ក្រោយ​ អូបាម៉ា ចប់​អាណត្តិ លោក ហ៊ុន សែន ប្រឈម​​យុទ្ធ​សាស្ត្រ​​អាមេរិក​ដែល​មិន​ប្រាកដ​​​​ប្រជា

វាបង្ហាញយ៉ាងច្បាស់ថាកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកដែលរៀបចំឡើងនៅក្នុងទីក្រុងដាវ៉ូស ដឹងថាលោកមានអារម្មណ៍បែបណាចំពោះលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និង”គោលនយោយបាយងាកមករកអាស៊ី” របស់រដ្ឋាភិបាលលោក។

លោកបានថ្លែងក្នុងកិច្ចពិភាក្សាមួយដែលមានឈ្មោះថា “ការបង្កើតអត្តសញ្ញាណ៖ តើអាស៊ានជាសហគមន៍ហើយឬនៅ?” ថា “ខ្ញុំនិយាយដោយសារថ្ងៃនេះលោក អូបាម៉ា នឹងចាកចេញពីតំណែងរបស់គាត់។ គោលនយោបាយងាកមករកអាស៊ី អាស៊ីប៉ាស៊ីហ្វិករបស់ប្រធានាធិបតី អូបាម៉ា បាននាំកមនូវភាពស្មុគស្មាញដល់តំបន់អាស៊ី”។

លោកមានប្រសាសន៍ទៀតថា “ខ្ញុំនិយាយតាមត្រង់ទៅចុះថា ខ្ញុំមិនសប្បាយចិត្តទេដែលរិះគន់គោលនយោបាយ [អាមេរិក] ងាកមករកអាស៊ី ហើយខ្ញុំកោតសរសើរគោលនយោបាយរបស់លោគ ឌូទើតេ ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន” ហើយការលើកឡើងបែបនេះទំនងជាសំដៅដល់ការប្រកាសរបស់លោក ឌូទើតេ កាលពីខែតុលាថា លោក “នឹងផ្ដាច់ខ្លួន” ចេញពីសហរដ្ឋអាមេរិកដើម្បីចូលរួមជាមួយប្រទេសចិន និងរុស្ស៊ីនៅក្នុងសណ្ឋាប់ធ្នាប់ពិភពលោកថ្មី។

លោក ហ៊ុន សែន បានលើកឡើងថា លោកអន់ចិត្តយ៉ាងខ្លាំងដែលកម្ពុជារងការរិះគន់យ៉ាងច្រើនដោយសារការបំផ្លាញផែនការរបស់ប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដែលខំប្រឹងបង្ហាញពីកម្លាំងរួបរួមសាមគ្គីប្រឆាំងនឹងការអះអាងសិទ្ធិកាន់កាប់ទឹកដីរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង។

cam-photo-USលោកថ្លែងថា “ពេលនេះយើងកំពុងតែបោះជំហានឆ្ពោះទៅមុខ ប៉ុន្តែជម្លោះនេះមានការជ្រៀតជ្រែកពីអ្នកក្រៅ។ បើយើងទុកឱ្យប្រទេសពាក់ព័ន្ធជជែកគ្នា ខ្ញុំយល់ថាវាប្រសើរជាង។ ខ្ញុំនិយាយបែបនេះក្នុងគោលបំណងការពារទំនាក់ទំនងរវាងអាស៊ាន និងចិន ពីព្រោះមានពាណិជ្ជកម្ម និងផលប្រយោជន៍ធំៗណាស់សម្រាប់ប្រទេសពាក់ព័ន្ធទាំងអស់”។

នៅក្នុងចំណុចចុងក្រោយនេះហើយ (ការការពារផលប្រយោជន៍របស់ប្រទេសចិន ដើម្បីភាពជោគជ័យនៃសេដ្ឋកិច្ចតំបន់) ដែលលោក ហ៊ុន សែន ទំនងជាយល់ថា ពួកគេមិនយល់ស្របនឹងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកដែលរូបលោកក៏ជាអ្នកគាំទ្រម្នាក់ដែរនៅមុនការបោះឆ្នោតកាលពីខែវិច្ឆិកា។

លោក ដូណាល់ ត្រាំ និងលោក រិក ធីល័រសុន (Rex Tillerson) អតីតនាយកប្រតិបត្តិក្រុមហ៊ុន អុិចសន (Exxon) ដែលជាបេក្ខភាពរដ្ឋមន្ត្រីការបរទេសរបស់លោក ធ្លាប់បាននិយាយរួចមកហើយអំពីការបង្ខំប្រទេសចិនឱ្យបញ្ឈប់ការសាងសង់កោះរបស់ខ្លួននៅសមុទ្រចិនខាងត្បូង និងថែមទាំងរារាំងចិនមិនឱ្យចូលទៅកាន់កោះទាំងនោះទៀតផង ការដាក់វិធានការពាណិជ្ជកម្មគាំពារនិយមទៅលើទំនិញ និងសេវាកម្មរបស់ចិន និងការស្ដារឡើងវិញនូវទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ដែលជាការប្រមាថចំពោះគោលនយោបាយចិនតែមួយ។

ទោះជាយ៉ាងណា ការដោះដូរសម្រាប់បណ្ដាសម្ពន្ធមិត្តអាស៊ីអាគ្នេយ៍របស់ចិន ប្រហែលជាសហរដ្ឋអាមេរិកត្រូវបន្តគោលនយោបាយដែលសង្កត់ធ្ងន់បន្ថែមទៀតពីកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាជាងកិច្ចប្រឹងប្រែងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលបានក្លាយជាបន្លានៅក្នុងកែវភ្នែករបស់ភាគីខាងលោក ហ៊ុន សែន ជាយូរមកហើយ នេះបើយោងតាមប្រសាសន៍របស់លោក ចូស្សួ ឃើលែនស៊ិក (Joshua Kurlantzick) អ្នកជំនាញខាងអាស៊ីអាគ្នេយ៍មកពីអង្គការក្រុមប្រឹក្សាទំនាក់ទំនងការបរទេស (Council on Foreign Relations)។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ខ្ញុំមិនដឹងប្រាកដទេ ប៉ុន្តែខ្ញុំរំពឹងថា សម្ពាធលើបញ្ហាសមុទ្រចិនខាងត្បូងនឹងថយចុះ ប្រសិនបើសហរដ្ឋអាមេរិកបន្ថយសម្ពាធលើលោក ហ៊ុន សែន ទាក់ទងបញ្ហាសិទ្ធិមនុស្ស ហើយសរុបមកគឺថា លោក ហ៊ុន សែន នឹងចាត់ទុកជំនួញនេះជាការដោះដូរដែលលោកពេញចិត្ត”។

លោកលើកឡើងទៀតថា “ហើយបើប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងទៀតដូចហ្វីលីពីនជាដើមមិនតវ៉ាខ្លាំងពេកទាក់ទិនភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិននៅសមុទ្រចិនខាងត្បូងទេនោះ ពេលនោះវានឹងមិនសូវធ្វើឱ្យលោក ហ៊ុន សែន ស្ថិតក្នុងស្ថានភាពពិបាកឡើយ។ ជាការពិតណាស់ ប្រទេសវៀតណាមនឹងរុញច្រានមកវិញជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដូច្នេះលោក ហ៊ុន សែន នឹងស្ថិតក្នុងស្ថានភាពពិបាក ប៉ុន្តែជារួមខ្ញុំយល់ថា រដ្ឋាភិបាលថ្មីនេះនឹងបង្កើតអត្ថប្រយោជន៍របស់គាត់”។

លោក ខាលីល ថាយ័រ (Carlyle Thayer) ជាសាស្ត្រាចារ្យ និងជាអ្នកជំនាញខាងកិច្ចការអាស៊ីអាគ្នេយ៍នៅរាជបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលីបានគូសបញ្ជាក់ថា នៅពេលមានការប្រឆាំងជំទាស់ក្នុងឆ្នាំ២០១២ ដែលនៅពេលនោះរដ្ឋាភិបាលក្រុងភ្នំពេញ គឺជាភាគីក្រៅជម្លោះក្នុងតំបន់អាស៊ាន ដែលបានបង្ហាញការគាំទ្រផ្នែកការទូតរបស់ខ្លួនដល់ប្រទេសចិន ទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់បានប្រែប្រួលភ្លាមៗមួយរំពេច។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ប្រធានាធិបតី ឌូទើតេ បានផ្លាស់ប្ដូរគោលនយោបាយរបស់ហ្វីលីពីន។ នាយករដ្ឋមន្ត្រី ណាជីប នៃប្រទេសម៉ាឡេស៊ីកំពុងព្យាយាមបង្ហាញការគាំទ្រដល់រដ្ឋាភិបាលក្រុងប៉េកាំង។ ហើយប្រទេសវៀតណាមទើបតែបានបញ្ជូនប្រធានបក្សរបស់ខ្លួនទៅកាន់ក្រុងប៉េកាំង ដើម្បីស្វែងរកការធានាជាថ្មីថា ប្រទេសចិននឹងធ្វើដាក់វៀតណាមដោយភាពអត់ធ្មត់”។

លោកបានលើកឡើងទៀតថា ”កម្ពុជានឹងយល់ថា វាជាការល្អបើខ្លួនចូលរួមថ្កោលទោសភាពក្អេងក្អាងរបស់សហរដ្ឋអាមេរិក និងការគំរាមកំហែងរបស់ប្រទេសនេះចំពោះស្ថិរភាពតំបន់” ហើយថា រដ្ឋាភិបាលរបស់លោក ត្រាំ ទំនងជាមើលឃើញតំបន់នេះថាមានតួនាទីតិចតួច ឬគ្មានសោះនៅក្នុងការសម្រេចកិច្ចការអាទិភាពក្នុងគោលនយោបាយបរទេសរបស់ខ្លួន។

លោកបានគូសបញ្ជាក់ថា “រដ្ឋាភិបាលរបស់លោក ត្រាំ នឹងមិនផ្ដល់អាទិភាពដល់តំបន់អាស៊ីអាគ្នេយ៍ឡើយ កុំថាឡើយកម្ពុជា” ហើយកិច្ចការអាទិភាពគឺការកម្ចាត់ក្រុមរដ្ឋអុិស្លាម (ISIS) ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី និងការចរចាឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្ម និងតម្លៃរូបិយប័ណ្ណជាមួយប្រទេសចិន។

លោកបានបន្តថា “តៃវ៉ាន់ គឺមិនមែនអាស៊ីអាគ្នេយ៍នោះទេ  ដែលជាចំណុចដ៏សំខាន់សម្រាប់ទំនាក់ទំនងនាពេលអនាគតរបស់លោក ត្រាំ ជាមួយប្រទេសចិន។ លោក ត្រាំ គឺជាមនុស្សប្រាកដនិយម នៅពេលវាយតម្លៃអំពីទំនាក់ទំនងអំណាច ហើយកម្ពុជាទំនងជាមិនត្រូវគាត់យកទៅគិតផងទេ”។

ប្រទេសកម្ពុជាបានធ្វើឱ្យមជ្ឈដ្ឋានជាច្រើនភ្ញាក់ផ្អើលកាលពីសប្ដាហ៍មុន នៅពេលខ្លួនប្រកាសលុបចោលលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរជាមួយសហរដ្ឋអាមេរិកសម្រាប់ពីរឆ្នាំបន្ទាប់ ហើយការលុបចោលនេះធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីទទួលទាហានចិន៥០០នាក់សម្រាប់លំហាត់ហ្វឹកហ្វឺនបែបនេះដែលធំបំផុតក្នុងរយៈពេលរាប់ទសវត្សរ៍។

ក្រុមអ្នកវិភាគលើកឡើងថា ការសម្រេចនេះ ដែលទំនងជាធ្វើឡើងដើម្បីទុកទាហានសម្រាប់ជួយនៅក្នុងយុទ្ធនាការរយៈពេល៦ខែដើម្បីបង្ក្រាបគ្រឿងញៀននិងដើម្បីធានា

សន្តិសុខនៅក្នុងការបោះឆ្នោតនាពេលខាងមុខនោះ ស្ទើរតែប្រាកដថាជាបំណងដើម្បីបង្ហាញការគាំទ្រកាន់តែខ្លាំងឡើងចំពោះប្រទេសចិន។

លោក ធីទីណាន ពុងស៊ូឌីរ៉ាក់ (Thitinan Pongsudhirak) ប្រធានវិទ្យាស្ថានសន្តិសុខនិងការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យជូឡាឡុងកន ក្នុងទីក្រុងបាងកកបានលើកឡើងតាមរយៈអុុីម៉េលមួយថា “ការលុបចោលរបស់កម្ពុជាគឺជារឿងធម្មតា ដោយសារនយោបាយក្នុងតំបន់ ប្រទេសចិនជាអ្នកមានប្រៀប”។

លោកបានបន្ថែមថា “ពេលវេលានៃការលុបចោលនេះបង្ហាញពីការព្រមានមុនពិធីស្បថចូលកាន់តំណែង ដោយសារសំដីគួរឲ្យព្រួយបារម្ភរបស់លោក ដូណាល់ត្រាំ។ ចិននឹងដំឡើងសាច់ដុំម្តងទៀត តាមរយៈសម្ពន្ធមិត្តរបស់ខ្លួន ហើយបន្ទុកនេះទុកឲ្យសហរដ្ឋអាមេរិកដោះស្រាយ”។

លោក ចន ឈូចចារី (John Ciorciari) ប្រធានមជ្ឈមណ្ឌលគោលនយោបាយអន្តរជាតិនៅសាលាគោលនយោបាយសាធារណៈហ្វ័ដ (Ford School) ក្នុងសាកលវិទ្យាល័យមីឈីហ្គែន(Michigan) បានលើកឡើងថា កម្ពុជាចង់រក្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលនៅតែជាអ្នកនាំចូលសម្លៀកបំពាក់ និងស្បែកជើងធំជាងគេ ពោលគឺស្នើនឹង៨០ភាគរយនៃការនាំចេញរបស់កម្ពុជា។ប៉ុន្តែល្គឹកណា ប្រទេសកម្ពុជានៅតែអាចទទួលបានការអនុគ្រោះពីប្រទេសចិន។

លោកបានលើកឡើងនៅក្នុងអុីម៉េលមួួយថា “លោក ហ៊ុន សែន ចង់ចៀសវាងការកាត់ផ្តាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងមិនចង់វិលត្រឡប់ទៅរកទំនាក់ទំនងដែលសោះអង្គើយ និងទណ្ឌកម្មដូចកាលចុងទសវត្សរ៍ឆ្នាំ១៩៩០ឡើយ។ ប៉ុន្តែប្រសិនបើភាពតានតឹងជាមួយសហរដ្ឋអាមេរិកមានការកើនឡើង លោកនឹងបត់បែនទោរទន់ទៅរករដ្ឋាភិបាលក្រុងប៉េកាំង ជាដៃគូដែលខិតខំបំផុតដើម្បីឱ្យលោកនៅតែកាន់អំណាចបន្តទៅមុខទៀត”។

លោកបានបន្ថែមថា “ប្រទេសចិននឹងផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចបន្ថែមទៀតនៅក្នុងទម្រង់ដែលជួយការពារអំណាចឲ្យគណបក្សប្រជាជនកម្ពុជា។កម្ពុជានឹងតបស្នងវិញតាមរយៈការអនុញ្ញាតឲ្យចិនចូលទៅកាន់តំបន់សម្បូរធនធាន តាមរយៈការគាំទ្រលើឆាកអន្តរជាតិ និងតាមរយៈការដែលអាចអនុញ្ញាតឱ្យមានការពង្រីកកងទ័ពជើងទឹកនៅកំពង់សោម។ នេះប្រហែលជា ផ្តល់អត្ថប្រយោជន៍ដល់មេដឹកនាំកម្ពុជា ប៉ុន្តែនឹងទាញប្រទេសនេះទៅរកទំនាក់ទំនងការទូតនិងធ្វើឱ្យកំណែទម្រង់នយោបាយក្នុងស្រុកជួបការលំបាកកាន់តែខ្លាំង”៕ សុខុម និង ស៊ុយឈាង

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.