គណបក្សប្រឆាំង​ពេញ​​ចិត្ត​​​ការ​​លើក​ឡើង​របស់លោក ស ខេង ពាក់​ព័ន្ធ​នឹង​ “បដិវត្តន៍​ពណ៌”

ចាប់តាំង​ពី​គណបក្ស​សង្គ្រោះជាតិ និង​អ្នកគាំទ្ររបស់ខ្លួន​បាន​ចេញ​​​​​​​តវ៉ា​​ភ្លូក​​ទឹក​​​​​ភ្លូក​​​ដី​​​តាម​​​ដង​ផ្លូវ​​​​​​ក្រោយ​ការ​បោះឆ្នោត​​ជ្រើស​តាំង​​​​តំណាង​​រាស្ត្រ​​​ឆ្នាំ​​២០១៣ ដ៏​​ចម្រូង​ចម្រាស​​​មក ថ្នាក់​​ដឹក​នាំ​​​ក្នុង​​​ជួរ​រដ្ឋាភិបាល​​របស់​​​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​អំពី​​ភាព​​​គ្រោះថ្នាក់​​នៃ​​​ “បដិវត្តន៍ពណ៌” ដឹក​នាំ​​​​ដោយ​​​គណបក្ស​​​ប្រឆាំង​ដែល​​អាច​​​​ទាញ​​​​​​​​ប្រទេស​​កម្ពុជា ឱ្យ​​​​​​ធ្លាក់​​​ចូល​​ក្នុង​ភាព​ចលាចល។

លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​​លើក​ឡើង​អំពីការគំរាម​​កំហែង​​​​​​​នេះ​​​ម្តង​ហើយ​ម្តងទៀត ដោយ​​​​​ហាម​​​​​​​ប្រាម​ការ​​​​ព្យា​យាម​​​​​​​បង្ក​ចលនា​​ប្រជា​ជន​​​​បែប​​នេះ និ​ង​​​​​ថែម​ទាំង​​ចាត់​តាំង​​​​​​​កង​​កម្លាំង​ប្រដាប់អាវុធ​ឱ្យ​​​​ធានា​​ថា​​បទ​បញ្ជា​របស់​លោក​​ត្រូវ​បាន​អនុវត្ត​​ទៀត​ផ​ង​​។

ប៉ុន្តែ​កាលពី​ថ្ងៃច័ន្ទ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បែរ​ជា​មាន​ប្រ​​សាសន៍​​ថា ការ​បះបោរ​របស់ប្រជាពលរដ្ឋ​​ប្រឆាំង​​​រដ្ឋាភិបាល​អាច​នឹង​​​កើត​មាន​​​លុះ​ត្រា​តែ​​​​ខ្លួន​​​​​​មិន​​​​ធ្វើ​​​តាម​ការ​​​ទា​ម​ទារ​របស់ប្រ​ជា​​​ពល​​រដ្ឋ​។

cam-photo-sar-khengលោកបាន​​​ថ្លែង​ទៅ​កាន់​ក្រុម​មន្ត្រី​​នគរ​បាល​​​​ក្នុង​​អង្គ​មិទ្ទិញ​មួយ​នៅ​​​​រាជ​ធានី​​ភ្នំ​ពេញ​​ថា “ខ្ញុំចង់​បញ្ជាក់ថា​ យោង​តាម​ការយល់​ឃើញ​​​របស់ខ្ញុំ​ បដិវត្តន៍​​​​​ពណ៌​​អាច​​នឹង​​កើត​មា​ន​​ដោយ​​សារ​ភាព​អសកម្មនៃ​​ការ​គ្រប់គ្រង​របស់​យើង។ ​​​បើ​​​​​ការ​គ្រប់គ្រងរបស់យើង​អាច​នឹង​​​រួម​​​​រស់​​​​បាន សុខ​សាន្ត​​ទាំង​អស់​គ្នា ​វា​គ្មាន​​ហេតុផល​​ត្រូវ​​​​ធ្វើ​​​បដិវត្តន៍​ពណ៌​​​​​​​នោះ​ទេ”។

លោក សុន ឆ័យ តំណាង​រាស្ត្រ​ជាន់​ខ្ពស់​​​​​​របស់​​គណ​បក្ស​​ប្រឆាំង បាន​ស្វាគមន៍​សុន្ទរក​​ថា​​​របស់​​​​លោក ​ស​ ខេង ​​​​ដែល​ជា​បុរស​​មាន​​ឥទ្ធិ​​ពល​​​ បំផុត​ទី​២ ​​ក្នុង​​​​​ជួរ​​​​​គណបក្ស​​កាន់​អំណាច​។ លោក​​​ថ្លែង​ថា “​ជា​​​ការ​​ពិត ការ​អត្ថាធិប្បាយ​​ និង​​ណែនាំ​​របស់​​គាត់​​ដល់​​​​ផ្នែក​នគរ​បាល ពិត​ជា​​សម​ហេតុ​​​ណាស់​។​ គាត់​​ទទួល​ស្គាល់​​ថា ជា​ទូទៅ​​​​ប្រជា​ពល​​រដ្ឋ​​ក្រោក​ឡើង​ប្រឆាំង​​​​រដ្ឋាភិបាល តែ​​​នៅ​​​​​​​​​ពេល​​​រដ្ឋាភិបាល​​​មិន​ផ្តល់​សេវា​​ល្អៗ​​ដល់​​ពួកគាត់​ប៉ុណ្ណោះ​ ហើយ​​វា​ពិត​​​ណាស់​​”។

ធ្វើ​ឡើង​​ស្រប​ពេល​មាន​​​​​​​​សំណុំ​​រឿង​​តុលា​ការ និង​ការ​​​ចាប់​​ខ្លួ​ន​អ្នក​នយោ​បាយ​​បក្ស​​ប្រឆាំង និង​​មន្ត្រី​​អង្គ​ការ​​សិទ្ធិ​មនុស្សជាច្រើន​​​​​ លោក​​ សុន ឆ័យ ​​មាន​​ប្រសាសន៍​​​​ថា​ ​វា​បង្ហាញ​​កាន់​​តែ​ច្បាស់​​​​ថា ​លោក ស ខេង គឺជា​​ ​​​​“មេដឹក​នាំ​​​ស័ក្តិសម​​ជាង​គេ​​​ក្នុងគ​​ណ​បក្ស​​​​កាន់​អំណាច​​​​ដោយ​​សារ​តែ​ការ​ប្តេជ្ញាចិត្ត​​ធ្វើ​​កំណែ​​ទម្រង់​របស់​​គាត់។ ​ខ្ញុំ​​គិត​ថា គាត់​​​ជា​​មនុស្ស​​មាន​​​ហេតុ​​​ផល ​បើ​​​ប្រៀបធៀប​​​ទៅ​​​​​មេដឹក​នាំ​​​ផ្សេង​​​​ទៀត​​​​​​​ដែល​​​​ពូកែ​​​​ខាង​​​​​​ចង្អុល​​​​​​​​​ដាក់​​​​​សាធារណ​​​ជន​​​​ដោយ​​​​មិន​​​​​​ទទួល​​​ស្គាល់​​​​​​ការ​​​​ទទួល​ខុស​​ត្រូវ​​​​របស់​​​ខ្លួន​​​”។

ទោះ​ជាយ៉ាង​ណា លោក សុខ ឥសាន ​អ្នក​នាំ​ពាក្យ​​គណ​បក្ស​​​​កាន់​អំណាច​​​បាន​​បក​ស្រាយ​​ថា លោក ស ​ខេង ​ណែនាំ​​មន្ត្រី​​​​​​ឱ្យ​​​​​គ្រប់​​​គ្រង​​​​​​​​​​​​ប្រកប​ដោយ​​​​​ប្រសិទ្ធ​ភាព ​ជា​​​ពិសេស​​​ដើម្បី​​​រា​រាំង​​គណ​បក្ស​​ប្រឆាំង​កុំ​​ឱ្យ​​​​​ញុះ​​ញង់​​​​បង្កបដិ​វត្តន៍​​​​​ស្រដៀង​នឹង​​​​​បដិ​វត្តន៍​​​​​ផ្កា​ម្លិះ​​ដែល​​​បាន​​​​​​រីក​រាល​​ដាល​ពេញ​​​តំបន់​មជ្ឈិម​បូព៌ា​​នៅ​​ឆ្នាំ​​២០១១។

លោក​​បាន​មាន​​​ប្រសាសន៍​ទៀត “​ប្រសិន​​បើ​​​​សេវា​​​សាធារណៈ​​​មិន​​ល្អ ហើយ​​​​​​​មិន​​​ដោះ​​ស្រាយ​​​​​បញ្ហា​​ដែល​ធ្ងន់​​ធ្ងរ​​ពាក់​ព័ន្ធ​​​​​​ប្រជា​​ពល​​រដ្ឋ​​ឱ្យបាន​​​​​ទាន់​ពេលវេលាទេ​នោះ ក្រុម​​​ប្រឆាំង​​​​នឹង​​​​​​ឆក់​ឱកាស​នេះ​​​​​​​​បង្កើត​​អំណាច​​​ដើម្បី​​ទម្លាក់​​រដ្ឋាភិបាល​ស្រប​ច្បាប់​​តាម​រយៈ​​ការ​​ប្រើ​​កម្លាំង​​​​​​ប្រជា​ជនដូច​ដែល​​​​​​​​​​​អ្នក​​​​​​​បា​ន​ឃើញ​​​នៅ​​​មជ្ឈិម​​បូព៌ា​ ​និង​​អាហ្វ្រិក​ខាង​​ជើង ដែល​គេ​ស្គាល់​​ថា ‘បដិវត្តន៍​ពណ៌’”។

ទោះ​បី​​​ជា​​​​ញឹក​ញាប់​​​​​ថ្នាក់​​​ដឹក​នាំ​​គណ​បក្ស​ប្រ​ជា​ជន​​​​កម្ពុជា ​បាន​​​​​ប្រើ​ប្រាស់​​ពាក្យ​ថា “បដិវត្តន៍​​ពណ៌​” ជា​​មួយ​​​​​​​ការ​​​ព្រមាន​​​​​​អំពី​ភាព​ចលាចល និង​​​​សង្គ្រាមដែល​​​​ជា​​ញឹក​​ញាប់​បាន​​​​កើត​ឡើង​​​ក្រោយ​​​បដិ​វត្តន៍​​ផ្កា​​ម្លិះ​​​យ៉ាង​ណា​​​ក្តី ក៏​ពាក្យ​​​នេះ​ជា​​​​ទូទៅ​សំដៅ​​​ដល់​​​​​​​​​​ការ​​​ផ្លាស់​ប្ដូររបប​​​​​តាម​​រយៈ​​​ការ​​តវ៉ា​​​​​​​​​​​​​​​ដោយ​​​​សន្តិ​វិធី​​​​​​​​ដូចដែល​​​​​​​​​​​ឃើញ​​​​​កើត​ឡើង​នៅ​អឺរ៉ុប​​ខាង​​​​​កើត​​ ក្នុង​​រយៈ​ពេល​​​​ប៉ុន្មាន​​ទស​វត្សរ៍​ថ្មីៗ​នេះ​។

លោក កែម ឡី ប្រធាន​​ក្រុម​តស៊ូ​មតិ​នយោ​​បាយ​ខ្មែរ​ដើម្បី​ខ្មែរ​ បាន​លើក​ឡើង​ថា ទោះ​បី​ជា​លោក ស ខេង ​មាន​លក្ខណៈ​​ខុស​​ប្លែក​ពី​​មាគា៌​របស់​បក្ស​កាន់​អំណាច​ក្ដី ក៏​លោក​នៅ​តែ​មាន​មន្ទិល​ចំពោះ​ការ​ចង់​ធ្វើ​កំណែទម្រង់​​ប្រជាធិបតេយ្យ​​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​។

លោក​បាន​បន្ត​ថា ”​ល្បែង​នយោបាយ​​ដែល​​​ខ្ញុំ​បាន​សង្កេត​ឃើញ​​​ក្នុង​រយៈ​ពេល​​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​បន្ទាប់ពី​ការ​បោះ​ឆ្នោត​​លើក​ទី១​ វា​គ្រាន់​តែ​បង្កើត​ឲ្យ​មាន​តួអង្គ​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ” ហើយ​ថា ជា​ញឹកញាប់​លោក ស ខេង ​​ធ្វើ​ឲ្យ​​គណបក្ស​មាន​មុខ​មាត់​ល្អ។

លោក​បាន​បន្ត​ថា ”ខ្ញុំ​អាច​និយាយ​បាន​ថា [មាន​] តួអង្គ​ចិត្ត​ល្អ និង​តួអង្គ​ចិត្ត​អាក្រក់។ នេះ​ជា​ការ​សង្កេត​របស់​ខ្ញុំ​ ពួកគេ​ដើរ​តួ​ខុស​គ្នា​ ប៉ុន្តែ​ស្ថិត​ក្នុង​ទិសដៅ​តែ​មួយ​​ដើម្បី​គ្រប់​គ្រង​ប្រទេស​ដោយ​មិន​ចាំបាច់​​​អនុវត្ត​តាម​មាគា៌​​លទ្ធិប្រជាធិបតេយ្យ​”៕​សុខុម

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.