អតីតប្រធាន​តុលការ​ក្រុង​​​​លោក អាំង​ មាលតី​ ត្រូវ​បាន​បញ្ជូន​ពី​ពន្ធនាគារ​ទៅ​គ្លីនិក

ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល​​បានមាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​ អាំង មាលតី អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ដ៏​អប​យស​ ត្រូវ​បាន​បញ្ជូន​ទៅ​​​មន្ទីរ​​​សម្រាក​​​ព្យាបាល​​​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ជា​​​មន្ទីរ​​​សម្រាក​​​ព្យាបាល​សម្រាប់​តែ​អ្នក​ធូរ​ធារ​​ ដើម្បី​ព្យាបាល​ជំងឺ​ ប៉ុន្តែ​​អ្នក​គ្រប់ គ្រង​ម្នាក់​នៅ​ទីនោះ​​បាននិយាយ​ថា ឈ្មោះ​​​របស់​គាត់​មិនមាន​នៅក្នុង​បញ្ជីទេ។

ទាំងមេធាវី​​របស់លោក​ អាំង មាលតី និង​​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​​បានលើក​ឡើង​ថា គាត់​ទទួលការ​ព្យាបាល​ជំងឺ​ ជាច្រើន​មុខ​ដូច​ជា​ ឫស​ដូង​បាត លើស​ឈាម ថ្លើម បេះដូង និង​​ជំងឺ​សួត​ ដែល​ជំងឺ​ទាំងនេះ​បាន​កើត​ឡើង​​ចាប់តាំងពី​គាត់​​ត្រូវ​បាន​ឃុំខ្លួន​រង​់ចាំ​ការ​ ជំនុំជម្រះ​ពីបទ​ពុក​រលួយ​កាល​ពី​ខែ​​សីហា។

លោក ចាប ស៊ីនាង ប្រធាន​ពន្ធនាគារ​បានមាន​ប្រសាសន៍​ថា “​គាត់​បាន​ទៅ​ព្យាបាល​មួយ​សប្តាហ៍ និង​មួយ​ថ្ងៃកន្លង​មក។ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​​​​មន្ទីរ​​​សម្រាក​​​ព្យាបាល​និង​សម្ភពខេមា​ក្នុង​រាជធានី​ភ្នំពេញ​ដែល​អម​ដោយ​សន្តិសុខ​ពន្ធនាគារ​ពីរនាក់​”។

cam-headshot-mealaktei-channa1-640x800
អាំង​ មាលតី​ រូបថតៈ ស៊ី​វ ច​ាន់ណា/The Cambodia Daily

ប្រធាន​ពន្ធនាគារ​រូបនេះ​​បាន​មាន​ប្រសាសន៍​ ថា វេជ្ជបណ្ឌិត​ម្នាក់​នៅ​​​មន្ទីរ​​​សម្រាក​​​ ព្យាបាល និង​​​សម្ភព​​​​​ខេមា​ បានរាយ​ការណ៍​ថា ស្ថាន​​​ភាព ​របស់​លោក​ អាំង​ មាលតី​ តម្រូវ​ឱ្យ​គាត់​ស្នាក់​នៅ​​​​ មន្ទីរ​​​សម្រាក​​​ព្យាបាល​​​នេះ​​​​​ដើម្បី​ព្យាបាល​ជំងឺ។

លោក​បាន​មាន​ប្រសាសន៍​ថា “វេជ្ជ​​​បណ្ឌិត​ រូបនេះ​​បាន​ប្រាប់​ខ្ញុំថា គាត់ត្រូវ​បាន​បញ្ជូន​មក​​ព្យាបាល​ទាន់​ពេល​។ ប្រសិន​បើ​​យើង​បញ្ជូន​គាត់មក​​យឺត​តែ​មួយ​ខែ​ គាត់​នឹង​មាន​បញ្ហា ហើយ​មិន​អាច​ព្យាបាល​បាន​ទេ”។

ទោះ​យ៉ាង​ណា នៅ​​​មន្ទីរ​​​សម្រាក​​​ព្យាបាល​​​ ​និង​​​សម្ភព​​​ខេមា បុគ្គលិក​​ផ្នែក​ទទួល​ភ្ញៀវ​ម្នាក់​បាន​​​និយាយ​ថា អតីត​ប្រធាន​តុលាការ​រូបនេះ​ មិន​ដែល​ចូលមក​សម្រាក​ព្យាបាល​ទេ។

ស្ត្រីរូបនេះ​​ដែលបដិសេធ​មិន​ប្រាប់​ឈ្មោះ​​ ពីព្រោះ​វាផ្ទុយ​នឹង​គោល​នយោបាយ​របស​​​់មន្ទីរ​​​សម្រាក​​​ព្យាបាលបាន​សុំឱ្យ​អ្នក​យក​ព័ត៌មាន​សរសេរ​ឈ្មោះ​លោក អាំង​ មាលតី​ នៅ​លើ​ក្រដាស​ស ហើយ​បន្ទាប់​មក​​នាង​បាន​ចាប់​ផ្តើម​ស្វែង​រក​នៅ​ក្នុង​កុំព្យូទ័រ​របស់​នាង។ នាង​បាន​និយាយ​ថា “​មិន​មាន​ទេ ឈ្មោះ​នេះ​មិន​មាន​ក្នុង​បញ្ជីរបស់​​​​មន្ទីរ​​​សម្រាក​​​ព្យាបាល​​​​នេះ​​​ទេ”។

អ្នក​យក​ព័ត៌មាន​ម្នាក់​បាន​ឡើង​ទៅ​រាន​ហាល​​​​មន្ទីរ​​​សម្រាក​​​ព្យាបាល​​​នេះ​​​​កម​្ពស់​បីជាន់​ ដែលមាន​បន្ទប់​ VIP ចំនួន​ពីរ​ និង​​ “ប​ន្ទប់​ទំនើប” ​​​​ចំនួន​មួយ​ ហើយ​រក​មិន​ឃើញ​មាន​សញ្ញា​សន្តិសុខ ឬ​លោក អាំង​ ​​​មាលតី ឡើយ។

ត្រឡប់ទៅ​កាន់​តុ​បុគ្គលិក​ទទួល​ភ្ញៀវ​វិញ លោក សោម លក្ខិណា ប្រធានមន្ទីរ​​​សម្រាក​​​ព្យាបាល​​​នេះ​​​​​បាន​ប្រាប់​​​​​​អ្នក​យក​ព័ត៌មាន​ថា វា​ផ្ទុយ​នឹង​គោល​នយោបាយ​​​មន្ទីរ​​​​​​សម្រាក​​​ព្យាបាល​​​ដែលលោក​​​ចែក​រំលែក​ព័ត៌មាន​អតិ​​​ថិជន។លោក​ក៏បាន​ហាម​​បុគ្គលិក​ផ្នែក​ទទួល​ភ្ញៀវ​​​មិន​ឱ្យ​ឆ្លើយ​សំណួរ​បន្ថែម​ផង​​​ដែរ។

នៅ​វេលា​ព្រឹក មុនពេល​ទៅសួរ​សុខទុក្ខ​​​នៅ​​​​​មន្ទីរ​​​សម្រាក​​​ព្យាបាលទាំងលោក លឹម សុគន្ថា ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​ និង​លោក ទេព​ មុនី​ជាតិ មេធាវី​របស់លោក អាំង​ មាលតី បាន​បញ្ជាក់​ពី​ការ​អះ​អាង​របស់​​ប្រធាន​ពន្ធនាគារ​​ថា អតីត​​​​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រូបនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​​​​​មន្ទីរ​​​សម្រាក​​​ព្យាបាល និ​​​ង​​​សម្ភព​​​​​ខេមា​។

ដោយ​ត្រូវ​បាន​ប្រាប់ថា​ បុគ្គលិក​ផ្នែក​ទទួល​ភ្ញៀវ​​រូបនេះ​និយាយថា គាត់​មិន​បាន​ចូល​សម្រាក​ព្យាបាលនៅ​​​​​​​មន្ទីរ​​​សម្រាក​​​ព្យាបាល​​នោះ លោក ទេព មុនីជាតិ បាន​មាន​ប្រសាសន៍​​​​ ថា វា​អាច​ថា គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ផ្សេង។

លោក​បានមាន​ប្រសាសន៍​ថា “​ខ្ញុំដឹង​ថា គាត់ត្រូវ​បាន​បញ្ជូនទៅ​ទី​នោះ​ ប៉ុន្តែ​​ប្រហែល ​ជា​ក្រុម​គ្រួសារ​របស់គាត់​​បាន​ប្តូរ​គាត់​ទៅ​​មន្ទីរ​ពេទ្យ​ផ្សេង​​ដោយ​សារ​​ស្ថាន​ភាព​ជំងឺ​របស់​គាត់។ ខ្ញុំមិន​ច្បាស់ពី​រឿង​នេះទេ”។

ទោះ​យ៉ាង​ណា លោក លឹម សុគន្ថា បាន​មាន​ប្រសាសន៍​ថា លោក​ត្រូវ​អនុម័ត​យល់​​​ព្រម​​​​ចំពោះ​ការ​ប្តូរ​នេះ ដែល​លោក​មិន​បាន​ធ្វើ​ ហើយ​បាន​លើកឡើង​ថា លោក​ អាំង​ មាលតី នៅ​​​មន្ទីរ​​​សម្រាក​​​ព្យាបាល និង​​​សម្ភព​​​​ ខេមា នៅឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​​គាត់​ត្រូវ​បាន​ប្តូរ​ទៅ​មន្ទីរ​ពេទ្យ​ផ្សេង​ មន្ត្រី​ពន្ធនាគារ​​ត្រូវ​រាយ​ការណ៍​​ប្រាប់​ខ្ញុំ​ ពីព្រោះ​គាត់​ជា​ចុង​ចោទ។ ប្រហែលជា​​ដោយសារ​​បទ​បញ្ជា​ផ្ទៃក្នុង​នៅ​​​មន្ទីរ​​​សម្រាក​​​ព្យាបាល​​​ដែលពួកគេ​មិន​ប្រាប់​អ្នកអំពី​អ្នក​ជំងឺ​របស់​ពួកគេ​”។

លោក ចាប ស៊ីនាង ប្រធាន​ពន្ធនាគារ​​​មិន​អាច​ទាក់​ទង​បានទេ​កាលពី​ពេល​រសៀល។

លោក អាំង​ មាលតី ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) ​ដោយ​ចោទប្រកាន់​ពីបទ​​កិប​កេង​ប្រាក់​​ទាក់​ទង​​រឿង​គាត់​រឹប​អូស​យក​រថយន្ត​ទំនើប​មួយ​គ្រឿង​​ពី​អ្នក​ចែក​ចាយ​គ្រឿង​ញៀន ហើយ​ប្រគល់ទៅ​ឱ្យ​កូន​ប្រុស​របស់​​​គាត់​ ជា​អធិការ​រង​នគរបាល​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ។

គាត់ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​ជា​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាលពី​ខែ​កុម្ភៈ តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​លោក​នាយក​​​​ រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​លើកឡើង​នៅក្នុង​សុន្ទរកថាជា​សាធារណៈ​​ថា គាត់​ប្រហែល​ជា​ទទួលបាន​សំណូក​រាប់​លាន​ដុល្លារ​ក្នុងការ​ដោះ​លែង​​ជន​សង្ស័យ​ពីរនាក់​ចេញពីពន្ធនាគារ​ដែល​​​ពាក់ព័ន្ធ​​ឃាតកម្ម​ដ៏​លេចធ្លោមួយ​។

លោក​ ឱម យ៉ិន​ទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បានមាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់លើ​​លោក​ អាំង​ មាលតី នឹង​ត្រូវ​បំបែក​ជា​សំណុំរឿង​ដាច់ដោយ​ឡែក​ដើម្បី “ពន្លឿន”​​ ដំណើរការ​តុលាការ​។

លោក ឱម យ៉ិនទៀង និង​លោក ឆាយ សាវុធ អនុប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​​​រលួយ​​​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិល​​​មិញ។

លោកមេធាវី​ ទេព មុនី​ជាតិ បានមាន​ប្រសាសន៍​ថា សវនាការ​ជំនុំ​ជម្រះ​កូន​ក្តី​របស់​​​លោក​​នឹង​ចាប់​ផ្តើម​នៅ​ចុង​ខែ​នេះ៕ សារុន​

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.