កង្វះ​ថ្នាក់​ដឹកនាំ​ជាស្ត្រី​បន្ទច់​បង្អាក់​ចលនា​កម្មករ

ដូច​កម្មករ​កាត់ដេរ​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​ដែរ ឈាង ធីដា ធ្វើការ​ច្រើន​ម៉ោង​ដើម្បី​បាន​ប្រាក់​ខែ​បន្តិច​បន្តួច។ ប៉ុន្តែ​ការ​ត្អូញត្អែរ​ខ្លាំង​បំផុត​របស់​នាង​អំពី​លក្ខខណ្ឌ​នៅ​រោងចក្រ​កាត់ដេរ​ខោអាវ​របស់​នាង ​គឺ​សភាព​បង្គន់​អនាម័យ​របស់​រោងចក្រ។

កម្មករ​ជើងចាស់​អាយុ​៣៧​រូប​នេះ​បាន​និយាយ​ថា “វា​គ្មាន​អនាម័យ​និង​គួរ​ឲ្យ​ខ្ពើម​រអើម។ គ្មាន​អ្នកណា​សម្អាត​បង្គន់​ទេ”។

យុទ្ធនាការ​សាធារណៈ​ភាគច្រើន​បំផុត​របស់​សហជីព​រោងចក្រ​កាត់ដេរ​​វិលវល់​នឹង​ការ​តស៊ូ​ដើម្បី​ដំឡើង​ប្រាក់​ខែ​អប្បបរមា។ ប៉ុន្តែ​កម្មការិនី​រោងចក្រ​តស៊ូ​ចង់​បាន​ការ​ចាប់​អារម្មណ៍​ចំពោះ​កង្វល់​របស់​ខ្លួនទាក់ទិន​នឹង​ការ​សម្រាក​មាតុភាព សុខភាព​បន្ត​ពូជ និង​អនាម័យ​កន្លែង​ធ្វើការ សូម្បី​តែ​សហជីព​ដែល​តំណាង​ពួកគេ​ក៏ដូច្នេះដែរ។

ថ្វីបើ​ប្រហែល​៨៦​ភាគរយ​នៃ​កម្មករ​កាត់ដេរ​ជាង​៦០០.០០០​នាក់​របស់​ប្រទេស​កម្ពុជា​ជា​ស្ត្រី​ក៏ដោយ ក៏​ភាគ​ច្រើន​នៃ​មេដឹកនាំ​សហជីព​គឺជា​បុរស ហើយ​ពួកគេ​មិន​ទៅ​មើល​បន្ទប់​ទឹក​ស្ត្រី​ទេ។

លោក​ស្រី សុខ ថារ៉េត មន្ត្រី​កម្មវិធី​នៅ​មណ្ឌល​ព័ត៌មាន​កម្មករ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​មណ្ឌល​ធនធាន​សម្រាប់​កម្មករ​កាត់ដេរ បាន​លើក​ឡើង​ចំៗ។

cam-photo-lady-leaders-woodsលោក​ស្រី​បាន​និយាយ​អំពី​មេដឹកនាំ​សហជីព​ជា​បុរស​ថា “ពួកគេ​មិន​ដែល​មាន​រដូវ​ទេ។ ចំពោះ​ពួកគេ មិន​សូវ​មើល​ឃើញ​ថា បញ្ហា​របស់​ស្ត្រី​ជា​ការ​ប្រឈម​ដ៏​ធំ​សម្រាប់​កម្មករ​កាត់ដេរ​ជា​ស្ត្រី​នោះ​ទេ”។

កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ​នៅ​កម្ពុជា​ (BFC)​របស់​​​អង្គការILO បាន​និយាយ​​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៥​របស់​ខ្លួន​ថា ក្នុង​ខណៈ​ដែល​ស្តង់ដារ​កាងារ​មួយ​ចំនួន​បាន​ល្អ​ប្រសើរ​ហើយ​នោះ ៥០ភាគរយ​នៃ​រោងចក្រ​ដែល​ខ្លួន​ឃ្លាំមើល​ បាន​ប្រើ​ទម្រង់​ផ្សេង​ជាច្រើន​នៃ​ការ​រើសអើង​យ៉ែនឌ័រ ក្នុង​នោះ​មានការ​បញ្ចប់​កិច្ច​សន្យា​ការងារ​ផ្អែកលើ​ភេទ និង​ការ​រើសអើង​លើ​កម្មករ​មាន​ផ្ទៃពោះ។

លោកស្រី ថារ៉េត នៅ​មណ្ឌល​ព័ត៌មាន​កម្មករ​បាន​និយាយ​ថា ការ​រើសអើង​បែប​នេះ​គឺ​ជា​បញ្ហា​លើក​ឡើង​ញឹកញាប់​បំផុត​ដោយ​ស្ត្រី​ដែល​មកមណ្ឌល​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ។

លោកស្រី ថារ៉េត បាន​និយាយ​ថា “យើង​ទទួល​បាន​សេចក្តី​រាយការណ៍​ថា នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ ពិតជា​ពិបាក​ណាស់​ចំពោះ​ពួកគេ​ក្នុងការ​ធ្វើការ​នៅ​តាម​រោងចក្រ”។

លោក​ស្រី​បាន​បន្ថែម​ថា “ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​រើសអើង​នោះ​ពិបាក​បញ្ជាក់​ឲ្យ​ឃើញ​ណាស់”។

លោក​ស្រី​បាន​និយាយ​ថា “ប្រសិនបើ​កិច្ចការ​របស់​អ្នក​យឺត​ជាង​មុន គេ​នឹង​បញ្ចប់​កិច្ច​សន្យា​ដោយ​យក​លេស​ផ្សេង​ទៀត។ គេ​នឹង​មិន​និយាយ​ថា ដោយសារ​មាន​ផ្ទៃពោះ​នោះ​ទេ”។

អ្នកស្រី ធីតា ជា​កម្មការិនី​កាត់ដេរ​បាន​និយាយ​ថា បញ្ហា​នេះ​បញ្ជាក់​បាន​ដោយ​បទ​ពិសោធន៍​របស់​អ្នកស្រីផ្ទាល់។

អ្នកស្រី​បាន​និយាយ​ថា “ថៅកែ​​តែងតែ​ប្រកាន់​រើសអើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ពីព្រោះ​នៅ​ខែ​ដំបូង ពួកគេ​ចាញ់កូន ឬ​មិន​សូវ​មាន​កម្លាំង ដូច្នេះ​ពួកគេ​មិន​អាច​ធ្វើការ​ដូច​កម្មករ​ធម្មតា​បាន​ទេ”។

របាយការណ៍ ILO ក៏​និយាយ​ដែរ​ថា រោងចក្រ​មួយ​ក្នុងចំណោម​រោងចក្រ​ប្រាំ​មិន​បាន​បង់​ប្រាក់​ឧបត្ថម្ភ​មាតុភាព​ដែល​តម្រូវ​តាម​ច្បាប់​ឲ្យ​កម្មករ​របស់​ខ្លួន​នោះ​ទេ ហើយ​ចំនួន​រោងចក្រ​ដូចគ្នា​នេះ បាន​ប្រើ​កិច្ច​សន្យា​រយៈពេល​ខ្លី​ដើម្បី​ចៀសវាង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​កម្មករ ដូចជា​ការ​សម្រាក​មាតុភាព ជា​សិទ្ធិ​ដែល​ធានា​តាម​ច្បាប់​ការងារ។

លោកស្រី ថារ៉េត បាន​បន្ថែម​ថា ការងារ​ប្រចាំថ្ងៃ​នៅ​តាម​រោងចក្រ​ក៏​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​ស្ត្រី​ដែរ ដោយ​កម្មករ​ជាច្រើន​ប្រឈម​នឹង​សីតុណ្ហភាព​ខ្ពស់​និង​សារធាតុ​គីមី ជា​ញឹកញាប់​នៅ​ក្នុង​បន្ទប់​គ្មាន​ខ្យល់​ចេញ​ចូល​ល្អ។

លោកស្រី​បាន​និយាយ​ថា “ពួកគេ​មិន​ខ្វល់​ថា អ្នក​ធ្វើការ​យ៉ាង​ម៉េច​ទេ ឲ្យ​តែ​សម្រេច​គោលដៅ។ ពួកគេ​មិន​ខ្វល់​ថា​អ្នក​មាន​ផ្ទៃពោះ​ទេ”។ លោកស្រី​បាន​បន្ថែម​ថា កម្មករ ក្នុង​នោះ​មាន​ទាំង​ស្ត្រី​មានផ្ទៃពោះ​ផង ជា​ញឹកញាប់​សុំ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​មាន​ការ​សម្រាក​តិចតួច ដើម្បី​បំពេញ​កូតា​របស់​រោងចក្រ”។

ទោះជា​មាន​ការ​លំបាក​យ៉ាង​នេះ​ក៏ដោយ ក៏​កម្មការិនី​រោងចក្រ​តស៊ូ​ដើម្បី​ឲ្យ​គេ​ដឹង​ទុក្ខ​កង្វល់​របស់​ខ្លួន។ នៅ​ពេល​ដែល​ស្ត្រី​ទំនងជា​​សកម្ម​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​នៅ​កម្រិត​មូលដ្ឋាន ពួកគេ​ខ្វះ​តំណាង ​នៅ​ពេល​​សំខាន់ គឺ​នៅ​តុ​ចរចា។

លោក​ស្រី ថារ៉េត បាន​និយាយ​ថា “ស្ត្រី​តែងតែ​​នៅ​ជួរ​មុខ​ប្រឈម​នឹង​ការ​គំរាម​កំហែង​អំឡុង​ពេល​បាតុកម្ម។ ប៉ុន្តែ​នៅ​ពេល​យើង​ឃើញ​មេដឹកនាំ​[សហជីព]​នៅ​ក្នុង​ឧស្សាហកម្ម គឺ​ជា​ក្រុម​បុរស​ទៅ​វិញ”។

យោង​តាម​ទិន្នន័យ​ដែល​អាច​ទទួល​បាន​ថ្មី​បំផុត គឺ​ការ​ស្ទង់​មតិ​ឆ្នាំ​២០១២​នៃ​សហព័ន្ធ​ការងារ​កាត់ដេរ​៤៧​ដោយ​មជ្ឈមណ្ឌល​សាមគ្គីភាព ជា​ក្រុម​សិទ្ធិ​ការងារ​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​ឲ្យ​ដឹង​ថា មាន​តែ​ស្ត្រី​២៥​នាក់​ប៉ុណ្ណោះ​បាន​កាន់​តំណែង​ថ្នាក់​ដឹកនាំ ធៀប​នឹង​បុរស​១៣២​នាក់។

នៅ​ពេល​ដដែល​នោះ ​ការ​ស្ទង់​មតិ​មួយ​នៅ​ឆ្នាំ​២០១១​ផ្សព្វផ្សាយ​ដោយ BFC បាន​រក​ឃើញ​ថា ស្ត្រី​មាន​តែ​៣០ភាគរយប៉ុណ្ណោះ​​នៃ​ក្រុម​ចរចា​រួម។

លោក​ស្រី ថារ៉េត បាន​និយាយ​ថា “ភាគ​ច្រើន​បំផុត​នៅ​ពេល​ពួកគេ​ចរចា​នៅ​តាម​កម្រិត​រោងចក្រ ពួកគេ​ដាក់​ការ​ទាមទារ​មួយ​ចំនួន​ជុំវិញ​ការ​ដំឡើង​ប្រាក់​ខែ។ បញ្ហា​ស្ត្រី​ច្រើនតែ​ស្ថិត​នៅ​លើ​របៀបវារៈ​លេខ​១០”។

មន្ត្រី​កម្មវិធី​នៅ​មណ្ឌល​ព័ត៌មាន​កម្មករ​រូប​នេះ​បាននិយាយ​​បន្ថែម​ថា “ស្ត្រី​មួយ​ចំនួន​ទទួល​បាន​តំណែង​ថ្នាក់​ដឹកនាំ ប៉ុន្តែ​ជាថ្មី​ម្តង​ទៀត​ពួកគេ​ត្រូវ​ប្រឈម​នឹង​ប្រព័ន្ធ​មួយ​ដែល​មាន​បុរស​ច្រើន​លើស​លុប​នៅ​ថ្នាក់​លើ​នៃ​សម្ព័ន្ធ”។

អ្នក​ស្រី យ៉ាង សុភ័ណ ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ដ៏​កម្រ​ដែល​បាន​ឡើង​ដល់​តំណែង​កំពូល​នៃ​ជាន់​ថ្នាក់​សហជីព។

សព្វ​ថ្ងៃ លោក​ស្រី​មាន​តួនាទី​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា។ លោក​ស្រី​បាន​ក្លាយ​ជា​សកម្មជន​សហជីព​ទី​១​នៅ​ឆ្នាំ​១៩៩៧ មុន​ពេល​ក្លាយ​ជា​មន្ត្រី​ម្នាក់​របស់​សហជីព​សេរី​កម្មករ​នៅ​ឆ្នាំ​២០០០។

លោក​ស្រី​បាន​និយាយ​ថា “ខ្ញុំ​អាច​ក្លាយ​ជា​មេដឹកនាំ​ម្នាក់ ពីព្រោះ​ខ្ញុំ​មាន​បទ​ពិសោធន៍​ច្រើន​ជាមួយ​សហជីព” ក៏​ប៉ុន្តែ​បាន​បន្ថែម​ថា ស្ត្រី​ជាច្រើន​នាក់​នៅ​រា​រែក​មិន​ហ៊ាន​កាន់​តួនាទី​ថ្នាក់​ដឹកនាំ។ លោក​ស្រី​បាន​និយាយ​ថា នៅ​ពេល​ចរចា លោក​ស្រី​ប្រឈម​ជា​ញឹកញាប់​នឹង​ការ​ប្រឆាំង​ពី​សហសេវិក​បុរស​របស់​លោក​ស្រី។

លោក​ស្រី សុភ័ណ បាន​និយាយ​ថា “ជា​ធម្មតា ខ្ញុំ​ព្យាយាម​លើក​ឡើង​អំពី​[បញ្ហា​របស់​ស្ត្រី] នៅ​ពេល​ដែល​យើង​ពិភាក្សា​អំពី​ប្រាក់​ខែ​អប្បបរមា ក៏​ប៉ុន្តែ មេដឹកនាំ​សហជីព​បុរស​ជាច្រើន​នាក់​មិន​គាំទ្រ​ទេ។ ខ្ញុំ​គិត​ថា ពួកគេ​សន្និដ្ឋាន​ថា យោបល់​របស់​ស្ត្រី​មិន​សំខាន់​ដូច​យោបល់​របស់​បុរសទេ”។

យោង​តាម​លោក​ស្រី សុភ័ណ បាន​ឲ្យ​ដឹង​ថា ការ​រើសអើង​ដែល​គេ​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​ស្ត្រី​ក្នុង​សហជីព​ចាប់​ផ្តើម​នៅ​ថ្នាក់​ទាប។

លោក​ស្រី​បាន​និយាយ​ថា “រឿង​ពិបាក​គឺ​នៅ​ពេល​ដែល​មាន​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​សហជីព​មូលដ្ឋាន”។ នៅ​ពេល​បេក្ខជន​ស្ត្រី​ព្យាយាម​លើក​ឡើង​អំពី​បញ្ហា​របស់​ស្ត្រី គំនិត​របស់​ស្ត្រី​មិន​ត្រូវ​បាន​បេក្ខជន​បុរស​គាំទ្រ​ទេ”។

លោក​ស្រី សុភ័ណ បាន​និយាយ​ថា បើ​ទោះជា​កម្មករ​ភាគច្រើន​ជា​ស្ត្រី​ក៏ដោយ ក៏​ពួកគេ​នៅ​តែ​បញ្ចប់​ដោយ​ជ្រើសរើស​មេដឹកនាំ​បុរស​ដដែល ដោយសារ​ប្រពៃណី​ចាក់ឫស​នៃ​ថ្នាក់​ដឹកនាំ​បុរស​ក្នុង​សហជីព។

“ពួកគេ​មិន​មាន​ទស្សន​ទូលំ​ទូលាយ” ថា​ស្ត្រី​ក៏​អាច​ដឹកនាំ​ដែរ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា សីុខៅឌូ ជា​សហជីព​​​ឯករាជ្យ​​​ដ៏​​​ធំ​​​បំផុត​​ក្នុង​វិស័យ​នេះ បាន​និយាយ​ថា សមាជិក​របស់​ខ្លួន​ស្ទាក់ស្ទើរ​មិន​ជ្រើសរើស​មេដឹកនាំ​ជា​ស្ត្រី ពីព្រោះ​ស្ត្រី​ត្រូវ​គេ​មើល​ឃើញ​ថា​មិន​សូវ​មាន​សមត្ថភាព។

ដោយ​លើក​ឡើង​ពី​ការ​គំរាម​កំហែង​និង​ការ​បំភិត​បំភ័យ​ដែល​កើត​មាន​ជា​ញឹកញាប់​ចំពោះ​មេដឹកនាំ​សហជីព​នោះ លោក​បាន​និយាយ​ថា “[អ្នក]​ដែល​ក្លាយ​ជា​មេដឹកនាំ​សហជីព​ត្រូវ​តែ​ជ្រើសរើស​ដោយ​សមាជិក។ ផ្អែក​លើ​បទ​ពិសោធន៍ កម្មករ​ជាច្រើន​មិន​មាន​អារម្មណ៍​ជឿជាក់​ទេ​ដែល​មេដឹកនាំ​ស្ត្រី​អាច​ដឹកនាំ​ក្នុង​សហជីព ឬ​សហព័ន្ធ​ដែល​មាន​ស្ថានការណ៍​អាក្រក់​នោះ”។

ថ្វីបើ​លោក​បាន​និយាយ​ថា ស្ត្រី​មាន​ចំនួន​ពាក់​កណ្តាល​នៃ​សកម្មជន​ទាំង​អស់​ក្នុង​សហជីព​របស់​ស៊ីខៅឌូ​ក៏ដោយ ក៏​ពួកគេ​កាន់​តំណែង​ដឹកនាំ​តែ​១០​ទៅ​១៥​ភាគរយ​ប៉ុណ្ណោះ​នៅ​កម្រិត​ថ្នាក់​ជាតិ។

បើ​ទោះ​ជា​សមាសភាព​បុរស​ច្រើន​លើស​លុប​នៅ​ក្នុង​ថ្នាក់​ដឹកនាំ​ជាតិ​ក៏ដោយ ក៏​លោក ធន់ បាន​និយាយ​ថា សហជីព​របស់​លោក​ពិតជា​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ស្ត្រី​ ជា​ពិសេស​សិទ្ធិ​កម្មករ​មាន​ផ្ទៃ​ពោះ និង​ជំរុញ​ឲ្យ​រោងចក្រ​ផ្តល់​ការ​សម្រាក​មាតុភាព និង​ពេល​សម្រាក​ពិនិត្យ​សុខភាពជាដើម។

ប៉ុន្តែ លោក​ក៏​ទទួល​ស្គាល់​ដែរ​ថា បញ្ហា​ដែល​មិន​ទាក់ទង​នឹង​យ៉េនឌ័រ​ទំនង​ជា​មាន​លក្ខណៈ​ទូលំទូលាយ​ជាង។ លោក​បាន​និយាយ​ថា “នៅ​ពេល​យើង​បង្កើន​ប្រាក់​ខែ យើង​បង្កើន​ទាំងអស់​គ្នា។ បញ្ហា​របស់​ស្ត្រី​គឺ​ជាក់លាក់​មិន​ទូទៅ”។

យោង​តាម​លោក​ស្រី ចូនី ស៊ីមស៊ុន អ្នក​ឯកទេស​យ៉េនឌ័រ​ជាន់​ខ្ពស់​នៅ​អង្គការ ILO បាន​ឲ្យ​ដឹង​ថា ការ​យល់​ដឹង​វប្បធម៌​របស់​ស្ត្រី​ជាសញ្ញា​នៃ​​ឧបសគ្គ​ធំ​បំផុត​សម្រាប់​ស្ត្រី​ដើម្បី​ទទួល​បាន​តំណែងខ្ពស់​ក្នុង​​កន្លែង​ធ្វើការ។

លោក​ស្រី ស៊ីមស៊ុន បាន​សរសេរ​ក្នុង​សារ​អីុម៉េល​មួយ​ថា “បញ្ហា​ប្រឈម​បំផុត​មួយ​គឺ​បទដ្ឋាន​វប្បធម៌​និង​អាកប្ប​កិរិយា​ចំពោះ​ឱកាស តួនាទី​នៃ​ស្ត្រី​និង​បុរស​ក្នុង​សង្គម​និង​សេដ្ឋកិច្ច”។

លោក​ស្រី​បាន​និយាយ​ថា ប៉ុន្តែ ការ​កែប្រែ​ត្រូវតែ​ចេញ​មក​ពី​សហជីព​ដែរ។ លោក​ស្រី​បាន​បន្ថែម​ថា “យើង​ចាំបាច់​ត្រូវ​មើល​ឃើញ​ការ​រៀបចំ​របស់​កម្មករ​ខ្លាំង​ជាង​នេះ ដោយ​គាំទ្រ​តម្រូវការ​ទាំង​របស់​ស្ត្រី​និង​បុរស”។

លោក​ស្រី ថារ៉េត នៅ​មណ្ឌល​ព័ត៌មាន​កម្មករ បាន​យល់​ស្រប​ថា ការ​មាន​ថ្នាក់​ដឹកនាំ​ស្ត្រី​ច្រើន​ក្នុង​សហជីព​ គឺ​សំខាន់​សម្រាប់​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​កម្មករ​ល្អប្រសើរ​ឡើង។

លោក​ស្រី ថារ៉េត បាន​និយាយ​ថា “ស្ត្រី​គួរ​មាន​អំណាច​និង​សិទ្ធិ​ធ្វើការ​សម្រេច ជា​ពិសេស​ធ្វើ​ឲ្យ​ស្ថានការណ៍ល្អ​ប្រសើរ​ឡើង​នៅ​តាម​រោងចក្រ​កាត់ដេរ”។

លោក​ស្រី សុខ ថារ៉េត បាន​និយាយ​ថា “គេ​គិត​ថា [បុរស]​មាន​សំឡេង​ខ្លាំង នៅ​ពេល​ពួកគេ​កាន់​មីក្រូ។ ស្ត្រី​ស្លូតបូត ហើយ​​និយាយ​ទន់ភ្លន់។ ប៉ុន្តែ នៅ​ពេល​យើង​ស្តាប់​ស្ត្រី​និយាយ គឺ​មាន​អំណាច​ណាស់”៕និត

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.