ​ចាប់​ខ្លួន។ ពន្ធនាគារ​បាន​ក្លាយ​ជា​រឿង​ធម្មតា​សម្រាប់​សកម្មជន​បឹង​កក់​ទៅ​ហើយ រហូត​ដល់​សហគមន៍​នេះ​រក​មធ្យោបាយ​ឲ្យ​មាន​ការ​ប្តូរ​វេន​គ្នា​ជួយ​មើល​ថែទាំ​កូនៗ​របស់​អ្នក​ដែល​ជាប់​គុក។

នៅ​ពេល​មាន​ការ​តវ៉ា ការ​ចរចា​ដើម្បី​ដោះស្រាយ​សំណង​ឲ្យ​អ្នក​ត្រូវ​គេ​បណ្តេញ​ចេញ​បាន​អូស​បន្លាយ​ពេល។ លោក ភារម្យ បាន​និយាយ​ថា “មាន​ជម្រើស​ពីរ​សម្រាប់​អ្នកភូមិ។ ជម្រើសទី១ គឺ​ផ្ទះ​មួយ​ល្វែង​នៅ​បុរី​សន្តិភាព នៅ​ចម្ងាយ​ប្រហែល​២៥​គីឡូម៉ែត្រ​ពី​ទីក្រុង។ ជម្រើស​ទី​២ គឺ​គេ​នឹង​ផ្តល់​ប្រាក់​៨.៥០០​ដុល្លារ”។ រី​ឯ​ជម្រើស​ទី៣ បាន​មក​ពី​ការ​ផ្តល់​ដី​នៅ​ឆ្នាំ​២០១១​របស់​លោក ហ៊ុន សែន ដោយ​អនុញ្ញាត​ឲ្យ​គ្រួសារ​មួយ​ចំនួន​រស់នៅ​ទី​នោះ។

លោក ចន្ថា បាន​និយាយ​ថា អាជ្ញាធរ​និង​ក្រុមហ៊ុន ស៊ូកាគុ បាន​ហៅ​គាត់​ដើម្បី​ចរចា​បួន​លើក។ លោក​បាន​បន្ត​ទៀត​ថា “លើក​ទី​១ ពួកគេ​បាន​ផ្តល់​ដី​មួយ​ឡូ [ទំហំ​៧២ម៉ែត្រក្រឡា]”។ លើកទី២ ពួកគេ​បាន​ផ្តល់​ឲ្យ​គាត់​ដី​ពីរ​ឡូ។ ប៉ុន្តែ គាត់​នៅ​តែ​គិត​ថា វា​មិនទាន់​ល្មម​ទេ។ គាត់​បាន​និយាយ​ថា ដី​របស់​ខ្ញុំ​ទំហំ​ប្រហែល​៤០០​ម៉ែត្រ​ក្រឡា​ឯណោះ”។

ចាប់​តាំង​ពី​ពេល​នោះ​មក អាជ្ញាធរ​បាន​ប្រែក្រឡាស់​ដោយ​ផ្តល់​ឲ្យ​គាត់​ដី​តែ​មួយ​ឡូ​វិញ។ លោក ចន្ថា ជម្នះ​ថា គាត់​សម​នឹង​ទទួល​បាន​បួន​ឡូ។ គាត់​បាន​បញ្ជាក់​ថា “ខ្ញុំ​មិន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​សំណង​សមរម្យ​ប៉ុណ្ណោះ”។

ក្នុង​ពេល​ជាមួយគ្នា​នោះ គំនរ​ខ្សាច់​ចេះ​តែ​គរ​ខ្ពស់​ឡើងៗ។ ប្រហែល​ប្រាំពីរ​ខែ​ទើប​ខ្សាច់​ហៀរ​មក​ដល់​ផ្ទះ​គាត់។

គាត់​បាន​និយាយ​ថា “ខ្ញុំ​រន្ធត់​ចិត្ត​ខ្លាំង​ណាស់។ នៅ​ពេល​គេ​បូម​ខ្សាច់​ចាក់​បំពេញ ទឹក​បាន​ហៀរ​បាច​សាច​ពេញ” នាំ​យក​របស់​របរ​របស់​គាត់​ទៅ​ជាមួយ។ “ពាង​ទឹក​ពីរ​បាន​អណ្តែត​ទៅ​បាត់។ ធុង​អង្ករ​របស់​ខ្ញុំ​ក៏​ទៅ​បាត់​ដែរ។ ទ្រព្យ​មាន​តម្លៃ​មួយ​ចំនួន​របស់​ខ្ញុំ​បាន​ធ្លាក់​ចូល​ទឹក​និង​ខ្សាច់”។

ជីវិត​រស់នៅ​កាន់តែ​ប្រទះ​នឹង​គ្រោះថ្នាក់​ខ្លាំង​ឡើងៗ។ លោក ចន្ថា បាន​បន្ថែម​ថា “ខ្ញុំ​ព្រួយ​បារម្ភ​អំពី​កូនៗ​របស់​ខ្ញុំ។ យើង​មិន​អាច​ដើរ​លើ​ខ្សាច់​បាន​ទេ ពីព្រោះ​វា​ផុង។ ខ្ញុំ​ត្រូវ​ចង​កូន​របស់​ខ្ញុំ​ដើម្បី​បង្ការ​កុំ​ឲ្យ​វា​ដើរ​ធ្លាក់​ចូល​ខ្សាច់​និង​ទឹក”។

ហើយ​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង។ លោក ចន្ថា បាន​បន្ថែម​ទៀត​ថា “គេ​បាន​មក​ប្រាប់​ខ្ញុំ​ថា អ្នកឯង​គួរ​ទទួល​យក​គោល​ការណ៍​នេះ។ អ្នក​មិន​អាច​រស់នៅ​ទីនេះ​ទេ ផ្ទះ​របស់​អ្នក​នឹង​ត្រូវ​លិចលង់”។

ត្រង់​ចំណុច​មួយ​នោះ លោក​បាន​បន្ថែម​ថា គេ​បាន​មក​គំរាម​នឹង​កម្ទេច​ផ្ទះ​ចោល។ លោក​បាន​និយាយ​ថា “នៅ​ពេល​នោះ ខ្ញុំ​មិន​បាន​នៅ​ផ្ទះ​ទេ ប្រពន្ធ​របស់ខ្ញុំ​បាន​ស្រែក​យំ ហើយ​អង្វរ​សុំ​ពួកគេ​កំុ​ឲ្យ​កម្ទេច​ចោល”។

នៅ​ទី​បញ្ចប់ លោក ចន្ថា ឈប់​ទៅ​ធ្វើការ ពីព្រោះ​គាត់​ព្រួយ​បារម្ភ​ថា គាត់​នឹង​បាត់បង់​ផ្ទះ​របស់​គាត់ ប្រសិនបើ​គាត់​ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ។ គាត់​បាន​និយាយ​ថា “ខ្ញុំ​ឈប់​ធ្វើ​ការងារ​សំណង់ នៅ​ពេល​ពួកគេ​ចាប់​ផ្តើម​បូម​ខ្សាច់​ចាក់​បំពេញ។ ប្រសិន​បើ​ខ្ញុំ​ទៅ​ធ្វើការ មក​វិញ​បាត់​ផ្ទះ​របស់​ខ្ញុំ ចឹង​ម៉េច​ទៅ?”

ផ្ទុយ​ទៅ​វិញ គាត់​បាន​ទៅ​ធ្វើ​បាតុកម្ម​សឹងតែ​គ្រប់​លើក​ប្រឆាំង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​បឹង​កក់។ គាត់​និយាយ​ទៀត​ថា “កូន​របស់​ខ្ញុំ​មិន​បាន​ទៅ​រៀន​បី​ឆ្នាំ ពីព្រោះ​វា​ត្រូវ​ទៅ​ធ្វើ​បាតុកម្ម​តវ៉ា​ជាមួយ​ខ្ញុំ​ដែរ”។

ផ្ទះ​នៅ​តែ​ដដែល ប៉ុន្តែ​សឹងតែ​កប់​លិច​បាត់​ទៅ​ហើយ។ ដោយហេតុ​ថា ខ្សាច់​បាន​ហុ៊ំ​ព័ទ្ធ​ផ្ទះ លោក ចន្ថា និង​អ្នកស្រី វណ្ណា បាន​លើក​ផ្ទះ​របស់​គាត់​បី​ដង។ ក្រុមហ៊ុន​នេះ​បាន​ឈប់​បូម​ខ្សាច់​នៅ​ឆ្នាំ​២០១១។ លោក ចន្ថា បាន​ចង្អុល​ទៅ​ដី​នោះ ហើយ​ក៏​និយាយ​ថា “ឥឡូវ​វា​រលាយ​អស់​ហើយ”។

ដោយ​បី​កូន​ពៅ​នៅ​នឹង​ដៃ អ្នកស្រី វណ្ណា បាន​និយាយ​ថា “ជីវិត​បាន​ផ្លាស់​ប្តូរ​ហើយ។ បន្ទាប់ពី​ពួកគេ​បាន​ចាប់​ផ្តើម​ចាក់​ខ្សាច់​បំពេញ ប្តី​របស់​ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​រើស​អេតចាយ។ ខ្ញុំ​វិញ នៅ​ផ្ទះ​មើល​ថែ​កូនៗ។ យើង​គ្មាន​ប្រាក់​ទេ”។

លោក ចន្ថា លក់​របស់​ជជុស​និង​អេតចាយ​ទៅ​ឲ្យ​ឈ្មួញ​ក្នុង​តំបន់​នោះ។ គាត់​បាន​និយាយ​ថា “ពេល​ខ្ញុំ​យក​កូន​មក​ពី​សាលារៀន ខ្ញុំ​ក៏​ឆ្លៀត​រើស​កំប៉ុង ជ័រ ដប​ទឹក និង​ដែក” ហើយ​គាត់​រកលុយ​បាន​ប្រហែល​៣.០០០​រៀល​ក្នុង​មួយ​ថ្ងៃ។ ជួនកាល កូនៗ​ខ្ញុំ​គ្មាន​អ្វី​ហូប​ទេ”។

សព្វថ្ងៃ​នេះ ពួកគេ​ពឹង​លើ​អាហារ​បាន​ពី​វត្ត​ព្រះពុទ្ធ​គុជសា នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ។ អ្នកស្រី វណ្ណា បាន​និយាយ​ថា “កាល​នៅ​មាន​ទឹក យើង​អាច​មាន​ត្រី​ហូប។ កាលពី​មុន យើង​មាន​អង្ករ​ដាំ​បាយ។ ឥឡូវ​យើង​គ្មាន​អង្ករ​ទេ។ រាល់​ថ្ងៃ​យើង​ហូប​បាយ​បាន​មក​ពី​វត្ត។ ជួនកាល នៅ​វត្ត​មាន​អាហារ ជួនកាល​អត់​មាន​ទេ”។

គ្រួសារ​នេះ​ធ្លាប់​មាន​ទឹក​ផឹក​ពី​ព្រះវិហារ​មូស្លីម។ ប៉ុន្តែ​ដោយ​ឥឡូវ​នេះ​របង​និង​ព្រៃ​គុម្ពោត​ក្រាស់​ទ្រុបទ្រុល​បាំង​ផ្លូវ​ដើរ​នោះ លោក ចន្ថា ត្រូវ​ដឹក​ធុង​ទឹក​ចំណុះ​៣០​លីត្រ​ទៅ​ម្តុំ​ផ្ទះ​នៅ​ជិត​បំផុត។ ចំពោះ​ការ​បោក​គក់​ខោ​អាវ​និង​លាង​ចាន គេ​ប្រើ​ទឹក​ដែល​ហូរ​ចេញ​ពី​ការដ្ឋាន​សំណង់ ដែល​ដក់​ក្នុង​ថ្លុក​មួយ​នៅ​ជិត​ផ្ទះ​របស់​ពួកគេ។ ពួកគេ​ងូត​ទឹក​នៅ​ផ្ទះ​របស់​អ្នក​ស្រី ទេព វន្នី សកម្មជន​បឹង​កក់​ដ៏​លេច​ធ្លោ។

គ្រឿងចក្រ​កាយ​ខ្សាច់​នៅក្នុង​បឹងកក់។  រូបថតៈ Ben Woods/The Cambodia Daily
គ្រឿងចក្រ​កាយ​ខ្សាច់​នៅក្នុង​បឹងកក់។ រូបថតៈ Ben Woods/The Cambodia Daily

ផ្ទះ​ក៏​គ្មាន​អគ្គិសនី​ប្រើ​ដែរ។ លោក ចន្ថា បាន​ឲ្យ​ដឹង​ថា “ផ្ទះ​ខ្ញុំ​ដុត​ទៀន។ ពីមុន អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ឲ្យ​ចង្កៀង​ខ្ញុំ​មួយ ប៉ុន្តែ​ចោរ​បាន​លួច​ចង្កៀង​របស់​ខ្ញុំ​មួយ​ឆ្នាំ​មក​ហើយ”។ តាំង​ពី​ពេល​នោះ​មក គាត់​បាន​ចង្កៀង​ថ្មី​ដែល​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ ជា​អំណោយ​មួយ​ផ្សេង​ទៀត​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ។ វា​ជួយ​បំភ្លឺ​ពេល​ចង​មុង​ដេក​ពេល​យប់។

ភាព​ក្រីក្រ​មិនមែន​ជា​គ្រោះថ្នាក់​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ អ្នកស្រី វណ្ណា បាន​និយាយ​ថា នៅ​ពេល​មាន​ខ្សាច់ មាន​សត្វ​ពស់។ យើង​ខ្វល់ខ្វាយ​ណាស់។ កូនៗ​នៅ​ពេល​ណា​ពួកគេ​ឃើញ​ពស់ ពួកគេ​មិន​ហ៊ាន​ទៅ​ណា​ទេ”។

យ៉ាងណា​ក៏ដោយ​ប្តី​របស់​អ្នកស្រី​មាន​ការ​យល់​ឃើញ​ផ្សេង​ទៅ​វិញ។ គាត់​បាន​និយាយ​ថា “ប្រសិនបើ​ខ្ញុំ​មាន​គ្រោះថ្នាក់​ណា​មួយ គឺ​ដោយសារ​តែ​ក្រុមហ៊ុន ស៊ូកាគុ”។

បើ​ទោះ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ហិង្សា​បាន​ស្ងប់​ទៅ​ហើយ​ក៏ដោយ ក៏​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ស៊ូកាគុ នៅ​តែ​បន្ត ធ្វើ​ឲ្យ​មាន​ការ​រិះគន់។

លោក ភារម្យ មន្ត្រី​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​បាន​និយាយ​ថា “ប្រជាជន​មិន​ពេញ​ចិត្ត​ការ​អភិវឌ្ឍ​នេះ​ទេ មានតែ​បុគ្គល រដ្ឋាភិបាល អ្នក​មាន​អំណាច អ្នក​មាន​ប្រាក់​ប៉ុណ្ណោះ​ដែល​ពេញ​ចិត្ត​ការ​អភិវឌ្ឍ​នេះ។

ក្រុម​សិទ្ធិ​មនុស្ស​បាន​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ផ្តល់​ដំណោះ​ស្រាយ​អចិន្ត្រៃយ៍​ដល់​គ្រួសារ​ទាំងឡាយ​ដែល​គេ​មិន​រាប់​បញ្ចូល​ក្នុង​សម្បទាន​ដី​របស់​លោក ហ៊ុន សែន ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ដី​ឡូ​ទំនេរ​ស្ថិត​ក្នុង​តំបន់​កាត់​ចេញ​នោះ។

សកម្មជន​បឹង​កក់​ក៏​បាន​អង្វរករ​សាលាក្រុង​សុំ​ឲ្យ​ដោះស្រាយ​ការ​ជន់​លិច​ដ៏​ខ្លាំង​ដែល​ប៉ះពាល់​ដល់​សហគមន៍​កាន់តែ​ខ្លាំង​ឡើង ចាប់តាំង​ពី​បឹង ដែល​ធ្លាប់​ជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់​នោះ ត្រូវ​បាន​គេ​ចាក់​ដី​លុប។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​ក្រុង បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ទាន់​មាន​ចម្លើយ​ណាមួយ​នៅឡើយ​ទេ ចំពោះ​គ្រួសារ​នានា​ដូចជា​គ្រួសារ​របស់​លោក ចន្ថា ជាដើម។ លោក ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា “យើង​គ្មាន​មធ្យោបាយ​ផ្សេង​ក្រៅតែ​ពី​សម្របសម្រួល​នោះ​ទេ។ យើង​នឹង​មាន​វិធានការ​ផ្សេង​ដើម្បី​អនុវត្ត ប៉ុន្តែ យើង​មិន​ទាន់​ប្រាកដ​ថា​វិធានការ​អ្វី​ដែល​យើង​នឹង​ធ្វើ​នោះ”។

បើ​ទោះ​មាន​ការ​រំខាន​ដល់​ការ​រស់នៅ​របស់​មនុស្ស​រាប់ពាន់​នាក់​ក៏ដោយ ក៏​រដ្ឋាភិបាល​នៅ​តែ​គិត​ថា គម្រោង​បឹង​កក់​នឹង​មាន​ប្រយោជន៍​ដល់​ក្រុង។ លោក ឌីម៉ង់ បាន​ឲ្យ​ដឹង​ទៀត​ថា “យើង​មិន​ចង់​ឲ្យ​កន្លែង​នេះ​គ្មាន​សុវត្ថិភាព​ដូច​ពី​មុន​ទេ យើង​ត្រូវ​តែ​ធ្វើ​វា​មាន​ការ​រៀបចំ និង​បង្កើន​ការងារ ហើយ​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន”។

ក៏ប៉ុន្តែ លោក ចន្ថា យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការ​តស៊ូ​តែ​ម្នាក់​ឯង​ដ៏​យូរ​ដើម្បី​រស់​នៅ។ កូនៗ​របស់​គាត់​ខំ​សម្រប​ការ​រស់នៅ​របស់​ខ្លួន​នៅ​កណ្តាល​វាល​ខ្សាច់ ដោយ​លេង​ជាមួយ​របស់​អេតចាយ​ដែល​ឪពុក​របស់​ពួកគេ​រើស​បាន ហើយ​យក​គំនរ​ខ្សាច់​ធ្វើ​ជា​កន្លែង​លេង​ដ៏​ធំ​ទូលាយ​របស់​ពួកគេ។

នៅ​ពេល​ប្តី​របស់​អ្នកស្រី​នៅ​កន្លែង​ធ្វើការ ហើយ​កូន​របស់​អ្នកស្រី​នៅ​សាលា​រៀន អ្នកស្រី វណ្ណា ក៏​ចូលចិត្ត​ដើរ​លើ​ខ្សាច់​ដែរ។ អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​ដើរ​នៅ​ពេល​វា​មិន​ក្តៅ។ អ្នក​មើល​ឃើញ​របស់​ថ្មីៗ”។

ជើងមេឃ​ក្រុង​ភ្នំពេញ បាន​ផ្លាស់​ប្តូរ​ចាប់តាំង​ពី​ពួកគេ​បាន​មក​នៅ​ទីនេះ​ដំបូង ដោយ​មាន​អគារ​វឌ្ឍនៈ​មុខ​រាង​កោង​ខ្ពស់​ត្រដែត​លើ​គំនរ​ខ្សាច់។ នៅ​ឯ​ទី​ឆ្ងាយៗ មាន​សំណង់​ច្រើន​ទៀត​កំពុង​តែ​សាងសង់។

អ្នកស្រី វណ្ណា មិន​បាន​ទៅ​លេង​ស្រុក​កំណើត​របស់​អ្នកស្រី​ទេ ចាប់​តាំង​ពី​កំណើត​កូន​ដំបូង​របស់​អ្នកស្រី ហើយ​អ្នកស្រី​ចង់​ទៅ​លេង​នៅ​ថ្ងៃ​ណា​មួយ។ អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​ចង់​ទៅ​ខេត្ត​របស់​ខ្ញុំ ប៉ុន្តែ ប្តី​ខ្ញុំ​មិន​ចង់​ឲ្យ​ទៅ​ទេ”។

ប្តី​របស់​អ្នកស្រី​និយាយ​ថា គាត់​គិត​អំពី​អនាគត​របស់​កូន។ គាត់​បាន​និយាយ​ថា “ខ្ញុំ​ចង់​ឲ្យ​ពួកគេ​មាន​ការ​អប់រំ​ល្អ​នៅ​ទីក្រុង”។

លោក ឃិន ចន្ថា បាន​ដាក់​ជើង​ចុះ ហើយ​និយាយ​ថា គ្រួសារ​នេះ​មិន​ព្រម​ទៅ​ណា​ទេ៕ និត

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.