បក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​សមាជ​វិសាមញ្ញ​ដើម្បីជ្រើសរើស​​មេដឹកនាំ​ថ្មី​

លោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងអនុប្រធានបីរូបរបស់លោករួមមានលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង នឹងត្រូវបង្ហាញវត្តមាននៅចំពោះមុខសមាជវិសាមញ្ញរបស់បក្ស ដើម្បីធ្វើឱ្យមុខតំណែងថ្មីរបស់ពួកគាត់ក្លាយជាផ្លូវការ បន្ទាប់ពីគណៈកម្មាធិការនាយកបានអនុម័តកាលពីម្សិលមិញនូវវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងដែលអនុញ្ញាតឱ្យមានការរៀបចំថ្មីនេះ។

ខណៈថ្នាក់ដឹកនាំបក្សនឹងកើនឡើងពីចំនួនពីររូបដល់បួនរូបដោយសារការលាលែងរបស់លោក សម រង្ស៊ី ប្រធានស្ថាបនិកនៃគណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំនេះនៅតែត្រូវបានបែងចែកស្មើគ្នារវាងសមាជិកនៃគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្សរបស់លោក សម រង្ស៊ី ដែលបានច្របាច់បញ្ចូលគ្នាកាលពីឆ្នាំ២០១២។

លោក កឹម សុខា លោក ប៉ុល ហំម លោកអេង ឆៃ អ៊ាង និង លោកស្រី មួរ សុខហួរ (ឆ្វេងទៅស្តាំ)។

លោក ប៉ុល ហំម គឺជាសហស្ថាបនិកនៃគណបក្សសិទ្ធិមនុស្សរួមជាមួយលោក កឹម សុខា ចំណែកលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ គឺជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី យូរមកហើយ នៅមុនពេលច្របាច់បញ្ចូលគ្នា។

លោកស្រី មូរ សុខហួរ មានប្រសាសន៍កាលពីម្សិលមិញថា នៅពេលឈានដល់ការសម្រេចធំៗនៅក្នុងគណបក្ស ថ្នាក់ដឹកនាំនេះនឹងនៅតែត្រូវបានតម្រូវឱ្យយល់ស្របគ្នាជាឯកច្ឆន្ទ ជាការរៀបចំមួយដែលមានសារៈសំខាន់ចំពោះកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ក្នុងការរួមកម្លាំងគ្នា។

លោកស្រីថ្លែងថា “មានការព្រមព្រៀងគ្នារួចហើយ” ហើយលោកស្រីរំពឹងថា វានឹងមិនមានការលំបាកនោះទេសម្រាប់ថ្នាក់ដឹកនាំទាំងបួនរូបស្វែងរកចំណុចរួម។ លោកស្រីបន្តថា “ខ្ញុំគិតថា យើងស៊ាំនឹងការដឹកនាំបែបសាមគ្គីភាពទៅហើយ”។

លោកស្រីបានលើកឡើងបន្ថែមទៀតថា បទបញ្ជាផ្ទៃក្នុងចំនួនពីរនឹងត្រូវធ្វើវិសោធនកម្ម ដោយបទបញ្ជាមួយចែងអំពីវិធីគណបក្សបោះឆ្នោតជ្រើសរើសប្រធានថ្មី និងបទបញ្ជាមួយទៀតពាក់ព័ន្ធអ្នកដែលធ្វើជាប្រធានស្ដីទី នៅពេលលោក កឹម សុខា នៅក្រៅប្រទេស។

ការធ្វើវិសោធនកម្មទី១នឹងអនុញ្ញាតឱ្យគណបក្សនេះបោះឆ្នោតជ្រើសរើសប្រធានមួយរូបអំឡុងសមាជឥតព្រាងទុកមួយដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនាថ្ងៃនេះ ដើម្បីឱ្យប្រធានអចិន្ត្រៃយ៍អនុម័តបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវដាក់ជូនទៅ គ.ជ.ប. នៅចុងសប្ដាហ៍នេះ។

វិសោធនកម្មទី២ផ្ដល់សិទ្ធិដល់លោក ប៉ុល ហំម អនុប្រធានដែលចំណាស់បំផុតឱ្យធ្វើជាប្រធានជំនួសលោក កឹម សុខា ដោយលោកស្រី មូរ សុខហួរ ស្ថិតនៅលេខរៀងទី២ ហើយលោក អេង ឆៃអ៊ាង ស្ថិតនៅលេខរៀងទី៣។

ការចងសម្ពន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើឱ្យគណបក្សប្រឆាំងកើនសំឡេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ពីអាសនៈរួមចំនួន២៩ដល់៥៥អាសនៈក្នុងនាមជាគណបក្សប្រឆាំងរួបរួមគ្នា ដែលសូម្បីគណបក្សកាន់អំណាចក៏ទទួលស្គាល់ថាជាលទ្ធផលគួរឱ្យភ្ញាក់ផ្អើល។

ដោយប្រឈមនឹងអ្វីដែលមជ្ឈដ្ឋានជាច្រើននិយាយថា ជាការគំរាមកំហែងធំបំផុតចំពោះអំណាចរបស់ខ្លួនចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ព្រមទាំងតុលាការដែលមជ្ឈដ្ឋានភាគច្រើនមើលឃើញថាស្ថិតក្រោមការគ្រប់គ្រងរបស់លោកនោះ តែងតែធ្វើការវាយប្រហារទៅលើគូប្រជែងនយោបាយរបស់ខ្លួន។

លោក សម រង្ស៊ី ត្រូវបាននិរទេសជាផ្លូវការចេញពីប្រទេស ហើយត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៩ឆ្នាំ នៅក្នុងការផ្ដន្ទាទោសចំនួនពីរដែលលោកមានប្រសាសន៍ថា ជារឿងនយោបាយ។ លោកបានលាលែងពីតំណែងដើម្បីឆ្លើយតបទៅនឹងការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងអនុញ្ញាតឱ្យតុលាការរម្លាយគណបក្សនយោបាយមួយបានក្នុងករណីថ្នាក់ដឹកនាំរបស់គណបក្សនោះប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ ដោយរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តរួចទៅហើយអំឡុងគណបក្សប្រឆាំងធ្វើពហិការ បច្ចុប្បន្នច្បាប់នេះរង់ចាំតែការអនុម័តពីក្រុមប្រឹក្សាធម្មនុញ្ញដែលពេញទៅដោយសមាសភាពមន្ត្រីគណបក្សប្រជាជនកម្ពុជា និងការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រដែលមិនចាប់អារម្មណ៍រឿងនយោបាយប៉ុណ្ណោះ។

ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសុទ្ធតែលើកឡើងថា ការប្រើប្រាស់វិសោធនកម្មដើម្បីកម្ចាត់គណបក្សនយោបាយ អាចធ្វើឱ្យប៉ះពាល់ដល់ភាពគួរឱ្យជឿជាក់បាននៃការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាឆ្នាំនេះ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏សំខាន់ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៨៕ សុខុម (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន)

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.