របាយការណ៍​​​ក្រសួង​​​មហាផ្ទៃ​​​លើក​សរសើរ​​ដល់​​​​កា​​​របង្ក្រាប​​​​​​​ជាច្រើន​​ពាក់​ព័ន្ធ​នយោបាយ​

ដោយត្រូវញាំញីដោយបដិវត្តន៍ពណ៌ អ្នកបង្កការរំជើបរំជួល និងអ្នកនយោបាយពាក់ព័ន្ធករណីព្រហ្មទណ្ឌនោះ ក្រសួងមហាផ្ទៃបានធ្វើឱ្យប្រទេសជាតិរួចផុតពីភាពអសន្តិសុខ ដែលជាការអួតអាងរបស់ក្រសួងនេះកាលពីម្សិលមិញនៅសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍នៅសន្និបាតដែលធ្វើឡើងក្នុងរាជធានីភ្នំពេញថា “នៅក្នុងប្រទេសរបស់យើង ក្រុមជ្រុលនិយមមួយចំនួននៅតែចិញ្ចឹមមហិច្ឆតាញុះញង់ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម”។

cam-pic-security-scក្រសួងមហាផ្ទៃបានលើកឡើងនៅក្នុងរបាយការណ៍មួយដែលបានធ្វើបទបង្ហាញនៅសន្និបាតនោះថា ជាទូទៅសន្តិសុខសាធារណៈបានប្រសើរឡើងកាលពីឆ្នាំមុន ថ្វីបើមានបុគ្គលមិនល្អមួយចំនួនដែល ”បានបង្កការរំជើបរំជួលមកលើភាពស្របច្បាប់របស់រដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌ដែលហៅថា ‘ថ្ងៃច័ន្ទពណ៌ខ្មៅ’ និងជម្លោះនយោបាយមួយមួយចំនួនទៀត”ក៏ដោយ។

សកម្មជនជាច្រើនដែលស្លៀកពាក់ខ្មៅតែងតែប្រមូលផ្ដុំគ្នានៅរៀងរាល់ថ្ងៃច័ន្ទ ទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ។  អង្គការសិទ្ធិមនុស្សលីកាដូលើកឡើងថា បច្ចុប្បន្ននេះមានអ្នកទោសនយោបាយ២៥នាក់ ប៉ុន្តែរដ្ឋាភិបាលលើកឡើងថា តុលាការឯករាជ្យ  ហើយបានបដិសេធការដែលថារឿងក្ដីមួយចំនួននៅចំពោះមុខពួកគេគឺជារឿងនយោបាយ។

នៅក្នុងរបាយការណ៍នោះ ក្រសួងបានកោតសរសើរពីការដោះស្រាយបាតុកម្មជាង១.០៨៩លើក ដែលបានកត់ត្រាកាលពីឆ្នាំមុន កើនឡើងពី៨៣២លើកកាលពីឆ្នាំ២០១៥ ដោយលើកឡើងថា អាជ្ញាធរបានរក្សាបានសុខដុមរមនាក្នុងសង្គមដោយការគោរពច្បាប់ និងសិទ្ធិរបស់អ្នកតវ៉ា។

ការតវ៉ាទាំងអស់ “មួយផ្នែកបង្កឡើងដោយប្រជាពលរដ្ឋ ឬកម្មករដែលទាមទារឱ្យដោះស្រាយវិវាទដីធ្លី ឬលក្ខខណ្ឌការងារ និងមួយផ្នែកទៀតបង្កឡើងដោយការញុះញង់ពីសំណាក់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួនមាននិន្នាការជ្រុលនិយម ដែលបានលើកឡើងពីបញ្ហាព្រំដែន ជាតិសាសន៍ និងបញ្ហាសិទ្ធិមនុស្សជាលេសដើម្បីបំពុលបរិយាកាសសង្គម។

ក្រសួងក៏បាននិយាយការពារការបន្តចាត់វិធានការលើករណីមួយចំនួនដែលអង្គការសិទ្ធិមនុស្ស និងបស្ចិមប្រទេសលើកឡើងថាជារឿងនយោបាយ។ ក្រសួងបានអះអាងនៅក្នុងរបាយការណ៍ថា សាធារណជនបានគាំទ្រការចោទប្រកាន់លើអ្នកនយោបាយប្រឆាំងដែលត្រូវបានចោទប្រកាន់ថាបានផ្សព្វផ្សាយផែនទី និងសន្ធិសញ្ញាព្រំដែនក្លែងក្លាយ និស្សិតដែលបានញុះញង់ឱ្យមាន”បដិវត្តន៍ពណ៌” និងធ្វើការគំរាមលោក ស ខេង តាមរយៈការបង្ហោះតាមទំព័រហ្វេសប៊ុក ហើយមន្ត្រីសិទ្ធិមនុស្សទាំងបច្ចុប្បន្ន និងអតីតប្រាំរូបត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ទាក់ទិនរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង។

cam-pic-security-sc1ការលើកឡើងរបស់ក្រសួងបែបនេះត្រូវបានច្រានចោលកាលពីម្សិលមិញដោយលោក អំ សំអាត ប្រធានផ្នែកឃ្លាំមើលនៅអង្គការលីកាដូដែលត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញវាយដំនៅក្នុងការតវ៉ាដោយសន្តិវិធីកាលពីខែតុលា។ គ្មានសន្តិសុខរូបណាត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមឡើយ ប៉ុន្តែឥឡូវនេះលោក អំ សំអាត គឺជាជនសង្ស័យមួយរូបនៅក្នុងពាក្យបណ្ដឹងព្រហ្មទណ្ឌដែលត្រូវបានប្តឹងដោយក្រុមសន្តិសុខ។

លោក អំ សំអាត បានលើកឡើងថា ក្នុងចំណោមការតវ៉ាទាំងនោះ យើងត្រូវតែរកឱ្យឃើញនូវមូលហេតុរបស់វា។ ខ្ញុំយល់ឃើញថា ភាគច្រើននៃបញ្ហាទាំងនោះបណ្ដាលមកពីវិវាទដីធ្លី។ ប្រសិនបើអាជ្ញាធរបានដោះស្រាយបញ្ហាទាំងនេះ នឹងមិនមានការធ្វើបាតុកម្មឡើយ។

លោក អំ សំអាត បានបន្ថែមថា “ប្រទេសកម្ពុជារបស់យើងមិនទាន់បែងចែកឱ្យច្បាស់លាស់រវាងបដិវត្តន៍ពណ៌ និងសេរីភាពនៃការបញ្ចេញមតិឡើយ”។

លោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា សមិទ្ធផលមួយចំនួនរបស់ក្រសួងនេះពាក់ព័ន្ធនយោបាយត្រូវបានរៀបរៀងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

លោកបានលើកឡើងនៅក្នុងអុីម៉េលកាលពីម្សិលមិញថា “មិនចាំបាច់ឆ្ងល់ទេ ការគ្រប់គ្រងប្រទេសគឺបរាជ័យដោយសារអំពើពុករលួយ និងអសមត្ថភាពនៅពេលស្ថាប័នរដ្ឋបាលធំៗផ្ដោតតែទៅលើរឿងនយោបាយជាជាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមូលដ្ឋាន ការបង្ក្រាបបទល្មើស សន្តិភាព និងសណ្ដាប់ធ្នាប់៕ សារុន (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.