ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​​​​​​​បដិសេធពាក្យ​​​បណ្តឹង​​របស់​​​គណបក្ស​​​​ប្រឆាំង​

កាលពីម្សិលមិញក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ជំទាស់នឹងប្រជាពលរដ្ឋ៧៦នាក់ដំបូងក្នុងចំណោមប្រជាពលរដ្ឋ ២.៤៤១នាក់ ដែលគណបក្សប្រឆាំងលើកឡើងថា ត្រូវបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំមុនដោយមិនត្រឹមត្រូវដូចគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដែលលើកឡើងថាគណបក្សប្រឆាំងខ្វះភ័ស្តុតាងគាំទ្រការអះអាងរបស់ខ្លួន។

បន្ទាប់ពីសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធបណ្ដឹងរបស់គណបក្សនេះក្នុងការប្តឹងជំទាស់នឹងអ្នកចុះឈ្មោះបោះឆ្នោតទាំង២.៤៤១នាក់កាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាធម្មនុញ្ញបានចាប់ផ្ដើមបើកសវនាការលើឈ្មោះដដែលនេះាលពីម្សិលមិញ ហើយគ្រោងពិនិត្យមើលឈ្មោះដែលនៅសល់នៅត្រឹមថ្ងៃពុធ។

ក្រុមប្រឹក្សាធម្មនុញ្ញបើកសវនាការលើបណ្តឹងរបស់គណបក្សសង្គ្រោះជាតិដែលថា ប្រជាពលរដ្ឋមួយចំនួនត្រូវបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតដោយមិនត្រឹមត្រូវកាលពីឆ្នាំមុន នៅសវនាការមួយក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ក្រុមប្រឹក្សាធម្មនុញ្ញបើកសវនាការលើបណ្តឹងរបស់គណបក្សសង្គ្រោះជាតិដែលថា ប្រជាពលរដ្ឋមួយចំនួនត្រូវបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតដោយមិនត្រឹមត្រូវកាលពីឆ្នាំមុន នៅសវនាការមួយក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសនៅពេលបញ្ចប់សវនាការកាលពីម្សិលមិញលើករណីប្រជាពលរដ្ឋ៧៦នាក់ក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូងថា “អ្នកដែលត្រូវបានចុះឈ្មោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះ ដូច្នេះហើយការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺត្រឹមត្រូវ។ មានភ័ស្តុតាងមិនគ្រប់គ្រាន់ដែលអាចឱ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធសេចក្ដីសម្រេចរបស់(គ.ជ.ប.) បានឡើយ”។

ដូចគណៈកម្មាធិការជាតិរៀបំការបោះឆ្នោតបានលើកឡើងដែរ លោក អុឹម ឈុនលឹម បានមានប្រសាសន៍ថា អត្តសញ្ញាណប័ណ្ណរបស់អ្នកចុះឈ្មោះបោះឆ្នោតទាំងនេះមើលទៅត្រឹមត្រូវហើយ។

គណបក្សសង្គ្រោះជាតិអះអាងថា អ្នកដែលមានឈ្មោះនៅក្នុងបណ្ដឹងរបស់ខ្លួនស្ទើរតែទាំងអស់ត្រូវបានសង្ស័យថាជាជនជាតិវៀតណាម ប្រហែលមិនមានឯកសារបញ្ជាក់សញ្ជាតិទេ ហើយចង់ឱ្យរដ្ឋាភិបាលស៊ើបអង្កេតថាតើពួកគេមានឯកសារដូចដែលតម្រូវដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាលឬយ៉ាងណា។

ប៉ុន្តែជាថ្មីម្ដងទៀត ដូចគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងអ៊ីចឹង លោក អុឹម ឈុនលឹម បានថ្លែងថា ក្រុមប្រឹក្សាធម្មនុញ្ញមិនមានសមត្ថកិច្ចក្នុងការស៊ើបអង្កេតព័ត៌មានទាក់ទិននឹងសញ្ជាតិទេ។

លោក មឹន ស៊ាន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ថា ការស៊ើបអង្កេតបណ្ដឹងទាំងនេះរបស់មន្ត្រីជំនាញ រួមមានជំនួបជាមួយអាជ្ញាធរឃុំ-សង្កាត់ កន្លែងអ្នកចុះឈ្មោះបោះឆ្នោតដែលមានបញ្ហារស់នៅ និងជាមួយអ្នកបោះឆ្នោតមួយចំនួនក្នុងចំណោមអ្នកបោះឆ្នោតទាំងនោះ។ ប៉ុន្តែ លោកបានបដិសេធមិននិយាយថាតើមានអ្នកចុះឈ្មោះបោះឆ្នោតដែលមានបញ្ហាប៉ុន្មាននាក់  ដែលក្រុមស៊ើបអង្កេតបានជួបជាមួយ  ឬថាតើពួកគាត់ត្រូវបានសួរពីអ្វីនោះឡើយ។

លោក ផែង ហេង មេធាវីតំណាងគណបក្សសង្គ្រោះជាតិក្នុងករណីនេះបានច្រានចោលការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាធម្មនុញ្ញថាជាការស៊ើបអង្កេតសើៗ ហើយបានមានប្រសា សន៍ថា ក្រុមប្រឹក្សានេះគួរតែសុំជំនួយពីស្ថាប័នរដ្ឋាភិបាលផ្សេងទៀតដើម្បីស៊ើបអង្កេតឯកសារបញ្ជាក់សញ្ជាតិរបស់អ្នកចុះឈ្មោះបោះឆ្នោតដែលមានបញ្ហាទាំងនេះ។

លោកបានមានប្រសាសន៍ថា “យើងចង់ឱ្យស៊ើបអង្កេតថាតើពួកគេមានសញ្ជាតិខ្មែរឬមិនមាន។ ប្រសិនបើពួកគេជាជនបរទេស ហើយទទួលបានសញ្ជាតិនោះ យើងស្វាគមន៍។ប៉ុន្តែគេមិនបានស៊ើបអង្កេតចំណុចនោះទេ”។

លោកបានបន្ថែមថា “មនុស្សគ្រប់រូបត្រូវអនុវត្តតាមច្បាប់ ប៉ុន្តែថា មិនបានរារាំងយើងមិនឱ្យសហការជាមួយភាគីពាក់ព័ន្ធក្នុងការស៊ើបអង្កេតដើម្បីធ្វើសេចក្តីសម្រេចឡើយ។ ដូច្នេះខ្ញុំគិតថា  ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិស្នើសុំជំនួយ”។

លោកស្រី ម៉េង សុភារី ប្រធានកិច្ចការបោះឆ្នោតនិងនីតិកម្មនៃគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សនឹងយកពាក្យបណ្ដឹងរបស់ខ្លួនទៅកាន់ក្រសួងមហាផ្ទៃប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញបដិសេធពាក្យបណ្ដឹងរបស់ខ្លួននោះ។ ក្រសួងបានចាប់ផ្ដើមហើយ។

លោក ប្រុក ម៉ៃឧត្ដម អ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា មន្ត្រីរបស់លោកបានចាប់ផ្ដើមពិនិត្យមើលអ្នកចុះឈ្មោះបោះឆ្នោតនៅក្នុងពាក្យបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចេញអត្តសញ្ញាណប័ណ្ណមុនឆ្នាំ២០១០ តាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយ។

មិនដូចអត្តសញ្ញាណប័ណ្ណថ្មីឡើយ រដ្ឋាភិបាលមិនមានសិទ្ធិចូលទៅមើលច្បាប់ចម្លងអេឡិចត្រូនិកនៃព័ត៌មានអំពីសញ្ជាតិដែលត្រូវបានប្រើប្រាស់ដើម្បីចេញអត្តសញ្ញាណប័ណ្ណឡើយ។ លោកបានបដិសេធមិននិយាយថាតើមានអ្នកចុះឈ្មោះបោះឆ្នោតដែលមានបញ្ហាប៉ុន្មាននាក់ ដែលខ្លួនកំពុងស៊ើបអង្កេតនោះឡើយ៕ សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.