មន្ត្រី​នគរបាល​ទទួល​បញ្ជា​ឲ្យ​បើក​ប្រាក់​ពិន័យ​ដល់​នគរបាល​ចរាចរណ៍

កាលពី​ថ្ងៃ​ច័ន្ទ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ដោយ​មិន​ពេញ​ចិត្ត​ថា នគរបាល​ចរាចរណ៍​មិន​ទាន់​បាន​ទទួល​ចំណែក​ប្រាក់​របស់​ខ្លួន​ពី​ប្រាក់​ពិន័យ​ចរាចរណ៍​ដែល​សន្យា ហើយ​លោក​បាន​គំរាម​ទម្លាក់​សក្តិ​មន្ត្រី​នគរបាល​ជាន់​ខ្ពស់ ប្រសិនបើ​មិន​កែ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ទេ​នោះ។

កាលពី​ចុង​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​និយាយ​ថា នគរបាល​ចរាចរណ៍​នឹង​ទទួល​បាន​៧០​ភាគរយ​នៃ​ប្រាក់​ពិន័យ​ចរាចរណ៍​ដែល​ពួកគេ​ប្រមូល​បាន​ពី​អ្នក​បើកបរ គឺ​កើន​ពី​៥០​ភាគរយ​ដែល​ពួកគេ​បាន​ពី​មុន ជា​ផ្នែក​មួយ​នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ខែ​មករា។

ទោះជា​យ៉ាង​នេះ​ក្តី នៅ​ឯ​ពិធី​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ថ្ងៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា លោក ស ខេង បាន​មាន​ប្រសាសន៍​ថា ក្រុម​មន្ត្រី​រង់​ចាំ​យូរ​ពេក​ក្នុង​ការ​ទទួល​ចំណែក​ប្រាក់​ពិន័យ​ដំបូង​របស់​ខ្លួន​ពី​ខែ​មករា​និង​ខែ​កុម្ភៈ។

cam-photo-policeលោក​បាន​មាន​ប្រសាសន៍​ថា “រហូត​មក​ដល់​ពេល​នេះ ពួកគេ​មិន​ទាន់​ទទួល​បាន​ប្រាក់​នៅ​ឡើយ​ទេ ដូច្នេះ​តើ​វា​ទៅ​ណា? នេះ​ហើយ​ដែល​យើង​ហៅ​ថា​អយុត្តិធម៌។ ពួក​គាត់​មិន​ទទួល​បាន ទោះ​ជា​អ៊ីចឹង​ក៏​ដោយ ពួកគាត់​ខិត​ខំ​ធ្វើការ​កណ្តាល​ថ្ងៃ​ក្តៅ​ស្ទើរ​បែក​ក្បាល”។

លោក​បាន​មាន​ប្រសាសន៍​ថា “ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ហត្ថលេខា​លើ​[របាយការណ៍]​ថា [នគរបាល​ចរាចរណ៍]​បាន​ទទួល​ប្រាក់​ហើយ។ ខ្ញុំ​មិន​ជឿ​ទេ។ ក្នុង​ករណី​ចាំបាច់ ខ្ញុំ​នឹង​បញ្ជា​ឲ្យ​សវនករ​នគរបាល​ចុះ​ទៅ ពីព្រោះ​យើង​មិន​អាច​កុហក​ពួកគាត់​ទេ។ សូម្បី​ប្រជាជន​ក៏​ដឹង​ដែរ​ថា ប្រាក់​នេះ​នឹង​ត្រូវ​ឲ្យ​ទៅ​ពួកគាត់”។

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ថា “សូម ឯកឧត្តម យក​ចិត្ត​ទុកដាក់។ ហើយ​បើ​រក​ឃើញ​កន្លែង​ណា​ធ្វើ​ត្រឹមត្រូវ ខ្ញុំ​ឲ្យ​រង្វាន់ ត្រូវ​ឡើង​សក្តិ ឡើង​សក្តិ​ឲ្យ។ ប៉ុន្តែ​កន្លែង​ណា​ធ្វើ​មិន​ត្រឹមត្រូវ មិន​ត្រឹម​តែ​មិន​បាន​រង្វាន់ មិន​បាន​ឡើង​សក្តិ​ទេ អាច​នឹង​ត្រូវ​ពិន័យ​ហើយ​ថយ​សក្តិ​ទៀត”។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ហ៊ឹម យ៉ាន ដែល​ទទួល​ខុស​ត្រូវ​ចរាចរណ៍​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។ លោក ទី ឡុង អនុប្រធាន​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ។

លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា មន្ត្រី​នគរបាល​ចរាចរណ៍​របស់​លោក​បាន​ទទួល​ចំណែក​នៃ​ប្រាក់​ពិន័យ​របស់​ខ្លួន​ហើយ ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​ថា បាន​បើក​ប្រាក់​ឲ្យ​ពេល​ណា​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ធ្វើ​កិច្ចការ​របស់​ខ្ញុំ​ហើយ។ ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ទេ”។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​និយាយ​ថា លោក​ខ្វល់​ខ្វាយ​ក្នុង​ការ​ដោះស្រាយ​គ្រោះ​រាំង​ស្ងួត ប៉ុន្តែ​លោក​នឹង​ផ្តល់​ចំណែក​ប្រាក់​ទៅ​មន្ត្រី​របស់​លោក​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​បញ្ជូន​ប្រាក់​ទៅ​គណនី​ធនាគារ​របស់​ពួក​គាត់​ផ្ទាល់។ ខ្ញុំ​គិត​ថា ពួកគេ​នឹង​ទទួល​បាន​ប្រាក់​នៅ​ថ្ងៃ​ស្អែក ឬ ខាន​ស្អែក​នេះ”៕ និត

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.