Opinion

ព្រះមហាក្សត្រ​​ត្រូវបាន​​ទាញ​​ឱ្យ​ពាក់ព័ន្ធ​នយោបាយ​ដោយ​សារ​​​​​​​​អំពាវនាវ​ឱ្យ​​រាស្ត្រ​ទៅ​បោះ​ឆ្នោត

តាមរយៈព្រះរាជសារលិខិតមួយដែលត្រូវបានចុះផ្សាយព្រោងព្រាតតាមប្រព័ន្ធ អុីនធឺណិតកាលពីម្សិលមិញ ព្រះមហាក្សត្រ នរោត្តម សីហមុនី អំពាវនាវឱ្យប្រជារាស្ត្រខ្មែរនាំគ្នាទៅបោះឆ្នោតនៅខែមិថុនាខាងមុខ បោះឆ្នោតឱ្យអ្នកណាដែលខ្លួនស្រឡាញ់ ពេញចិត្តដោយគ្មានការភ័យខ្លាច ហើយការអំពាវនាវនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រះអង្គបានទុកកិច្ចការចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសឱ្យលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ទោះបីជាព្រះរាជសារលិខិតនេះត្រូវបានចាត់ទុកថាធ្វើឡើង “ដូចសព្វមួយដង” ពីសំណាក់ព្រះរៀមចិញ្ចឹមរបស់ព្រះមហាក្សត្រដែលមានបន្ទូលដែរថា វាជាការគាប់ជួនដែលព្រះមហាក្សត្រយាងទៅប្រទេសចិននៅខែនេះ ខណៈវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយគ្រោងនឹងទៅដល់តុរបស់ព្រះអង្គក្ដី ក៏គណបក្សសង្គ្រោះជាតិបានទទួលស្គាល់ថា នេះជានិមិត្តរូបនៃការផ្លាស់ប្ដូរ។

ក្នុងព្រះរាជសារលិខិតចុះថ្ងៃទី២០ ខែកុម្ភៈ ប៉ុន្តែដែលទើបតែចាប់ផ្ដើមសុសសាយតាមបណ្ដាគេហទំព័រព័ត៌មានជាភាសាខ្មែរកាលពីម្សិលមិញនេះ ព្រះអង្គអំពាវនាវឱ្យប្រជារាស្ត្រខ្មែរ ទាំងអស់នាំគ្នាទៅបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលដ៏ខ្លីខាងមុខ។

ព្រះរាជសារលិខិតនេះមានខ្លឹមសារដូច្នេះថា “ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាការបោះឆ្នោតជាទូទៅ ជាសាកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចនេះសុំកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឱ្យសោះ។ ខ្ញុំសូមបងប្អូនកូនក្មួយមេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួនបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ”។

WP-LastImage-800x533លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សរបស់លោកស្រី “អរគុណយ៉ាងខ្លាំង” ចំពោះព្រះរាជសារលិខិតនេះ ប៉ុន្តែលោកស្រីមានប្រសាសន៍ថា លោកស្រីមិនជឿថា ព្រះរាជសារនេះមានបំណងបញ្ជាក់ពីការបញ្ចុះបញ្ចូលខាងនយោបាយណាមួយឡើយ។

លោកស្រីថ្លែងថា ”មិនថាវាជាព្រះរាជបំណងរបស់ព្រះអង្គ ឬក៏អត់ទេ វាជាព្រះរាជសារផ្តាំផ្ញើថា ប្រជារាស្ត្រម្នាក់ៗដែលអានព្រះរាជសារនេះនឹងចាំទុកក្នុងចិត្តអំឡុងពេលមួយដែលស្ថានភាពនយោបាយមានភាពរសើប។ ខ្ញុំយល់ថា ព្រះមហាក្សត្រកំពុងជំរុញឱ្យប្រជារាស្ត្រមានទំនុកចិត្ត”។

ការចេញផ្សាយព្រះរាជសារលិខិតនេះធ្វើឡើងចំពេលរដ្ឋាភិបាលវាយប្រហារពេញទំហឹងទៅលើគូប្រជែងស្របច្បាប់តែមួយគត់របស់ខ្លួន រួមទាំងការអនុម័តកាលពីខែមុននូវបទប្បញ្ញត្តិច្បាប់ថ្មីៗដែលអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ និងតុលាការព្យួរ ឬរម្លាយចោលគណបក្សនយោបាយណាមួយក៏បានតាមឆន្ទានុសិទ្ធិរបស់ខ្លួនសម្រាប់បទល្មើសដែលគ្មានការបញ្ជាក់ច្បាស់លាស់។

ប៉ុន្មានថ្ងៃបន្ទាប់ពីវិសោធនកម្មទាំងនោះត្រូវបានអនុម័តដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាគណបក្សប្រជាជន ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងទៅកាន់ប្រទេសចិន ជាមួយសម្ដេចម៉ែ ដោយទុកឱ្យការអនុម័តចុងក្រោយលើសេចក្ដីព្រាងច្បាប់នេះទៅលោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាដែលក្លាយជាប្រមុខរដ្ឋស្ដីទី នៅពេលព្រះមហាក្សត្រគង់នៅបរទេស។

លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងបានចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីសប្តាហ៍មុនដើម្បីថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រចំពោះអ្វីដែលលោកចាត់ទុកថាជាកាយវិការប្រឆាំងនឹងច្បាប់ថ្មីដែលអ្នករិះគន់មួយចំនួនចាត់ទុកថាជា “សញ្ញាឈានទៅរកការរលំរលាយសម្រាប់លទ្ធិប្រជាធិបតេយ្យ” ទោះបីជាព្រះមហាក្សត្រស្ថិតក្នុងដំណើរទៅពិនិត្យព្រះរាជសុខភាពជាប្រចាំនៅក្នុងប្រទេសចិនក្ដី។

នៅពេលសួរថា តើលោកដឹងដោយរបៀបណាថាព្រះមហាក្សត្រ នរោត្ដម សីហមុនី មានព្រះរាជបំណងគេចពីការឡាយព្រះហស្តលេខាលើវិសោធនកម្មច្បាប់នេះ លោក សម រង្ស៊ី ឆ្លើយថា គ្រួសាររបស់លោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរាជវង្សានុវង្សយូរមកហើយ ប៉ុន្តែលោកមិនបានផ្ដល់ភ័ស្តុតាងជាក់លាក់ទេ។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយកាលពីថ្ងៃអាទិត្យថា “អ្វីគួរឱ្យចាប់អារម្មណ៍គឺថា គណបក្សប្រជាជនកម្ពុជាមិនបានបដិសេធទេ ហើយក៏មិនហា៊នបដិសេធដែរនូវអ្វីដែលខ្ញុំបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្ញុំកាលពីពេលថ្មីៗនេះ”។

លោកសរសេរថា “កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងពីកម្ពុជា ឆ្ពោះទៅប្រទេសចិន ដើម្បីគេចវេះការឡាយព្រះហស្តលេខាមិនស្របតាមលទ្ធិប្រជាធិបតេយ្យលើច្បាប់ស្ដីពីគណបក្សនយោបាយដែលអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជា រម្លាយគណបក្សសង្គ្រោះជាតិនៅពេលណាក៏បាន”។

លោក អ៊ុំ តារាវុធ ជំនួយការព្រះរាជវង្សានុវង្សដែលពាំនាំសាររបស់ព្រះរាជង្សានុវង្សយូរៗម្ដង មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។

ទាក់ទិនបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានមានប្រសាសន៍ថា លោកមិនអាចធ្វើអត្ថាធិប្បាយលើព្រះរាជបំណងរបស់ព្រះមហាក្សត្របានទេ ប៉ុន្តែលោកបានគាំទ្រការអំពាវនាវរបស់ព្រះអង្គឱ្យប្រជារាស្ត្រខ្មែរទៅបោះឆ្នោត។

លោកថ្លែងថា “ខ្លឹមសារព្រះរាជសារ ទ្រង់សំណូមពរឱ្យប្រជាពលរដ្ឋរបស់ព្រះអង្គទៅបោះឆ្នោតដោយសេរី  ដោយគ្មានការភ័យខ្លាច។ នេះបញ្ជាក់ថា សភាពការណ៍នយោបាយឆ្ពោះទៅការបោះឆ្នោតគឺគ្មានការភ័យខ្លាច គ្មានការគំរាមកំហែង គ្មានការសម្លុត គ្មានការយាយីពីផ្នែកណា ពីគណបក្សនយោបាយណាទេ”។

ទោះជាយ៉ាងណា ការវាយតម្លៃរបស់លោក សុខ ឥសាន ផ្ទុយគ្នាស្រឡះទៅនឹងទស្សនៈយល់ឃើញរបស់បណ្ដាអ្នកវិភាគ និងអ្នកសង្កេតការណ៍នយោបាយដែលបានកត់សម្គាល់ឃើញថា រដ្ឋាភិបាលបានខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីគាបសង្កត់អ្នកប្រឆាំង ជាពិសេសតាមរយៈពាក្យបណ្ដឹងទៅតុលាការ ឬការដាក់ពន្ធនាគារ។ យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មានអ្នកទោសនយោបាយចំនួន២៧នាក់ ដែលភាគច្រើនក្នុងចំណោមនោះជាសកម្មជន ឬជាមន្ត្រីគណបក្សសង្គ្រោះជាតិ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ និងជាព្រះរៀមចិញ្ចឹមរបស់ព្រះមហាក្សត្របានមានបន្ទូលថា ព្រះមហាក្សត្រមានព្រះរាជបំណងស្មោះត្រង់មិនចង់លូកដៃចូលរឿងនយោបាយទេ ពោលគឺមិនដូចសម្ដេចឪ នរោត្ដម សីហនុ បិតារបស់ព្រះអង្គឡើយ។ ប៉ុន្តែព្រះអង្គបញ្ជាក់ថា វាមានការពិបាក។

ព្រះអង្គម្ចាស់មានបន្ទូលទៀតថា នេះគ្រាន់តែជាព្រះរាជសារលិខិតធម្មតាប៉ុណ្ណោះនៅមុនពេលបោះឆ្នោត ទោះបីជាព្រះរាជសារនេះចេញជាពិសេសនៅដើមឆ្នាំនេះក្ដី។ ព្រះអង្គបានធ្វើការកត់សម្គាល់ថា ព្រះមហាក្សត្រមិនអាចឡាយព្រះហស្តលេខាលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសនេះបានទេ ខណៈទ្រង់គង់នៅបរទេស ប៉ុន្តែព្រះអង្គពិតជាបានឡាយព្រះហស្តលើព្រះរាជក្រឹត្យមួយ ខណៈគង់នៅក្នុងប្រទេសចិន ព្រះរាជទានគោរមងារកិត្តិយសជា “សម្ដេច” ដល់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មុនពេលលោកទទួលមរណភាពកាលពីសប្ដាហ៍មុន។

ព្រះអង្គបានបន្ថែមទៀតថា “ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបានទេថាព្រះមហាក្សត្រកំពុងព្រះរាជតម្រិះអ្វី។ ខ្ញុំគ្រាន់តែបង្ហាញថា មានឯកសារពីរ មួយឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ហើយមួយទៀតចុះហត្ថលេខាដោយប្រធានព្រឹទ្ធសភា។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាអាចធ្វើការសន្និដ្ឋានដោយខ្លួនឯងបាន”៕ សុខុម (រាយការណ៍បន្ថែមដោយ គីម ចាន់)

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.