ចំណង​​​អាពាហ៍​​​ពិពាហ៍​​​​​​​​​

តាម​​​តំបន់​​​ជន​​​បទ​​​នៃ​​​ប្រទេស​​​កម្ពុជា មេខ្យល់​​​ដែល​​​នាំ​​​កូន​​​ក្រមុំ​​​ គឺបង្កើត​​​ឧស្សា​​​ហកម្ម​​​មួយដោយ​​​​​​លក់​​​​​​​​​​​​ក្តី​​​សុបិន​​​ចិន​​​​​​​​​ឲ្យ​​​គ្រួសារ​​​​​​ខ្មែរ​​​ក្រី​​​ក្រ​​​​​​​​​

ភូមិ៧៧ ខេត្ត​​​កំពង់​​​ចាម -​​​ អស់​​​រយៈ​​​ពេល​​​​​​ជាង​​​បី​​​ឆ្នាំ​​​ ចាប់​​​តាំង​​​ពី​​​​​​​​មេ​​​ខ្យល់​​​​​​​​​ចូល​​​មក​​​ដល់​​​ភូមិ​​​ក្រ​​​ខ្សត់​​​មួយ​​​នេះ​​​ ដោយ​​​និយាយ​​​ផ្សព្វផ្សាយ​​​អំពី​​​​​​ជីវិត​​​​​​ល្អ​​​ប្រសើរ​​​​​​ដល់​​​​​​ស្ត្រី​​​វ័យ​​​ក្មេងៗ​​​ដែ​​​ល​​​កំពុង​​​តែ​​​នឿយ​​​ហត់​​​ និង​​​ក្រី​​​ក្រ​​​ដោយ​​​​​​គិត​​​​​​តែ​​​ពី​​​អនាគត​​​​​​​​​ដែល​​​មិន​​​ហួស​​​ពី​​​ការ​​​​​​ធ្វើ​​​ចម្ការ​​​ដំឡូង​​​មី និង​​​​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ។​​​ ​​​

ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយ មេខ្យល់​​​​​​​​​និយាយ​​​អួត​​​ពីគំនិត​​​រវើ​​​រវាយ​​​ទាក់​​​ទង​​​នឹង​​​ស្នេហា និង​​​ទ្រព្យ​​​សម្បត្តិគឺ​​​មាន​​​ឱកាស​​​ទៅ​​​រស់​​​នៅ​​​ប្រទេស​​​ចិន។​​​​​​​​

ពួកគេក៏​​​​​​​បញ្ចុះ​​​បញ្ចូល​​​​​​ម្តាយ​​​ឪពុកដែរ។​​​ ស្ត្រី​​​​​​ខ្មែរ​​​មាន​​​វ័យ​​​ពាក់​​​កណ្តាល​​​​​​ភាគ​​​ច្រើន​​​ មាន​​​មួយ​​​ចំនួន​​​​​​ហក់​​​ចូល​​​ក្នុង​​​ជំនួញ​​​នេះ បន្ទាប់​​​ពី​​​​​​បញ្ជូន​​​កូន​​​ស្រី​​​របស់​​​ខ្លួន​​​​​​ធ្វើ​​​ដំណើរ​​​លើ​​​វិថី​​​​​​មួយ​​​ដែល​​​គេ​​​មិន​​​ស្គាល់។​​​​

​​​ក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​នៅ​​​ឯ​​​ការិយាល័យ​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ អ្នកស្រី ធិម សារិន​​​ ដែល​​​ធ្វើ​​​ការ​​​ទាក់​​​ទង​​​នឹង​​​បញ្ហា​​​ស្ត្រី​​​ជាមួយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ហេតុអី​​​ពួក​​​គេ​​​ត្រូវ​​​នៅ? តើ​​​​​​មនុស្ស​​​ក្មេងៗ​​​មាន​​​អ្វី​​​ធ្វើ​​​នៅ​​​ទី​​​នេះ?”

ចម្ការ​​​ស្វាយ​​​ចន្ទី និង​​​ដំឡូង​​​មី​​​ គឺ​​​ជា​​​ប្រភព​​​ផ្តល់​​​ការ​​​ងារ​​​ពិត​​​ប្រាកដ​​​នៅ​​​ទី​​​នេះ ហើយ​​​ការ​​​ងារ​​​នេះ​​​ទៀត​​​សោត​​​ គឺ​​​មាន​​​តាម​​​រដូវ ដោយ​​​ធ្វើ​​​ឲ្យ​​​ភូមិ​​​៧៧​​​មាន​​​​​​រស់​​​នៅ​​​តែ​​​ជីដូន​​​ជីតា​​​ដែល​​​ត្រូវ​​​មើល​​​ថែទាំ​​​​​​ចៅៗ ចំណែក​​​ឯ​​​មនុស្ស​​​វ័យ​​​កណ្តាល​​​វិញ​​​ចាកចេញ​​​ទៅ​​​រក​​​ប្រាក់​​​កាស់​​​អស់។​​

បុរស​​​ជា​​​ច្រើន​​​​​​ទៅ​​​ធ្វើ​​​ការ​​​ជា​​​ជាង​​​សំណង់​​​​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ ឬ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ អ្នក​​​ខ្លះ​​​ទៀត​​​​​​​​​ទៅ​​​ធ្វើ​​​ជា​​​កម្មករ​​​រោង​​​ចក្រ ឬ​​​​​​ខ្សែ​​​ឧស្សាហកម្ម​​​ផលិតកម្ម​​​នៅ​​​ទី​​​នោះ ហើយ​​​​​​អ្នក​​​​​ខ្លះ​​​​ដែល​​​មាន​​​សំណាង​​​តិច​​​តួច​​​ក៏​​​ធ្លាក់​​​ខ្លួន​​​ជា​​​ទាសករ​​​​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ថៃ។​​​​​​​​

ចំពោះ​​​ស្ត្រី ​​​ពួកគេ​​​ភាគ​​​ច្រើន​​​​​​មិន​​​បាន​​​រៀន​​​សូត្រ នៅ​​​ពេល​​​ដែល​​​ពួកគេ​​​ចាក​​​ចេញ​​​ពី​​​ស្រុក​​​ភូមិ គឺ​​​ប្រទេស​​​កម្ពុជា​​​​​​ផ្តល់​​​នូវ​​​ឱកាស​​​សេដ្ឋ​​​កិច្ច​​​តិចតួច​​​ស្តួច​​​ស្តើង​​​​​​ក្រៅ​​​តែ​​​ពី​​​​​​ការ​​​ងារ​​​រោង​​​ចក្រ​​​លំបាកៗ ហើយ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប ឬ​​​​​​ប្រកប​​​របរ​​​ដែល​​​មាន​​​ហានិភ័យ​​​​​​ដូច​​​ជា​​​​​​ការ​​​លក់​​​ស្រា​​​បៀរ ឬ​​​ផ្លូវ​​​ភេទ។​​​ អ៊ីចឹង​​​​​​ហើយ​​​​​​ដោយ​​​មាន​​​ការ​​​យល់​​​ព្រម​​​ពី​​ឪពុក​​​ម្តាយ​​​​​​ ពួកគេ​​​ភាគ​​​ច្រើន​​​ក៏​​​ធ្វើ​​​ចំណាក​​​ស្រុក។​​

ឃូយ ចេន ស៊ីង ក្រឡេក​មើល​ខ្សែកប្រពន្ធ​ខ្មែរ​របស់​គាត់ ពេលមក​លេង​សាច់​ញាតិ​ខាងប្រពន្ធ​របស់​គាត់​ក្នុង​ខេត្តកំពង់ចាម។ រូបថត: Hannah Reyes
ឃូយ ចេន ស៊ីង ក្រឡេក​មើល​ខ្សែកប្រពន្ធ​ខ្មែរ​របស់​គាត់ ពេលមក​លេង​សាច់​ញាតិ​ខាងប្រពន្ធ​របស់​គាត់​ក្នុង​ខេត្តកំពង់ចាម។ រូបថត: Hannah Reyes

អ្នកស្រី ណារិន បាន​​​មាន​​​ប្រសាសន៍​​​ថា “គេ​​​ត្រូវ​​​ចាក​​​ចេញ គឺ​​​ប្រសើរ​​​ជាង​​​នៅ​​​ទី​​​នេះ”។ ទោះ​​​បី​​​ជា​​​មាន​​​បម្រាម​​​ក៏​​​ដោយ ក៏​​​ស្ត្រី​​​នៅ​​​តែ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី ដើម្បី​​​ធ្វើការ​​​ជា​​​អ្នក​​​បម្រើ​​​ក្នុង​​​ផ្ទះ ប៉ុន្តែ​​​​​មាន​​​​រឿងគួរ​​​​​​រន្ធត់​​​ទាក់​​​ទង​​​នឹង​​​ការ​​​រំលោភ ការ​​​​​​វាយ​​​ធ្វើ​​​បាប និង​​​ទាសភាព។​​​ការ​​​ធ្វើ​​​ការ​​​លំបាក​​​នៅ​​​ក្នុង​​​​​​រោង​​​ចក្រ​​​ប្រទេស​​​ថៃ ឬ​​​នៅ​​​កន្លែង​​​ការ​​​ដ្ឋាន​​​សំណង់​​​គឺ​​​ជា​​​រឿង​​​​​​​​​មិន​​​គួរ​​​ឲ្យ​​​ត្រូវ​​​ចិត្ត​​​ទាល់​​​តែ​​​សោះ។ ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​ក៏​​​ជា​​​គោល​​​ដៅ​​​​​​សម្រាប់​​​ស្ត្រី​​​វ័យ​​​ក្មេង​​​ក្រី​​​ក្រ​​​រាប់​​​ពាន់​​​នាក់​​​ ហើយ​​​ភាគ​​​ច្រើន​​​​​​រក​​​បាន​​​ជីវិត​​​​​​សុខ​​​សាន្ត​​​​​​នៅ​​​ទី​​​នោះ​​​ ដោយ​​​រៀប​​​ការ​​​យ៉ាង​​​រីក​​​រាយ ធ្វើ​​​ការ​​​​​​នៅ​​​រោង​​​ចក្រ​​​អេឡិកត្រូនិក​​​ និង​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​សមរម្យ។​​​​​​​​​​​

ប៉ុន្តែ​​​​​​​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​តម្រូវ​​​​​​ឲ្យ​​​ពលករ​​​ចំណាក​​​ស្រុក​​​​​​​​​រៀន​​​ភាសា​​​​​​កូរ៉េ​​​ជា​​​មុន​​​សិន ដែល​​​គ្រួសារ​​​ភាគ​​​ច្រើន​​​នៅ​​​ទី​​​នេះ​​​​​​មិន​​​មាន​​​ប្រាក់​​​កាស់​​​សម​​​ល្មម​​​​​​ដើម្បី​​​ចំណាយទេ ហើយ​​​ក៏​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​អប់​​​រំ​​​ជា​​​មូល​​​ដ្ឋាន​​​ ជា​​​ការ​​​មួយ​​​កម្រ​​​នៅ​​​ទី​​​នេះ។ម្យាង​​​វិញ​​​ទៀត ជីវិត​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិនទទួល​​​​​​បាន​​​ប្រាក់​​​កាស​​​់រាប់រយ​​​ដុល្លារ​​​​​​ជា​​​មុន​​​ និង​​​សន្យា​​​ថា​​​មាន​​​ប្រាក់​​​ផ្ញើ​​​មក​​​ផ្ទះ​​​វិញ​​​ជា​​​បន្ត​​​បន្ទាប់​​​​​​ចំពោះ​​​គ្រួសារ​​​ណា​​​​​​​​​ដែល​​​មាន​​​កូន​​​ស្រី​​​រៀប​​​ការ​​​ជា​​​មួយ​​​​​​​​​មនុស្ស​​​​​​ចម្លែក។​​​​​

អ្នក​​​ស្រី ណារិន បាន​​​មាន​​​ប្រសាសន៍​​​ថា “គេ​​​គិត​​​ថា​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន គេ​​​អាច​​​សម្រាក​​​នៅ​​​ផ្ទះ​​​ ហើយ​​​រង់ចាំ​​​ចំណែក​​​ប្រាក់​​​ខែ​​​ប្តី​​​ ដើម្បី​​​ផ្ញើ​​​មក​​​ផ្ទះ​​​​​​។​ ប្រទេស​កូរ៉េ ​​​គឺ​​​​​​ត្រូវ​​​ធ្វើ​​​ការ​​​ងារ”។​​​​​

ហេតុ​​​​​​ដូច្នេះ អ្នក​​​ស្រី​​​ប៉ាន់​​​ប្រមាណ​​​ថា មាន​​​ស្ត្រី​​​ប្រហែល​​​បួន​​​នាក់​​​ក្នុង​​​បណ្តា​​​​​​១០​​​នាក់​​​​​​ដែល​​​ចាក​​​ចេញ​​​ពី​​​ខេត្ត​​​កំពង់​​​ចាម​​​ធ្លាក់​​​ចូល​​​ក្នុង​​​ប្រទេស​​​ចិន​​​តាម​​​រយៈ​​​ជំនួញ​​​កូន​​​ក្រមុំ​​​មិន​​​ស្រប​​​ច្បាប់​​​នេះ។អ្នក​​​ស្រី​​​​​​និយាយ​​​បន្ត​​​ថា មាន​​​ស្ត្រី​​​ខ្លះ​​​ក្លាយ​​​ជា​​​ផ្នែក​​​នៃ​​​កម្លាំង​​​ជ្រើស​​​រើស​​​ខ្លួន​​​ឯង​​​ ដោយ​​​បញ្ចុះ​​​បញ្ចូល​​​​​​ស្ត្រី​​​ផ្សេង​​​ទៀត​​​​​​នៅ​​​ក្នុង​​​ភូមិ​​​​​​ឲ្យ​​​​​​រៀប​​​ការ​​​ជាមួយ​​​បុរស​​​ជន​​​ជាតិ​​​ចិន ហើយ​​​ក៏​​​បន្ត​​​ផ្តល់​​​លុយ​​​កាក់។

យោង​​​តាម​​​អ្នកស្រី ណារិន ឲ្យ​​​ដឹង​​​ថា ដោយ​​​ឥត​​​គិត​​​ពី​​​តួនាទី​​​របស់​​​ពួកគេ​​​ ពួកគេ​​​​​​ទាំង​​​អស់​​​ គឺ​​​ស្ថិត​​​ក្នុង​​​ជំនួញ​​​​​​កូន​​​ក្រមុំ​​​ព្រោះ​​​តែ​​​ហេតុ​​​ផល​​​តែ​​​មួយគឺ ​​​ដោះ​​​ស្រាយ​​​បំណុល​​​គ្រួសារ។

​​​​​​​​កណ្តៀវ​​​​​​មួយ​​​ត្រូវ​​​គេ​​​កាប់​​​​​​ចំ​​​​​​​​​ថ្ងាស​​​​​​ លាន ហេង។ ស្ត្រី​​​វ័យ​​​៥០ឆ្នាំរូបនេះ​កំពុង​ដេក​ក្នុង​​​ផ្ទះ។ កូនប្រុស​​​ពៅ​​​របស់អ្នកស្រី​​​ និងប្រពន្ធរបស់វាត្រូវ​​​រង​​​ការ​​​​​​វាយ​តប់​​​នៅក្នុង​​​បន្ទប់​​​ជាប់គ្នា​​​ដោយប្តី​​​ដែលលែងលះ​​​នៃកូន​​​ច្បង​​​របស់​​​អ្នកស្រី​​​។​​​​​

អ្នកស្រី​​​ ហេង បាននិយាយ​​​កាលពី​​​ខែមុនដោយ​​​បើកសក់​​​បង្ហាញ​​​ស្នាម​​​ផុងនឹង​​​កណ្តៀវ​​​ថា “វា​​​មក​​​​​​សម្លាប់យើង​​​”។

អង្គុយ​​​ត្រមង់ត្រមោច​​​ម្នាក់ឯង​​​នៅឯខាងក្រៅផ្ទះតៀម​​​​​​ដែលគ្របដណ្តប់​​​ទៅដោយ​​​ធូលីក្រហម​​​ ហើយជញ្ជាំង​​​មុខ​​​មានគូស​​​ក្រវេម​​​ក្រវាមដោយ​​​លេខ​​​ទូរស័ព្ទ​​​ លោកយាយ​​​រូបនេះ​​​បាន​​​ពន្យល់​​​ថា ការវាយ​​​ប្រហារនេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ចៅស្រី​​​របស់​​​គាត់ស្លាប់​​​។

អតីតប្តីដែល​​​ប្រច័ណ្ឌ​​​បាន​​​កាប់​​​ទៅលើ​​​ក្បាល​​​កូនប្រសាស្រី​​​របស់​​​អ្នកស្រី​​​ឲ្យ​​​របួសរយះធំពី​​​ជើងសក់​​​ស្ទើរដល់​​​ចិញ្ចើម នាងដេក​​​ពេទ្យ​​​រាប់ខែ​​​ ដោយ​គ្រួសារ​​​នាង​​​ត្រូវ​​​ធ្វើ​​​ដំណើរ​​​ចុះឡើង​​​ៗ​​​ពីខេត្ត​​​កំពង់ចាម​​​និង​​​ក្រុង​​​ភ្នំពេញ​​​។​ ស្ត្រីរូបនេះត្រូវ​​​ផ្សាំស្បែក​​​មុខ​​​ដែល​​​វះពីជើងរបស់នាង​​​។ វិក្កយបត្រ​​​មន្ទីរ​ពេទ្យ​​​សម្រាប់​​​អ្នកទាំង​​​បី​​​​​​នាក់​​​កើន​​​ឡើង​​​ដល់​​​៥.០០០​​​ដុល្លារ។

លាន ហេង ទ្រហោយំនៅ ផ្ទះគាត់ក្នុងភូមិ៧៧ ខេត្តកំពង់ចាម។ រូបថត: Hannah Reyes
លាន ហេង ទ្រហោយំនៅ ផ្ទះគាត់ក្នុងភូមិ៧៧ ខេត្តកំពង់ចាម។ រូបថត: Hannah Reyes

អ្នកស្រី ហេង បាន​​​និយាយដោយ​​​បែរ​​​ទៅរក​​​ផ្ទះ​​​ដែលគ្មាន​​​សម្ភារលើក​លែង​​​​​តែ​​​ធុង​​​បាស​​​​​​មួយគូ​​​ដែលកូនប្រុស​​​របស់​​​អ្នកស្រី​​​បាន​​​ទិញ​​​សម្រាប់​ពិធីជប់លៀងថា​​​ “យើង​​​មិនមែនជាអ្នកមាន​​​ទេ។ តើ​​​យើង​​​អាចធ្វើ​​​អ្វីកើត?”

ជីដូនរូបនេះ​​​បាន​​​ខ្ចីបុល​​​លុយកាក់​​​ពីក្រុមហ៊ុន​​​មីក្រូហិរញ្ញវត្ថុ​​​ ប៉ុន្តែ ​មិនយូរ​មិន​ឆាប់​​​បំណុល​​​នោះ​​​ក៏មិនអាច​​​សងបាន ព្រោះ​​​គ្រួសារ​​​ដែល​​​មាន​​​ចៅ​​​បួន​នាក់​​​​ត្រូវ​​​ពឹងផ្អែក​​​លើ​​​ប្រាក់ខែ​​​កូនប្រុសពីរនាក់​​​ដែលធ្វើ​​​សំណង់​​​នៅ​ប្រទេស​ថៃ​​​។

ហើយបន្ទាប់មក​​​នៅចុងឆ្នាំ​​​២០១២​​​ មេខ្យល់​​​បាន​​​មកដល់។

អ្នកស្រី ហេង​​​ បាននិយាយ​​​អំពី​​​ចៅស្រីច្បង​​​របស់អ្នកស្រី​​​ឈ្មោះ រ៉េន ​ស្រី​វឿន ​នៅពេលនោះ​​​អាយុ​​​១៧ឆ្នាំ​​​ ដែល​​​ឪពុក​​​របស់វា​​​បាន​​​កាន់​​​កណ្តៀវថា​ “យើង​​​បញ្ជូន​​​នាង​​​ទៅប្រទេស​​​ចិន​​​ ពីព្រោះ​​​យើង​​​គ្មាន​​​ជម្រើស​​​ផ្សេងទេ​​​។​ ឥឡូវនាង​​​មាន​​​កូនតូច​​​”។

អ្នកស្រី ហេង បាន​​​និយាយថា ចៅស្រី​​​របស់​​​អ្នកស្រី​​​ត្រូវ​​​បាន​​​បញ្ចុះបញ្ចូល​​​ដោយ​​​មេខ្យល់ថា មាន​​​បុរស​​​ស្រស់សង្ហា​​​និង​​​ហ៊ឺហា ហើយនាង​​​ក៏ចាញ់​បោក​​​​ពាក្យ​​​បញ្ចុះបញ្ចូល​​​របស់​​​ពួកគេ។ ប៉ុន្តែ បន្ថែម​​​ទៅលើ​​​រឿងស្នេហា​​​វិញ​​​ មេខ្យល់​​​ក៏មានប្រាក់​​​ ហើយសន្យា​​​ថា មាន​​​លុយ​​​ផ្ញើ​​​​​​មកផ្ទះ​​​ដែលក្រុម​​​គ្រួសារ​​​ត្រូវ​​​ការ​​​ដើម្បី​​​ចិញ្ចឹម​​​ជីវិត​​​។ ជីដូនរូបនេះ​​​និយាយ​​​បើក​​​កកាយ​​​ថា​ រឿងនេះ​​​គឺទាក់ទង​​​នឹង​​​លុយកាក់​​​។

​​​​​​​​​​​​​​​​​​​​​​​​ជីដូនរូបនេះ​​​បាននិយាយដោយ​​​យំ​​​ខ្សឹកខ្សួល​​​​​​​​​​​​សំយុង​​​មុខ​​​ចុះ​​​ថា “យើង​​​បាន​គិតថា បើនាង​​​មិន​​​ទៅ​​​ តើគ្រួសារ​​​នឹង​​​ដោះស្រាយ​​​បញ្ហា​​​យ៉ាង​​​ម៉េចកើត”។

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ ភ្លាមៗ​​​ក្រោយ​​​ពី​​​កញ្ញា ស្រី​​​វឿន​​​បាន​​​ទៅ​​​ដល់​​​ប្រទេស​​​ចិន វា​​​ជា​​​រឿង​​​ប្រាកដថា ការ​​​ធ្វើ​​​ចំណាក​​​ស្រុក​​​​​​ដើម្បី​​​រៀប​​​ការ​​​​​​នឹង​​​មិន​​​​​​មែន​​​ជា​​​ដំណោះ​​​ស្រាយ​​​ដែល​​​​​​គ្រួសារ​​​នាង​​​​​​ត្រូវ​​​ការ​​​ចាំាបាច់​​​ទេ។​​

នារី​​​​​​រូប​​​នេះ​​​ត្រូវ​​​គេ​​​លក់​​​​​​ឲ្យ​​​បុរស​​​ម្នាក់​​​​​​វ័យ​​​ចាស់​​​ជាង​​​នាង​​​ឆ្ងាយ​​​ណាស់ ហើយ​​​គាត់​​​ជា​​​កម្មករ​​​​​​​​​​​​ចម្ការ និង​​​ការ​​​ដ្ឋាន​​​សាង​​​សង់។ គេ​​​​​​បាន​​​នាំ​​​នាង​​​ទៅ​​​តំបន់​​​ចុង​​​កាត់​​​មាត់​​​ញក​​​មួយ​​​ដែល​​​នាង​​​មិន​​​ស្គាល់​​​ថា​​​ជា​​​កន្លែង​​​ណា ពី​​​ព្រោះ​​​នាង​​​​​​មិន​​​ចេះ​​​អាន​​​អក្សរ និង​​​និយាយ​​​ភាសា​​​ចិន ហើយ​​​ក៏​​​រស់​​​នៅ​​​​​​ក្នុង​​​ផ្ទះ​​​មួយ​​​តូច​​​​​​ជាមួយ​​​​​​គ្រួសារ​​​មានសាច់​​​ញាតិ​​​ថ្មី​​​​​​ច្រើន​​​​​​​​​របស់​​​នាង។​​​​​​

បង​​​ស្រី​​​ប្តី​​​របស់​​​នាង​​​​​​ស្អប់​​​ខ្ពើម​​​នាង​​​ណាស់។ គ្រួសារ​​​នេះ​​​ក្រី​​​ក្រ គឺ​​​​​​តោក​យ៉ាក​​​​ជាង​​​នាង​​​ទៅ​​​ទៀត។​​​ នាង​​​ទទួល​​​បាន​​​អាហារ​​​​​​ចែក​​​ចុង​​​ក្រោយ​​​គេ ​​​ឯ​​​ប្រាក់​​​ផ្ញើ​​​មក​​​ផ្ទះ​​​​​​ទៀត​​​សោត​​​ក៏​​​កាន់​​​តែ​​​តិច​​​តួច​​​ស្តួច​​​ស្តើង​​​​​​​​​ទៅ​​​ទៀត​​​។​​

អ្នកស្រី ហេង បាន​​​និយាយ​​​ថា ចៅ​​​ស្រី​​​របស់​​​គាត់​​​ ឥឡូវ​​​អាយុ​​​២១​​​ឆ្នាំ​​​​​​ចង់​​​ចាក​​​ចេញ ហើយ​​​ក្រុម​​​គ្រួសារ​​​ក៏​​​ចង់​​​ឲ្យ​​​នាង​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ​​​ដែរ ហើយ​​​ក្រុម​​​ហ៊ុន​​​មី​​​ក្រូ​​​ហិរញ្ញវត្ថុ​​​ក៏​​​ផ្តន្ទា​​​ដែរ។​​​ ប៉ុន្តែ​​​ប្តី​​​របស់​​​នាង​​​​​​មាន​​​អំណាច​​​ទាំង​​​អស់ ដោយ​​​បង់​​​លុយ​​​ឲ្យ​​​នាង​​​​​​ដែល​​​មិន​​​ដឹង​​​ថា​​​​​​នាង​​​នៅ​​​ទី​​​ណា ឬ​​​​​​ទៅ​​​ផ្ទះ​​​តាម​​​វិធី​​​ណា។​​​

អ្នក​​​ស្រី ហេង ​​​បាន​​​និយាយ​​​ដោយ​​​សម្រក់​​​ទឹក​​​ភ្នែក​​​​​​ពី​​​មុខ​​​ផ្ទះ​​​គាត់​​​ថា “​​​យើង​​​បាន​​​លុយ​​​៧០០​​​ដុល្លារ​​​ពី​​​មេ​​​ខ្យល់។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា អ្នកស្រី​​​តែង​​​តែ​​​យំស្រែក​​​ ជា​​​ពិសេស​​​ពេល​​​មាន​​​បុណ្យ​​​ទាន​​​ធំ​​​ម្តងៗ​​​ នៅ​​​ពេល​​​ដែល​​​កម្មករ​​​ចំណាក​​​ស្រុក​​​ភាគច្រើន​​​ក្នុង​​​ភូមិ​​​៧៧​​​បាន​​​វិល​​​ត្រឡប់​​​មក​​​ផ្ទះ​​​សំបែង​​​វិញ​​​។ អ្នកស្រី​​​និយាយ​​​ថា “​​​វា​​​ហាក់​​​ដូច​​​ជា​​​យើង​​​លក់​​​ចៅ​​​ស្រី​​​អ៊ី​​​ចឹង”។

លាន ហេង កាន់រូបថតចៅស្រីគាត់ឈ្មោះ រ៉េន ស្រីវឿន។រូបថត: Hannah Reyes
លាន ហេង កាន់រូបថតចៅស្រីគាត់ឈ្មោះ រ៉េន ស្រីវឿន។រូបថត: Hannah Reyes

​​​រយៈ​​​ពេល​​​ជាង​​​១០​​​ឆ្នាំ​​​មក​​​នេះ ខេត្ត​​​កំពង់​​​ចាម​​​​​​ក្លាយ​​​ជា​​​ប្រភព​​​​​​សម្រាប់​​​បុរស​​​​​​អាស៊ី​​​ខាង​​​កើត​​​​​​ដែល​​​ស្វែង​​​រក​​​កូន​​​ក្រមុំ​​​បរទេស។ តៃ​​​វ៉ាន់ និង​​​កូរ៉េ​​​ខាង​​​ត្បូង​​​មាន​​​ស្ត្រី​​​ខ្មែរ​​​រាប់​​​ពាន់​​​នាក់​​​​​​​​​បាន​​​រៀប​​​ការ​​​​​​ចូល​​​ប្រទេស​​​របស់​​​គេ រហូត​​​ដល់​​​​​​មាន​​​​​​ការ​​​អនុវត្ត​​​ច្បាប់​​​ថ្មី គឺ​​​ក្នុង​​​ឆ្នាំ​​​២០០៩ និង​​​២០១០ ដើម្បី​​​​​​ធ្វើ​​​និយត​កម្ម​​​លើ​​​ជំនួញ​​​ជួញ​​​ដូរ​​​មនុស្ស។​​​​​​​​​​​

អង្គការ​​​នានា និង​​​នគរ​​​បាល​​​ពី​​​ថ្នាក់​​​ជាតិ​​​​​​​​​ចុះ​​​​​​ក្រោម​​​​​​ទទួល​​​ស្គាល់​​​ថា ពួកគេ​​​​​​មិន​​​មាន​​​ទិន្នន័យ​​​​​​ពិត​​​ប្រាកដ​​​​​​ទាក់​​​ទង​​​នឹង​​​និន្នាការ​​​ថ្មីៗ​​​បំផុត​​​​​​ក្នុង​​​ចំណាក​​​ស្រុក​​​ដើម្បី​​​រៀប​​​ការ​​​ទេ ប៉ុន្តែ​​​ទិន្នន័យ​​​​​​ដែល​​​ពួកគេ​​​មាន​​​​​​ គឺ​​​បង្ហាញ​​​ថា មាន​​​តំបន់​​​មួយ​​​ចំនួន​​​​​​នៅ​​​តែ​​​​​​ជា​​​គោល​​​ដៅ​​​យុទ្ធ​​​សាស្ត្រ​​​​​​របស់​​​​​​មេខ្យល់។

លោក ថុល ម៉េង នាយ​​​រង​​​ការិយាល័យ​​​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​​​​មនុស្ស​​​​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​ទៅ​​​កន្លែង​​​ណា​​​ដែល​​​មាន​​​អ្នក​​​ក្រី​​​ក្រ មាន​​​អ្នក​​​ជំពាក់​​​​​​បំណុល​​​គេ”។ លោក ថុល ម៉េង បាន​​​និយាយ​​​ថា​ ការិយាល័​​​យ​​​​នេះ​​​មាន​​​មន្ត្រី​​​​​​មួយ​​​ក្រុម​​​១៧​​​នាក់ ដែល​​​ជា​​​កម្លាំង​​​ធំ​​​បំផុត​​​​​​ក្រៅ​​​ពី​​​ក្រុង​​​ភ្នំពេញ។

ក្នុង​​​បទ​​​សម្ភាស​​​មួយ​​​នៅ​​​ឯ​​​ការិយាល័យ​​​​​​របស់​​​លោក​​​ក្នុង​​​ទី​​​រួម​​​ខេត្ត​​​ លោក​ ម៉េង​ បាន​​​ពន្យល់​​​​​​ថា​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​​​​តំបន់​​​​​ដាច់​​​ស្រយាល​​​បំផុត​​​​​​នៃ​​​ស្រុក​​​ចំការ​​​លើ​​​ ដែល​​​រួម​​​មាន​​​ភូមិ​​​៧៧ផង​​​ ក៏​​​ដូច​​​ជា​​​តំបន់​​​ក្រី​​​ក្រ​​​ស្រដៀង​​​គ្នា​​​​​​នៃ​​​​​​ខេត្ត​​​​​​ត្បូង​​​ឃ្មុំ និង​​​ស្រុក​​​ស្ទឹង​​​ត្រង់​​​ គឺ​​​ជា​​​តំបន់​​​មាន​​​ការ​​​ប៉ះ​​​ពាល់​​​ធ្ងន់​​​​​​ជាង​​​គេ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា។​​​​​​​​​​​

លោក​​​ពន្យល់​​​ថា បន្ទាប់​​​ពី​​​​​​រក​​​ឃើញ​​​តំបន់​​​គោល​​​ដៅ​​​ ក្រុម​​​មេ​​​ខ្យល់​​​​​​បាន​​​ចុះ​​​ទៅ​​​​​​សហគមន៍​​​ទាំង​​​នោះ ផ្សព្វ​​​ផ្សាយ​​​​​​ដំណឹង​​​ដល់​​​ក្រុម​​​គ្រួសារ​​​ឲ្យ​​​បាន​​​ច្រើន​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​​​​បាន ហើយ​​​ក៏​​​ចាក​​​​​​ចេញ​​​ទៅ។

លោក​​ ម៉េង បាននិយាយថា “គេចាកចេញ​​​ទៅ​​​មុន​​​នឹងយើង​​​ដឹងថា ពួកគេ​​​បាន​​​មក”។ លោក​​​បាន​​​និយាយា​​​បន្ថែមថា នគរបាល​​​មិនដឹងថា តំបន់នោះ​​​ទទួលរង​​​ផល​​​ប៉ះពាល់ទេ រហូតទល់តែ​​​ប៉ុន្មាន​​​ខែក្រោយ​​​មក​​​ទើបដឹង​​​ ជា​ធម្មតា​​​ តាមរយៈបណ្តឹង​​​ពីគ្រួសារ​​​មួយ​​​ដែល​​​សោកស្តាយ​​​ចំពោះ​​​ការ​​​សម្រេច​ចិត្ត​​​របស់ខ្លួន​​​។ នៅពេល​​​នោះ​​​ការ​​​ធ្វើចំណាក​​​ស្រុក​​​បាន​​​កើត​ឡើង​ស្ងាត់ៗ​​​ ចំពោះ​​​ស្ត្រី​​​ក្មេងៗ​​​មួយចំនួន​​​នៅក្នុង​​​ភូមិ​​​នោះ​​​។ មន្ត្រី​​​នគរបាល​​​រូប​នេះ​​​​បាន​​​និយាយថា មេខ្យល់​​​ក៏កាន់តែ​​​ចូលមក​​​ច្រើន​​​ឡើង ដោយទាក់ទង​​​អ្នកភូមិ​​​ឲ្យស្វែងរក​​​កូន​​​ក្រមុំ​​​បន្ថែម​​​ទៀត​​​ដើម្បី​​​បំពេញ​​​ក្តីសង្ឃឹម​​​របស់គេ​​​។

លោក ម៉េង​​ បាននិយាយថា “អ្នកភូមិ​​​ខ្លះ​​​ធ្វើការ​​​ឲ្យ​​​មេខ្យល់​​​ ប៉ុន្តែ ពួកគេ​មិន​ដឹង​ពី​​​ផល​​​ប៉ះពាល់​​​នៃ​​​សកម្មភាព​​​របស់គេទេ។ គេដឹងត្រឹម​​​តែថា គេបាន​​​ប្រាក់​​​១០០ដុល្លារ​​​សម្រាប់មនុស្ស​​​ម្នាក់​​​ដែលគេយល់ព្រម​​​ធ្វើ​​​ចំណាក​​​ស្រុក”។

បន្ទាប់ពី​​​មាន​​​ស្ត្រីម្នាក់​​​យល់ព្រមធ្វើ​​​ដំណើរ​​​ នាង​​​ត្រូវធ្វើ​​​ដំណើរ​​​មក​​​​​​ក្រុង​​​ភ្នំពេញ​​​ដែល​​​នៅទី​​​នោះ​​​​​​នាង​​​ទទួល​​​ដោយ​​​មេខ្យល់ទី២​​​ ដែលមាន​​​ភារកិច្ច​​​រៀបចំ​​​ប្រាក់កាស់​​​និង​​​រត់ឯកសា គឺមាន​​​លិខិត​​​ឆ្លងដែន ទិដ្ឋាការ និង​​​សំបុត្រ​​​​យន្តហោះ​​​។ បន្ទាប់​​​មក​​​ស្ត្រី​​​នោះ​​​ត្រឡប់ទៅផ្ទះ​​​វិញ​​​និង​​​រង់ចាំ​​​ប្រហែល​​​មួយខែ​​​មុននឹង​​​គេហៅ​​​ឲ្យ​​​ត្រឡប់​​​មកក្រុង​​​​​​ភ្នំពេញ​​​វិញ​​​ ដែល​នៅទីនោះ​​​ នាងអាច​​​ស្នាក់នៅ​​​រង់ចាំនៅក្នុង​​​ផ្ទះល្វែង​​​រយៈពេល​​​ពីរបីថ្ងៃ​​​ មុននឹង​​​ធ្វើ​​​ដំណើរ​​​តាម​​​យន្តហោះ​​​ជាមួយ​​​នឹង​​​កូនក្រមុំ​​​មួយក្រុម។

លោក ថុល ម៉េង ពិភាក្សាអំពីបណ្តាញជួញដូរមនុស្សនៅឯការិយាល័យរបស់លោក។រូបថត: Hannah Reyes
លោក ថុល ម៉េង ពិភាក្សាអំពីបណ្តាញជួញដូរមនុស្សនៅឯការិយាល័យរបស់លោក។រូបថត: Hannah Reyes

ក្នុងខណៈដែល​​​មាន​​​រឿងរ៉ាវ​​​ទាក់ទង​​​នឹង​​​ការ​​​លក់ដូរ​​​ និង​​​ការ​​​ធ្វើ​​​បាប​​​ចាប់​ផ្តើមលេច​​​ឮឡើង​​​ទាក់​​​ទង​​​នឹង​​​ជំនួញ​​​បែបនេះ​​​ រដ្ឋាភិបាល​​​កម្ពុជា​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​​បាន​​​ដាក់សម្ពាធ​​​លើ​​​ស្ថានទូត​​​ចិន​​​នៅ​​​កម្ពុជា​​​ឲ្យ​​​ពិនិត្យពិច័យ​​​ឲ្យ​បាន​​​​តឹងរឹង​​​ចំពោះ​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​ទិដ្ឋាការរបស់​​​ស្ត្រី​​​ជនជាតិ​​​ខ្មែរ​​​ក្មេងៗ​​​ដែល​​​នៅលីវ​​​។ ដំបូងឡើង​​​ បញ្ហានេះ​​​បាន​​​បង្ខំ​​​ឲ្យ​​​ជំនួញ​​​នេះ​​​ធ្វើដោយ​​​សម្ងាត់​​​​​​​​ ហើយ​​​ក៏កាន់តែ​​​គ្រោះថ្នាក់​​​។ ស្ត្រីទាំង​​​នោះ​​​ចាប់ផ្តើម​​​ធ្វើ​​​ដំណើរ​​​តាម​​​ផ្លូវគោក​​​កាត់​​​តាម​​​ប្រទេស​​​វៀតណាម​​​ ដែល​​​ទទួល​​​​​​ដោយ​​​​​​មេខ្យល់​​​មួយ​​​ទៅមេខ្យល់មួយទៀត​​​​​​ ហើយ​​​ឆ្លងតាម​​​ច្រក​​​របៀង​​​សម្ងាត់​​​កាត់​​​តាម​​​ផ្លូវ​​​រត់ពន្ធ​​​ដែល​​​គ្រប់គ្រង​​​ដោយ​​​ក្រុម​​​ជួញដូរមនុស្ស​​​ចូល​​​ទៅ​​​ក្នុង​​​ភាគ​​​ខាង​​​ត្បូង​​​នៃ​​​ប្រទេស​​​ចិន។

ទោះជាយ៉ាងនេះក្តី ស្ត្រី​​​មួយ​​​ចំនួន​​​នៅ​​​តែ​​​ព្យាយាម​​​ធ្វើ​​​ដំណើរ​​​តាម​​​ផ្លូវ​​​អាកាស​​​ ដោយមាន​​​​​​ប្តី​​​ប្រពន្ធ​​​មួយ​​គូ​​​​​​ត្រូវ​​​នគរបាល​​​ចាប់​​​ខ្លួន​​​នៅឯ​​​អាកាស​យានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​ និង​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ជួញដូរមនុស្ស​​​កាលពី​​​ខែ​​​​​​កញ្ញា​​​ឆ្នាំ​​​មុននេះ​​​។

ប្តី​​​ប្រពន្ធ​​​មួយគូ​​​នេះ​​​មាន​​​វ័យ​​​ពាក់កណ្តាល​​​ម្ភៃ​​​ បាន​​​ប្រាប់​​​នគរបាល​​​ថា​ ពួកគេ​​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​១ម៉ឺន​​​ដុល្លារ​​​ពី​​​ក្រុម​​​មនុស្ស​​​មាន​​​មូលដ្ឋាន​​​នៅ​ប្រទេស​​​ចិន​​​ ដែល​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​និងចិន​​​ ចំពោះការ​​​រកបាន​​​ស្ត្រី​​​វ័យ​​​ក្មេង​​​ពីរនាក់​​​ ដោយ​​​រៀបចំ​​​ឲ្យពួកគេ​​​នូវ​​​លិខិត​​​ឆ្លង​​​ដែន​​​និង​​​ទិដ្ឋាការ​​​ ហើយ​​​ជូន​​​ដំណើរ​​​ពួកគេ​​​ឡើង​​​យន្តហោះ​​​នៅពេល​​​រាត្រី​​​ឆ្ពោះ​​​ទៅ​​​កាន់​​​ក្រុង​​​សៀងហៃ។

លោក ម៉េង បាននិយាយថា លោកបាន​​​បញ្ជូន​​​ករណី​​​ជួញ​​​ដូរមនុស្ស​​​ជាង​​​ម្ភៃ​​​ករណី​​​ទៅកាន់​​​តុលាការ​​​ខេត្តកំពង់​​​ចាម ចាប់តាំងពីដើម​​​ឆ្នាំ​​​២០១៥​​​។​ លោក​​​បាន​​​និយាយ​​​ថា មេខ្យល់ទាំង​​​អស់​​​គឺជាស្ត្រី​​​ខ្មែរ​​​មាន​​​វ័យ​​​កណ្តាល​​​។​ លោកបាន​​​និយាយថា ការងារ​​​របស់លោក​​​​​​ទៅ​​​ជា​​​ឥត​​​ប្រយោជន៍​​​ ប្រសិន​បើ​​​បញ្ហា​​​នោះ​​​មិន​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​នៅថ្នាក់ជាតិ​​​ និងមាន​​​កិច្ច​​​សហការ​​​ពីអាជ្ញាធរ​​​ចិនទេនោះ​​​។

មន្ត្រី​​​នគរបាល​​​រូបនេះ​​​បាន​​​និយាយថា “ប្រសិនបើ​​​គេ​​​មិនចាប់​​​ខ្លួន​​​អ្នកជួញ​​​ដូរនៅប្រទេស​​​ចិន​​​ទេ បណ្តាញ​​​ផ្គត់ផ្គង់​​​របស់​​​គេ​​​នៅទីនេះ​​​រីកដុះដាល​​​ ហើយ​​​បញ្ហា​​​ក៏នៅតែកើតមាន​​​”។

នាង ឡុង ចាន់ធី មាន​​​វ័យ​​​២០ឆ្នាំ។ លិខិត​​​ឆ្លងដែន​​​របស់​​​នាង​​​សរសេរ​ថា​ នាង​​​​កើត​​​ក្នុង​​​ខែ​​​កក្កដា ឆ្នាំ​​​១៩៨៩។ លិខិត​​​ឆ្លងដែន​​​សរសេរថា ឈ្មោះនាង​​​គឺ​ ឈា លក្ខណា។ នាង​​​មិន​​​ដឹងថាហេតុអ្វី​​​ទេ។

នាង​​​ ចាន់ធី បាន​​​រស់នៅ​​​ក្នុងខេត្តជាងស៊ី ភាគអាគ្នេយ៍​​​ប្រទេស​​​ចិន​​​ បាន​​​រៀបការ​​​នឹង​​​អ្នកបើក​​​គ្រឿងចក្រ​​​ឈូសដី​​​ បន្ទាប់ពី​​​មេខ្យល់​​​បាន​​​ប្រគល់​​​ប្រាក់​​​៧០០ដុល្លារ​​​ឲ្យ​​​ឪពុកម្តាយ​​​នាង​​​ ពោលគឺ​​​រយៈពេល​​​ជិត​​​ពីរឆ្នាំ ​​​នៅ​ពេល​​​​ដែល​​​​​​នាង​​​បាន​​​ទទួល​​​ទូរស័ព្ទ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ពី​​​ឪពុករបស់​​​នាង​​​ដែល​​​រស់នៅ​​​ក្នុង​​​ភូមិ​​​៧៧។

នាង ចាន់ធី បាននិយាយកាលពី​​​ខែមុនខាង​​​ក្រៅ​​​ផ្ទះ​​​របស់នាង​​​ ដែលនាង​​​កំពុង​​​​​​បី​​​កូន​​​ប្រុស​​​ទើប​​​នឹង​​​កើត​​​របស់​​​នាង​​​ថា “គាត់និយាយថា ម៉ែកូនឯង​​​ចង់​​​បញ្ជូន​​​មនុស្សស្រី​​​មក​​​ប្រទេសចិន​​​។ ខ្ញុំ​​​ក៏បាន​​​ប្រាប់​​​គាត់ថា​ ស្ថានការណ៍​​​​​​​​បាន​​​ផ្លាស់​​​ប្តូរ​​​​​​ គឺថា គេនឹង​​​ចាប់ខ្លួនគាត់”។

ការព្រមាននេះ​​​មិនមាន​​​អ្នកស្តាប់​​​ទេ​​​។ ម្តាយ​​​របស់នាង​​​ ចាន់ធី បាន​​​ធ្លាក់​ចូល​​​​ទៅក្នុង​​​ល្បែងនេះ​​​ ដោយ​​​ប៉ុនប៉ង​​​បញ្ចុះបញ្ចូល​​​នារីៗ​​​​​​ឲ្យ​​​រៀបការ​​​ជាមួយ​​​​ប្តីចិន​​​ឲ្យដូច​​​កូនស្រី​​​របស់គាត់ដែរ​​​។  ប៉ុន្តែ ល្បែងនេះមិន​​​មាន​​​អាយុវែង​​​ទេ គាត់​​​ត្រូវ​​​នគរបាល​​​ចាប់ខ្លួន​​​ក្នុង​​​ខែ​​​មីនា ឆ្នាំ២០១៥​​​ ហើយ​​​ក៏​​​​​​ត្រូវ​​​ជាប់ពន្ធនាគារ​​​ខេត្ត​​​រយៈពេល​​​ប្រាំបីខែ។

លោក ទ្រឿង ឡុង ជាឪពុក​​​របស់នាង ចាន់ធី ដែលអង្គុយ​​​នៅលើ​​​រាន​​​មុនផ្ទះ​​​ បាននិយាយថា “ពេលខ្ញុំ​​​បញ្ជូន​​​កូន​​​ខ្ញុំទៅ​​​ គឺ​​​ងាយ​​​​​​ណាស់​​​។ ឥឡូវ​​​រដ្ឋាភិបាល​​​ហាម​​​ឃាត់​​​។ ស្ត្រី​​​ខ្លះទៀត​​​នៅ​​​ទីនេះ នៅតែ​​​ស្វែង​​​រក​​​នារី​​​ក្មេងៗ​​​ដើម្បី​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​ចិន​​​ ប៉ុន្តែ គេ​​​ត្រូវ​​​បរាជ័យ​​​ ពីព្រោះ​​​នគរបាល​​​មាន​​​អ្នកស៊ើបការណ៍​​​សម្ងាត់នៅទីនេះ​​​។ វាស្ងាត់​​​ប្រហែល​​​មួយឆ្នាំ​​​មក​​​ហើយ​​”។

នាង ឡុង ចាន់ធី និងម្តាយនាង បំពេរកូននិងចៅរបស់ពួកគេ។រូបថត: Hannah Reyes
នាង ឡុង ចាន់ធី និងម្តាយនាង បំពេរកូននិងចៅរបស់ពួកគេ។រូបថត: Hannah Reyes

អ្នកស្រី យ៉ន ធឿន ជាម្តាយ​​​បាន​​​ចេញពី​​​គុក​​​ ហើយ​​​ប្តីប្រពន្ធនេះ​​​មាន​​​បំណង​​​​បញ្ជូន​​​សមាជិក​​​គ្រួសារម្នាក់ទៀត ​​​គឺ​​​កូនស្រីពៅរបស់​​​គេ​​​ ដែល​​​ទើប​តែ​​​មាន​​​វ័យ​​​១៦ឆ្នាំ ហើយកំពុង​​​ធ្វើជា​​​បម្រើ​​​នៅមជ្ឈមណ្ឌល​​​ទេសចរណ៍​​​ក្រុង​​​សៀមរាម​​​។

អ្នកស្រី ធឿន បាននិយាយទាំង​​​ប្រយ័ត្ន​​​ប្រយែង​​​សម្តី​​​ថា “កូនស្រី​​​ខ្ញុំ​​​មាន​​​គម្រោង​​​យក​​​ប្អួនស្រី​​​នាង​​​ទៅជាមួយ​​​នៅពេល​​​នាង​​​វិល​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ចិន​​​វិញ​​​។ ប៉ុន្តែ យើង​​​កំពុង​​​សន្សំ​​​ប្រាក់​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន”។

អ្នក​​​ស្រី​​​បាន​​​ពន្យល់​​​អំពី​​​បញ្ហា​​​ដែល​​​កូន​​​​​​ទាំង​​​៤​​​នាក់​​​របស់​​​គាត់​​​​​​បាន​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​ ដើម្បី​​​ស្វែង​​​រក​​​​​​ប្រាក់​​​កាស់​​​ផ្គត់​​​ផ្គង់​​​​​​ឪពុក​​​ម្តាយ​​​ចាស់ៗ។​​​ កូន​​​​​​ប្រុស​​​ពីរ​​​នាក់​​​របស់​​​អ្នក​​​ស្រី​​​​​​ធ្វើ​​​ជា​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ ក៏​​​ប៉ុន្តែ​​​លុយ​​​កាក់​​​ផ្ញើ​​​ពី​​​ប្រទេស​​​ចិន​​​​​​ចំនួន​​​៣​​​ពាន់​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​​​​ពី​​​អ្នក​​​បើក​​​គ្រឿង​​​ចក្រ​​​ឈូស​​​ដី​​​ គឺ​​​ជា​​​ប្រាក់​​​ចំណូល​​​ច្រើន​​​បំផុត​​​របស់​​​គ្រួសារ​​​នេះ​​​។

អ្នកស្រី​​​បាន​​​និយាយថា “យើងមិន​​​ធ្វើ​​​ការ​​​ទេ យើង​​​គ្រាន់តែចាំ​​​លុយ​​​ពី​​​​​​ស្រុក​​​ចិន”។ អ្នកស្រី​​​បាន​​​និយាយ​​​បន្ថែមថា ប្រសិន​​​បើ​​​គ្មាន​​​លុយកាក់​​​ផ្តល់​​​ឲ្យ​​​ពីកូន​​​ៗទេ ប្តីដែលមាន​​​កម្លាំងខ្សោយ​​​ នឹង​​​វិលធ្វើ​​​ជាគ្រូទាយ​​​វិញ​​​។

ក្រោយមក ស្ត្រី​​​ជាម្តាយ​​​រូបនេះ​​​បាន​​​ប្តូរ​​​សាច់​​​រឿង​​​របស់គាត់​​​ដោយ​​​និយាយ​ថា គាត់មិនអាច​​​បញ្ជូន​​​កូនស្រី​​​ពៅរបស់គាត់​​​ទៅ​​​ស្រុក​​​ចិន​​​បាន​​​ទេ។​ និយាយ​ខុស​​​ពី​​​អ្នកដទៃទៀត​​​ បុរស​​​ជាឪពុក​​​រូបនេះ​​​បាននិយាយ​ថា​ គាត់​ចង់​​​ប្រគល់​​​កូនស្រី​​​ពៅ​​​គាត់​​​ឲ្យ​​​ទៅ​​​បុរសជន​​​ជាតិ​​​កូរ៉េនៅក្រុង​​​ភ្នំពេញ ដើម្បី​​​​​​បាន​​​ប្រាក់​​​១ម៉ឺន​​​ដុល្លារ។ទន្ទឹម​​​នឹង​​​នេះ​​​ យុវតីនេះរត់លេង​​​ជុំវិញផ្ទះ​​​ ប្រឡែង​លេង​​​ជាមួយ​​​ក្មួយ​​​ប្រុស​​​កាត់ចិន​​​ ហើយ​​​សិត​​​សក់​​​វែង​​​អន្លាយ​​​របស់​​​នាង​​​ដោយ​​​មិន​​​ខ្វល់ខ្វាយ​​​ ប៉ុន្តែ បាន​​​ដឹងថា គេចាត់ទុកនាង​​​ជាទំនិញ​​​។​ ទោះជា​យ៉ាង​​​នេះ​​​ក្តី យុវតីរូបនេះ​​​និយាយថា នាង​​​មាន​​​គម្រោង​​​ជីវិត​​​ផ្ទាល់ខ្លួន។

យុវតីរូបនេះ​​​និយាយថា “ខ្ញុំចង់​​​រស់នៅ​​​ស្រុកខ្មែរ​​​ ហើយ​​​រៀបការ​​​ប្តី​​​ខ្មែរ​​​”។

អាពា​​​ហ៍ពិពាហ៍​​​ឆ្លងប្រទេស​​​ជួប​​​ប្រទះនូវ​​​ឧបសគ្គជាច្រើន​​​សម្រាប់ប្តី​​​ប្រពន្ធ ជា​​​ពិសេស​​​​​​ឧបសគ្គ​​​​​​ដែល​​​នាង​​​ ចាន់ធី ជាម្តាយ​​​វ័យ​​​ក្មេង​​​កំពុង​​​តែ​​​​​​ប្រឈម​​​មុខ​​​​​​ដោះ​​​ស្រាយ​​​។

អ្នកនាង​​​និយាយថា នៅពេល​​​ដែលនាង​​​បាន​​​ពរពោះ​​​កាលពី​​​ឆ្នាំ​​​មុន​ អាជ្ញាធរ​​​​ខេត្ត​​​ជាងស៊ី បាន​​​ប្រាប់នាងថា កូន​​​របស់​​​នាង​​​នឹង​​​មិនទទួល​​​បាន​​​សញ្ជាតិ​​​ចិន​​​ទេ នាង​​​មិនដឹង​​​ថាហេតុអ្វីឡើយ ប៉ុន្តែ សង្ស័យ​​​ថា វាអាច​​​ទាក់​ទង​​​​នឹង​​​ភាពស្រប​​​ច្បាប់​​​នៃ​​​អាពាហ៍ពិពាហ៍​​​របស់​​​នាងដែល​​​នាង​​​ក៏មិនដឹង​ច្បាស់ដែរ​​​ ព្រោះថា មិនមាន​​​ការ​​​រៀបការ​​​ជាផ្លូវការ​​​ទេ ហើយនាង​​​ស្ទើរតែ​មិនអាច​​​និយាយ​​​ទាក់ទង​​​ស្តាប់គ្នា​​​បាន​​​ជាមួយ​​​បុរស​​​ដែល​​​នាង​​​ចាត់ទុក​ថា​ ជាប្តី​​​ដែរ។

ដោយ​​​ភ័យ​​​ខ្លាច​​​ថា កូនរបស់នាង​​​នឹងក្លាយជា​​​កូនគ្មាន​​​ប្រទេស​​​ នាង​​​ក៏បាន​​​វិល​​​មក​​​ស្រុក​​​វិញ​​​ដើម្បី​​​សម្រាលកូន​​​ប្រុសម្នាក់ឈ្មោះ​ លី គូយ៉ាង ​ឬ លី ​សំអាត។ ប្តីនាង​​​ក៏បាន​​​ជូននាង​​​មក​​​ដើម្បី​​​អង្វរក​​​រ​​​មន្ត្រី​​​ស្ថានទូត​​​ចិន​​​ឲ្យ​​​ផ្តល់​​​សញ្ជាតិ​​​ពីរ​​​ដល់កូន​​​ខ្លួន​​​ ឬ​​​ធ្វើ​​​ឲ្យ​​​ការ​​​រស់​​​នៅ​​​ជាមួយ​​​គ្នា​​​ក្លាយ​​​ជាផ្លូវការ​​​។

នាង​​​និយាយ​​​ដោយ​​​យក​​​ច្រមុះ​​​ថើបកូន​​​ថ្មមៗថា “ខ្ញុំចង់​​​ឲ្យកូន​​​ខ្ញុំ​​​ក្លាយ​​​ជាជន​​​ជាតិ​​​ចិន​​​នៅប្រទេស​​​ចិន​​​។ នាង​​​បាន​​​និយាយ​​​ជាភាសាចិន​​​ថា ‘ខឺអាយ ប៉ាវប៉ាវ’ កូន​​​គួរឲ្យស្រឡាញ់។

ក្មេងស្រីឈរក្នុងចម្ការចេកក្នុងភូមិ៧៧។ រូបថត: Hannah Reyes
ក្មេងស្រីឈរក្នុងចម្ការចេកក្នុងភូមិ៧៧។ រូបថត: Hannah Reyes

ក្រុងប៉េកាំង​​​បាន​​​លុបចោល​​​គោល​​​នយោបាយ​​​កូនមួយ​​​ដ៏ចម្រូង​​​ចម្រាស​​​របស់ខ្លួន​​​ក្នុងខែតុលា​​​ ប៉ុន្តែ ទម្លាប់ចាស់​​​នៅតែមាន។

ក្រៅពី​​​បណ្តាល​​​ឲ្យ​​​មាន​​​ការរំលូត​​​កូន​​​កំណត់​​​តាម​​​ភេទ​​​ និង​​​ក្មេងស្រី​​​ដែល​​​បោះបង់​​​ចោលរាប់លាន​​​នាក់​​​​​​ ដោយចង់​​​បាន​​​​​​កូនប្រុសសម្រាប់​​​បន្ត​​​វង្ស​ត្រកូន​​​នោះ គោល​​​នយោបាយ​​​ដែល​​​គេឈប់​​​ប្រើ​​​​​​ទៅ​​​ហើយនេះ នឹង​​​នៅតែ​បន្ត​​​ជាច្រើន​​​ឆ្នាំ​​​តទៅមុខ​​​ទៀត ​​​គឺ​​​កម្លាំង​​​ដ៏ធំ​​​ដែល​​​អូសទាញ​​​ស្ត្រី​​​បរទេស​​​ឲ្យ​​​មក​​​ប្រទេស​​​ចិន។

គេកំណត់ថា នៅឆ្នាំ​​​២០២០​​​នឹង​​​មាន​​​កម្លោះចាស់​​​ជនជាតិ​​​ចិន​​​៣០លាន​នាក់​​​​ដែលមិន​​​អាច​​​រក​​​ប្រពន្ធបាន​​​។ ពួកគេហៅថា មែក​​​​​​បាក់​​​ ដែលតំណាង​​​ការ​​​អស់​​​សែស្រឡាយ។ គ្រួសារ​​​ភាគច្រើន​​​ក្រីក្រតោកយ៉ាក​​​និង​​ពិការ។

កង្វះ​​​ស្ថិតិ​​​រួមផ្សំនឹង​​​កលល្បិច​​​ប្រែប្រួល​​​របស់​​​មេខ្យល់​​​ និង​​​បុរស​​​ជាប្តី​​​ ធ្វើ​​​ឲ្យ​​​វា​​​ពិបាក​​​សម្រាប់​​​ក្រុម​​​គ្រួសារ​​​និង​​​ក្រុម​​​អង្គការ​​​សិទ្ធិមនុស្ស​​​ ដើម្បី​​​តាមដាន​​​ចំណាកស្រុក​​​ទៅរៀបការ​​​ ឬត្រូវការពារ​​​​​​គ្រោះថ្នាក់​​​​​​ជា​​​មុន​​​។ រឿងរ៉ាវ​​​ទាក់​ទិននឹង​​​ការ​​​ឃុំឃាំង​​​ ទាសភាព​​​ អំពើ​​​ហិង្សា​​​ ការ​​​រំលូតកូន​​​ដោយ​​​បង្ខំ​​​ និង​​​ការ​​​រំលោភ​​​ ដែល​​​ប្រព្រឹត្ត​​​ដោយ​​​ប្តី​​​ គ្រួសារ​​​ និង​​​មិត្តភ័ក្តិ បានកើត​​​មាន​​​ដោយ​មាន​​​ការ​​​រ៉ាយរ៉ាប់​​​ទាក់ទង​​​នឹង​​​ការ​​​រត់គេច​​​ខ្លួន​​​ និង​​​ការ​​​អត់​​​ផ្ទះ​​​សំបែង​​​នៅ​​​ ក៏ដូចជា​​​មាន​​​របាយការណ៍ថា មាន​​​មន្ត្រី​​​កម្ពុជា​​​នៅក្នុង​​​ប្រទេស​​​ចិន​​​ព្រងើយ​​​កន្តើយ​​​មិនជួយ​​​ ឬថែមទាំង​​​ឃុបឃិត​​​ក្នុង​​​ជំនួញ​​​នេះដែរ។

ដោយចេះ​​​ភាសា​​​ចិន​​​តិចតួច​​​ ឬ​​​មិនចេះសោះ និង​​​ដោយ​​​ប្តី​​​របស់គេ​​​ ឬ​​​មេខ្យល់​​​ដកហូត​​​លិខិត​​​ឆ្លងដែន​​​នោះ​​​ ប្រពន្ធជាជនជាតិ​​​ខ្មែរ​​​ត្រូវ​​​​​​ប្រថុយ​ប្រថាន​​​ ប្រសិនបើ​​​ពួកគេ​​​ប៉ុនប៉ង​​​រត់ចេញ​​​។ ស្ត្រី​​​រូបនេះ​​​ជាជន​​​បរទេស​​​ដែល​​​​មាន​​​ឯកសារ​​​ និង​​​ពុំអាច​​​ពន្យល់​​​រឿងរ៉ាវ​​​របស់​​​ខ្លួន​​​ឲ្យ​​​អ្នកដទៃ​​​យល់​​​បាន​​​ទេ​​​។

ស្ថានទូត​​​ក្រុងប៉េកាំង​​​ប្រចាំ​​​ក្រុង​​​ភ្នំពេញ​​​​​​បដិសេធ​​​មិន​​​ផ្តល់​​​ទិន្នន័យ​​​ទាក់ទង​​​នឹង​​​ស្ត្រី​​​ខ្មែរ​​​ដែល​​​ទទួល​​​បាន​​​ទិដ្ឋាការ​​​ធ្វើ​​​ដំណើរ​​​ទៅកាន់​​​ប្រទេស​​​ចិន​​​អស់​រយៈកាល​​​ជាច្រើន​​​ឆ្នាំ​​​មក​​​នេះ​​​ទេ។ ស្ថានទូត​​​បាន​​​និយាយថា ខ្លួន​​​មិន​​​ទាក់​ទង​​​​នឹង​​​អាពាហ៍​​​ពិពាហ៍​​​ខ្មែរចិន​​​ទេ​​​។ ស្នើសុំ​​​ស្ថិតិ​​​កាលពី​​​ខែកញ្ញា​ អ្នកនាំ​ពាក្យ​​​​ស្ថានទូត​​​ លោក ចឹង​​​ ហុងប័រ  គ្រាន់តែ​​​និយាយថា ចំនួន​​​ស្ត្រី​​​ដែល​​​ធ្វើ​​​ដំណើរ​​​​ទៅ​​​ប្រទេស​​​ចិន​​​ដើម្បីរៀបការ​​​គឺថយចុះ​​​ បន្ទាប់ពី​​​មានការ​​​ប្រឹង​ប្រែង​​​​​រឹតត្បិត​​​ជំនួញ​​​បែបនេះ​​​ និងទប់ស្កាត់​​​ការ​​​រំលោភបំពាន។

អ្នកនាំពាក្យ​​​ស្ថានទូតចិន​​​រូបនេះបាន​​​និយាយថា ស្ថានទូត​​​បាន​​​យកចិត្ត​​​ទុកដាក់​​​យ៉ាង​​​ហ្មត់ចត់ចំពោះ​​​ដាក់ពាក្យ​​​សុំទិដ្ឋាការ​​​របស់ស្ត្រី​​​វ័យ​​​ក្មេង​​​ ដែល​​​ត្រូវ​​​​​​រឹត​​​បន្តឹង​​​លំហូរ​​​នៃកូន​​​ក្រមុំ​​​ ប៉ុន្តែថា ការ​​​ពិនិត្យ​​​ពិច័យ​​​ដូចគ្នានេះ​​​មិនមានការ​​​អនុវត្ត​​​នៅក្នុង​​​ក្រុង​​​ហូជីមិញទេ ដែលនៅ​​​ទីនោះ​​​ជនជាតិ​​​ខ្មែរ​​​ក៏អាច​​​ដាក់ពាក្យ​​​សុំ​​​ចូលប្រទេស​​​ចិន​​​បាន​​​ដែរ​​​។

ចំពោះអ្នកដែល​​​ធ្វើដំណើរ​​​ទៅប្រទេសចិន​​​ អាយុស្រប​​​ច្បាប់​​​សម្រាប់​​​ស្ត្រី​​​រៀបការ​​​ទៅប្រទេស​​​ចិន​​​គឺ​​​២០ឆ្នាំ ដោយ​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​​​​ក្លែង​​​​​​ថ្ងៃខែ​កំណើត​នៅលើ​​​លិខិត​​​ឆ្លងដែន​​​។ អ្នក​​​នាំពាក្យ​​​រូប​​​នេះ​​​និយាយ​​​ថា ដំណើរ​​​ការ​​​អាពាហ៍​​​​ពិពាហ៍​​​គឺ​​​ដូច​​​គ្នា​​​​​​នឹង​​​ជន​​​ជាតិ​​​ចិន​​​ដូច​​​គ្នា​​​ដែរ ហើយ​​​កូន​​​​​​នៃ​​​អាពាហ៍​​​ពិពាហ៍​​​​​ពេញ​​​ច្បាប់​​​​​​​​​នឹង​​​កើត​​​មក​​​ក្លាយ​​​ជា​​​​​​ជន​​​ជាតិ​​​ចិន។ ទន្ទឹម​​​​​​នឹង​​​នេះ ការ​​​លែង​​​លះ និង​​​ការ​​​បែក​​​បាក់​​​គ្នា​​​អាច​​​ក្លាយ​​​ជា​​​បញ្ហា​​​ស្រកេកស្រកាក​​​ផ្នែក​​​ទ្រព្យ​​​សម្បត្តិ​​​ ដែល​​​តម្រូវ​​​ឲ្យ​​​ប្តី​​​ប្រពន្ធ​​​នោះ​​​​​​បែក​​​គ្នា​​​ជា​​​ផ្លូវ​​​ការ​​​ ដោយ​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​​​​ពី​​​ភាគី​​​ទាំង​​​ពីរ មុន​​​នឹង​​​កូន​​​ក្រមុំ​​​​​​អាច​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​ចិន​​​បាន។

ក្រៅ​​​ពី​​​​​​ប្រើ​​​វិធី​​​អប់​​​រំ​​​តាម​​​វិទ្យុ និង​​​ទូរ​​​ទស្សន៍​​​ ដើម្បី​​​ជូន​​​ដំណឹង​​​ដល់​​​​​​ស្ត្រី​​​ខ្មែរ​​​នូវ​​​​​​គ្រោះ​​​ថ្នាក់​​​​​​នៃ​​​ការ​​​ធ្វើ​​​ចំណាក​​​ស្រុក​​​​​​ទៅ​​​រៀប​​​ការ​​​នោះ ក្រសួង​​​ការ​​​បរទេស​​​​​​កម្ពុជា​​​​​​អាច​​​ត្រឹម​​​តែប្រឹង​​​ប្រវេ​​​ប្រវា​​​​​​នៅ​​​ពី​​​ខាង​​​ក្រោយ​​​បញ្ហា។​​​ កាល​​​ពី​​​ខែ​​​មុន​​​ មាន​​​ស្ត្រី​​​បី​​​នាក់​​​ គឺ​​​មាន​​​ពីរ​​​នាក់​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ចាម​​​​​​បាន​​​វិល​​​មក​​​ផ្ទះ​​​វិញ​ ក្រោយ​​​ពី​​​មាន​​​​​​ការ​​​ជួយ​​​ជ្រោម​​​ជ្រែង​​​ពី​​​ក្រសួង​​​ការ​​​បរទេស។

យ៉ន ធឿន និងប្តី​គាត់​ឈ្មោះ ​ទ្រឿង ឡុង និយាយ​នៅ​ខាងក្រៅផ្ទះ​ពួកគេ​ក្នុង​ភូមិ៧៧។ រូបថត: Hannah Reyes
យ៉ន ធឿន និងប្តី​គាត់​ឈ្មោះ ​ទ្រឿង ឡុង និយាយ​នៅ​ខាងក្រៅផ្ទះ​ពួកគេ​ក្នុង​ភូមិ៧៧។ រូបថត: Hannah Reyes

យោង​​​តាម​​​លោក ជុំ សុន្ទរី អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​ឲ្យ​​​ដឹង​​​ថា ស្ត្រី​​​បី​​​នាក់​​​នោះ​​​បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​យន្ត​​​ហោះ​​​​​​ទៅ​​​ខេត្ត​​​ក្វាងចូវ ដោយ​​​មាន​​​ឯកសារ​​​​ស្រប​​​ច្បាប់ និង​​​ត្រៀម​​​រៀប​​​ការ​​​ ប៉ុន្តែ​​​ត្រូវ​​​ស្ទាក់​​​ឃាត់​​​​​​​​​ដោយ​​​មន្ត្រី​​​ស្ថាន​​​កុង​​​ស៊ុល​​​​​​នៅ​​​ឯ​​​ព្រលាន​​​យន្ត​​​ហោះ។ លោក ជុំ សុន្ទរី បាន​​​មាន​​​ប្រសាសន៍​​​ថា “នគរ​​​បាល​​​ចិន​​​​​​បាន​​​សន្និដ្ឋាន​​​ថា ​​​នេះ​​​ជា​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស”។​ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា បុរស​​​ជន​​​ជាតិ​​​ចិន​​​ពីរ​​​នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ដោយសារ​​​តែ​​​នាំ​​​ស្ត្រី​​​នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​​​ការ​​​ផ្តន្ទាទោស​​​​​​អ្នក​​​ជួញ​​​ដូរ​​​មនុស្ស​​​ទាំង​​​នេះ​​​កម្រ​​​ច្បាស់​​​លាស់​​​ណាស់​​​​​​។​​​​​

យោង​​​តាម​​​អ្នកស្រី ជូ ប៊ុន​​​អេង ឲ្យ​​​ដឹង​​​ថា គណៈ​​​កម្មា​​​ធិការ​​​អន្តរ​​​ក្រសួង​​​ប្រយុទ្ធ​​​​​​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ប្រ​​​ទេសកម្ពុជា​​​កំពុង​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​​​​ក្រុង​​​ប៉េកាំង​​​ ដើម្បី​​​ពង្រីក​​​​​​​​​ផែនការ​​​សកម្ម​​​ភាព​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​រៀប​​​ការ​​​​​​ឆ្លង​​​ប្រទេស។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី ផែនការ​​​នេះ​​​ផ្តោត​​​លើ​​​​​​ការ​​​ធានាថា ស្ត្រី​​​ខ្មែរ​​​​​​កំពុង​​​ធ្វើ​​​ចំណាក​​​ស្រុក​​​ និង​​​រៀប​​​ការ​​​​​​ដោយ​​​មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​​ ហើយ​​​មិន​​​មាន​​​គោល​​​ដៅ​​​​​​ចំ​​​លើ​​​កត្តា​​​ជំរុញនិង​​​កត្តា​​​អូសទាញ​​​ចំណាក​​​ស្រុក​​​​​​​​​ដែល​​​នៅ​​​ពី​​​ក្រោយ​​​និន្នាការ​​​នេះ​​​ទេ។​​​​​​​​​​​​​​

អ្នក​​​ស្រី ជូ ប៊ុន​​​អេង បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​ដំណើរ​​​ទៅ​​​កាន់​​​​​​ប្រទេស​​​ចិន​​​នាពេល​​​ថ្មីៗ​​​នេះ អ្នកស្រី​​​​​​បាន​​​ជួួប​​​ជាមួយ​​​ប្តី​​​ប្រពន្ធ​​​ជន​​​ជាតិ​​​ចិន-ខ្មែរ​​​មួយ​​​ចំនួន​​​​​​ដែល​​​រស់នៅ​​​យ៉ាង​​​សុខ​​​ដុម​​​ ហើយ​​​ថា ក្រសួង​​​សន្តិសុខ​​​សាធារណៈ​​​​​​ចិន​​​​​​បាន​​​ជម្រាប​​​អ្នក​​​​​​ស្រី​​​ថា ប្តី​​​ប្រពន្ធ​​​រាប់​​​ពាន់​​​គូ​​​ផ្សេង​​​ទៀត​​​​​​ក៏​​​​​​រស់​​​នៅ​​​​​​ដោយ​​​រីករាយ​​​ដូច​​​គ្នា​​​ដែរ។​​

អ្នក​​​ស្រី ជូ ប៊ុន​​​អេង បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​ខណៈ​​​ដែល​​​ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​ក្មេងៗ​​​ភាគ​​​ច្រើន​​​​​​​​​​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ចិន​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត គឺ​​​​​​វា​​​ហួស​​​ការ​​​លូក​​​ចូល​​​ដល់​​​របស់​​​រដ្ឋាភិបាល​​​​​​ក្នុង​​​ការ​​​ចាត់​​​ទុក​​​ថា​​​ខុស​​​ច្បាប់​​​នូវ​​​ជំនួញ​​​នេះ។ អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​​​​យើង​​​មិន​​​អាច​​​គ្រាន់​​​តែ​​​​​​បញ្ឈប់​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​ទៅ​​​បាន​​​ទេ គឺ​​​យើង​​​នឹង​​​​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​យើង”។

“នៅ​​​​​​​​​ស្រករ​​​ខ្ញុំ មិន​​​អាច​​​រក​​​ប្រពន្ធ​​​បាន​​​ទេ​​​នៅ​​​ប្រទេស​​​ចិន​​​នោះ ទាល់តែ​​​អ្នក​​​មាន​​​ប្រាក់​​​ច្រើន”។

ឃូយ ចេន ស៊ីង ជា​​​កម្មករ​​​ចិន អាយុ​​​៣៩​​​ឆ្នាំ បាន​​​មក​​​ប្រទេស​​​កម្ពុជា​​​កាលពី​​​​ខែ​​​មុន​​​ជា​​​លើក​​​ដំបូង ដើម្បី​​​មក​​​លេង​​​សាច់​​​ថ្លៃ​​​របស់​​​គាត់​​​ជាមួយ​​​ភរិយា​​​របស់​​​គាត់ ច្រឹក សុខលី ដែល​​​ប្រាប់​​​ថា​​​មាន​​​អាយុ​​​២៦ ប៉ុន្តែ​​​មើល​​​ទៅ​​​ហាក់​​​ដូចជា​​ក្មេង​​​ជាង​​​អាយុ។

ចោមរោម​​​ដោយ​​ពូ​​​មីង​​​​ក្នុង​​​ផ្ទះ​​​របស់​​​គ្រួសារ​​​ក្នុង​​​ភូមិ​​​វារី​កើត នៅ​​​ក្បែរ​​​ភូមិ​​​៧៧​ អ្នក​​​ស្រី សុខលី បន្ទាប់ពី​​​មក​​​ដល់​​​អាកាស​​​យានដ្ឋាន​​​ចិន​​​មិន​​​ស្គាល់​​​ឈ្មោះ​​​​​​មួយ ក្នុង​​​នាម​​​​​អនាគត​កូន​​​ក្រមុំ​​​ក្នុង​​​ឆ្នាំ​​​២០១៣ បាន​​​ពន្យល់​​​​​​ថា​​​​​​​​​​​​អ្នក​​​ស្រី​​​ត្រូវ​​​​​​គេ​​​​​​នាំ​​​ទៅ​​​ផ្ទះ​​​ស្ត្រី​​​ខ្មែរ​​​ម្នាក់ និង​​​ប្តី​​​​​​ជន​​​ជាតិ​​​ចិន​​​​​​របស់​​​គាត់​​​​​​នៅ​​​ទីប្រជុំ​ជន​មួយ ដែល​​​អ្នក​​​ស្រី​​​មិន​​​ស្គាល់សោះ​​​។

ម្ចាស់​​​ផ្ទះ​​​បាន​​​បង្ហាញ​​​អ្នក​​​ស្រី​​​នូវ​​​រូបថត​​​របស់​​​បុរស​​​រាង​​​ស្តើង​​​ខ្ពស់​​​មាន​​​ស្បែក​​​ស្អាត​​​ដោយសារ​​​កម្មវិធី​​​ហ្វូតូ​​ហ្សប។ ស្ត្រី​​​ម្ចាស់​​​ផ្ទះ​​​បាន​​​សួរ ថា​​​តើ​​​អ្នក​​​ស្រី​​​ព្រម​​​យក​​​បុរស​​​នោះ​​​ធ្វើ​​​ជា​​​ប្តី​​​ទេ។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​មិន​​​បាន​​​បដិសេធ​​​ទេ។ “ប្រសិនបើ​​​ខ្ញុំ​​​មិន​​​យល់​​​ព្រម ខ្ញុំ​​​នឹង​​​ត្រូវ​​​រង់ចាំ​​​ក្នុង​​​ផ្ទះ​​​នោះ”។

ដប់​​​ថ្ងៃ​​​ក្រោយ​​​មក បុរស​​​ក្នុង​​​រូបថត​​​នោះ​​​បាន​​​បង្ហាញ​​​មុខ​​​ឲ្យ​​​ឃើញ ជាមួយ​​​នឹង​​​កំលោះ​​​ចាស់​​​ម្នាក់។ អ្នក​​​ស្រី សុខលី និង​​​ស្ត្រី​​​ខ្មែរ​​​វ័យ​​​ក្មេង​​​ម្នាក់​​​ទៀត​ ក្នុង​​​ស្ថានភាព​​​ដូច​​​គ្នា​​​ក្នុង​​​ដំណើរការ​​​ផ្គូផ្គង​​​នេះ ត្រូវ​​​គេ​​​សម្អិត​​​សម្អាង​​​កាយ​​​ឲ្យ​ ហាក់​​​ដូចជា​​​សម្រាប់​​​ថ្ងៃ​​​ណាត់​​​​​​​​​ដើរលេង​​​អ៊ីចឹង គឺ​​​សម្លៀក​​​បំពាក់ បំពង់​​​លាប​​​បបូរ​​​មាត់ និង​​​ទឹកអប់។ អ្នក​​​ទាំង​​​បួន​​​បាន​​​បរិភោគ​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​ជាមួយ​​​គ្នា មាន​​​ទឹក​​​មុខ​​​និង​​​កាយ​​​វិការ​​​អឹម​​​អៀន​​​ដូច​​​គ្នា។ ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​មិន​​​ចេះ​​​និយាយ​​​ភាសា​​​ចិន​​​សូម្បី​​​តែ​​​មួយ​​​ម៉ាត់​​​ ហើយ​​​បុរស​​​ចិន​​​វិញ​​​ក៏​​​​​​មិន​​​ដែល​​​ឮ​​​ភាសា​​​ខ្មែរ​​​ដែរ។

អ្នក​ស្រី សុខលី បាន​និយាយ​ដោយ​ភាំងៗ​​នៅ​ពេល​អ្នក​ស្រី​ចុច​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​គាត់​ថា “ខ្ញុំ​ត្រឹមតែ​បាន​ក្រឡេក​មើល​គាត់ និង​គិត​ក្នុង​ចិត្ត​ថា ‘គាត់​នឹង​ល្អ​ចំពោះ​ខ្ញុំ’។ ខ្ញុំ​គិត​ថា ‘ប្រហែល​នេះ​ជា​វាសនា​របស់​ខ្ញុំ​ហើយ’”។

អនាគត​គូ​ស្វាមី​នេះ​បាន​បែក​ផ្លូវ​គ្នា ហើយ​មាន​ពេល​បី​ថ្ងៃ​ដើម្បី​គិត​ពិចារណា​​អំពី​អនាគត​របស់​ខ្លួន។ អ្នក​ស្រី សុខលី បាន​និយាយ​ថា ក្នុង​រយៈ​ពេល​៧២​ម៉ោង​នោះ “ខ្ញុំ​គិត​តែ​អំពី​គាត់​ប៉ុណ្ណោះ”។

កូនស្រីពៅរបស់អ្នកស្រី ធឿន ឈរខាងក្រៅ​ផ្ទះ​ពួកគេ។រូបថត: Hannah Reyes
កូនស្រីពៅរបស់អ្នកស្រី ធឿន ឈរខាងក្រៅ​ផ្ទះ​ពួកគេ។រូបថត: Hannah Reyes

មនុស្ស​ប្រហែល​៦០​នាក់​បាន​ចូលរួម​​​​ពិធី​រៀបការ ដែល​បង្ហាញ​តិចតួច​ទាំង​​តាម​របៀប​ខ្មែរ​និង​ចិន ពួកគេ​សុទ្ធតែ​មកពី​ខាង​កូន​កំលោះ។ កូន​ក្រមុំ​បាន​និយាយ​ថា នាង​”ទទួល​យក​និង​ទទួល​ស្គាល់”​ដោយ​គ្រួសារ ទោះជា​ការ​រៀបការ​នេះ​បាន​ប្រាស​ចាក​ឆ្ងាយ​ពី​ការ​រៀបការ ដែល​នាង​បាន​ស្រមៃ​ដល់​យូរ​មក​ហើយ​ក៏​ដោយ។

អ្នក​ស្រី​បាន​និយាយ​អំពី​ពិធី​​​រៀបការ​​​​​​ដែល​ចប់​តែ​ក្នុង​ពេល​ពីរបី​ម៉ោង​ថា “​វា​ខុស​គ្នា​ស្រឡះ​ពី​អាពាហ៍ពិពាហ៍​ខ្មែរ។ ពួកគេ​មាន​ដុត​កាំជ្រួច ប៉ុន្តែ​គ្មាន​ធុង​បាស​ធំៗ​សម្រាប់​កំដរ​ពិធី​ទេ។ ខ្ញុំ​មិន​អាច​សូម្បី​តែ​ស្លៀកពាក់​សម្លៀក​បំពាក់​រៀបការ​បែប​ខ្មែរ​បាន​ផង”។

អ្នក​ស្រី សុខលី ឥឡូវ​នេះ​មាន​កូន​អាយុ​មួយ​ខួប ឈ្មោះ ចិន ស៊ីង។ អ្នក​ទាំង​បី​រស់​នៅ​ជាមួយ​គ្នា​ក្នុង​ជាន់​ទី​២ នៅ​ជិត​ទីប្រជុំជន​តូច​មួយ​ក្នុង​ខេត្ត​ហ្វូជាន ជាប់មាត់​​​​សមុទ្រ ដែល​អ្នក​ស្រី​មាន​មិត្ត​ភក្តិ​ខ្មែរ​ដែល​ទើប​រៀបការ​ថ្មីៗ​រាប់​សិប​នាក់។ អ្នក​ស្រី​បាន​និយាយ​ថា ជីវិត​គឺ​ “​ពិតជា​មិន​ខុស​គ្នា”​ពី​ស្រុក​កំណើត​ទេ លើក​លែង​តែ​ម្ហូប​អាហារ​ប៉ុណ្ណោះ។

អ្នក​ស្រី​បាន​និយាយ​ថា “មិន​មាន​ភោជនីយដ្ឋាន​ខ្មែរ​នៅ​ទី​នេះ​ទេ ដូច្នេះ​យើង​មិន​អាច​ទិញ​អាហារ​ដែល​យើង​ចង់​ទិញ​បាន​ទេ ដូចជា​បបរ ប្រហុក ជាដើម។ ប៉ុន្តែ​យើង​តែងតែ​ជួប​គ្នា​ជារឿយៗ មាន​ពិធី​តូចៗ ផឹក​ជាមួយ​គ្នា នៅ​ពេល​មាន​ខួប​កំណើត​កូន”។

អ្នក​ស្រី​បាន​និយាយ​ថា អ្នក​ស្រី​សប្បាយ​ជាមួយ​នឹង​ការ​រស់នៅ​របស់​អ្នក​ស្រី និង​មាន​អារម្មណ៍​គ្មាន​គ្រោះ​ថ្នាក់​ក្នុង​បរិស្ថាន​ជុំវិញ​អ្នក​ស្រី មាន​សុវត្ថិភាព​ណាស់​រហូត​ដល់​អ្នក​ស្រី​មិន​បាន​គិត​ដល់​អ្វី​ដែល​អ្នក​ស្រី​អាច​ធ្វើបាន ប្រសិនបើ​ស្ថានភាព​របស់​អ្នក​ស្រី​ប្រែក្លាយ​ទៅ​ជា​អាក្រក់​នោះ។

ប្រាក់​ផ្ញើ​ទៅ​ផ្ទះ​បាន​ពី​ប្តី​​​​ជា​​​​​​កម្មករ​​​របស់​អ្នក​ស្រី​តែ​ប៉ុន្មាន​ពីរ​បី​រយ​ដុល្លារ​ប៉ុណ្ណោះ​រាល់​ពីរបី​ខែ​ម្តង ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​សុបិន​​​ថា​​​នឹង​​​​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក​ស្រី​មាន​ទ្រព្យ​​​ធន។

អ្នក​ស្រី​បាន​និយាយ​ថា “ខ្ញុំ​នឹង​ធ្វើ​​​ឲ្យ​វាសនា​របស់​ខ្ញុំ​ទៅ​មុខ។ ​ពេល​​​​​ទឹក​សមុទ្រ​ហូរ​ទៅហើយ​​​ វា​មិន​ដែល​ត្រឡប់​មក​វិញ​ទេ”។

អ្នក​​​​ស្រី ណារិន នៅ​អង្គការ​អាដហុក បាន​មាន​ប្រសាសន៍​ថា អ្នក​ស្រី សុខលី ជា​គំរូ​នៃ​មូលហេតុ​តស៊ូ ហើយ​បើ​ចាត់​ថ្នាក់ ចំណាក​ស្រុក​របស់​ស្ត្រី​ដើម្បី​រៀបការ​នៅ​ប្រទេស​ចិន គឺ​ពិបាក​ណាស់។ កូន​ក្រមុំ​ក្មេងៗ​ជាច្រើន​នាក់​និយាយ​ថា ពួកគេ​សប្បាយ​រីករាយ​ក្នុង​ជីវភាព​ថ្មី​របស់​ខ្លួន ម្យ៉ាង​ពួកគេ​អាច​ជួយ​​​​ទំនុក​បម្រុង​គ្រួសារ​របស់​ពួកគេ ដែល​ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់រូប។

លោក​ស្រី​បាន​និយាយ​ថា “ពួកគេ​គិត​ថា ពួកគេ​កំពុង​ធ្វើ​ឲ្យ​គ្រប់​គ្នា​សប្បាយ​​រីករាយ ហើយ​ថា នោះ​ហើយ​ជា​វាសនា​របស់​ពួកគេ”។

មួយ​ឆ្នាំ​ក្រោយ​ពី​ត្រូវ​ចាត់​តាំង​ឲ្យ​ធ្វើការ​លើ​បញ្ហា​អាពាហ៍ពិពាហ៍​ចំណាក​ស្រុក​ក្នុង​ខេត្ត​មាន​កូន​ក្រមុំ​ចេញ​​​ទៅ​​​​ក្រៅ​ប្រទេស​ច្រើន អ្នក​​​​ស្រី ណារិន កំពុង​ព្យាយាម​រក​ឲ្យ​ឃើញ​ពួក​មេ​ខ្យល់ នៅ​ពេល​ដែល​លោក​ស្រី​ឆ្លើយតប​នឹង​សេចក្តី​រាយការណ៍​អំពី​កូន​ស្រី​ដែល​បាន​បាត់​ខ្លួន កំពុង​បាត់​ខ្លួន និង​ត្រូវ​រំលោភ​បំពាន។

លោក​ស្រី​បាន​និយាយ​ថា ជា​ពិសេស​ឃុំ​ចំនួន​៧​​​ដែល​​​ក្រីក្រ​​​ ក្នុង​នោះ​មាន​ឃុំ​ស្វាយ​ទាប ដែល​មាន​ភូមិ​៧៧​នៅ​ទី​នោះ គឺ​​​ស្ទើរ​តែមិន​​​មាន​​​​​​​ស្ត្រី​​​វ័យ​​​ក្មេងៗ​​​នៅ​​​ក្នុង​​​ភូមិ​​​នេះទេ​​​​ ហើយ​ពួក​មេ​ខ្យល់​​​ក៏​​​​លែង​មក​ជួប​ពួកគេ​ទៀត​ដែរ​​​ ដោយ “បាន​នាំ​យក​ជន​រងគ្រោះ​របស់​ពួកគេ​ទាំង​អស់​ចាក​ចេញ​ទៅ​​​ហើយ​​​”។

ឃូយ ចេន ស៊ីង ពរកូនគាត់។ រូបថត: Hannah Reyes
ឃូយ ចេន ស៊ីង ពរកូនគាត់។ រូបថត: Hannah Reyes

លោក​ស្រី​បាន​ពន្យល់​ថា ការងារ​របស់​លោក​ស្រី​ស្មុគស្មាញ ដោយសារ​តែ​​ឪពុក​ម្តាយ​មិន​ចង់​ប្រាប់​រឿង​រ៉ាវ​​​​របស់​ពួកគាត់។ អ្នក​​​ស្រី​បាន​ឆ្លើយ​តប​នឹង​បណ្តឹង​ជាច្រើន​ពី​ឪពុក​ម្តាយ តែ​​​​ពួកគេ​​​​ដក​​​ថយ​​​វិញ បន្ទាប់ពី​កូន​ស្រី​របស់​ខ្លួន “រត់​ចេញ​ពី”​ផ្ទះ​ដែល​គេ​លក់​នាង​ទៅ​ឲ្យ ហើយ​ស្វែងរក​ប្តី​ចិន​ថ្មី​​​បាន​​​នោះ​​​។

អ្នក​​​​ស្រី​បាន​និយាយ​ថា “គឺ​សុទ្ធ​តែ​ស្វែង​រក​បុរស​ស័ក្តិសម​ដើម្បី​​​​បាន​​​​​​ប្រាក់​ច្រើន​ផ្ញើ​​​មក​ផ្ទះ”។

លោក សុន្ទរី អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​បរទេស បាន​​​បដិសេធ​​​មិន​​​ប៉ាន់​​​ស្មាន​​​ថា​​​មាន​​​ស្ត្រី​​​ខ្មែរ​​​ប៉ុន្មាន​​​នាក់​​​បាន​​​ទៅ​​​ប្រទេស​​​ចិន​​​ដើម្បី​​​រៀបការ​​​ទេ ដោយ​​​លើក​​​ឡើង​​​ថា ក្រសួង​​​បាន​​​ជួយ​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​​​​ន៍​​​ស្ត្រី៨២​​​នាក់​​​ក្នុង​​​ឆ្នាំ​​​២០១៥ និង​​​៥៩​​​នាក់​​​នៅ​​​ឆ្នាំ​​​២០១៤។ ទោះជា​​​យ៉ាង​​​នេះ​​​ក្តី ក្រសួង​​​មិន​​​មែន​​​តែងតែ​​​ជា​កន្លែង​​​ដំបូង​​​នៃ​​​ការ​​ទូរស័ព្ទ​​​ហៅ នៅ​​​ពេល​​​សុបិន​​​នៅ​​​ចិន​​​ក្លាយ​​​ទៅ​​​ជា​​​អាក្រក់​​​នោះ​​​ទេ។

យោង​​​តាម​​​អ្នក​​​នាំ​​​ពាក្យ​​​ឲ្យ​​​ដឹង​​​ថា ចាប់​​​ដៃ​​​ជា​​​សម្ព័ន្ធ​​​អង្គការ​​​ក្នុង​​​ស្រុក ដែល​​​ជួយ​​​ស្ត្រី​​​កម្ពុជា​​​នៅ​​​ប្រទេស​​​ចិន បាន​​​ឆ្លើយ​​​តប​​​៥៥​​​ករណី​​​នៃ “ការ​​​រៀបការ​​​ទាំង​​​បង្ខិត​​​បង្ខំ” ក្នុង​​​ឆ្នាំ​​​២០១៥។ស្ត្រី​​​២១​​​នាក់​​​ក្នុង​​​ចំណោម​​​នោះ​​​កំពុង​​​រង់ចាំ​​​ធ្វើ​​​មាតុភូមិ​​​និវត្តន៍​​​។

យោង​​​តាម​​​ប្រធាន​​​ផ្នែក​​​នេះ​​​ឲ្យ​​​ដឹង​​​ថា ចាប់​​​ផ្តើម​​​នៅ​​​ខែ​​​មិថុនា​​​ឆ្នាំ​​​២០១៤​ ផ្នែក​​​​សង្គ្រោះ​​​ពី​​​ការ​​​ជួញ​​​ដូរ​​​ឆ្លង​​​ដែន​​​របស់​​​អង្គការ​​​គ្រិស្ទាន Agape International Missions មាន​​​មូលដ្ឋាន​​​នៅ​​​ប្រទេស​​​កម្ពុជា បាន​​​ជួយ​​​ដោះ​​​ស្រាយ​​​ការ​​​ហៅ​​​សុំ​​​ជំនួយ​​​បន្ទាន់​​​១៣៩​​​ករណី ដោយ​​​ស្ត្រី​​​៦៦​​​នាក់​​​ក្នុង​​​ចំណោម​​​នោះ​​​នៅ​​​ជាប់​​​ក្នុង​​​ប្រទេស​​​ចិន​​​នៅ​​​ឡើយ រង់ចាំ​​​ប្រាក់​​​ឬ​​​ឯកសារ​​​ស្រប​​​ច្បាប់​​​ដើម្បី​​​ចាកចេញ​​​ពី​​​ប្រទេស​​​ចិន។

អ្នក​​​​​​ស្រី ចាន់ សុគន្ធា ប្រធាន​ផ្នែក​កិច្ចការ​​​ស្ត្រី​​​នៃ​សមាគម​អាដហុក ដែល​​​បាន​​​តាមដាន​​​យ៉ាង​​​ដិតដល់​​​​​​ក្នុង​​​​​​ការ​ធ្វើ​​​ចំណាក​​​ស្រុក​​​ដើម្បី​​​រៀបការ បាន​​​មាន​​​ប្រសាសន៍​ថា អ្នក​​​ស្រី​​​បាន​​​ដោះស្រាយ​​​៣១​​​ករណី​​​ក្នុង​​​ឆ្នាំ​​​២០១៥ គឺ​​​ថយ​​​ចុះ​​​ពី​​​ចំនួន​​​៩១​​​ករណី​​​ក្នុង​​​ឆ្នាំ​​​២០១៤។ យ៉ាង​​​នេះ​​​ក្តី លោក​​​ស្រី​​​បាន​​​បញ្ជាក់​​​ថា ចំនួនបណ្តឹង​​​​​​ដ៏​​​ច្រើន​​​បាន​​​ទៅ​​​ដល់​​​អង្គការ​​​នានា​​​និង​​​ក្រសួង​​​ការ​​​បរទេស។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ចំនួន​​​ករណី​​​សរុប​​​មិន​​​ថយ​​​ចុះ​​​ទេ គឺ​​​វា​​​ផ្ទុយ​​​ទៅ​​​វិញ”។

យោង​​​តាម​​​លោក សេបាស្ទាន បូល អ្នក​​​វិភាគ​​​ស្រាវជ្រាវ​​​ប្រចាំ​​​តំបន់​​​ដែល​​​ធ្វើការ​​​លើ​​​គម្រោង​​​នេះ​​​ឲ្យ​​​ដឹង​​​ថា អង្គការ​​​សហ​​​ប្រជាជាតិ​​​ក៏​គ្មាន​​​ទិន្នន័យ​​​ទាក់ទិន​​​នឹង​ប្រធានបទ​​​នេះ​​​ដែរ គឺ​​​ទីភ្នាក់ងារ​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​របស់​​​ខ្លួន​​​​​​​​​មិន​​​​​​អាច​​​ចេញ​​​លទ្ធផល​​​នៃ​​​គម្រោង​​​ស្រាវជ្រាវ​​​​​​ទាក់​​​ទង​​​នឹង​​​ការ​​​រៀបការ​​​ទាំង​​​បង្ខំ​​​រវាង​​​ស្ត្រី​​​កម្ពុជា ​​​និង​​​បុរស​​​ចិន​​​ជាច្រើន​​​ខែ​​​​​​មក​​​ហើយ។

លោក​​​បាន​​​និយាយ​​​ថា “ដោយសារ​​​ការ​​​រៀបការ​​​មិន​​​ប្រក្រតី​​​នៃ​​​ជន​​​ចំណាក​​​ស្រុក​​​មាន​​​ហូរ​​​ហែ​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ មិន​​​មាន​​​ស្ថិតិ​​​គួរ​​​ឲ្យ​​​​​​ជឿ​​​បាន​​​អំពី​​​បញ្ហា​​​នេះ​​​ទេ”។

អតីតបន្ទប់ដេករបស់ចៅស្រីយាយ លាន ហេង ដែលបានទៅប្រទេសចិន។រូបថត: Hannah Reyes
អតីតបន្ទប់ដេករបស់ចៅស្រីយាយ លាន ហេង ដែលបានទៅប្រទេសចិន។រូបថត: Hannah Reyes

នៅ​​​ទី​​​នេះ​​​ក្នុង​​​ភូមិ​​​៧៧ មនុស្ស​​​ជាច្រើន​​​និយាយ​​​ថា ពួកគេ​​​ដឹង​​​តែ​​​ស្ត្រី​​​ពីរ​​​បី​​​នាក់​​​ប៉ុណ្ណោះ ដែល​​​បាន​​​ធ្វើ​​​ចំណាក​​​ស្រុក​​​ទៅ​​​ប្រទេស​​​ចិន ប៉ុន្តែ​គ្រប់​គ្រួសារ​ដែល​សាកសួរ​ដោយ​អ្ន​ក​​​យក​ព័ត៌មាន គឺ​​​បាន​បញ្ជូន​កូន​ស្រី ឬ​ដឹង​​​​ថា​​​គ្រួសារ​​​​​​មួយ​​​ទៀត​​​បាន​​​បញ្ជូន​​​​កូន​ស្រី។

លោក តឹង​​​ យ៉ាត មេឃុំ​ស្វាយ​ទាប បាន​និយាយ​ថា “ក្មេងៗ​បាន​និង​កំពុង​ចាក​ចាញ​ពី​ប្រទេស​តាំង​ពី​ឆ្នាំ​២០១៣។ ពួកគេ​សឹងតែ​ទាំង​អស់​បាន​ទៅ”។

អ្នក​​​​ស្រី ណារិន មើល​ឃើញ​​​​ថា​​​​​​បញ្ហា​ច្រើន​​​មិន​​​ទាន់​​​ចប់​​​ទេ សៀវភៅ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​របស់​អ្នក​​​ស្រី​ពេញ​យ៉ាង​លឿន​ដោយ​ឈ្មោះ​និង​លេខ​ទូរស័ព្ទ​​​​របស់​​​គ្រួសារ​រងគ្រោះ គឺ​​​រលក​នៃ​អ្នក​វិល​ត្រឡប់​មក​វិញ​ទើបតែ​ចាប់​ផ្តើម​ទេ។

ហើយ​ទម្រាំតែ​មាន​ជម្រើស​ផ្សេង​​​​កើត​​​​ឡើង​សម្រាប់​យុវនារី​ជនបទ​ដើម្បី​រក​ប្រាក់កាស់​​​ ឬ​​​​មាន​​​ការ​អប់រំ​យុវជន​នៅ​ទី​ជនបទ​កម្ពុជា​បាន​ប្រសើរ​ឡើង​ខ្លាំង​នោះ ប្រទេស​ចិន​នឹង​នៅ​តែ​ជា​ជម្រើស​ទាក់ទាញ​បំផុត​មួយ​សម្រាប់​អ្នក​ទាំងឡាយ​ដែល​ខំ​ធ្វើការ​ចិញ្ចឹម​ជីវិត​នៅ​ឆ្ងាយ​ គឺ​​​គ្រាន់តែ​ដើម្បី​រស់​ក្នុង​ភាព​ក្រីក្រ​​​ប៉ុណ្ណោះ​​​។

អ្នក​​​​ស្រី​បាន​មាន​ប្រសាសន៍​ថា “​​​ដរាប​​​ណា​​​នៅ​តែ​គ្មាន​អ្វី​ឲ្យ​ពួកគេ​​​​ធ្វើ​នៅ​ទីនេះ ដរាបនោះ​​​ស្ត្រី​ក្មេងៗ​នឹង​ចេះ​តែ​បន្ត​ទៅ​ប្រទេស​ចិន។ ហើយ​ដរាប​​​ណា​​​ពួកគេ​​​​នៅ​តែ​ទៅ​ប្រទេស​ចិន ដរាប​​​នោះ​​​”ពួកគេ​​​​នឹង​ខក​ចិត្ត​ដោយសារតែ​ការ​ស្រមៃ​របស់​ខ្លួន​ផ្ទាល់”៕ រើន និង​​​និត​​​​​​​​​

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.