Opinion

ពេល​រកឃើញ​​​អាវុធគីមី​​អាមេរិក​ រដ្ឋាភិបាល​គាស់​កកាយ​បំណុល​​

លោក សោ ហុ៊ន និងព្រះសង្ឃគង់នៅវត្តរបស់គាត់បានរង់ចាំពីរបីថ្ងៃទម្រាំបានចូលទៅជិតធុងគ្រាប់បែកគីមីចំនួនពីរ ដែលគេទម្លាក់លើភូមិឋានរបស់ពួកគាត់ក្បែរព្រំដែនវៀតណាមក្នុងឆ្នាំ១៩៧០ ក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ដើម្បីបណ្ដេញទ័ពព្រៃវៀតកុង ដែលគេជឿថាសម្ងំលាក់ខ្លួននៅទីនោះ។ គ្រាប់បែកគីមីពីរធុងទៀតបានផ្ទុះនៅពេលធ្លាក់។

លោក សោ ហ៊ុន ដែលសម័យនោះជាក្មេងវត្តមានវ័យ១៧ឆ្នាំនិយាយថា “យើងបារម្ភខ្លាចសារធាតុគីមីសាយភាយ ដូច្នេះហើយយើងក៏សម្រេចជីកដីកប់វាជម្រៅប្រហែល១,៥ម៉ែត្រ។ កាលពីឆ្នាំ២០១១ សិស្សសាលាបានបង្កើតសួនច្បារ ហើយបានជីកដីក្បែរធុងគ្រាប់បែកនោះ បណ្ដាលឱ្យវាភាយក្លិនតិចៗចេញមកក្រៅ ប៉ុន្តែគេបានកប់ដីវាវិញ”។

សញ្ញាព្រួញបង្ហាញ អំពីកន្លែងដែលយុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្នុងដីសាលាបឋមសិក្សាដែលស្ថិតក្នុងបរិវេណវត្តមួយ ក្នុងខេត្តស្វាយរៀង។ រូបថតៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
សញ្ញាព្រួញបង្ហាញ អំពីកន្លែងដែលយុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្នុងដីសាលាបឋមសិក្សាដែលស្ថិតក្នុងបរិវេណវត្តមួយ ក្នុងខេត្តស្វាយរៀង។ រូបថតៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

មន្ត្រីក្រុមប្រឹក្សាឃុំគគីរូបនេះបានលើកឡើងទៀតថា គាត់បានជូនដំណឹងទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) អំពីធុងគ្រាប់បែកទាំងនេះកាលពីឆ្នាំ២០១៣ ប៉ុន្តែគេប្រាប់គាត់ថា ពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយគ្រាប់បែកនេះទេ ហើយក៏បានទុកបញ្ហានេះចោល។

ទោះជាយ៉ាងណា បួនថ្ងៃបន្ទាប់ពីលោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក CMAC បានប្រកាសថា ខ្លួននឹងត្រូវជម្លៀសអ្នកភូមិរាប់រយនាក់ជាបណ្ដោះអាសន្ន ដើម្បីយកធុងគ្រាប់បែកកប់ក្នុងដីពីរគ្រាប់ប្រភេទ Chlorobenzalmalononitrile (CS) ចេញ។

រដ្ឋាភិបាលនិយាយថា  ពេលវេលានេះគឺជាការគាប់ជួន ប៉ុន្តែការរកឃើញ និងការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលខ្លួនទទួលបាន គឺជាយុទ្ធនាការមួយរបស់គណបក្សកាន់អំណាច ដើម្បីបង្ខំឱ្យសហរដ្ឋអាមេរិកលើកលែងបំណុលសង្គ្រាមជិត៤៥០លានដុល្លារបន្សល់ពីរបប លន់ នល់ នេះ។

“ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់នឹងត្រូវជម្លៀសចេញ បន្ទាប់ពីរកឃើញគ្រាប់បែករបស់សហរដ្ឋអាមេរិកបន្សល់ពីសង្គ្រាមវៀតណាម” គឺជាចំណងជើងនៃអត្ថបទព័ត៌មានដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង (AFP)។ ហើយ “រកឃើញគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកសម័យសង្គ្រាមវៀតណាមនៅភូមិឋានក្នុងប្រទេសកម្ពុជា” គឺជាចំណងជើងនៃអត្ថបទព័ត៌មានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Associated Press។

លោក តិញ ជា អភិបាលស្រុករមាសហែកបានមានប្រសាសន៍ថា ដំណើរការនេះបានចាប់ផ្ដើមនៅពេលលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះទៅវត្តខាងលើនេះ ដើម្បីចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់សាលាឆាន់នៅទីនោះកាលពីថ្ងៃទី១២ ខែមករា។ លោកបានបន្តថា នាយឧត្ដមសេនីយ៍ សៅ សុខា បានស្នើសុំឱ្យ CMAC ពិនិត្យមើលតំបន់នោះមុននឹងចាប់ផ្ដើមពិធីបញ្ចុះបឋមសិលា។

លោក ហេង រតនា នាយករបស់ CMAC បានបញ្ជាក់ថា ទីភ្នាក់ងារមួយនេះទើបតែដឹងពីធុងគ្រាប់បែកទាំងនេះពីរបីថ្ងៃមុនប៉ុណ្ណោះ។ លោកបានថ្លែងថា “CMAC ទើបតែទទួលបានព័ត៌មាននេះមួយសប្ដាហ៍មុនប៉ុណ្ណោះ។ អស់លោកមិនគួរបារម្ភពីរឿងនោះទេ”។

ប៉ុន្តែចាប់តាំងពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតកាលពីខែវិច្ឆិកាមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតគ្រប់ឱកាសដែលអាចធ្វើបាន ដើម្បីរំឭកសហគមន៍អន្តរជាតិអំពីការបំផ្លិចបំផ្លាញដែលបង្កឡើងដោយសារសហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជាចន្លោះពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ ដែលពេលនោះគេជឿថា អាវុធយុទ្ធភណ្ឌរហូតដល់ទៅ២,៧៥លានតោនត្រូវបានទម្លាក់លើប្រទេសកម្ពុជាជាង១១៣.០០០ទីតាំង។ តាមការប៉ាន់ប្រមាណ ប្រជាពលរដ្ឋកម្ពុជាដែលស្លាប់ និងរបួសមានចំនួនចន្លោះពី៥.០០០នាក់ទៅជាងកន្លះលាននាក់។

 រូបថតៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
រូបថតៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

អំឡុងសុន្ទរកថាបើកពិធីបុណ្យសមុទ្រកាលពីខែធ្នូ នៅក្រុងព្រះសីហនុ លោក ហ៊ុន សែន បានប្រើវោហារសាស្ត្រចោទជាសំណួរថា “ខ្ញុំសង្ឃឹមថារដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ នឹងគិតពីបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកតាំងពីសម័យសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់។ តើគួរតែលុបចោលបំណុលនេះទេ?។  វាពិបាកសម្រាប់យើងប្រាប់ប្រជាពលរដ្ឋកម្ពុជាឱ្យទទួលយកបំណុលទិញគ្រាប់បែក និងគ្រាប់កាំភ្លើងដើម្បីសម្លាប់ប្រជាពលរដ្ឋកម្ពុជា”។

លោក ហ៊ុន សែន បានបញ្ជូនសារដដែលកាលពីសប្ដាហ៍មុនអំឡុងកិច្ចពិភាក្សាមួយក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅក្នុងទីក្រុងដាវ៉ូស។

លោកមានប្រសាសន៍ថា ”អាមេរិកបានឈ្លានពានពេញទំហឹង នោះគឺជារឿងពិត។ ពេលនេះ មានគ្រាប់បែកសំណល់ យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនរបស់អាមេរិក  ដូច្នេះអាមេរិកគួរតែសងកម្ពុជា វៀតណាម និងឡាវ បន្ថែមទៀតដើម្បីទទួលខុសត្រូវ ប៉ុន្តែពួកគេមិនបានធ្វើទេ។ ពួកគេបានទារបំណុលរបស់យើងក្នុងនាមយើងជាជនរងគ្រោះនៃសង្គ្រាម”។

លោក ដេវីដ ចូសា (David Josar) អនុអ្នកនាំពាក្យនៅស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មិនទាន់មានគេទាក់ទងមកសហរដ្ឋអាមេរិកទេទាក់ទិនគ្រាប់បែកមិនទាន់ផ្ទុះនៅក្នុងខេត្តស្វាយរៀងនេះ។ លោកថ្លែងថា សហរដ្ឋអាមេរិកបានវិនិយោគ១១៤លានដុល្លារក្នុងរយៈពេល២០ឆ្នាំមកនេះ ដើម្បីដោះមីនកប់ក្នុងដី អប់រំប្រជាពលរដ្ឋដែលប្រឈមគ្រោះថ្នាក់ ហើយគាំទ្រជនរងគ្រោះ ហើយថា គោលនយោបាយរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធបំណុលសម័យលោក លន់ នល់ គឺ “មិនផ្លាស់ប្ដូរ” ទេ។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ”បំណុលទ្វេភាគីរបស់កម្ពុជាដែលជំពាក់សហរដ្ឋអាមេរិក គឺជាប្រធានបទនៃការជជែកវែកញែកជាយូរមកហើយ ហើយវាជាអ្វីដែលយើងចង់ឃើញមានការដោះស្រាយ។ ទោះជាយ៉ាងណា ត្រូវមានការពិភាក្សាបន្ថែមទៀត មុននឹងយើងអាចបន្តប្រធានបទនេះ”។

នៅចន្លោះឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៤ ក្រសួងកសិកម្មរបស់សហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទាន២៧៤លានដុល្លារដល់សាធារណរដ្ឋខ្មែរដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់ទិញកប្បាស អង្ករ និងម្សៅរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យរដ្ឋាភិបាលរបស់លោក លន់ នល់ មានធនធានហិរញ្ញវត្ថុផ្ទាល់ខ្លួនដើម្បីផ្ដោតលើការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការបះបោររបស់ពួកកុម្មុយនីស្ត។ យោងតាមក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ដោយសារបំណុលនេះមិនទាន់សងអស់រយៈពេលជាច្រើនទសវត្សរ៍ រដ្ឋាភិបាលកម្ពុជាត្រូវសងសរុបចំនួន៤៤៥លានដុល្លារបូករួមទាំងការប្រាក់គិតមកត្រឹមឆ្នាំ២០០៩។

កញ្ញា កឹម មនោវិទ្យា មន្ត្រីកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិបានថ្លែងថា យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចដែលវាយប្រហារសហរដ្ឋអាមេរិកជាសាធារណៈទាក់ទិនបំណុលនេះ ទំនងជាមិនអាចដោះស្រាយបញ្ហាបានឡើយ។

កញ្ញាបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ការដែលរដ្ឋាភិបាលគណបក្សប្រជាជនជះកំហឹង ឬរិះគន់ខ្លាំងៗទៅលើសហរដ្ឋអាមេរិកមិនអាចជួយអ្វីបានទេដល់សំណើរបស់ពួកគេសុំឱ្យសហរដ្ឋអាមេរិកលើកលែងបំណុល។ រដ្ឋាភិបាលគណបក្សប្រជាជនមិនដែលជួយគាំទ្រផលប្រយោជន៍ ឬតម្លៃរបស់សហរដ្ឋអាមេរិកទេនៅទីនេះ។ ខ្ញុំមិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងលុបចោលបំណុលក្នុងពេលឆាប់ៗនេះទេ”៕ សុខុម

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.