នគរបាល​​​ខេត្ត​​​កំពត​​​​​​ចាប់​​​ផ្តើម​​​ធ្វើ​​​តេស្ត​​​​​​រក​​​សារធាតុ​​​ញៀន​​​លើ​​​មន្ត្រី​​​

មន្ត្រីនគរបាលបីរូបត្រូវបានបញ្ឈរជើងបន្ទាប់ពីធ្វើតេស្តរកឃើញថាមានសារធាតុញៀនមេតំហ្វេមីនក្នុងខ្លួន ខណៈខេត្តកំពតបានចាប់ផ្ដើមធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីនគរបាលកាលពីម្សិលមិញ ដោយខេត្តផ្សេងៗទៀតក៏បានឱ្យដឹងដែរថា បានចាប់ផ្ដើមរួចហើយ ឬមានផែនការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីនគរបាលក្នុងខេត្តរបស់ខ្លួនផងដែរ។

យោងតាមតួលេខរដ្ឋាភិបាលបានឱ្យដឹងថា ការធ្វើតេស្តបានធ្វើឡើងបន្ទាប់ពីចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៦ខែរបស់រដ្ឋាភិបាលកាលពីថ្ងៃទី១ ខែមករា។ ក្នុងរយៈពេល១ខែដំបូងតែប៉ុណ្ណោះ មនុស្ស២.៤២៨នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន១.២៤៣នាក់ជាប់សង្ស័យថាបានប្រើប្រាស់គ្រឿងញៀន។

ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានមានប្រសាសន៍ថា យើងទទួលបានព័ត៌មានថា មន្ត្រីក្នុងជួរនគរបាលរបស់យើងជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។ យើងបានឱ្យគេធ្វើតេស្តទឹកនោមរបស់ពួកគេដែលបានរកឃើញថា មានផ្ទុកសារធាតុញៀនមែន”។

WP-LastImage-11-800x533មន្ត្រីនគរបាលទាំងបីរូបនេះឈ្មោះ ស សម្បត្តិ អាយុ២៥ឆ្នាំ អុឹង ភារក្ស អាយុ២៥ឆ្នាំ និង តេង បូរ៉ា អាយុ២២ឆ្នាំ ទើបតែចូលបម្រើការងារបានរយៈពេលប្រហែល១ខែប៉ុណ្ណោះ។ ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានមានប្រសាសន៍ថា លោកស្នើឱ្យមន្ត្រីនគរបាលជាតិ និងមន្ត្រីក្រសួងមហាផ្ទៃបណ្តញពួកគេចេញ។

លោកបានមានប្រសាសន៍ថា “ប្រសិនបើមាននគរបាលរូបណាធ្វើតេស្តទៅរកឃើញថាមានសារធាតុញៀននោះ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ ហើយប្រសិនបើពួកគេពាក់ព័ន្ធការជួញដូរគ្រឿងញៀនទៀតនោះ យើងនឹងបញ្ជូនពួកគេទៅកាន់តុលាការតែម្តង”។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា មិនមានផែនការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីនគរបាលទូទាំងប្រទេសឡើយ។

ឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា “ឥឡូវនេះ យើងកំពុងផ្ដោតការធ្វើតេស្តរកសារធាតុញៀនលើអ្នកទោស… ដើម្បីបំបែកពួកគេចេញពីអ្នកទោសផ្សេងទៀត ដែលមិនមានសារធាតុញៀន។ ប៉ុន្តែយើងមិនហាមឃាត់ខេត្តផ្សេងៗទៀតមិនឱ្យធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីនគរបាលរបស់ខ្លួននោះឡើយ”។

នៅក្នុងខេត្តប៉ៃលិនឯណោះវិញ ឧត្ដមសេនីយ៍ត្រី ជា ចាន់ឌីន ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរបស់ខ្លួនបានចាប់ផ្ដើមកាលពីដើមសប្ដាហ៍នេះ។

លោកបានមានប្រសាសន៍ថា ”យើងជាមន្ត្រីអនុវត្តន៍ច្បាប់ មិនត្រូវឱ្យជាប់ពាក់ព័ន្ធនឹងសារធាតុញៀនឡើយ។ យើងត្រូវដុសក្អែលខ្លួនឯងសិន ចាំទៅដុសអ្នកដទៃ”។

លោកបានបន្ថែមថា មន្ត្រីនគរបាលណាដែលរកឃើញថា បានប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្ដេញចេញពីការងារ ហើយបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន។

ឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីនគរបាលក្នុងក្រុងព្រះសីហនុបានចាប់ផ្ដើម៦ខែមកហើយ។

ចំណែកនគរបាលខេត្តបាត់ដំបងវិញបានមានប្រសាសន៍ថា ពួកគេក៏មានបំណងចាប់ផ្តើមធ្វើតេស្តរកសារធាតុញៀនផងដែរ ហើយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា មន្ត្រីកងយោធពលខេមរភូមិន្ទក៏កំពុងពិចារណាធ្វើតេស្តរកសារធាតុញៀនលើទាហានផងដែរ។

ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីកងរាជអាវុធហត្ថកំពុងដំណើរការហើយ។ ឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ថា ”មន្ត្រីកងរាជអាវុធហត្ថ៧រូបត្រូវបានបណ្តេញចេញពីការងារបន្ទាប់ពីធ្វើតេស្តរកឃើញថា ពួកគេមានសារធាតុញៀន”៕ សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.