ព្រះរាជអាជ្ញា​​ស្នើ​សុំ​​​​​កាត់​បន្ថយ​​ការ​​​ចោទ​ប្រកាន់​​លើ​​​លោក អាំង មាលតី ​​​អតីត​​​​​​ប្រធាន​​​សាលា​​​​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​

ក្រុងតាខ្មៅ, ខេត្ត​កណ្ដាល - លោក អាំង មាលតី​ ​​ដែល​ត្រូវ​បាន​​ទម្លាក់​​ពី​តំណែង​ប្រធាន​​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ កាលពី​ឆ្នាំ​មុន​​​ស្រប​​​​​​​​​ពេល​​​​មាន​ការ​ចោទ​ប្រកាន់​​ពីបទ​ពុក​រលួយ​ធ្ងន់​ធ្ងរ​​​​​​​​​​​ រក​​​បាន​​​​​​អ្នក​​​​​​​​​ជួយ​​​​​គាំ​​​ទ្រ​​​មិន​សម​ទំនង​​ម្នាក់​​​​អំឡុង​​​សវនាការ​​​​​​​​​​ជំនុំ​​​ជម្រះ​​​​ទោស​​គាត់​ពីបទ​គៃបំបាត់​​ដោយ​ទុច្ចរិត​នៅ​ទីនេះ​កាលពីព្រឹក​ម្សិលមិញ ​នោះ​គឺ​ជា​បុរស​ដែល​ទទួល​បន្ទុក​​ចោទ​ប្រកាន់​គាត់។

ស្ថិត​ក្នុង​ឯកសណ្ឋាន​​​អ្នក​ទោស​​​ពណ៌​លឿង​​​ថ្មី លោក អាំង មាលតី ​វ័យ​៦០​ឆ្នាំ បាន​ឡើង​ក្រចក​សេះ​​នៅ​សាលា​ដំបូង​ខេត្តកណ្ដាល ​ហើយ​បាន​សារភាព​​​ថា គាត់​​​ធ្វើ​​​​ខុស​ដែល​យក​​​​​​រថយន្ត​អូឌី​ (Audi) ​មួយ​គ្រឿង​ដក​ហូត​បាន​​ពី​ជន​​ចែក​ចាយ​គ្រឿង​ញៀន​ម្នាក់​កាលពី​ឆ្នាំ​២០១៤​ទៅ​​​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ប៉ុន្តែ​​បាន​ស្នើ​​សុំ​​​កាត់​បន្ថយ​​​​​ការ​​​ចោទ​ប្រកាន់​​ពីបទ​គៃបំបាត់​ដោយ​ទុច្ចរិត​ដែល​មាន​ទោស​ជាប់​ពន្ធនាគារ​អតិបរមា​​១០​​ឆ្នាំ​មក​ជា​ការ​ចោទ​ប្រកាន់​ពីបទ​​​កេង​ប្រវ័ញ្ច​ដោយ​ខុស​ច្បាប់​​ដែល​មាន​ទោស​​ជាប់​ពន្ធនាគារ​​៥ឆ្នាំ​​​វិញ​​​។

​ហើយ​នៅ​ពេល​​សេចក្ដី​សន្និដ្ឋាន​ការ​ពារ​​​ធ្វើ​​ឡើង​ម្ដង​ទៀត​​នៅ​ប្រហែល​៣ម៉ោង​​ក្រោយ ​អតីត​ប្រធាន​ចៅក្រម​សាលា​ដំបូង​រាជធានី​​​​ភ្នំពេញ​រូប​នេះ​​​ ដែល​បាន​និង​កំពុង​ទទួល​ការ​ព្យាបាល​​​ជំងឺ​ច្រើន​មុខនៅ​​គ្លីនិក​ឯកជន​មួយ​​​​​​​​​ទទួល​បាន​​ការ​គាំទ្រ​ពី​​ព្រះរាជអាជ្ញា​​​ ឯក ស៊ុន​​រស្មី ដែល​ទទួល​បន្ទុក​​​​សំណុំរឿង​​របស់​គាត់​។

លោក ឯក ស៊ុន​រស្មី បាន​ប្រាប់​តុលាការ​ថា ​”​ខ្ញុំ​គាំទ្រ​សំណើ​សុំ​កាត់​បន្ថយ​​​ការ​ចោទ​ប្រកាន់​​​​​​​នេះ” ដោយ​​​បក​​​ស្រាយ​​​​​​​ថា ​​លោក​​ពេញ​ចិត្ត​​តែ​ “​៥១​ភាគរយ​” ប៉ុណ្ណោះ​ក្នុង​ការ​​​សម្រេច​ចិត្ត​បែប​នេះ​។

​ព្រះរាជអាជ្ញារូប​េនះ​​​បាន​​សម្ដែង​ការ​​អាណិត​​​អាសូរ​ចំពោះ​​ចុង​ចោទ​​រូប​នេះ ដោយ​​​​គូស​បញ្ជាក់​ថា ​លោក អាំង មាលតី​​ បាន​​បាត់​បង់​ការ​ងារ​រ​បស់​ខ្លួន និង​បាន​ជាប់​ពន្ធនាគារ​​​រយៈ​ពេល​៥ឆ្នាំ​​រួចទៅ​ហើយ ​ហើយ​ពេល​នេះ​​​​កំពុង​មាន​ជំងឺ​ឫសដូង​បាត ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​ថ្លើម​។ ​​លោក​​​មាន​​​ប្រសាសន៍​​​​​​​​​ថា ”​​យើង​មិន​អាច​បញ្ជូន​​មនុស្ស​ម្នាក់​​ដែល​មាន​ជំងឺ​ទាំង​នេះ​ទៅ​ពន្ធនាគារ​បាន​​​ទេ”។

​បន្ទាប់​មក​ ​​លោក ទេព បញ្ញា ​​​ដែល​​​ជា​​​មេធាវី​ការ​ពារ​​​ ត្រូវ​បាន​ប្រគល់​វេទិកា​ឲ្យ​ធ្វើ​​​សេចក្ដី​សន្និដ្ឋាន​​ការ​ពារ​ ប៉ុន្តែ​​​​​​​បាន​​​​​​​​​​បន្ថែម​​​​​​​​ចំណុច​​​​​​តិច​តួច​ប៉ុណ្ណោះ។ លោក​​​​​​ថ្លែង​​​ថា “ខ្ញុំ​​យល់​ស្រប​​​​​តាម​​គ្រប់​ចំណុច​​ដែល​​លោក​​​ព្រះ​​​រាជ​​​អាជ្ញា​​​​​​បាន​​​​​​​លើក​ឡើង។ កំហុស​របស់​កូន​ក្ដី​ខ្ញុំ​​​តូច​តាច​ មិន​ធ្ងន់ធ្ងរ​ទេ​​”។

​នៅ​មុន​នេះ​​ក្នុង​សវនាការ​ជំនុំជម្រះ​ លោក អាំង មាលតី ​បាន​សារភាព​ថា ​លោក​​​​ខុស​​​​​ដែល​​​​​​​​​​​​​​​​​​យក​រថយន្ត​​អូឌី​​ ដែល​ជា​​​​ចំណុច​ស្នូល​នៃ​សំណុំ​រឿង​នេះ​​ទៅ​ប្រើ​ប្រាស់ និង​សូម្បី​​​​យក​​​វា​​​​​​​​​ទៅ​​​​ដឹកគ្រួសារ​ដើរ​លេង​ទៀត​ផង។ គាត់​និយាយ​​ថា ​​​វា​ “​គ្មាន​អាថ៌កំបាំង” ​ទេ​​ដែល​គាត់​​​ប្រើ​​​ប្រាស់់​​​រថយន្ត​នេះ ហើយ​អះអាង​​​​ថា គាត់​​​​​​​​​ធ្លាប់​​​​​​​​​​​​​ជិះ​​​​វា​​ចេញចូល​​សាលា​ដំបូង​រាជធានី​​ភ្នំពេញ ​នៅ​​ពេល​​​​​​វា​ក្លាយ​ជា​​​​កន្លែង​​​​​​ផ្ទុះ​​​ការ​​​​​​​តវ៉ា​​នយោ​បាយ​ជា​ច្រើន​​​​​​​​លើក​​​​​​ និង​ការ​ចាប់​ខ្លួន​​​មនុស្ស​​​​​​​ដែល​ពាក់​ព័ន្ធ​។

​ពេល​ទាក់​ទង​បន្ទាប់ពី​សវនាការ​ជំនុំ​ជម្រះ​​​​​ ហើយ​​សួរ​ថា ហេតុ​អ្វី​​បាន​ជា​គាត់​​ប្រើ​ប្រាស់​​​ពាក្យ​សម្ដី​សន្និដ្ឋាន​ផ្ទាល់​ខ្លួន​ដើម្បី​គាំទ្រ​​​​​​​ការ​​​កាត់​បន្ថយ​​​​​ការ​​​ចោទ​​​ប្រកាន់​ពីបទ​គៃបន្លំ​ដែល​​​​​​ត្រូវ​​​បាន​​​ណែនាំ​​​​​​ពី​​​ដំបូង​​​នោះ លោក ឯក ស៊ុន​រស្មី ​បាន​​​​ឆ្លើយ​​​ថា ការ​​​ធ្វើ​​​បែប​​នេះ​​​​​ជា​ “​សិទ្ធិ​” របស់​លោក​​ ហើយ​បាន​បដិសេធ​មិន​​​​​​ធ្វើ​​​​​​អត្ថា​​​​​​ធិប្បាយ​​​​​​​បន្ថែម​ទៀត​ឡើយ​​​។ លោក​បញ្ជាក់​ថា ​”បើ​​​​អស់​​​លោក​​​​​​​ចង់ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​​ ​​​អស់​​​លោក​​​អាច​ទៅ​មើល​មាត្រា​៣០​” នៃ​ក្រម​​​នីតិវិធី​ព្រហ្មទណ្ឌ​​​បាន​​​។

មាត្រា​៣០​​ចែង​លម្អិត​ថា ​”​​ចៅក្រម​អយ្យ​ការ​​​គ្រប់រូប​​ត្រូវ​គោរព​តាម​អធិបញ្ជា​​ថ្នាក់​លើ​​របស់​​​ខ្លួន​​តាម​ឋានានុក្រម​។ ប៉ុន្តែ​នៅ​ពេល​សវនា​ការ​​ ចៅក្រម​អយ្យការ​ធ្វើ​ការ​កត់​សម្គាល់​ផ្ទាល់​​​មាត់​​ដោយ​សេរី​​​​​តាម​​ការ​ដែល​ខ្លួន​​យល់​ឃើញ​​ថា ស្របទៅ​តាម​​សតិសម្បជញ្ញៈរបស់​ខ្លួន។ គ្មាន​ការ​ចោទ​ប្រកាន់​ខាង​វិន័យ​ណាមួយ​ដែល​​​អាច​ត្រូវ​ធ្វើ​ចំពោះ​ចៅក្រម​អយ្យការ​ ដោយ​សារ​តែ​វា​​​​​ចារ​​​របស់​ខ្លួន​ដែល​បាន​បញ្ចេញ​នៅ​ពេល​សវនាការ​សោះឡើយ”។

ការ​​​​ចោទ​​​​​​ប្រកាន់​​​​លោក អាំង មាលតី ​ពោរពេញ​ដោយ​មន្ទិល​​ និង​អាថ៌កំបាំង​​តាំង​ពី​​ដើម​ទី​មក​​​ម៉្លេះ​​​។ បន្ទាប់ពី​​គាត់​ត្រូវ​​​​បាន​​​​អង្គភាព​​​​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពី​ខែ​សីហា លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ហៅ​លោក អាំង មាលតី ថា “បិសាច​” ហើយមាន​ប្រសាសន៍​ថា ​មិត្តភាព​ជិត​​ស្និទ្ធ​​របស់​បុរស​រូប​នេះ​ជាមួយ​​លោក ឱម យ៉ិន​​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​អាច​ធ្វើ​ឲ្យ​​ការ​ស៊ើបអង្កេត​​កាន់​តែ​​​​ស្មុគស្មាញ។

​អំឡុង​ពេល​ស៊ើបអង្កេត​ ​មន្ត្រី​​​មួយ​​​រូប​​​​​​នៅ​​​​អង្គភាព​​​​​ប្រឆាំង​អំពើពុក​រលួយ​​​​បាន​​ពណ៌​​​នា​​​​​​អំពី​​​ការ​​សួរ​ចម្លើយ​​របស់​លោក ឱម យ៉ិនទៀង ​​​​ទៅ​​​លើ​លោក​​ អាំង មាលតី ថា​​​ជា “​​​ការ​ជួបជុំ​​មិត្តភក្ដិ​” ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់។

​មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​​​​​ឈ្មោះ​​​ដោយ​សារ​តែ​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​​នេះបាន​​​បា៉ន់​ស្មាន​ថា ទីបំផុត​ លោក ឱម យ៉ិនទៀង នឹង​ “​រាយ​ការណ៍​ទៅ​ព្រះឥន្ទ [នាយករដ្ឋមន្ត្រី ហ៊ុន សែន​] ​​ដោយ​និយាយ​ថា លោក មាលតី ​មិន​បាន​ប្រព្រឹត្ត​ខុស​​​​​ឡើយ​​​ក្នុង​ការ​ងារ​របស់​ខ្លួន​​ ហើយ​ស្នើ​សុំ​​​ឲ្យ​​បញ្ចប់​​សំណុំរឿង​​​​នេះ ​ព្រោះ​​​​​ជា​មិត្ត​ជិតស្និទ្ធ​របស់​គាត់​”។

​ពេល​ទៅ​ដល់​តុលាការ​កាលពីម្សិលមិញ ​លោក អាំង មាលតី ​​ត្រូវ​បាន​​​​​​​អម​​​ចេញពី​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​ពន្ធនាគារ​ដោយ​​​មន្ត្រី​នគរ​បាល​មួយ​ក្រុម​ធំ​​​ដែល​ព្យាយាម​ការ​ពារ​​គាត់​ពី​អ្នក​ថតរូប​។ ​គាត់​​​​បាន​​​ដើរ​​​ចេញ​ពី​រថយន្ត​​​ពន្ធនាគារ​តែ​ម្នាក់​ឯង​​​​​ទាំង​​​​​​គ្មាន​​​​​ខ្នោះ​​​​​​ជាប់​​​ដៃ ​និង​មាន​ចុង​ចោទ​​​ជាប់​ខ្នោះ​ប៉ុន្មាន​នាក់​​ទៀត​ដើរ​តាម​ពីក្រោយ​។

​ច្រក​ចូល​​​​ពីរ​​ទៅ​កាន់​បរិវេណ​តុលាការ​​ត្រូវ​​​បាន​​កង​រាជអាវុធ​ហត្ថ​​ប្រដាប់​អាវុធ​​​យាម​​​​​ការ​​​ពារ ហើយ​​អ្នក​ចូល​រួម​​​​ស្តាប់​​​សវនាការ​​​​​ត្រូវ​បាន​​​​ឆែកឆេរ​​ នៅ​ពេល​ពួកគេ​​ចូល​ទៅ​ក្នុង​តុលាការ​។ ​​ប៊ិច​ និង​ខ្មៅដៃ​ត្រូវ​បាន​ហាម​ឃាត់។

​នៅ​ពេល​​សវនាការ​​​កំពុង​បន្ត​ ព្រះ​រាជ​អាជ្ញា​​​បាន​ប្រាប់​លោក អាំង មាលតី ថា “​​លោក​ធ្វើ​ជា​មន្ត្រី​តុលាការ​យូរ​ហើយ​ ការ​ឆ្លើយ​សំណួរ​ទាំង​នេះ​គួរ​តែ​ងាយ​ស្រួល”។

ចុង​ចោទ​ អាំង មាលតី ​​​បាន​​ឆ្លើយ​តប​ថា ​”​សូម​​បន្ត​​​សវនាការ​​​ចុះ។ ​ខ្ញុំ​​​មិន​ដែល​​​មាន​​​ការ​​​​ពាក់​ព័ន្ធ​​​បទ​ល្មើស​ទេ​។ ​​​​សារជាតិ​របស់​​ខ្ញុំ​តែង​តែ​​និយាយ​ឮៗ​​ និង​ខ្លាំង​ ប៉ុន្តែ​ខ្ញុំ​ចិត្ត​ល្អ​​”។

ការ​​ទម្លាក់​​​​តំណែង​​​​​​លោក អាំង មាលតី ​ដែល​​​​​​មេធាវី​របស់​គាត់​​បក​ស្រាយ​ថា​​​គាត់​បាន​​​បម្រើ​​​ប្រទេស​​​​​​​​​ជាតិ​​​​អស់​រយៈ​ពេល​​៣២​ឆ្នាំ ​បាន​​​ចាប់​ផ្ដើម​​​​​​កាល​​​ពី​​​​ខែកុម្ភៈ នៅ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​​បាន​​​លើក​ឡើង​អំឡុង​សុន្ទរកថា​​​​​មួយ​ថា ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​​​ទទួល​ការ​សូកប៉ាន់​ចំនួន​​៥លាន​ដុល្លារ​ដើម្បី​កែប្រែ​សេចក្ដីសម្រេច​​​​​ច្រាន​​​​​​ចោល​​​​​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​​របស់​ប្ដី​ប្រពន្ធ​​ស្ដុកស្ដម្ភ​ពីរ​នាក់​​ដែល​ប្រឈម​​​​ការ​ចោទ​ប្រកាន់​​​​ទាក់​ទិន​អាវុធ​ខុស​ច្បាប់ដែល​​​​កើត​ចេញពី​​​​​ករណី​​​​​​ធ្វើ​ឃាត​​​ដ៏រំជើប​រំជួល​មួយ​។ ​

លោក អាំង មាលតី ​ត្រូវ​បាន​ដក​ចេញពី​តំណែង​នៅ​ថ្ងៃ​បន្ទាប់ ​ហើយ​​​ត្រូវ​​​​​បាន​​​​​​​​​ផ្តល់​​​មុខ​​​តំណែង​​មិន​បញ្ជាក់​​​​​នៅ​​​ក្រសួង​យុត្តិធម៌​។ ​អតីត​​​​​​ចៅក្រម​ដ៏​អាមា៉ស់​​មុខ​រូប​នេះ​មិន​ត្រូវ​បាន​​ចោទ​​ប្រកាន់​​ទេ​ពាក់​ព័ន្ធ​​​​ការ​អះអាង​​របស់​​លោក​នាយក​រដ្ឋមន្ត្រី។ ទោះ​ជា​យ៉ាង​ណា ឧត្ដម​​​សេនីយ៍​​ត្រី​ ពេជ្រ ព្រហ្មមុនី ដែល​ជា​អង្គរក្ស​ និង​ជា​​ជំនួយ​ការ​​របស់​លោក អាំង មាលតី ត្រូវ​​​​បាន​​​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​ជ្រៀតជ្រែក​តុលា​​​ការ​ ហើយ​ក៏​កំពុង​​​ប្រឈម​​បទ​ចោទ​​ប្រកាន់​​ពាក់​ព័ន្ធ​នឹងអំណោយ​មួយ​​ដែល​គាត់​បាន​​ទទួល​ពី​ប្ដី​ប្រពន្ធ​​ខាង​លើ​ដែល​ត្រូវ​បាន​ដោះ​​លែង​​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មិន​ត្រឹម​ត្រូវ​ផង​ដែរ។

លោក សរ​ សុវណ្ណ ​ដែល​​​ជា​​​មេធាវី​ជើង​ចាស់ សាស្ត្រាចារ្យ​​​​​​​​​​ផ្នែកច្បាប់​ និង​ជា​អតីត​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈមេធាវី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​​​បាន​តាម​ដាន​​​​សវនាការ​​​​ជំនុំ​​​ជម្រះ​​​​​​ទោស​​​​​លោក អាំង មាលតី ​​​​យ៉ាង​​​​​​យក​​​ចិត្ត​​​​​​ទុក​​​​​​ដាក់​​​កាល​​​ពី​ម្សិលមិញ ដើម្បី​​កំណត់​ថា​តើ​​​​វា​​​ “​ពាក់​ព័ន្ធ​អំពើ​ពុករលួយ​” ​ឬ​ក៏អត់​នៅ​ក្នុង​ការ​ដោះ​ស្រាយ​សំណុំរឿង​​របស់​គាត់​។

លោក​បាន​គូស​បញ្ជាក់​ថា “​អាំង មាលតី ​បាន​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​​​យ៉ាង​​​ច្រើន​​​​​ជា​​​​​​​​​​​​​​​​យូរ​មក​ហើយ​”។ ​លោក​ថ្លែង​ថា ​​​ការ​​​ដែល​លោក​​ អាំង មាលតី មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ទាក់​ទិន​​​​​​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ពី​បទ​​​​ទទួល​សំណូក ​​​មាន​​​ចំណុច​​​​​​គួរ​ឲ្យ​សង្ស័យ​​​​​លើ​​​​​ភាព​​​​​​​​​សុច្ចរិត​នៃ​សវនាការ​ជំនុំជម្រះ​​​​​ទោស​​​​​នេះ​​​​។ ​​លោក​​​លើក​​​ឡើង​​​​​​​បន្ត​ថា ​”​ការ​ចោទ​ប្រកាន់​​​ពីបទ​កេង​ប្រវ័ញ្ច​ដោយ​ខុស​ច្បាប់​គឺ​ជា​​​​បទ​មជ្ឈិម វា​មិន​ត្រឹម​ត្រូវ​ទេ​​សម្រាប់​​​​សំណុំ​រឿង​​​​នេះ​។ ​ខ្ញុំ​យល់​ឃើញ​ថា សំណុំរឿង​នេះ​ប្រហែល​​​​​​​ជា​​​​មាន​​​ការ​​​​​​រៀបចំ​ទុកជាមុន​”៕ សុខុម​​​​​​​​​​​​​​​

 

 

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.