ប្រវត្តិវិទូនិយាយ​​​ថា នឹង​​​គ្មាន​​​នរណា​​​អាច​​​យក​​​ឈ្នះ​​​លោក ហ៊ុន សែន

លោក ដេវិឌ ឆាណ្ឌល័រ ​​​ប្រវត្តិ​​​វិទូ​​​បរទេស​​​ដ៏​​​លេច​​​ធ្លោ​​​​​​ដែល​​​សិក្សា​​​ពី​​​ប្រវត្តិ​​​​សាស្ត្រ​របស់​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ជឿ​​​ថា ប្រទេស​​​កម្ពុជា​​​នឹង​​​មិន​​​ទទួល ​​​បាន​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​ឡើយ​​​ ហើយ​​​ថា ការ​​​ផ្លាស់​​​ប្តូរ​​​ផ្នែក​​​នយោ បាយ​​​អាច​​​កើត​​​មាន​​​ទៅ​​​បាន​​​មាន​​​តែ​​​តាម​​​រយៈ​​​ការ​​​ផ្តួល​​​រំលំ​​​ប្រដាប់​​​អាវុធ​​​ ឬ​​​ការ​​​ស្លាប់​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ​​​។

នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​ជា​​​មួយ​​​វិទ្យុ​​​សំឡេង​​​សហរដ្ឋ​​​អាមេរិក​​​ (VOA) ដែល​​​ចេញ​​​ផ្សាយ​​​តាម​​​អីុនធឺណិត​​​កា​​​ល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ លោក  ដេវិឌ ឆាណ្ឌល័រ ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ជា​​​គូ​​​ ប្រជែង​​​ដ៏​​​ងាយ​​​ស្រួល​​​សម្រាប់​​​លោក ហ៊ុន សែន ក្នុង​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​មក​​​នេះ​​​ ហើយ​​​ថា លោក​​​​​​គិត​​​ថា ​​​អ្វីៗ​​នឹង​​​មិន​​​​ផ្លាស់​​​ប្តូរ​​​ឡើយ​​​​​​។

cam-photo-chandler_WEB-ONLYលោក​​​បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​នោះ​​​ថា “ហ៊ុន សែន ​​​អាច​​​គ្រប់​​​គ្រង​​​អ្វីៗបាន​​​ គឺ​​​អាច​ចាប់​​​ខ្លួន​​​គាត់​​​ក៏បាន ដោះ​​​លែង​​​គាត់ក៏បាន​​​​ ហើយ​​​ម្យ៉ាង​​​វិញ​​​ទៀត​​​ក៏​អាច​​​លេង​​​ល្បែង​​ជា​​​មួយ​​​​គាត់​បាន​ដែរ​​​​។ គាត់​​​ធ្វើ​​​ដូច្នោះ​​បាន ​ហើយ​​​​​​មនុស្ស​​​ [របស់​​​លោក សម រង្ស៊ី]  ​​​គ្មាន​​​កាំភ្លើង​​​ទេ​​​”។

លោក​​​បាន​​​​​​បន្ថែម​​​ថា “ខ្ញុំ​​​មិន​​​ដែល​​​និយាយ​​​តាម​​​កម្មវិធី​​​របស់​​​អ្នក​​​ ឬ​​​កន្លែង​​​ណា​​​ផ្សេង​​​ថា ហ៊ុន សែន​​​ គួរ​​​តែ​​​ត្រូវ​​​បាន​​​ផ្តួល​​​រំលំ​​​ដោយ​​​កង​​​កម្លាំង​​​ទេ​​​ ប៉ុន្តែ ទោះ​​​ជា​​​យ៉ាង​​​ណា​​​គាត់​​​នឹង​​​មិន​​​ត្រូវ​​​បាន​​​ផ្តួល​​​រំលំ​​​នោះ​​​ឡើយ​​​”។

មុន​​​ពេល​​​ទទួល​​​ស្គាល់​​​ថា ទស្សន​​​របស់​​​ខ្លួន​​​​ស្តី​​​អំពី​​​ឱកាស​​​ផ្លាស់​​​ប្តូរ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គ្មាន​​​ “សុទិដ្ឋិនិយម​​​” ទេនោះ លោក ដេវិឌ ​​​ឆាណ្ឌល័រ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា តាម​​​ពិត​​​ទៅ​​​លោក ហ៊ុន សែន ខ្លាច​​​ចាញ់​​​ការ​​​បោះ​​​ឆ្នោត​​​ ប៉ុន្តែ​លោក​នឹង​​​មិន​​​បណ្តោយ​​​ឲ្យ​​​បញ្ហា​​​ហ្នឹង​​​កើត​​​ឡើង​​​ទេ​​​ ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “បើ​​​មាន​​​សុទិដ្ឋិនិយម​​​ គឺមាន​​​ន័យ​​​ថា មាន​ការ​​​ផ្លាស់​​​ប្តូរ​​​​​ផ្នែក​​​នយោ​​​បាយ​​​​​​ដែល​​​នឹង​​​បង្កើត​​​ឲ្យ​​​មាន​​​រដ្ឋាភិបា​​​ល​​​កាន់​​​តែ​​​សេរី​​​មួយ​​​ដែល​​​រដ្ឋ​​​សភា​​​មាន​​​អំណាច​​​​​​ដូច​​​ដែល​​​មាន​​​ចែង​​​ក្នុ​​​ងរដ្ឋធម្មនុញ្ញ​​​។ ខ្ញុំ​​​មើល​​​មិន​​​ឃើញ​​​ថា នឹងមានការ​ផ្លាស់ទេ​ ដរាប​​​ណា​​​លោក ហ៊ុន សែន នៅ​​​តែ​​​មាន​​​ជីវិត​​​”។

លោក​​​បាន​​​ថ្លែង​​​បន្ត​​​ថា “គាត់​​​បាន​​​ចាប់​​​ផ្តើម​ពិភាក្សា​​​ពីរ​​​បី​​​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែ គាត់​​​មិន​​​ជឿ​​​ជាក់​​​លើ​​​វា​​​ទេ​​​។ វា​​​មិន​​​មែន​​​ជា​​​​​ស្ទីល​របស់​​​គាត់​​​។ ឯកវាទ​​​គឺ​​​ជា​​​ស្ទីល​រ​បស់​​​គាត់​​​។ ហើយ​​​វា​​​គឺ​​​ជា​ស្ទីល​​​​របស់ សីហនុ និង​​​ស្ទីល​របស់​​​ជ័យ​​​វរ្ម័ន​​​ទី៧។ ពួកគាត់​​​​ទាំង​​​នោះ​​​មិន​​​​​​ពិភាក្សា​​​ទេ​​​”។

កាល​​​ពី​​​ខែ​​​តុលា​​​ មួយ​​​ខែ​​​មុន​​​ពេល​​​លោក ​​​សម រង្ស៊ី និរទេស​​​ខ្លួន​​​​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​បារាំង​​​វិញ បន្ទាប់​​​ពី​​​រដ្ឋាភិបាល​​​ចាប់​​​ផ្តើម​​​សើ​​​រើ​ឡើង​​​វិញ​​​នូវ​​​​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​របស់​​​គាត់​​​ពី​​​បទ​​​បរិហារ​​​កេរ្តិ៍​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​បាន​​​គំរាម​​​​​​ថា​​​នឹង​​​មាន​​​សង្គ្រាម​​​ ពោល​​​គឺ​​​របប​​​ខ្មែរ​​​ក្រហម​​​និង​​​ការ​សម្លាប់​​​រង្គាល​​​នឹង​​​ត្រឡប់​​​មក​​​វិញ ​​​ប្រសិន​​​បើ​​​គណបក្ស​​​្​​​ប្រឆាំង​​​ឈ្នះ​​​ឆ្នោត​​​ក្នុង​​​ឆ្នាំ​​​២០១៨​​​។

លោក​​​ ហ៊ុន សែន បាន​​​អះ​​​អាង​​​ថា លោក​​​ប៉ុល សារឿន មេ​​​បញ្ជា​​​ការ​​​យោធា​​​ និង​​​លោក ​​​នេត សាវឿន អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ នឹង​​​ងើប​​​ឡើង​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ប្រសិន​​​បើ​​​គណបក្ស​​​នេះ​​​ឡើង​ជំនួស​​​​​​​​​ពួក​​​គាត់​​​​ ជា​​​ការ​​​លើក​​​ឡើង​​​ដែល​​​អ្នក​​​អង្កេត​​​ការ​​​ណ៍​និយាយ​​​ថា វា​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​គ្មាន​​​បំណង​​​បោះ​​​បង់​​​អំណាច​​​នោះ​​​ឡើយ​​​។

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ក៏​​​បាន​​​ចាត់​​​វិធានការរក​​​វិធី​​​គ្រប់​​​គ្រង​​​លើ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​ (គ.ជ.ប.)​​​ ថ្មី​ផង​​​ដែរ​​​​​​ ដោយ​​​បាន​​​តែង​​​តាំង​​​លោក ទេព នីថា ​​​ដែល​​​ជា​​​អ្នក​​​គាំ​​​ទ្រ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ឲ្យ​​​កាន់​​​តំណែង​​​ជា​​​អគ្គលេខាធិការ​​​ គ.ជ.ប. សាជាថ្មី ហើយ​​​លោក​​​ នី ចរិយា ដែល​​​ជា​​​អគ្គ​​​លេខាធិការ​​​រង​​​និង​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​ចាត់​​​ទុក​​​ថា ជា​​​បុគ្គល​​​ឯក​រាជ្យ​​​ដែល​​​ឃ្លាំ​​​មើល​​​អំណាច​​​គ្រប់គ្រង​​​​របស់​​​លោក ទេព នី​​​ថា នោះ ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ចុង​ខែ​​​មុន​​​។

ប៉ុន្តែ លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មិន​​​គួរ​​​​​​លើក​​​យក​​​​​​អតីត​​​កាល​​​មក​​​ធ្វើ​​​ការ​​​ព្យាករ​​​អំពី​​​អនាគត​​​របស់​​​កម្ពុជា​​​ឡើយ ដោយ​​​អះ​​​អាង​​​ថា បរិយាកាស​​​នយោបាយ​​​ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​ត្រូវ​តែ​ដោះស្រាយ​​​ក្នុ​​​ងពេល​​​នេះ​​​ គឺ​​​វា​​​ខុស​​​គ្នា​​​ស្រឡះ​​​ពី​​​បរិយាកាស​​​នយោបាយ​​​ដែល​​​លោក​​​​​​នាយក​​​រដ្ឋមន្ត្រី​​​ធ្លាប់​​​បាន​​​ចរចា​​​​​​បាន​​​យ៉ាង​​​ល្អ​នា​​​ពេល​​​កន្លង​​​មក​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”នយោ​​​បាយ​​​​​​ មិន​​​មែន​​​ជា​​​ជោគ​​​វាសនា​​​​​​ដែល​​​ប្រាប់​​​អំពី​​​ស្ថាន​​​ភាព​​​មិន​​​ប្រែ​​​ប្រួល​​​ក្នុង​​​ពេល​​​មួយ​​​នា​​​ថ្ងៃ​​​អនា​​​គត​​​​​​ដែល​​​មិន​​​អាច​​​កំណត់​​​បាន​​​ជា​​​មុន​​​នោះ​​​ឡើយ ហើយ​​​​​​មិន​​​អាច​​​ផ្លាស់​​​ប្តូរ​​​​​បានទេ​ បើ​​​ទោះ​ជាយើង​​ធ្វើ ឬព្យាយាម​​​ធ្វើ​​​មុន​​​ពេល​​​​​​រឿង​​​​ហ្នឹង​កើត​​​ឡើង​ក៏ដោយ​​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “តាម​​​ពិត​​​ទៅ​​​នយោ​​​បាយ​​​គឺ​​​ជា​​​ដំណើរ​​​ការ​​​យ៉ាង​​​សកម្ម​​​ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​គឺជា​​​អ្នក​​​កំណត់​​​ជោគ​វាសនា​​​របស់​​​វា​​​​តាម​​​លទ្ធភាព​​​ដែល​​​ខ្លួន​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​… ប្រកប ដោយភាពឆ្លាតវៃ​និង​ប្រសិទ្ធ​​​ភាព​​​​លើកត្តា​​​​វត្ថុ​​​បំណង​​​ដែល​កំណត់​ជោគវាសនា​ហ្នឹង​”។

លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ទៀត​​​ថា រឿង​​​ដ៏​​​អាក្រក់​​​បំផុត​​​នោះ​​​គឺ​​​ការ​​​ដែល​​​សហ​​​គមន៍​​​អន្តរជាតិ​​​​​​​​​ឥឡូវនេះ​បោះ​​​បង់​​​ចោល​​​​​​​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​នៅកម្ពុជា​​ ដោយ​​​ទុក​​​ឲ្យ​​​ គ.ជ.ប.ថ្មី​​​ (ប៉ុន្តែ​​​នៅ​​​តែ​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​​​ គ្រង​​​របស់​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​) ជាអ្នក​គ្រប់គ្រង​រៀបចំ​​​​ការ​​​​បោះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​​​២០១៨​​​ ​​​ដោយភាពមិនស្មោះត្រង់​ “ដូច្នេះ​​​​​​វា​​​ធ្វើ​​​ឲ្យ​​​ការ​​​ព្យាករ​​​​របស់​​​លោក ដេវិឌ ឆាណ្ឌល័រ ​​​ក្លាយ​​​ជា​​​ការ​​​ពិត”។

លោក​​​បាន​​​ថ្លែង​​​ថា “ការ​​​​​​​​​ដែល​​​បញ្ហា​​​ប្រឈម​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​សនារីយ៉ូ​​​​​​ដ៏​​​អាក្រក់​​​​​​​កំពុង​​​ត្រូវ​​​បាន​​​បង្ហាញ​​​ ឬ​​​វិភាគ​​​ដោយ​​​មាន​​​ផែន​​​ការ​​​ពាក់​​​ព័ន្ធ​​​ត្រូវ​​​បាន​​​ប្រឌិត​​​ឡើង និង​​​អនុវត្ត​​​ដើម្បី​​​ប្រឆាំង​​​ពួក​​​គាត់​​​ គឺ​​​កំពុង​​​តែ​​​ជួយ​​​កាត់​​​បន្ថយ​​​ និង​​​​​អាច​ទប់​​​ស្កាត់​​​ការ​​ដែលអាច​​​កើត​​​មាន​សេនា​រីយ៉ូ​​​ដ៏​​​អាក្រក់​​​នោះ​​​”។

​​​​​​ទោះ​​​បី​​​ជា​​​មាន​​​ការ​​​គំរាម​​​ពី​​​លោក ​​​ហ៊ុន ​​​សែន ហើយ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ខិត​​​ខំ​​​ពង្រឹង​​​ការ​​​គ្រប់​គ្រង​លើ​​​បរិយាកាស​​​​​នយោ​​​បាយ​​​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ក៏​​​ដោយ​​​​​​ ក៏​រដ្ឋាភិបាល​​​បាន​​​សន្យា​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​​​​ថា នឹង​​​ធានា​​​ឲ្យមាន​ការ​​​បោះ​​​ឆ្នោត​​​​​​​សេរី​​​ និង​​​យុត្តិ​​​ធម៌​​​នៅ​​​ឆ្នាំ​២០១៨​ដែរ​ ដោយ​​​លើក​​​ឡើង​​​ថា ខ្លួន​​​មិន​​​ចង់​​​ឲ្យ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ការតវ៉ា​ដូច​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ម្តង​​​ទៀត​​​ឡើយ​​​​​​។

លោក​​​ សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន​​​ថា “មិន​​​ថា លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ទៅ​​​ជា​​​យ៉ាង​​​ណា​​​ទេ​​​ យើង​​​នឹង​​​ទទួល​​​យក​​​។ យើង​​​ គោរព​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​”។

លោក គល់ បញ្ញា ​​​នាយក​​​ប្រតិបត្តិ​​​នៃ​​​គណៈកម្មាធិការ​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា​​​ (ខុមហ្វ្រែល​​) ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ដែល​​​លោក ​​​ដេវិឌ ​​​ឆាណ្ឌល័រ គ្មាន​​​ជំនឿ​​​​លើលទ្ធភាព​នៃការ​ដែល​អាច​កើតមាន​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​​នោះ​​​​​​គឺជា​​​រឿង​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​ហ៊ុន សែន ត្រូវ​​​គិត​ពី​​​ស្ថិរភាព​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​ និង​​​ប្រយោជន៍​​​របស់​​​អភិជន​​​ខណៈ​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​ឆ្នាំ​២០១៧​​​និង​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​ឆ្នាំ​​​២០១៨​​​កាន់​​​តែ​​​ខិត​​​ជិត​​​មក​​​ដល់​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ឥឡូវ​​​ កម្ពុជា​​​មិន​​​មែន​​​រស់​នៅ​​​តែ​​​ឯង​​​ទេ ប៉ុន្តែ យើង​​​បាន​​​​​​ធ្វើ​​​សមាហរណកម្ម​​​ជាមួយ​​​​​​ពិភព​​​លោក ​​​និង​​​តំបន់​​​ នេះ​ជា​​​កត្តា​​ជំរុញ​​​ប្រទេស​​​​​​។ ​​​ប្រទេស​​​ជា​​​ច្រើន​​​កំពុង​​​តែ​​​ផ្លាស់​​​ប្តូរ​​​ទៅ​​​រក​​​កំណែ​​​ទម្រង់​​​នយោបាយ​​​ដើម្បី​​​ឆ្លើយ​​​តប​​​​​​នឹង​​​តម្រូវ​​​ការ​​​នៃ​​​សេដ្ឋកិច្ច​​​សេរី​​​ភាវូបនីយកម្ម​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “ប្រសិន​​​បើ​​​គ្មាន​​​ភាព​​​ស្រប​​​ច្បាប់​​​ទេ​​​ តើ​​​គេ​​​ដោះ​​​ស្រាយ​​​នឹង​​​បញ្ហា​​​ប្រឈម​​​ដូច​​​ម្តេច​​​នៅ​​​ពេល​​​ប្រជា​​​ពល​​​រដ្ឋ​​​តវ៉ា​​​?”។

លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​​​​អាច​​​មិន​​​ជឿ​​​លើ​​​ការ​​​ព្យាករ​​​របស់​​​លោក ដេវិឌ ​​​ឆាណ្ឌល័រ ​​​​​​ បាន​​ទេ ​​​បើ​​​ផ្អែក​​​លើ​​​ការ​​​គាប​​​សង្កត់​​​​​​ ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​របស់​​​រដ្ឋាភិបាល​​​លើ​​​ក្រុម​​​ប្រឆាំង​​​​​​ ប៉ុន្តែ ថា ការ​​​ផ្លាស់​​​ប្តូរ​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​របស់​​​ប្រទេស​​​ផ្តាច់​​​ការ​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​អាស៊ី​​​អាគ្នេយ៍​​​ គឺជា​​​ហេតុ​​​ផល​​​សុទិដ្ឋិនិយម​​​​​។

លោក​​​ គល់ បញ្ញា បាន​​​លើក​​​ឡើង​​​ថា ​​​”សេនារីយ៉ូ​​​ដ៏​​​អាក្រក់​​​បំផុត​​​​​​ គឺ​​​នូវ​​​តែ​​​ដូច​​​អ្វី​​​ដែល​​​គាត់​បាន​​​បង្កើតឡើង​ ប៉ុន្តែ ខ្ញុំ​​​នៅ​​​តែ​​​មាន​​​សង្ឃឹម​​​។ ឧទាហរណ៍​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​មីយ៉ាន់ម៉ា​​​ប្រជាពល​​​រដ្ឋ​​​ជា​​​ច្រើន​​​គ្មាន​​​សង្ឃឹម​​​ទាល់​​​តែ​​​សោះ​​​ ប៉ុន្តែ ​​​មាន​​​ចលនា​​​ផ្លាស់​​​ប្តូរ ​​​ហើយ​​​ប្រជា​​​ពល​​​រដ្ឋ​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “កម្ពុជា​​​ក៏​​​កំពុង​​​តែ​​​ផ្លាស់​​​ប្តូរ​​​​​ដែរ​​​។ យើង​​​នៅ​​​ត្រូវ​​​ការ​​​ការ​​​គាំទ្រ​​​​​​ពី​​​សហគមន៍​​​អន្តរជាតិ​​​ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា យើង​​​ធ្វើ​​​ដំណើរ​​​ឆ្ពោះទៅរក​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​។ ​មិន​​​ទាន់​​​បាត់​​​បង់​​​ក្តី​​​សង្ឃឹម​​​នៅ​​​ឡើយ​​​ទេ​​​”៕ស៊ុយឈាង

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.