អង្គការ​វេទិកា​អនាគត​ព្រមាន​ថា​នឹង​កើត​មាន​អំពើ​ហិង្សា​​ បើ​ស្ថានភាព​នយោបាយ​​នៅ​តែ​បន្ត​បែប​នេះ​​

នៅក្នុងបទវិភាគនយោបាយមួយចេញផ្សាយកាលពីម្សិលមិញ អង្គការវេទិកាអនាគតបានធ្វើការព្រមានថា ប្រសិនបើស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា គ្មានការផ្លាស់ប្ដូរដែលចាំបាច់ទេ ដោយរដ្ឋាភិបាលគាបសង្កត់អ្នកប្រឆាំង ហើយជាញឹកញាប់គណបក្សប្រឆាំងពឹងផ្អែកលើការវាយប្រហារពូជសាសន៍នោះ  ការខកចិត្តក្រោយការបោះឆ្នោតឆ្នាំ២០១៨ទំនងជានាំទៅរកអំពើហិង្សា។

ដោសគូសបញ្ជាក់ថា ភាគច្រើនរដ្ឋាភិបាលបានងាកទៅប្រើស្នៀតចាស់ ពោលគឺការគាបសង្កត់ជាជាងការបន្តយ៉ាងសស្រាក់សស្រាំនូវរបៀបវារៈកំណែទម្រង់ដែលខ្លួនបានសន្យាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣នោះ អង្គការនេះនិយាយថា បរិយាកាសនយោបាយដ៏ផុយស្រួយនៅក្នុងប្រទេសអាចងាយនឹងផ្ទុះឡើង ប្រសិនបើអ្នកបោះឆ្នោតយល់ថាខ្លួនត្រូវគេបំបិទមាត់។

បទវិភាគនោះមានខ្លឹមសារដូច្នេះថា “បើគ្មានការទទួលស្គាល់ហានិភ័យ គ្មានការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងគ្មានការបង្កើតកម្មវិធីគោលនយោបាយទេនោះ ការកើនឡើងភ្លាមៗនូវមតិសាធារណជន ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង និងយុវជន ប្រាកដជាអាចក្លាយជារលកនៃការតវ៉ា ចលាចលនយោបាយ និងអំពើហិង្សាមួយទៀតនៅជុំវិញការបោះឆ្នោតឆ្នាំ២០១៨។ ស្ទើរតែមិនអាចចៀសរួច កំហឹងនាំទៅរកអំពើហិង្សា  ជាពិសេសនៅក្នុងប្រទេសមួយដូចកម្ពុជាជាដើម ដែលអាជ្ញាធរបានបង្ហាញថាខ្លួនមានឆន្ទៈប្រើប្រាស់កម្លាំងទាំងផ្លូវការដោយកងសន្តិសុខ ទាំងក្រៅផ្លូវការ។ ហានិភ័យមួយទៀតគឺថា សាធារណជន និងអ្នកតវ៉ាងាកទៅប្រើអំពើហិង្សា។ នោះជាមូលហេតុបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលចាំបាច់មិនត្រូវទុកឲ្យស្ថានភាពនេះនៅយូរពេកឡើយ ពីព្រោះនៅទីបំផុតសម្ពាធនឹងកើនឡើងដល់កម្រិតមួយដែលគ្រោះថ្នាក់”។

 

ស្ត្រីម្នាក់គោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកខែមីនា ឆ្នាំ១៩៩៧ មកលើបាតុកម្មរបស់គណបក្សប្រឆាំង ក្នុងពិធីរំឭកខួបលើកទី១៩ កាលពីឆ្នាំមុន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ស្ត្រីម្នាក់គោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកខែមីនា ឆ្នាំ១៩៩៧ មកលើបាតុកម្មរបស់គណបក្សប្រឆាំង ក្នុងពិធីរំឭកខួបលើកទី១៩ កាលពីឆ្នាំមុន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ មហាបាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិបានធ្វើឡើងដោយសន្តិវិធីរយៈពេលរាប់ខែ។ ទោះជាយ៉ាងណា នៅខែមករា ឆ្នាំ២០១៤  នៅពេលកងរាជអាវុធហត្ថចាត់វិធានការបំបែកការតវ៉ារបស់កម្មករកម្មការិនីរោងចក្រកាត់ដេរ ដែលយុទ្ធនាការទាមទារដំឡើងប្រាក់ខែរបស់ខ្លួនទទួលបានការគាំទ្រពីគណបក្សប្រឆាំង ពួកគេត្រូវបានស្វាគមន៍ដោយដុំថ្ម ហើយពួកគេបានតបតទៅវិញដោយការបាញ់រះមិនរើសមុខទៅលើបាតុករ បណ្ដាលឱ្យមនុស្សុយ៉ាងតិចប្រាំនាក់បាត់បង់ជីវិត និងរាប់សិបនាក់ទៀតរងរបួស។

រដ្ឋាភិបាលបានចាត់វិធានការជាបន្ទាន់ដើម្បីបង្ក្រាបការតវ៉ាទាំងអស់ ដោយបញ្ជូនក្រុមបុរសស្លៀកពាក់ស៊ីវិលប្រដាប់ដោយដំបងឈើ និងដែកដើម្បីបំបែកក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យ។ គណបក្សប្រឆាំងបានយល់ព្រមចូលសភានៅក្នុងកិច្ចព្រមព្រៀងមួយដែលបានសម្រេចយ៉ាងតក់ក្រហល់នៅខែកក្កដា  ឆ្នាំ២០១៤  ក្រោយតំណាងរាស្ត្រប្រាំមួយរូបត្រូវបានឃុំខ្លួនទាក់ទិនការតវ៉ាមួយដែលផ្ទុះទៅជាអំពើហិង្សា។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយ និងជាទីប្រឹក្សាគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានប្រសាសន៍ថា មានសង្ឃឹមតិចណាស់ដែលរដ្ឋាភិបាលផ្លាស់ប្ដូរវិធីរបស់ខ្លួន ប៉ុន្តែគណបក្សប្រឆាំងអាចធ្វើបានច្រើនដើម្បីត្រៀមសម្រាប់រយៈពេលក្រោយការបោះឆ្នោតដែលអហិង្សា។

លោកលើកឡើងថា គណបក្សសង្គ្រោះជាតិគួរតែផ្ដោតលើការលើកកម្ពស់គោលនយោបាយប្រជានិយម ជាជាងធ្វើការវាយប្រហារទៅលើគណបក្សកាន់អំណាច ហើយគួរតែផ្ដល់ផែនទីចង្អុលផ្លូវសម្រាប់ការផ្ទេរអំណាចដោយសន្តិវិធី ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតឆ្នាំ២០១៨។

លោកបន្តថា “ការបង្កើតការជឿទុកចិត្តជាមួយរដ្ឋាភិបាល មិនមានន័យថាធ្វើការងារជាមួយគ្នានោះទេ។ ធ្វើឱ្យប្រាកដថា ពួកគេមានសុវត្ថិភាព បើពួកគេចាញ់។ បើ [គណបក្សប្រជាជនកម្ពុជា] នៅតែមានអារម្មណ៍ភ័យខ្លាច ពួកគេនឹងតស៊ូលុះដង្ហើមចុងក្រោយដើម្បីរក្សាអំណាច និងសុវត្ថិភាពរបស់ខ្លួន”។

កាលពីខែធ្នូ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមានប្រសាសន៍ថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតឆ្នាំ២០១៨ “អ្វីដែលបន្សល់ពីគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន គឺឧទ្ទាមមួយក្ដាប់តូចដែលនឹងត្រូវបានបង្ក្រាបដោយរដ្ឋាភិបាលស្របច្បាប់”។

ឆ្លើយតបទៅនឹងការរិះគន់ថា ការលើកឡើងរបស់លោកបង្ហាញពីការបន្តកើតមាននយោបាយហិង្សានៅកម្ពុជា លោកបានមានប្រសាសន៍ថា ការលើកឡើងទាំងនោះមិនតំណាងឱ្យផែនការក្រោយការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិឡើយ។

លោកបានសរសេរក្នុងលិខិតមួយច្បាប់ផ្ញើមកកាសែត ខេមបូឌា ដេលី ថា “ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ការផ្ទេរអំណាចដោយរលូន និងដោយសន្តិវិធីនៅតែជាបំណងរបស់ខ្ញុំ ហើយខ្ញុំអាចនិយាយបានថា វាជាកង្វល់របស់ខ្ញុំ។ គ្មានការសងសឹកខាងនយោបាយទេ ហើយក៏គ្មានការស៊ើបរកដើម្បីដាក់ទោសដែរ។ រដ្ឋាភិបាលថ្មី និងស្របច្បាប់ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងប្រព្រឹត្តដាក់សមាជិក ឬអតីតសមាជិកទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ដោយសេចក្ដីថ្លៃថ្នូរ ហើយនឹងផ្ដល់ឱកាសពិតប្រាកដឱ្យពួកគេចូលរួមនៅក្នុងការសម្រេចការអភិវឌ្ឍពិតប្រាកដ ប្រកបដោយបរិយាប័ន និងសមធម៌សម្រាប់កម្ពុជា”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញថា រដ្ឋាភិបាលបានធ្វើកិច្ចការគ្រប់គ្រាន់ហើយចាប់តាំងពីការបោះឆ្នោតលើកចុងក្រោយមកដើម្បីធ្វើឱ្យប្រាកដថា ការបោះឆ្នោតលើកក្រោយនឹងមិនធ្វើឱ្យសាធារណជនផ្ទុះកំហឹងដូចនេះទៀត។

លោកគូសបញ្ជាក់ថា “ខ្ញុំគិតថា ការបោះឆ្នោតលើកក្រោយនឹងមិនធ្ងន់ធ្ងរដូចឆ្នាំ២០១៣ទេ។ ដោយសារគណបក្សទាំងពីរបានចំណាយពេលចរចាគ្នារាប់ខែ ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដូច្នេះគ្រាន់តែអនុវត្តតាមច្បាប់នោះទៅគឺគ្រប់គ្រាន់អាចធានាស្ថិរភាពជុំវិញការបោះឆ្នោតនៅពេលខាងមុខបានហើយ។ ដូច្នេះ ខ្ញុំអាចបញ្ជាក់បានថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធី។ ខ្ញុំចង់និយាយថា  ការផ្ទេរអំណាចពីរដ្ឋាភិបាលអាណត្តិទី៥ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មកឱ្យរដ្ឋាភិបាលអាណត្តិទី៦របស់គណបក្សប្រជាជនកម្ពុជា”៕ សុខុម

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.